ក្រុមហ៊ុន Walmart អាមេរិក​រម្លឹក​រដ្ឋាភិបាល​កម្ពុជា​អំពី​លក្ខខណ្ឌ​ខ្លះ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​បញ្ជា​ទិញ

ដោយ មួង ណារ៉េត
2017-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​សហជីព និង​កម្មករ​លើក​បដា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្រុម​សហជីព និង​កម្មករ​លើក​បដា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ក្រុមហ៊ុន វ៉លម៉ាត (Walmart) របស់​អាមេរិក ដែល​នាំ​ចេញ​ផលិតផល​ស្បែក​ជើង​ធំ​ជាង​គេ និង​ផលិត​ផល​សម្លៀក​បំពាក់​លំដាប់​ទី​២ ពី​កម្ពុជា បាន​រម្លឹក​លក្ខខណ្ឌ​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា  រួម​មាន​ការ​គោរព​នីតិរដ្ឋ ដើម្បី​ជា​ថ្នូរ​នឹង​ការ​អាច​ឲ្យ​ក្រុមហ៊ុន​នេះ​បន្ត​ទិញ​ផលិតផល​ពី​កម្ពុជា ត​ទៅ​ទៀត​បាន។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ចាត់​ទុក​លិខិត​នេះ ថា​ជា​ជោគជ័យ​របស់​រដ្ឋាភិបាល និង​បរាជ័យ​ខាង​គណបក្ស​ប្រឆាំង​ទៅ​វិញ។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន មិន​ខ្វល់​ថា គាត់​បកស្រាយ​ខុស​ពី​ខ្លឹមសារ​លិខិត​របស់​ក្រុមហ៊ុន Walmart  របស់​អាមេរិក នេះ​យ៉ាង​នោះ​ទេ សំខាន់​គឺ​នេះ​ជា​ការ​យល់​ឃើញ​របស់​លោក។

លោក សុខ ឥសាន អះអាង​ប្រាប់​អាស៊ីសេរី ថា លិខិត​នេះ​គឺ​បង្ហាញ​ពី​ការ​បន្ត​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក មក​លើ​កម្ពុជា និង​ហៅ​ថា នេះ​ជា​បរាជ័យ​របស់​បក្ស​ប្រឆាំង៖ «ត្រង់​អ្នក​ណា​យល់​យ៉ាង​ម៉េច អា​ហ្នឹង​គឺ​ជា​រឿង​គាត់​អ្នក​យល់ តែ​ខ្ញុំ​យល់​ផ្សេង។ នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ខ្ញុំ។ ការ​គេ​អត់​កាត់​ការ​ទិញ​របស់​អាមេរិក ដែល​ជា​ក្រុមហ៊ុន​មួយ វា​ផ្ទុយ​ពី​គោលបំណង​របស់​ពួក​ប្រឆាំង​ដែល​ឲ្យ​គេ​ដាក់​គំនាប ឬ​ឲ្យ​គេ​បិទ​ទីផ្សារ​អាមេរិក មិន​ឲ្យ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា។ ពួក​ប្រឆាំង​គេ​សុំ​មិន​ឲ្យ​នាំ​ចេញ ឥឡូវ​គេ​នៅ​តែ​នាំ​ចេញ អា​ហ្នឹង​ជា​បរាជ័យ ឬ​ជោគជ័យ?»

​ក្រុមហ៊ុន Walmart  របស់​អាមេរិក បាន​បញ្ជូន​ប្រតិភូ​របស់​ខ្លួន​ចុះ​ទៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ពោល​គឺ ៩​ថ្ងៃ នៅ​មុន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លាយ​បាន​សម្រេច។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ កន្លង​ទៅ​នេះ ទើប​ក្រុមហ៊ុន​ចេញ​ជា​លិខិត​មួយ​ផ្ញើ​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ដោយ​រម្លឹក​រដ្ឋាភិបាល​កម្ពុជា អំពី​លក្ខខណ្ឌ​ជា​មូលដ្ឋាន​ក្នុង​ការ​បន្ត​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន Walmart  សង្កត់ធ្ងន់​ថា កត្តា​ស្ថិរភាព ការ​ព្យាករ​​អំពី​ស្ថានភាព​សង្គម និង​ការ​គោរព​នីតិរដ្ឋ គឺ​ជា​​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​បន្ត​ការ​នាំ​ចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា មក​កាន់​ទីផ្សារ​អាមេរិក សម្រាប់​រយៈពេល​យូរ​អង្វែង។

សារ​លិខិត​របស់​​ក្រុមហ៊ុន Walmart នេះ គឺ​ស្រប​គ្នា​ទៅ​នឹង​សារ​ថ្កោលទោស និង​ព្រមាន​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​ការ​រំលោភ​នីតិរដ្ឋ​នៅ​កម្ពុជា ក្រោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ព្រម​ទាំង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ លើ​រដ្ឋាភិបាល​អាមេរិក ដែល​បណ្ដាល​ឱ្យ​មាន​ភាព​ល្អក់កករ​ដល់​ទំនាក់ទំនង​ល្អ​ផ្នែក​ការទូត​នៃ​ប្រទេស​ទាំង​ពីរ។

សុខ ឥសាន ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA

ទោះបីជា​លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ម្ដង​ហើយ​ម្ដង​ទៀត ថា​រដ្ឋាភិបាល​កម្ពុជា មិន​ខ្វល់​ពី​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ពី​អន្តរជាតិ ហើយ​ថែម​ទាំង​ជម្រុះ​ឲ្យ​អន្តរជាតិ​កាត់​ផ្តាច់​ជំនួយ​មក​កម្ពុជា ផង​នោះ មន្ត្រី​បក្ស​កាន់​អំណាច​ហាក់​ដូចជា​ត្រេកអរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បកស្រាយ​លិខិត​របស់​ក្រុមហ៊ុន​អាមេរិក មួយ​នេះ និង​ឆ្លៀត​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ដែល​បក្ស​កាន់​អំណាច​អះអាង​ថា ស្លាប់​ទៅ​ហើយ​នោះ។

​ទោះបីជា​ខ្លឹមសារ​លិខិត​នេះ ជា​សារ​ព្រមាន​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្តារ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ឲ្យ​ល្អ​ប្រសើរ​យ៉ាង​ណា​ក្តី ក៏​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ដោយ​ពាក្យ​សម្តី​អសុរោះ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក Walmart គី​ជា​ការ​សំពង​ក្បាល​ពួក​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​រំលាយ​រួច​ទៅ​ហើយ​នោះ ឱ្យ​កាន់​តែ​ទទួល​បរាជ័យ​ធ្ងន់ធ្ងរ​ថែម​ទៀត។ លោក សុខ ឥសាន ថែម​ទាំង​បន្ថែម​ឃ្លា​ថា "បរាជ័យ​ទៅ​ពួក​ជន​ក្បត់​ជាតិ! (ខ្ញុំ​អ្នក​សរសេរ គឺ​ខ្ញុំ​ហើយ មាន​នរណា​ក្រៅ​ពី​នេះ?)”។

​ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ វិញ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ថា លិខិត​របស់​ក្រុមហ៊ុន Walmart គឺ​ជា​សារ​វិជ្ជមាន ព្រោះ​មិន​មាន​ចំណុច​ណា​មួយ​ដែល​កម្ពុជា ខ្វះ​ចន្លោះ​នោះ​ឡើយ។ តែ​មន្ត្រី​រូប​នេះ​មិន​បាន​បកស្រាយ​អំពី​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន Walmart ស្នើ​សុំ​ដល់​ភាគី​រដ្ឋាភិបាល​កម្ពុជា នោះ​ឡើយ។

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ចំណុច​ដែល​ក្រុមហ៊ុន Walmart បាន​លើក​ឡើង​ដើម្បី​ទាក់ទាញ​ការ​បញ្ជា​ទិញ​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។ លោក​អះអាង​ថា បើសិនជា​រដ្ឋាភិបាល មិន​អើពើ​នឹង​ការ​ស្នើ​សុំ​របស់​ភាគី​អ្នក​បញ្ជា​ទិញ​ទេ​នោះ កម្ពុជា​នឹង​បាត់បង់​ឱកាស​ការ​បញ្ជា​ទិញ​កាន់​តែ​ច្រើន​ពី​ក្រុមហ៊ុន​បរទេស។

​តែ​ទោះជា​យ៉ាង​ណា លោក​សង្កេត​ឃើញ​ថា មាន​ចំណុច​ខ្លះ​ទាក់ទង​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ គឺ​កំពុង​ត្រូវ​បាន​ពិភាក្សា​គ្នា​រវាង​ក្រសួង​ជំនាញ​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ ហើយ​ត្រូវ​បាន​ដោះស្រាយ​រួច​ជា​បណ្តើរៗ​ហើយ៖ «យើង​ធ្លាប់​ឃើញ​ហើយ​ថា កន្លង​មក ក្រុមហ៊ុន​យក្ស​មួយ​នេះ (Walmart) ហាក់​ដូចជា​មិន​សូវ​ខ្វាយខ្វល់​ពី​បញ្ហា​ការ​គោរព​សិទ្ធិ (កម្មករ) នៅ​កន្លែង​ធ្វើ​ការ​នោះ​ទេ ប៉ុន្តែ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ចេញ​លិខិត​ស្នើ​សុំ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ហ្នឹង គឺ​ជា​​រឿង​មួយ​ដែល​កាន់តែ​ល្អ​ប្រសើរ ដែល​ក្រុមហ៊ុន Walmart ចូលរួម​ក្នុង​ការ​អនុវត្ត ឬ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ។ ខ្ញុំ​គាំទ្រ!»

ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក គិត​ជា​ទឹក​ប្រាក់​សរុប ៣៦​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ ៩០​ភាគរយ គឺ​ជា​សម្លៀកបំពាក់ និង​ស្បែក​ជើង។ សម្លៀក​បំពាក់ និង​ស្បែង​ជើង គឺ​ជា​​ផលិតផល​ឧស្សាហកម្ម​​នាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា ហើយ​ឧស្សាហកម្ម​នេះ​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ចំនួន​ប្រហែល ៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។  ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ សហរដ្ឋអាមេរិក​ក៏​បាន​ជួយ​គាំទ្រ​ជា​ថវិកា​ដល់​កម្មវិធី​រោងចក្រ​ល្អ (Better Factories Program) ដែល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​អាមេរិក និង​អឺរ៉ុប មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទិញ​ទំនិញ​ពី​កម្ពុជា ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ អាមេរិក​ក៏​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល សម្រាប់​ដោះស្រាយ​ជម្លោះ​រវាង​កម្មករ និង​ថៅកែ​ដោយ​សន្តិភាព​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លិខិតក្រុមហ៑ុនបញ្ជាទិញ ម៉ាក Walmart ជាភាសារបរទេស រដ្ឋាភិបាលហ៑ុនសែន ត្រូវបង្ហាញជាសាធារណះ ដើម្បីកុំអោយជនខិលខូច បកប្រែខុសពីការពិត .

Dec 28, 2017 10:52 AM

អ្នក​អាន​អនាមិក

លក្ខខណ្ខ និតិរដ្ឋ ដូចសហរដ្ឋអាមេរិក នេះជា លក្ខខណ្ខ របស់ក្រុមហ៑ុន វ៉លម៉ាត(walmart)
ស្តាប់អោយច្បាស់ តាចាស់ អែបអប សុខ អីសាន !

Dec 28, 2017 06:28 AM

អ្នក​អាន​អនាមិក

ការពិតចឹងតើ : ព្រោះតែ លិខិតបញ្ជាទិញ របស់ក្រុមហ៑ុន វ៉លម៉ាត អាមេរិកអោយគោរពសិទ្ធការងារល្អ ដល់កម្មករ ទើបតាចាស់ ហ៑ុន សែន ចិត្តល្អជួយបន្ថែមលក្ខខណ្ខការងារអោយកម្មករ ៨ ចំណុចថែមទៀត
មូលហេតុ តាចាស់ ហ៑ុន សែន ចិត្តល្អធ្វើតាមក្រុមហ៑ុនវ៉លមាតនេះ ដោយសារខ្លាចអ្នកបញ្ជាទិញ ឈប់ទិញ ធ្វើអោយកម្មករ ខឹង ងាកទៅគាំទ្របក្សសង្គ្រោះជាតិវិញ

Dec 27, 2017 11:34 AM

គេហទំព័រ​ទាំងមូល