អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​របប​ភ្នំពេញ​បញ្ឈប់​ការ​ប្រើ​តុលាការ​ធ្វើ​បាប​មន្ត្រី​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2019.05.08
ប៊្រែដ អាដាម ៦២២ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០ នាក់ នៅ​ខេត្ត​បាត់ដំបង។ របប​ក្រុងភ្នំពេញ​អះអាង​ថា ចំណាត់ការ​ទៅលើ​ក្រុម​មន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ គឺជា​រឿង​ផ្លូវច្បាប់ មិនមែន​ជា​រឿង​នយោបាយ​នោះ​ឡើយ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) កត់សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រើប្រាស់​តុលាការ ដើម្បី​តាម​ធ្វើបាប​មន្ត្រី​បក្ស​ប្រឆាំង និង​គំរាម​ចាប់​ពួកគេ​ដាក់គុក​ដដែល បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ​ចោល​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ក្ដី។ លោក​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន បិទ​បញ្ចប់​យុទ្ធនាការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ​តទៅទៀត ហើយ​ត្រូវ​ទម្លាក់​ចោល​ឱ្យ​អស់​នូវ​សំណុំរឿង​ដែល​មិន​សម​ទំនង​ទាំងឡាយ​នេះ។

ការ​ទាមទារ​របស់​អ្នកច្បាប់​អន្តរជាតិ​រូប​នេះ ធ្វើឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​០៨ ឧសភា គឺ​នៅ​ចំ​ពេល​ដែល​មន្ត្រី​បក្ស​ប្រឆាំង ៥​នាក់ ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បាត់ដំបង ជុំវិញ​ការ​ចោទប្រកាន់​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ក្នុង​សំណុំ​រឿង​នេះ តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​បាត់ដំបង លោក គី ប៊ុណ្ណារ៉ា បាន​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ២៦​នាក់ មក​សាកសួរ ហើយ​ពួកគេ​នឹង​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​ជា​បន្តបន្ទាប់​។

ទោះជា​យ៉ាងណា លោក ប្រ៊ែដ អាដាម អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះ​ឡើយ។ លោក​បន្ត​ថា ពួកគេ​គ្រាន់តែ​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដើម្បី​រិះគន់​របប​លោក ហ៊ុន សែន និង​គណបក្ស​កាន់អំណាច នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុណ្ណោះ​។

ដូច​ពេល​មុនៗ​ដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ។ លោក​ថា ការ​កោះហៅ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទៅ​សាកសួរ​នេះ គឺជា​រឿង​អនុវត្ត​ច្បាប់ មិនមែន​ជា​រឿង​នយោបាយ​នោះ​ឡើយ៖ «អ្វី​ដែល​តុលាការ​លោក​បាន​ចោទប្រកាន់​នូវ​បទ​សង្ស័យ​នោះ គឺ​ស្ថិត​នៅ​ក្នុង​អង្គហេតុ និង​អង្គច្បាប់ អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ យើង​សុំ​ឱ្យ​អ្នក​ដែល​ទទួលបន្ទុក​នៃ​ការសង្ស័យ​ពី​តុលាការ ត្រូវតែ​ស្វែងរក​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក​របស់​ខ្លួន​ក្នុង​ន័យ​នីតិរដ្ឋ មិនមែន​ន័យ​នយោបាយ​នោះ​ទេ។ ហើយ​ការ​លើកឡើង​របស់​លោក ប្រ៊ែដ អាដាម ធ្វើ​ឱ្យ​គេ​វង្វេង មិន​ចំ​ទិសដៅ​នៃ​ការ​ដោះ​បន្ទុក​នេះឯង»

ថ្វីត្បិតតែ​លោក​អះអាង​ថា នេះ​មិនមែន​ជា​រឿង​នយោបាយ​ក្តី ក៏​កន្លងមក​មេដឹកនាំ​រប​ប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​បន្តបន្ទាប់​ថា លោក​នឹង​តាម​កម្ទេច​មន្ត្រី​បក្ស​ប្រឆាំង មិន​ឱ្យ​មានជីវិត​ឡើយ ប្រសិនបើ​អន្តរជាតិ​ហ៊ាន​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា។ ជាពិសេស​លោក ហ៊ុន សែន ធ្លាប់​បាន​ចេញ​បញ្ជា​ឱ្យ​ប្រើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង​រូប​ណា ដែល​ហ៊ាន​ងើប​តវ៉ា និង​ចង់​រៀបចំ​គម្រោង​ទទួល​លោក សម រង្ស៊ី ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ពិនិត្យ​ឃើញ​ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា ដោយ​មិន​មាន​បង្កប់​នូវ​របៀបវារៈ​នយោបាយ​ឡើយ។ លោក​បន្ត​ថា ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បាន​ធានា​អំពី​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូច្នេះ​ការ​កោះហៅ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ចូល​បំភ្លឺ​ដោយ​គ្រាន់តែ​ពួកគេ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។ លោក​បារម្ភ​ថា ករណី​ថ្មី​ចុងក្រោយ​នេះ អាច​នឹង​បន្ថែម​ទម្ងន់​លើ​ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា៖ «សហភាព​អឺរ៉ុប​គេ​កំពុង​រង់​ចាំ​មើល​កម្ពុជា​យើង​ក្នុង​ការ​ស្តារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ហ្នឹង ហើយ​បើ​យើង​មើល​ការ​កោះហៅ​នៅ​បាត់ដំបង​នេះ គឺ​វា​ហាក់បីដូចជា ធ្វើ​ឱ្យ​ប៉ះពាល់​មួយ​កម្រិត​ទៀត​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ទៀត។ អ៊ីចឹង​ខ្ញុំ​គិត​ថា កម្ពុជា​គួរតែ​គិត​អំពី​ផល​ប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ ជាជាង​ផលប្រយោជន៍​នយោបាយ»

មួយ​រយៈ​ពេល​ចុង​ក្រោយនេះ តុលា​ការដែល​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ចាត់ការ​សំណុំរឿង​ជាច្រើន​ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​អើពើ​នឹង​ការ​ទាមទារ​ពី​សហគមន៍​អន្តរជាតិ​ឡើយ។ ករណី​ទាំងនោះ មាន​ជាអាទិ៍​ការ​កាត់ទោស​កំបាំងមុខ​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ជាប់ពន្ធនាគារ​៨ ឆ្នាំ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បញ្ជា ហើយ​និង​ការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​៨ រូប ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ជាដើម​។ នេះ​មិន​រាប់បញ្ចូល​ការ​ចាប់ខ្លួន និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​មូលដ្ឋាន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ជាច្រើន​ករណី​ផ្សេង​ទៀត​ផង។ ករណី​សំខាន់​ជាងគេ​នោះ គឺ​ការ​បន្ត​ឃុំខ្លួន​លោក កឹម សុខា ហួស​នីតិវិធី​កំណត់ ដោយ​គ្មាន​ការ​ជំនុំជម្រះ ក្រោម​ហេតុផល​ថា ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។

លោក ប្រ៊ែដ អាដាម ថ្លែង​ថា ការ​បៀតបៀន​លើ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​នេះ បង្ហាញ​ថា លោក ហ៊ុន សែន កំពុង​សាកល្បង​ជាថ្មី​ទៀត​ថា តើ​គាត់​អាច​វាយ​បង្ក្រាប​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ​នៅ​កម្ពុជា បាន​ដល់​កម្រិត​ណា​ដែរ​។ អ្នកច្បាប់​អន្តរជាតិ​រូប​នេះ ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​បរទេស​ទាំងឡាយ ដែល​កំពុង​ពិចារណា​លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម និង​ទណ្ឌកម្ម​ផ្សេងៗ​ផ្ដើម​ចេញពី​ទង្វើ​រំលោភបំពាន​របស់​របប​ក្រុងភ្នំពេញ​នោះ ត្រូវតែ​បង្ហាញ​ឱ្យ​បាន​ច្បាស់​ថា ពួកគេ​មាន​ជំហរ​ដាច់ខាត​ចំពោះ​ការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។