មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ស៊ើបអង្កេត​ឱ្យ​ច្បាស់​ករណី​ពពោះ​ជំនួស​របស់​ស្ត្រី​ខ្មែរ ៣៣​នាក់

ដោយ ជី វិតា
2018.07.09
ស៊ឹង សែនករុណា អំ សំអាត ៦២២ លោក ស៊ឹង សែនករុណា មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) [ឆ្វេង] និង​លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ (LICADHO)។
Photo: RFA

មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ជុំវិញ​សំណុំរឿង​ពពោះ​ជំនួស​របស់​ស្ត្រី​ខ្មែរ​ចំនួន ៣៣​នាក់ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នោះ។ មន្ត្រី​សិទ្ធិមនុស្ស​យល់ឃើញ​ថា ស្រី្ត​ទាំងនោះ​ក៏​អាច​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ដែរ ដូច្នេះ​ការចោទប្រកាន់ ឬ​អាច​ឈាន​ដល់​ការ​ដាក់​ទោស​ទណ្ឌ គឺជា​រឿង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគាត់​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​សេវា​ពពោះ​ជំនួស​នៅឡើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា តុលាការ​គួរតែ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​ធ្វើការ​ចោទប្រកាន់​លើ​ស្ត្រី​ខ្មែរ​មាន​ផ្ទៃពោះ​ចំនួន ៣៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ពពោះ​ជំនួស បើ​មិន​ដូច្នេះ​ទេ ពួកគេ​អាច​នឹង​ក្លាយ​ជា​ជនរងគ្រោះ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ។ លោក​បន្ត​ថា តុលាការ​ត្រូវតែ​រក​ឱ្យ​ឃើញ​ថា ស្ត្រី​ទាំងនោះ គឺជា​អ្នក​ដែល​បាន​ទៅ​ប្រមូល​ស្ត្រី​ដទៃ​ទៀត​ឱ្យ​មក​ពពោះ ឬ​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​ពពោះ ធ្វើ​បែបនេះ​ទើប​អាច​កំណត់​បាន​ថា អ្នកណា​ជា​ជនល្មើស និង​អ្នកណា​គឺជា​ជនរងគ្រោះ​ពិតប្រាកដ៖ «បើ​យើង​មើល​ទៅ គឺ​ដោយសារតែ​ភាព​ក្រីក្រ ខ្វះខាត​ជីវភាព​ទាំងអស់​ហ្នឹង​ហើយ ទើប​បានជា​គាត់​ស៊ីឈ្នួល​ពពោះ ដើម្បី​ទទួល​កម្រៃ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ជាដើម។ បើ​និយាយ​ឱ្យ​ពិត​ទៅ​ហាក់​ដូចជា​ស្ត្រី​ទាំងអស់​នេះ គឺជា​អ្នករងគ្រោះ​ដែរ ដូច្នេះ​អ្វី​ដែល​សំខាន់​គួរតែ​ស្វែងរក​ឱ្យ​អស់​នូវ​ជន​ពាក់ព័ន្ធ​ដែល​កេង​យក​ផល​ចំណេញ ពី​ស្ត្រី​ដែល​ពពោះ​ជំនួស​ទាំងនេះ។ ខ្ញុំ​មើល​ថា ទង្វើ​បែប​នេះ គឺ​វា​ហាក់ដូចជា​ការ​ជួញដូរ​កុមារ ព្រោះ​ពេល​ដែល​ក្មេង​កើតមក គេ​នឹង​អាច​លក់ដូរ​ក្មេង​ទាំងអស់​ហ្នឹង ហើយ​មួយទៀត​អាច​អ្នក​ដែល​មិន​មាន​កូន គាត់​ចង់បាន​ការ​ពពោះ​ជំនួស​ដើម្បី​បាន​កូន​យក​មក​ចិញ្ចឹម»

កាលពី​ថ្ងៃ​ទី៥ កក្កដា កន្លង​ទៅ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុងភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ស្ត្រី​ខ្មែរ​មាន​ផ្ទៃពោះ​ចំនួន ៣៣​នាក់ ដាក់​ពន្ធនាគារ​ព្រៃស​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណី​ពពោះ​ជំនួស ក៏ប៉ុន្តែ​មានតែ ៣២ នាក់ ប៉ុណ្ណោះ ដែល​ត្រូវ​ស្ថិត​ក្នុង​ការ​ឃាត់ខ្លួន ដោយ​ស្ត្រី​ម្នាក់ទៀត​អវត្តមាន​ក្នុង​កិច្ចពិភាក្សា​ដេញដោល​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ។ មន្ត្រី​តុលាការ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ស្ត្រី​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ងាយស្រួល​តាមដាន​សុខភាព​របស់​ពួកគេ។ ស្ត្រី​ទាំងនោះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “​អំពើ​លក់​-​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​” តាម​មាត្រា ១៦ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា ពួកគេ​ពិតជា​មានទោស​មែន​នោះ។

ស្ត្រី​មាន​ផ្ទៃពោះ​ទាំង ៣៣​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២១ មិថុនា កន្លង​ទៅ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស​មួយ​កន្លែង នៅ​សង្កាត់​ច្រាំង​ចម្រេះ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ ៤​នាក់ ផង​ដែរ ដែល​ពួកគេ​គឺជា​មេការ និង​ជា​អ្នកបកប្រែ​នៃ​សេវាកម្ម​ពពោះ​ជំនួស​នេះ។ ជនជាតិ​ចិន និង​ខ្មែរ ទាំង ៥​នាក់​នោះ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​មនុស្ស​ឆ្លងដែន និង​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែន​ករុណា ថ្លែង​ថា បទ​ចោទ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង ៣៣​នាក់​នោះ ជា​បទ​ចោទ​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស​នៅឡើយ។ លោក​យល់ថា ស្ត្រី​ខ្មែរ​ទាំងនោះ​ទំនងជា​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឱ្យ​ពពោះ​ជំនួស ជា​ថ្នូរ​ទទួល​បាន​លុយកាក់ ហើយ​ដោយ​សារ​ជីវភាព​ក្រីក្រ​ទើប​ពួកគាត់​សម្រេចចិត្ត​ស៊ីឈ្នួល​ពពោះ​ជំនួស​បែបនេះ​។ លោក​ជឿជាក់​ថា ស្ត្រី​ខ្មែរ​ទាំងនោះ​ប្រាកដជា​មិនបាន​ដឹង​ទេ​ថា ការ​ពពោះ​ជំនួស​នេះ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​បែបនេះ​នោះ៖ «ពេល​ដែល​ពួកគាត់​ធ្វើតាម​ការ​បញ្ចុះ​បញ្ចូល ឬក៏​ពួក​បរទេស​បញ្ចុះបញ្ចូល​ពួកគាត់ គាត់​ក៏​ធ្វើតាម ដោយ​គិត​ថា​គ្មាន​ទោស ប៉ុន្តែ​ស្រាប់តែ​រឿង​ទាំងអស់​នេះ ទៅជា​មានការ​ដាក់ទោស​ទណ្ឌ​ពួកគាត់​បែបនេះ។ វា​ធ្វើ​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​របស់​ពួកគាត់ ហើយ​វា​ជា​រឿង​មួយ​ដែល​គាត់​រង​នូវ​ភាព​អយុត្តិធម៌​ផង​ដែរ»

កាលពី​អំឡុង​ឆ្នាំ​២០១៦ កន្លងទៅ ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់ និង​ពលរដ្ឋ​ខ្មែរ ២​នាក់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ផង​ដែរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជួល​ស្ត្រី​ខ្មែរ​ឱ្យ​ពពោះ​ជំនួស​នេះ។ អ្នក​ទាំង ៣ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១៨ ខែ ក្រោម​បទ​ចោទ “​ធ្វើជា​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ និង​សុំ​ឱ្យ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត​” កាលពី​ដើមខែ​សីហា ឆ្នាំ ២០១៧ កន្លងទៅ។

បន្ទាប់ពី​ផ្ទុះឡើង​នូវ​ករណី​ជួល​ស្ត្រី​ខ្មែរ​ពពោះ​នេះ របប​ក្រុងភ្នំពេញ​ក៏បាន​ចាប់ផ្ដើម​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​សេវា​ពពោះ​កូន​ជំនួស នៅ​ដើម​ឆ្នាំ ២០១៨ ក៏ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ របប​នេះ​បាន​ប្រកាស​ពន្យារពេល​ដាក់​សេចក្ដីព្រាងច្បាប់​នេះ​ទៅ​គណៈរដ្ឋមន្ត្រី​វិញ ដោយ​លើក​ហេតុផល​ថា ដើម្បី​សិក្សា​ឱ្យ​កាន់តែ​លម្អិត​ថែមទៀត។

លោក អំ សំអាត សន្និដ្ឋាន​ថា ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​នេះ អាច​កើតមាន​ច្រើន​ករណី​នៅ​កម្ពុជា ខណៈ​ប្រទេស​មួយ​ចំនួន​បាន​ចេញ​ច្បាប់​ហាមឃាត់​សេវា​នេះ​រួច​ទៅ​ហើយ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ពន្លឿន​សេចក្ដីព្រាងច្បាប់​នេះ ដើម្បី​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ទាន់​ពេល​វេលា៖ «ខ្ញុំ​យល់ថា​ច្បាប់​ប្រភេទ​នេះ​ហើយ ជា​ច្បាប់​ចាំបាច់ ដែល​រដ្ឋាភិបាល ឬ​រដ្ឋសភា​ត្រូវតែ​គិតគូរ និង​ពិចារណា​ឱ្យ​បាន​ឆាប់ ដើម្បី​សង្គមជាតិ ដើម្បី​ការពារ​ផលប្រយោជន៍​ស្ត្រី និង​កុមារ ឬក៏​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ។ នេះ​ហើយ​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវការ​ឆាប់​នោះ»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បង្ហាញ​ថា បទល្មើស​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ក្នុង​ឆ្នាំ​២០១៧ មាន​ការ​កើន​ឡើង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៦ កន្លងទៅ។ មូលហេតុ​សំខាន់​ដោយសារ​ឧក្រិដ្ឋជន​មាន​ល្បិចកល​ខ្ពស់ ការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ពលករ​ចំណាកស្រុក​មិនទាន់​បាន​ល្អ និង​អសមត្ថភាព​របស់​មន្ត្រី​មួយ​ចំនួន​ជាដើម។

ចំណែក​ក្រសួងការបរទេស​អាមេរិក​វិញ ក៏​រក​ឃើញ​ដែរ​ថា របប​លោក ហ៊ុន សែន នៅ​មិនទាន់​អនុវត្ត​បាន​ពេញលេញ​នូវ​បទដ្ឋាន​អប្បបរមា​ស្ដីពី​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​នៅឡើយ ទោះបីជា​របប​នេះ​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដន្ទាទោស​អ្នក​ជួញដូរ​មនុស្ស និង​ជួយ​សម្រួល​ក្នុង​ការ​បញ្ជូន​ជង​រងគ្រោះ​ឱ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ច្រើនជាង​មុន​បែប​ណា​ក្តី។ របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ ២០១៨ របស់​ក្រសួងការបរទេស​អាមេរិក ចេញផ្សាយ​កាលពី​ខែ​មុន បង្ហាញ​ថា បញ្ហា​សំខាន់ គឺ​ការ​រីក​រាលដាល​នៃ​អំពើពុករលួយ ដែល​ធ្វើ​ឱ្យ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​តុលាការ​ក្នុង​ការ​ផន្ទាទោស​ជនល្មើស និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្តល់​សេវា​ជូន​ជនរងគ្រោះ​ផង​ដែរ។ ក្រៅ​ពី​នេះ​របប​លោក ហ៊ុន សែន ក៏​មិន​បាន​ចេញ​គោលការណ៍​ណែនាំ​ជា​ផ្លូវការ​ឱ្យ​ប្រើ​ប្រាស់​បច្ចេកទេស​ស៊ើបការណ៍​សម្ងាត់ ដើម្បី​កម្ចាត់​អំពើ​ជួញដូរ​មនុស្ស​នេះ​ដែរ ធ្វើ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​មិន​អាច​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ច្រើន​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត របប​នេះ​បាន​មើល​រំលង និង​ខ្វះ​ការទទួលខុសត្រូវ​លើ​បញ្ហា​នេះ ទើប​ធ្វើ​ឱ្យ​អ្នក​រកស៊ី​ទុច្ចរិត​ជាច្រើន បន្ត​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ធ្វើ​ឱ្យ​ពួកគេ​ផុងខ្លួន​កាន់តែ​ជ្រៅ​ទៅ​ក្នុង​បញ្ហា​បំណុល គ្មាន​អ្នក​ជួយ​ដោះស្រាយ។

ក្រសួងការបរទេស​អាមេរិក​ស្នើ​ឱ្យ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ស៊ើបអង្កេត និង​ផ្ដន្ទាទោស​ជនល្មើស និង​មន្ត្រី​ណា​ដែល​ឃុបឃិត​ក្នុង​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ផ្លូវ​ភេទ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។