អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជំរុញឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ពាក់ព័ន្ធនឹងការផលិតវីដេអូឯកសារអំពីការជួញដូរផ្លូវភេទនៅកម្ពុជា។ សកម្មជនរូបនេះត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនកាលពីថ្ងៃទី៧ ធ្នូ កន្លងទៅ និងកំពុងប្រឈមនឹងការបញ្ជូនត្រឡប់មកកម្ពុជាវិញ តាមសំណើរបស់សមត្ថកិច្ចកម្ពុជា ដែលចោទលោកថា បានផលិតវីដេអូឯកសារប្រឌិត ប៉ះពាល់ដល់កត្តិយសជាតិ។ ក៏ប៉ុន្តែតួអង្គម្នាក់នៅក្នុងភាពយន្តឯកសានោះអះអាងថា នេះជារឿងពិតរបស់នាង និងស្នើសុំឱ្យមានការដោះលែង លោក រ៉ាត់ រត្នមុនី វិញជាបន្ទាន់។
មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ យល់ថា របបក្រុងភ្នំពេញគួរប្រឹងប្រែងលុបបំបាត់អំពើជួញដូរផ្លូវភេទវិញ ប្រសើរជាងការចាត់វិធានការតាមចាប់ខ្លួនសកម្មជនសិទ្ធិការងារ ដែលបានផលិតវីដេអូឯកសារជុំវិញបញ្ហាដ៏រសើបនេះ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងប្រាប់អាស៊ីសេរីតាមអ៊ីមែលថា ការចាប់ខ្លួនលោក រ៉ាត់ រត្នមុនី គឺជារឿងមិនសមហេតុផលទាល់តែសោះ។ លោកថា អាជ្ញាធររបបលោក ហ៊ុន សែន ពុករលួយដល់ឆ្អឹង និងមិនគិតគូរពីរឿងការរំលោភបំពានផ្លូវភេទលើកុមារឡើយ ដូច្នេះអ្នកដែលពួកគេអាចចាប់ខ្លួនបាន គឺមានតែអ្នកផលិតភាពយន្តឯកសារលាតត្រដាងពីអំពើរំលោភបំពាន ដែលកំពុងកើតមានសព្វថ្ងៃ ដូចជាលោក រ៉ាត់ រត្នមុនី នេះជាតួយ៉ាង។ លោកសង្កត់ធ្ងន់ថា របបក្រុងភ្នំពេញគួរតែអរគុណ លោក រ៉ាត់ រត្នមុនី និងអ្នកសារព័ត៌មាន RT វិញទើបត្រឹមត្រូវ ព្រោះពួកគេហ៊ានផ្សព្វផ្សាយពីការពិត មិនមែនជាការដាក់ទោសពួកគេឡើយ។ លោក ហ្វីល រ៉ូបឺតសុន ទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទប្រកាន់ប្រឆាំងលោក រ៉ាត់ រត្នមុនី និងជំរុញឱ្យអាជ្ញាធរថៃដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញជាបន្ទាន់។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានភៀសខ្លួនទៅប្រទេសថៃ កាលពីចុងខែតុលាកន្លងទៅ បន្ទាប់ពីទទួលដំណឹងថា អាជ្ញាធរកម្ពុជាកំពុងស្វែងរកអ្នកពាក់ព័ន្ធក្នុងការផលិតវីដេអូឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា។ លោក និងគ្រួសារបានព្យាយាមរត់ភៀសខ្លួនទៅប្រទេសហូឡង់ (Netherland) ទីដែលពួកលោកមានបណ្តាញ និងស្គាល់ក្រុមអ្នកការពារសិទ្ធិមនុស្សនៅទីនោះ។ ក៏ប៉ុន្តែ គ្រាដែលលោក និងភរិយា ទៅយកលិខិតឆ្លងដែននៅកន្លែងធ្វើទិដ្ឋាការទៅប្រទេសហូឡង់ ក្នុងទីក្រុងបាងកក ប៉ូលីសអន្តោប្រវេសន៍ថៃ ២នាក់ ស្លៀកពាក់ស៊ីវិល បានឃាត់ខ្លួនលោក ដោយអះអាងថា ពួកគេទទួលបានលិខិតពីរបបក្រុងភ្នំពេញថា លោកបានផលិតភាពយន្តឯកសារមិនពិត និងស្នើសុំឱ្យចាប់បញ្ជូនលោកត្រឡប់ទៅកម្ពុជាវិញ។ ភរិយារបស់លោក គឺអ្នកស្រី ឡុង គីមហ៊ាង ប្រាប់ថា ក្នុងដីកានាំខ្លួននោះ ស្វាមីអ្នកស្រីត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដែលជាបទល្មើសឧក្រិដ្ឋ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។
មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា ករណីនេះមិនអាចលើកលែងឱ្យបានឡើយ ព្រោះលោក រ៉ាត់ រត្នមុនី ប្រឌិតរឿងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ លោកជំរុញឱ្យក្រុមអង្គការសិទ្ធិមនុស្ស និងគ្រួសារសកម្មជនសិទ្ធិការងាររូបនេះ ស្វែងរកមេធាវីល្អៗ ទុកឱ្យហើយ ដើម្បីត្រៀមតតាំងក្តីតាមផ្លូវច្បាប់៖ «បំផ្លាញផលប្រយោជន៍ជាតិ ជាអំពើរំលោភច្បាប់ ( ជា ) ករណីព្រហ្មទណ្ឌ។ នេះជាការក្លែងបន្លំ និងធ្វើឱ្យបាត់បង់កិត្តិយស និងផលប្រយោជន៍ជាតិ ហើយកុំច្រឡំថា លទ្ធិប្រជាធិបតេយ្យ កុំច្រឡំថា ការបញ្ចេញយោបល់នោះ»។
សកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី បានជួយផលិតខ្សែភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្សី។ ភាពយន្តឯកសារនោះ មានចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" បង្ហាញពីនារីវ័យក្មេងមិនទាន់គ្រប់អាយុ ត្រូវបានលក់ឱ្យបម្រើផ្លូវភេទ ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ភាពយន្តឯកសារពេញលេញរៀបរាប់ពីសាច់រឿងរបស់យុវតី ៣នាក់ មានរយៈពេលជាង ២៧នាទី ត្រូវបានសារព័ត៌មាន RT បង្ហោះលើបណ្តាញយូធូប (Youtube) ដែលមានចំនួនទស្សនាជាង ១លាន ៤សែនដង។
សារព័ត៌មាន RT ក៏បានសង្ខេបភាពយន្តឯកសារដដែលនេះមកនៅត្រឹមរយៈពេលជាង ២នាទី រួចបាន បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដោយមានចំនួនទស្សនាជាង ៥សែនដង។ វីដេអូខ្លីមិនពេញលេញនេះ ផ្តោតលើតួអង្គពីរនាក់ គឺលោកស្រី កៅ ម៉ាឡៃ និងកូនស្រីឈ្មោះ ឃៀង ស្រីម៉ិច ដែលជាអតីតពលរដ្ឋបឹងកក់ ធ្លាប់រងការបណ្តេញចេញដោយបង្ខំ និងមិនបានទទួលសំណង។ ក្រោយចេញផ្សាយ អាជ្ញាធរបានហៅតួអង្គម្តាយកូនក្នុងសាច់រឿងខ្លីនេះទៅសាកសួរ រួចក៏បានអះអាងថា ពួកគេទទួលបានលុយចំនួន ២០០ដុល្លារ ជាថ្នូរនឹងការនិយាយកុហកក្នុងភាពយន្តឯកសារនេះ។ ក្រោយមក កញ្ញា ឃៀង ស្រីម៉ិច ក៏បានបង្ហោះវីដេអូបកស្រាយក្នុងបណ្តាញសង្គមហ្វេសប៊ុកដែរថា សកម្មភាពរបស់នាងក្នុងភាពយន្តឯកសារនោះ គ្រាន់តែជាការសម្តែង មិនមែនជាការពិតឡើយ ហើយពាក្យសម្តីដែលនាង និងម្តាយនាងនិយាយទាំងប៉ុន្មាន សុទ្ធតែទន្ទេញតាមអត្ថបទប៉ុណ្ណោះ។ សមត្ថកិច្ចកម្ពុជា បានអះអាងថា ភាពយន្តឯកសារនេះធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា និងកំពុងស្នើសុំឱ្យភាគីថៃបញ្ជូនលោកត្រឡប់មកវិញ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា តួអង្គម្នាក់ទៀតក្នុងសាច់រឿង គឺកញ្ញា អ៊ុន ស្រីពេជ្រ អះអាងប្រាប់អាស៊ីសេរីថា នាងមិនទទួលបានលុយកាក់ពីលោក រ៉ាត់ រត្នមុនី និងក្រុមការងាររបស់សារព័ត៌មាន RT ចំពោះការសម្ភាស និងថតវីដេអូសកម្មភាពរបស់នាងនោះឡើយ។ នាងបញ្ជាក់ថា អ្វីដែលនាងបានរៀបរាប់ក្នុងភាពយន្តឯកសារនោះ គឺជារឿងពិតផ្ទាល់ខ្លួន ដែលនាងលាក់ទុកក្នុងចិត្តជាយូរមកហើយ។ នាងបន្តថា នាងចង់ឱ្យធូរស្បើយក្នុងចិត្ត ទើបបង្ហាញប្រាប់សាធារណជនឱ្យបានដឹងរឿងនេះ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន RT។ នាងអះអាងទៀតថា តួអង្គផ្សេងទៀតក៏ធ្លាប់ឆ្លងកាត់រឿងបែបនេះដូចគ្នា ហើយពួកគេក៏មិនបានទទួលលុយជាថ្នូរនឹងការសម្ភាសធ្វើវីដេអូនេះដែរ។ នាងអំពាវនាវឱ្យអាជ្ញាធរដោះលែងលោក រ៉ាត់ រត្នមុនី វិញ ព្រោះនាងជឿថា លោកមិនបានប្រព្រឹត្តខុសឡើយ៖ «នេះជារឿងការពិតរបស់ខ្ញុំ ខ្ញុំលាក់ទុកក្នុងចិត្តជាយូរហើយ ខ្ញុំចង់បញ្ចេញឱ្យធូរក្នុងអារម្មណ៍របស់ខ្ញុំ។ ហើយលោកគ្រូខ្ញុំ ( រ៉ាត់ រត្នមុនី ) ក៏គាត់អត់មានខុសអ្វីដែរ ព្រោះមុនពេលសម្ភាស គាត់និយាយដែរថា ហ៊ានតទល់ ឬអត់ ? ខ្ញុំថា ខ្ញុំហ៊ាន ខ្ញុំអត់ដែលខ្លាចអ្វីផង។ ឃើញគេបង្ហោះនៅក្នុងហ្វេសប៊ុកថា លោកគ្រូខ្ញុំហ្នឹងត្រូវគេចាប់នៅប្រទេសថៃអ៊ីចឹង ក៏មានអារម្មណ៍ថា ស្លុតចិត្តណាស់។ ហើយខ្ញុំក៏មិននឹកស្មានថា អាម៉ិច ( ស្រីម៉ិច ) ផ្សាយតាមហ្វេសប៊ុកបកស្រាយ និយាយរឿងកុហកអ៊ីចឹងដែរ។ ខ្ញុំចង់ឱ្យអាជ្ញាធរ និងក្រុមប៉ូលីសដោះលែងលោកគ្រួខ្ញុំវិញទៅ ព្រោះគាត់អត់មានធ្វើរឿងខុសឆ្គង ឬក៏សូកលុយឱ្យគេថតរឿងនិយាយប្រឌិតទេ។ រឿងនេះជារឿងការពិត»។
ចំណែកសារព័ត៌មាន RT វិញ ក៏បានអះអាងដែរថា ពួកគេមិនដែលផ្តល់លុយឱ្យប្រភព ដើម្បីសម្ភាសនោះឡើយ។ ស្ថាប័ននេះសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ឃុំខ្លួនលោក លោក រ៉ាត់ រត្នមុនី និងអះអាងថា ខ្លួនកំពុងធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើបាន ដើម្បីជួយដោះស្រាយបញ្ហានេះ។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង អះអាងថា ភាពយន្តឯកសារនេះ គឺជារឿងពិតរបស់តួអង្គ ហើយក្រុមផលិតករមិនបានឱ្យលុយតួអង្គណាម្នាក់ ដើម្បីជាថ្នូរនឹងការសម្តែង ឬនិយាយកុហកក្នុងភាពយន្តនេះឡើយ។ អ្នកស្រីអះអាងទៀតថា មុនពេលផលិតរឿងនេះ ស្វាមីអ្នកស្រីបានសុំច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ ហើយខាងតួអង្គក្នុងរឿងវិញក៏បានផ្ដល់សិទ្ធិឱ្យសម្ភាស និងថតវីដេអូសកម្មភាពរបស់ពួកគេដែរ។ អ្នកស្រីជឿជាក់ថា ចម្លើយរបស់តួអង្គស្រីម៉ិច និងម្តាយនោះ គឺដោយសារពួកគេរងសម្ពាធ និងការគំរាមកំហែងពីសមត្ថកិច្ច៖ «ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាធ្វើនីតិវិធីនៃការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរកការពិតថា តើរឿងដែលបានផលិតនោះពិត ឬមិនពិត។ មិនមែនការស៊ើបអង្កេតបែបគំរាមកំហែង សម្លុត និងចាប់ចងបែបហ្នឹងទេ។ ការគំរាមកំហែង សម្លុតផលិតករ ឬក៏ជនរងគ្រោះដែលបានផ្តល់បទសម្ភាសន៍តាមរយៈការហៅសាកសួរ គាបសង្គត់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃហ្នឹង មិនមែនជានីតិវិធីនៃការស៊ើបអង្កេតដោយត្រឹមត្រូវ ដើម្បីស្វែងរកការពិតនោះទេ។ វាគ្រាន់តែជានីតិវិធីធ្វើ ដើម្បីគំរាមកំហែង ដើម្បីបិទបាំង លាក់បាំងភាពបរាជ័យរបស់រដ្ឋាភិបាលកម្ពុជា ដែលបានលាតត្រដាងក្នុងភាពយន្តឯកសារមួយហ្នឹង»។
អ្នកនាំពាក្យសមាគម អាដហុក លោក សឺង សែនករុណា ថ្លែងថា ចំណាត់ការរបស់អាជ្ញាធររបបក្រុងភ្នំពេញ លើលោក រ៉ាត់ រត្នមុនី ទំនងជាដោយសារភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនោះ ប៉ះពាល់ខ្លាំងដល់មុខមាត់របស់របបនេះ ហើយម្យ៉ាងវិញទៀតអាចដោយសារលោក លោក រ៉ាត់ រត្នមុនី ជាសកម្មជនសិទ្ធិការងារមួយរូប ដែលធ្លាប់បានផលិតវីដេអូជាច្រើនទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ និងបញ្ហាអយុត្តិធម៌សង្គមផ្សេងទៀត។ លោកស្នើសុំឱ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់លើសកម្មជនសិទ្ធិការងាររូបនេះ ប្រសិនបើមិនមានភស្តុតាងគ្រប់គ្រាន់ ដោយសារមានតួអង្គក្នុងសាច់រឿងបញ្ជាក់ថា នេះជាសាច់រឿងពិតរបស់ពួកគេ និងត្រូវបានផលិតដោយមានការព្រមព្រៀងជាមុន៖ «ខ្ញុំជឿជាក់ថា ប្រសិនបើរឿងហ្នឹងអាជ្ញាធរកម្ពុជាមានឆន្ទៈធ្វើកិច្ចការហ្នឹងដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវនោះ គួរតែមានការគិតគូរទៅលើបញ្ហាផ្តល់សេរីភាពឱ្យគាត់បានរួចផុតអំពីការចោទប្រកាន់ តាមផ្លូវច្បាប់ហ្នឹង ពីព្រោះគោលបំណងរបស់គាត់មិនបានធ្វើអ្វីឱ្យខុសពីតថភាពពិតនៅក្នុងសង្គមកម្ពុជានោះទេ»។
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការវេទិកាអាស៊ី (Forum Asia) និងក្រុមអង្គការសង្គមស៊ីវិលនៅប្រទេសថៃ កំពុងប្រឹងប្រែងជួយលោក រ៉ាត់ រត្នមុនី និងពន្យល់រដ្ឋាភិបាលថៃថា ដីកាចាប់ខ្លួននោះ ធ្វើឡើងតាមការចោទប្រកាន់ក្លែងក្លាយពីប៉ូលីសប្រឆាំងការជួញដូរមនុស្សនៃរបបលោក ហ៊ុន សែន ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។