Global Witness​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ករណី​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ឯករាជ្យ

ដោយ សុ ជីវី
2017-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ករណី​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ឈប់​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស។

មន្ត្រី​ផ្នែក​យុទ្ធនាការ​នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) អ្នកស្រី អេម៉ា បឺណេត (Emma Burnett) ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា គណបក្ស​កាន់​អំណាច គឺ​អាច​បិទ​ទាំង​អង្គការ​ដែល​គេ​គិត​ថា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បោះឆ្នោត ឬ​មួយ​ធ្វើ​ឲ្យ​ពួក​គេ​រង្គោះរង្គើ​ដោយ​បង្អាក់​ការងារ​ក្រោម​លេស​ជំពាក់​ពន្ធ ហើយ​ក៏​អាច​នឹង​ត្រូវ​បិទ​លែង​ឲ្យ​ដំណើរការ។ អ្នកស្រី​ថា​បើ​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទេ ប្រជាពលរដ្ឋ​កម្ពុជា នឹង​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​កំពុង​មាន​តិចតួច​ស្រាប់ បើ​ធៀប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល។

អ្នកស្រី អេម៉ា បឺណេត (Emma Burnett) លើក​ឡើង​ទៀត​ថា រលក​នៃ​ការ​គំរាម​កំហែង ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​បណ្ដេញ​អង្គការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​ចេញ​ពី​ប្រទេស បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​មាន​បំណង​បំភិត​បំភ័យ​អ្នក​រិះគន់​រដ្ឋាភិបាល​ឲ្យ​បិទ​មាត់។ រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់​ជំនួយ និង​ប្រទេស​ដែល​មាន​ជំនួញ ឬ​វិនិយោគ​នៅ​កម្ពុជា គួរ​តែ​យក​ឱកាស​នេះ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​បញ្ឈប់​វិធានការ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ មុន​ពេល​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក ត្រូវ​រដ្ឋាភិបាល​កម្ពុជា បណ្ដេញ​ចេញ​ពី​កម្ពុជា ដែរ​កាល​ពី​ឆ្នាំ​២០០៥ នៅ​ក្រោយ​ពេល​ដែល​អង្គការ​នេះ​បាន​ចេញ​របាយការណ៍​មួយ​ពី​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ក្នុង​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ និង​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល