សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ក្រោម​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច

ដោយ មាន ឫទ្ធិ
2018-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី​ប្រមាណ ៤រយ​នាក់ ​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី៧០ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្រោម​ការ​ឃ្លាំ​មើល យ៉ាង​តឹងតែង​របស់​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ។
អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី​ប្រមាណ ៤រយ​នាក់ ​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី៧០ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្រោម​ការ​ឃ្លាំ​មើល យ៉ាង​តឹងតែង​របស់​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ។
Provided photo

អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី​ប្រមាណ ៤រយ​នាក់ ​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី៧០ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្រោម​ការ​ឃ្លាំ​មើល យ៉ាង​តឹងតែង​របស់​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ។ ពួក​គេ​បាន​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិ​ប្រជាធិបតេយ្យ ដោះ​ស្រាយ​បញ្ហា​ដីធ្លី ផ្តល់​សេរី​ភាព ពេញ​ដល់​អ្នក​ទោស​មនសិការ និង​ទាមទារ​ឲ្យ​វែក​មុខ​រក​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​​បណ្ឌិត កែម ឡី ផង​ដែរ។ រីឯ​របប​ក្រុង​ភ្នំពេញ ក៏​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​សិទ្ធិ​មនុស្ស​នេះ​ដែរ ដោយ​បាន​សរសើរ​របប​ខ្លួន​ថា មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ល្អ​ប្ររសើរ​ជាង​អាមេរិក និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី និង​អឺរ៉ុប។

ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្ស​អន្តរជាតិ១០ ធ្នូ ឆ្នាំ២០១៨ នេះ គេ​មើល​ឃើញ​ថា របប​ក្រុង​ភ្នំពេញ បាន​រឹតត្បិត​សិទ្ធិ​ សេរីភាព​យ៉ាង​ខ្លាំង ដោយ​បាន​ប្រើ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់ ដើម្បី​រារាំង​សកម្មជន​សិទ្ធិ​មនុស្ស និង​ប្រជា​ពលរដ្ឋ មិន​ឲ្យ​ជួបជុំ​ហែក្បួន​ចេញ​ពី​សួន ច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDCក្បែរ​វត្តភ្នំ ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​តាម​ការ​គ្រោង​ទុក​នោះ​ទេ។ អាជ្ញាធរ​លើក​ហេតុផល​ដដែលៗ ថា ការ​ហែរ​ក្បួន​នាំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ និង​ប៉ះ​ពាល់​សន្តិសុខ​សង្គម​ជា​ដើម។

សង្គមស៊ីវិល​មើល​ឃើញ​ថា ការ​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នេះ គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​ចូលរួម​កម្មវិធី ដែល​មក​ពី​តាម​អង្គការ សមាគម សហគមន៍​​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី​ទៅ​ទៀត។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ សម្តែង​ការ​សោក​ស្តាយ ដែល​អាជ្ញាធរ​រារាំង និង​ឃ្លាំមើល​យ៉ាង​តឹងតែង មិន​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជា​ពលរដ្ឋ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​បាន​ដោយ​រលួន ហើយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច និង​មិន​ហ៊ាន​ចូលរួម​ច្រើន៖ «វា​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ និង​ជា​ការ​គំរាមកំហែង​ខ្លាំង​មែនទែន ព្រោះ​តាម​គម្រោង​យើង មាន​អ្នក​ចូលរួម ១ពាន់​នាក់ ប៉ុន្តែ​មាន​ប៉ូលិស​ច្រោងច្រាង​ច្រើន​ប្រជា​ពលរដ្ឋ ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ ខ្លួន នៅ​សល់ ៣ ទៅ ៤រយ​នាក់​ប៉ុណ្ណោះ កាល​ពី​ព្រឹក​មិញ​នេះ។ ទី២ ការ​សម្តែង​មតិ​នៅ​តាម​ទី​សាធារណៈ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​បាន​ទទួល​ស្គាល់​នូវ​អនុសញ្ញា កាតិកាសញ្ញា និង​សេចក្តី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ មិន​ត្រូវ​បាន​អនុវត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល​ទេ»

លោក ​​វន់​ ពៅ បន្ថែមថា ក្នុងឆ្នាំ២០១៧ និង​ឆ្នាំ២០១៨ គឺ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

ក្នុងការប្រារព្ធទិវា​នោះ សកម្មជន​សិទ្ធិមនុស្ស ប្រជា​សហគមន៍​រង​គ្រោះ​ដីធ្លី ប្រជា​កសិករ កម្មករ និង យុជន បាន​លើក​បដា និង​ឡើង​សម្តែង​មតិ​ជា​ហូរហែ ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​លើក​ស្ទួយ​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិ​ប្រជាធិបតេយ្យ។ ជាង​នេះ​ទៅ​ទៀត ពួក​គេ ​​ស្នើសុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដោះ​ស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី បង្កើត​ការងារ​ជូន​យុវជន និង​កំណត់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​គ្រប់​វិស័យ។ ពួក​គេ ក៏​ទាមទារ​ឲ្យ​​ដោះលែង​ និង​ទម្លាក់​ចោល​បទ​ចោល​លើ​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី និង​អ្នក​សារព័ត៌មាន រួម​ទាំង​ទាមទារ​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី សកម្មជន​ការពារ​ព្រៃ លោក ​ឈុត វុទ្ធី ជា​ដើម។

តំណាងសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គាវើល (NAGA World) កញ្ញា ឈឹម ស៊ីថរ  រៀបរាប់​ថា កម្មករ​ខ្មែរ ​នៅ​មិនទាន់​បាន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​ការ​រស់​នៅ​នៅ​ឡើយ​ទេ។ ជាក់ស្តែង​ដូច​ជា​កម្មករ​ខ្មែរ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើល​តែ​ម្តង។ កញ្ញា ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ជួយ កំណត់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុង​វិស័យ​ផ្សេងៗ ទៀត ដូចជា វិស័យ​កាត់​ដេរ​ដែរ ដើម្បី​កុំ​ឲ្យ​ថៅ​កែ ឬ​និយោជក ឆ្លៀត​ឱកាស​កេង​ប្រវ័ញ​កម្លាំង​ពលកម្ម និង​ប្រាក់​ឈ្នួល​ពី​កម្មករ ដូច​ជា ក្រុមហ៊ុន​ណាហ្គា វើល​ជា​ដើម៖ «ត្រឹម​ខែ ៩ ណាហ្គាវើល រក​ចំណូល​បាន ១ពាន់​លាន​ដុល្លារ ប៉ុន្តែ​យើង​ក្រឡែក​ទៅ​មើល​ប្រាក់​ខែ​របស់​កម្មក​វិញ ដូចជា​អ្នក រៀបចំ​បន្ទប់​គាត់​ទទួល​បាន​ប្រាក់​ខែ​តែ ១៥០ ទៅ ១៦០ដុល្លារ ប៉ុន្តែ​តម្លៃ​បន្ទប់​យើង​ឃើញ​ថា លក់​ទាប​បំផុត ២៤០ដុល្លារ​ក្នុង ១យប់ ហើយ​បន្ទប់​លក្ខណៈ​ស្វីត (Sweet) មាន​តម្លៃ ដល់​ទៅ ២ពាន់ ទៅ ៣ពាន់​ដុល្លារ​ក៏​មាន។ វា​ខុស​គ្នា​ខ្លាំង​មែន។ មួយ​ទៀត នៅ​ក្នុង​ណាហ្គាវើល​មាន​អាហារដ្ឋាន (Restaurant) ច្រើន​ណាស់​លំដាប់​ពិភពលោក ប៉ុន្តែ​អ្នក​លើក​ទឹក និង​ម្ហូប​បាន​ប្រាក់​ខែ​តែ​ជាង ១០០ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​គេ​លក់​ស្តេក (Steak) មួយ​ចាន តម្លៃ ៩០ដុល្លារ ទៅ ១០០ដុល្លារ។ អ៊ីចឹង​យើង​ឃើញ​ថា ប្រាក់​ឈ្នូល​កម្មករ គឺ​នៅ​ទាប​មែនទែន បើ​ប្រៀបធៀប​ជាមួយ​ចំណូល​របស់​ក្រុមហ៊ុន។ កន្លែង​នេះ​យើង​សូម​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​កំណត់​ប្រាក់​ឈ្នូល​​អប្បបរិមា​​សម្រាប់​វិស័យ​​ផ្សេង​​ផង»

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន  ពិនិត្យ​ឃើញ​ថា ក្នុង​រយៈ​កាលកន្លង​មក​នេះ ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​សកម្មជន​ដីធ្លី​ទៅ​លើ​កម្មករ យុវជន ពិសេស​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ការ​គំរាម​កំហែង​ខ្លាំង​រហូត​ទៅ​មាន​ការ​បាញ់​សម្លាប់ ចាប់​ដាក់​ពន្ធនាគារ និង​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ ដោយ​សារ​ការ​តវ៉ា និង​ការ​សម្ដែង​មតិ។

លោក​បញ្ជាក់​ថា ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ អង្គការ សមាគម និង​ប្រជាពលរដ្ឋ បាន​ចេញ សេចក្តី​ថ្លែងការណ៍​រួម ស្នើសុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិ ប្រជាធិបតេយ្យ និង​ដោះស្រាយ​ក្តី​កង្វល់​នានា របស់​ប្រជា​ពលរដ្ឋ ដូច​ជា បញ្ហា​ដីធ្លី បញ្ហា​ការងារ និង​ប្រាក់​ឈ្នួល​ជា​ដើម៖ «បញ្ហា​ដែល​យើង​លើក​ឡើង គឺ​កម្មករ​លើក​ឡើង​អំពី​សេរីភាព​ក្នុង​ការ​ចុះ​បញ្ជី​សហជីព និង​ចូលរួម​សហជីព។ ចំពោះ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​ពួក​គាត់​លើក​ឡើង​អំពី​ការ​រស់នៅ ហើយ​អាជីវករ​តាម​ផ្លូវ គាត់​លើក​ឡើង​អំពី​ការ​យក​ថ្លៃ​ភាស៊ី។ ចំពោះ​ពលរដ្ឋ​កសិករ និង​អ្នក​រងគ្រោះ​ដីធ្លី​គាត់​លើក​ឡើង​អំពី​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ ដែល​ត្រូវ​បាន​គេ​រំលោភ​ហើយ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។ ចំពោះ​កម្មករ​ផ្សេងៗ ទៀត ក៏​លើក​ឡើង​អំពី​សិទ្ធិ​តម្រូវ​ការ​សេដ្ឋកិច្ច និង​ការ​ចូលរួម​របស់​ពួក​គាត់​ក្នុង​ការ​អភិវឌ្ឍ និង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយ​ឡែក រដ្ឋាភិបាល​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​មនុស្ស​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​ប្រធាន​បទ "រួម​គ្នា​ថែ​រក្សា​សន្តិភាព ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស"

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៃ​របប​ក្រុង​ភ្នំពេញ ​លោក ​កែវ រ៉េមី​ លើក​ឡើង​ថា បើ​និយាយ​អំពី​សិទ្ធិ​មនុស្ស​វិញ កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ណាស់ ប្រៀបធៀប​ជា​មួយ​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន ​នៅ​អាស៊ី ​នៅ​អឺរ៉ុប ​និង​នៅ​អាមេរិក។ ទន្ទឹម​គ្នា​នេះ លោក​ថា អាមេរិក​មិនមែន​ជា​បិតា​ប្រជាធិបតេយ្យ​នោះ​ទេ។ លោក​បន្ថែម​ថា កត្តា​សន្តិភាព គឺ​ជា​គន្លឹះ​មួយ​នៅ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ផ្ទុយពីការលើកឡើងនេះ ក្រុមអង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ លើក​ឡើង​ថា ទោះ​បី​ជា​មេ​សិទ្ធិ​មនុស្ស នៃ​របប​ក្រុង​ភ្នំពេញ ខំ​លើក​សរសើរ​យ៉ាង​ណា​ក្តី ក៏​ពួក​គាត់ និង​ប្រជា​ពលរដ្ឋ បាន​ទទួល​រង​ភាព​អយុត្តិធម៌ និង​ទទួល​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​ធ្នូ ដោយសារ​តែ​អាជ្ញាធរ​រារាំង និង​ឃ្លាំមើល។ ពួក​គេ លើក​ឡើង​ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ នៅ​តែ​មិន​ទទួល​ស្គាល់​កំហុស ហើយ​នៅ​តែ​ទុក​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​លិច​អណ្តែត ឬ​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​នយោបាយ​នេះ គឺ​នឹង​កាន់​តែ​ទទួល​ការ​រិះគន់ និង​រង​ទណ្ឌកម្ម​ជុំ​ទិស ហើយ​កម្ពុជា​ ក៏​មិន​អាច​រក្សា​ស្ថេរភាព​គ្រប់​យ៉ាង និង​ការ​អភិវឌ្ឍ​ជឿនលឿន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល