HRW៖ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់រដ្ឋាភិបាលជាការរារាំងជ័យជំនះសម្រាប់បក្សប្រឆាំង
2017.01.12
របាយការណ៍អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា បង្ហាញថា អំពើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា គឺយុទ្ធសាស្ត្រមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដើម្បីរារាំង និងទប់ទល់មិនឲ្យក្រុមបក្សប្រឆាំងអាចយកឈ្នះលើការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាចបានច្រានចោលរបាយការណ៍នេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ឲ្យដឹងថា ការធ្វើទុក្ខបុកម្នេញទៅលើក្រុមអ្នករិះគន់ មន្ត្រីបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងការសម្លាប់អ្នកវិភាគសង្គម មានការកើនឡើងខ្លាំងកាលពីឆ្នាំ២០១៦។
ការអះអាងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ ធ្វើឡើងក្នុងពេលបញ្ចេញរបាយការណ៍ឃ្លាំមើលសិទ្ធិមនុស្សកម្រាស់ជាង ៦០០ទំព័រ សម្រាប់ប្រទេសជាង ៩០ ក្នុងពិភពលោក នារដ្ឋធានីវ៉ាស៊ីនតុន (Washington) កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
អង្គការអន្តរជាតិមួយនេះវាយតម្លៃថា អំពើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា គឺជាយុទ្ធសាស្ត្រមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដើម្បីរារាំង និងទប់ទល់មិនឲ្យក្រុមបក្សប្រឆាំងអាចយកឈ្នះលើការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ឃែននែត រ័ត្ន (Kenneth Roth) មានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាគំរូមិនល្អសម្រាប់ប្រទេសដទៃ ហើយថា ស្ថានភាពសិទ្ធិមនុស្សនៅទីនោះកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
របាយការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា រដ្ឋាភិបាលមិនបានប្រឹងប្រែងក្នុងការវែកមុខអ្នកបញ្ជាពីក្រោយឃាតកម្មរបស់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនោះឡើយ ក្រៅពីការចាប់ខ្លួនបុរសម្នាក់ឈ្មោះ ជួប សម្លាប់ ឬ អឿត អាង ដែលជាអតីតយោធានោះ។
របាយការណ៍នេះក៏បានចងក្រងអំពីការប្រើអំពើហិង្សាជាលក្ខណៈប្រព័ន្ធទៅលើក្រុមបាតុករដោយសន្តិវិធី ការបើកសវនាការកាត់ទោសមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ជាច្រើនករណី រួមនឹងជំនួយការរបស់លោកពីរនាក់ទៀត និងការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញដល់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថែមទៀត។
លើសពីនេះ តុលាការរបស់របបដឹកនាំដោយលោក ហ៊ុន សែន បានកាត់ទោសសកម្មជនចំនួន ១១នាក់ និងតំណាងរាស្ត្ររបស់បក្សឆាំងចំនួន ២នាក់ទៀត គឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ទាំងមានអភ័យឯកសិទ្ធិ និងការឃុំខ្លួនមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់ទាំងអយុត្តិធម៌។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានចាត់ទុកវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា ថា សិ្ថតក្នុងកម្រិតខ្ពស់នៅឡើយ ខណៈជនដៃដល់ដែលជាអង្គរក្សរបស់លោក ហ៊ុន សែន ដែលបានវាយតំណាងរាស្ត្របក្សប្រឆាំងពីររូបឲ្យមានរបួសធ្ងន់ធ្ងរ ត្រូវបានរួចទោស ហើយអ្នកដែលគ្រាន់តែបញ្ចេញមតិ ត្រូវជាប់ពន្ធនាគាររយៈពេលយូរ។
ជាងនេះទៅទៀត សាលាក្ដីខ្មែរក្រហមក៏មិនបានបញ្ចប់សវនាការ ផ្ដន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម គឺ នួន ជា និង ខៀវ សំផន និងការមិនបានបញ្ចប់ការស៊ើបអង្កេតក្រុមមេដឹកនាំខ្មែរក្រហម ៤នាក់ផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះថា ជារបាយការណ៍មិនឆ្លុះបង្ហាញពីការពិតនៅកម្ពុជា ហើយថា កម្ពុជាក៏មិនអាចប្រើច្បាប់របស់អង្គការអន្តរជាតិមួយនេះមកអនុវត្តបានដែរ៖ «គាត់និយាយតែពីរឿងចាប់ដាក់ពន្ធនាគារ តែគាត់មិនបាននិយាយជនទាំងនោះប្រព្រឹត្តល្មើសច្បាប់។ បើពួកគាត់មិនប្រព្រឹត្តល្មើសច្បាប់ ធ្វើម៉េចតុលាការគេចាប់បាន»។
ប៉ុន្តែនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា លោកគាំទ្ររបាយការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ហើយថា លោកជឿជាក់ថា សំឡេងឆ្នោតរបស់បក្សកាន់អំណាចនឹងធ្លាក់ចុះកាន់តែខ្លាំងថែមទៀត៖ «ខ្ញុំជឿថា ប្រជាពលរដ្ឋមិនចូលចិត្តអ្នកដែលធ្វើអាក្រក់នោះទេ។ ដូចជាកន្លងមកមានមន្ត្រីជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ ដូចជាការអនុវត្តច្បាប់មានស្តង់ដារពីរ ការប្រើសន្តិសុខវ៉ៃសកម្មជនដីធ្លី និងវ៉ៃអ្នកការពារសិទ្ធិមនុស្សទាំងកណ្ដាលថ្ងៃត្រង់ រហូតដល់មានការសំលាប់លោកបណ្ឌិត កែម ឡី ជាដើម»។
ជាងនេះទៅទៀត អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានលើកឡើងដែរថា រដ្ឋាភិបាលបន្តគាបសង្កត់ក្រុមសហជីព។ យ៉ាងហោចណាស់ក៏មានសកម្មជនសហជីព ១៣នាក់ រួមទាំងលោក រ៉ុង ឈុន សមាជិក គ.ប.ជ អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតប្រធានសហភាពការងារ ត្រូវបានប្រឈមមុខការកាត់ទោសដោយការចោទប្រកាន់គ្មានមូលដ្ឋាន។
អ្នកឃ្លាំមើលការបោះឆ្នោតសម្ដែងក្តីបារម្ភថា ការគាបសង្កត់លើលោក រ៉ុង ឈុន គឺមានគោលបំណងរារាំងលោកមិនឲ្យជំរុញឲ្យការបោះឆ្នោតនៅពេលខាងមុខ ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌៕