អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​រិះគន់​​តារា​​បាល់​ទាត់​​ជប៉ុន​ ​ដែល​​ធ្វើ​ការ​ជាមួយ​​មន្រ្តី​បាត​ដៃ​ប្រឡាក់​​ឈាម​​ខ្មែរ

ដោយ មាន ឫទ្ធិ
2018-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កីស៊ូកិ ​ហុង​ដា ​(Keisuke Honda) និង​លោក សៅ ​សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​ជា​មនុស្ស​ជំនិត​របស់​លោក​ ហ៊ុន ​សែន ថត​រូប​រួម​គ្នា​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា ​ឆ្នាំ២០១៨ ដើម្បី​ប្រកាស​តែងតាំង​រូប​លោក ហុងដា ជា​គ្រូ​បង្វឹក​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា។
លោក កីស៊ូកិ ​ហុង​ដា ​(Keisuke Honda) និង​លោក សៅ ​សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​ជា​មនុស្ស​ជំនិត​របស់​លោក​ ហ៊ុន ​សែន ថត​រូប​រួម​គ្នា​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា ​ឆ្នាំ២០១៨ ដើម្បី​ប្រកាស​តែងតាំង​រូប​លោក ហុងដា ជា​គ្រូ​បង្វឹក​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា។
រូបថត៖ AFP

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ​រិះគន់​តារា​បាល់ទាត់​លំដាប់​ពិភពលោក​របស់​ជប៉ុន​ ​ដែល​បាន​យល់ព្រម​ធ្វើជា​គ្រូបង្វឹក​បាល់ទាត់​ ​ឲ្យ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឧត្តមសេនីយ ​សៅ ​សុខា។ ​អង្គការ​នេះ​ ​សម្តែង​ក្តី​តក់ស្លុត​ ​ដែល​តារា​បាល់ទាត់​ជប៉ុន​រូប​នេះ​ ​បាន​ថត​រូប​ ​និង​ធ្វើការ​ជាមួយ​លោក​ ​សៅ ​សុខា ​ដោយ​ហេតុ​ថា​ ​លោក​ ​សៅ ​សុខា ​ជាប់​ឈ្មោះ​ជា​នាយ​ឧត្តមសេនីយ​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ ​ដោយសារតែ​បាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​សម្លាប់​មនុស្ស​រាប់​មិន​អស់​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​កម្ពុជា​។​

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី៣ ​ធ្នូ ​ឆ្នាំ ២០១៨ ​ទើប​នឹង​ចេញផ្សាយ​ជា​សាធារណៈ​ កាលពី​ថ្ងៃ​ទី១៦ ​ធ្នូ ​សរសេរ​​ដោយ​​នាយក​​ប្រចាំ​តំបន់​អាស៊ី ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​លោក​ ​ប្រ៊ែដ ​អាដាមស៍ ​(Brad Adams) ​ផ្ញើ​ទៅកាន់​តារា​បាល់ទាត់​ជប៉ុន​លោក​ លោក​ កី​ស៊ូកិ ​ហុង​ដា ​(Keisuke Honda) ​លោក​ ​ប្រ៊ែដ ​អាដាមស៍​ រៀបរាប់​ថា​ ​អង្គការ​របស់​​លោក​ ​មាន​​ការ​តក់ស្លុត​ ​ក្រោយពី​បាន​ឃើញ​រូបថត​របស់​តារា​បាល់ទាត់​ជប៉ុន​រូប​នេះ​ ថត​ជាមួយ​ឧត្តមសេនីយ៍​ ​សៅ ​សុខា ​ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ​និង​ជា​មនុស្ស​ជំនិត​របស់​លោក​ ហ៊ុន ​សែន ​កាលពី​ថ្ងៃ​ទី១២ ​ខែ​សីហា ​ឆ្នាំ​២០១៨ កន្លង​ទៅ​ ​ក្នុង​សន្និសីទ​កាសែត​មួយ​ ធ្វើឡើង​នៅក្នុង​ក្រុង​ភ្នំពេញ​ ​ដើម្បី​ប្រកាស​តែងតាំង​រូបលោក​ ​ឲ្យ​ធ្វើជា​គ្រូបង្វិក​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​។​

លោក​ ​ប្រ៊ែដ ​អាដាមស៍ ​ចាត់ទុក​ថា​ ការណ៍​ដែល​តារា​បាល់ទាត់​ជប៉ុន​រូប​នេះ​ ​បាន​ថត​រូប​ ​និង​ព្រម​ធ្វើជា​គ្រូបង្វិក​ឲ្យ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​របស់​កម្ពុជា​នេះ​ ​ទំនង​ជា​កីឡាករ​រូប​នេះ​ ​មិន​បាន​ដឹង​ពី​ប្រវត្តិ​លម្អិត​របស់​លោក​ ​សៅ ​សុខា​។ ​លោក​ ​សម្តែង​កង្វល់​ពី​ការណ៍​ដែល​កីឡាករ​រូប​នេះ​យក​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ដែល​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​លំដាប់​ពិភព​ទៅ​ប្រឡាក់​ប្រឡូក​ជាមួយនឹង​លោក​ ​សៅ ​សុខា ​នេះ​ ​ដែល​ជា​បុគ្គល​ម្នាក់​ ​ដែល​អង្គការ​នេះ​ចាត់ទុក​ថា​ជា​ ​«​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​លំដាប់​ពិភពលោក​» ​នោះ​។​

ឧត្តមសេនីយ៍​ ​សៅ ​សុខា ​បច្ចុប្បន្ន​ជា​អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​បាន​ដាក់ឈ្មោះ​លោក​ ​ក្នុង​ចំណោម​ឧត្តមសេនីយ​បាត​ដៃ​កខ្វក់​ ​ឬ​ប្រឡាក់​ឈាម​ ១២ រូប​របស់​របប​លោក​ ហ៊ុន ​សែន ​ដោយសារតែ​មាន​ជាប់​ព័ន្ធ​នឹង​រឿងអាស្រូវ​ខាង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​រង​ការចោទ​ថា​ ​ជា​ឧក្រិដ្ឋ​ជនសង្គ្រាម​។ ​អង្គការ​នេះ​ ធ្លាប់​លាតត្រដាង​ថា​ ​កងកម្លាំង​លោក​ ​សៅ ​សុខា ​ជា​អ្នកទទួលខុសត្រូវ​ក្នុង​រឿង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​អំពើ​ទារុណកម្ម ​ការចាប់ខ្លួន​មនុស្ស​តាម​ទំនើង​ ​ឬ​ដោយ​ខុស​ច្បាប់​ ​ការវាយប្រហារ​បង្ក្រាប​មក​លើ​ក្រុម​អ្នកតវ៉ា ​និង​អំពើ​ហឹង្សា​ជាច្រើន​ដទៃទៀត​។​

បើ​តាម​លោក​ ប៊្រែដ ​អាដាម ​លោក​ ​សៅ ​សុខា ​ធ្លាប់​ទទួលស្គាល់​ថា​ ​លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​អំពើ​រដ្ឋ​ប្រហារ​ដ៏​បង្ហូរ​ឈាម​មួយ​ កាលពី​ដើម​ខែកក្កដា ​ឆ្នាំ ១៩៩៧ ​ក្នុងនាម​លោក​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ​កាល​ណោះ​ អតីត​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​លោក​ ​ថូម៉ាស់​ ​ហេមម៉ាប៊ឺក ​(Thomas Hammarberg) ​បាន​រាយការណ៍​ថា​ ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រោម​បញ្ជា​របស់​លោក​ ​សៅ ​សុខា ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​មន្ទី​ឃុំឃាំង​ ធ្វើ​ទារុណកម្ម ​និង​ប្រហារជីវិត​ក្រុម​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា​។ ​ក្រុម​អ្នកស៊ើបអង្កេត​ករណី​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​ សហ​ប្រជាជាតិ​ ​ក៏​បាន​រកឃើញ​ដែរ​ថា​ ​មាន​ទាហ៊ាន​យ៉ាងហោចណាស់​ ៣០ ​នាក់​ ​ដែល​ត្រូវបាន​ចាប់ខ្លួន​ ត្រូវបាន​គេ​យក​មក​ឃុំឃាំង​ ​និង​ធ្វើ​ទារុណកម្ម​ដោយ​កងកម្លាំង​កងរាជអាវុធហត្ថ​របស់​លោក​ ​សៅ ​សុខា ​នៅ​សាខា​កំបូល ​ខេត្ត​កំពង់ស្ពឺ​។​

លោក​ ​ប្រ៊ែដ ​អាដាមស៍​ សរសេរ​ពន្យល់​បន្ថែម​ប្រាប់​កីឡាករ​បាល់ទាត់​ជប៉ុន​រូប​នេះ​ថា​ ​រដ្ឋាភិបាល​បរទេស​ ​បាន​ដឹង​ឮ​ជា​យូរ​មក​ហើយ​ថា​ ​លោក​ ​សៅ ​សុខា ​ជា​អ្នកទទួលខុសត្រូវ​លើ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ​លោក​ឲ្យដឹង​ថា​ ​មន្ត្រី​ម្នាក់​មកពី​ប្រទេស​​បារាំង​ ​ដែល​ជា​អ្នក​ជួយ​​ជ្រោមជ្រែង​បង្កើត​កងរាជអាវុធហត្ថ ​បាន​ប្រាប់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​លោក​ថា​ ​លោក​ ​សៅ ​សុខា ​«​មាន​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​ ​និង​អំពើហិង្សា​ជាច្រើន​»​។ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​ក៏​ធ្លាប់​អំពាវនាវ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ ​ដក​លោក​ ​សៅ ​សុខា ​ចេញ​ពី​មុខតំណែង​ ​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្តិ​ដោយ​ឧត្តមសេនីយ៍​រូប​នេះ​ ​និង​នាំ​ខ្លួន​លោក​សៅ ​សុខា ​ទៅ​កាត់ទោស​ពី​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ទាំងនេះ​។​

ជាមួយគ្នា​នេះ​ដែរ​ លោក​ ​ប្រ៊ែដ ​អាដាមស៍ ​ក៏​បាន​រំឮក​តារា​បាល់ទាត់​ជប៉ុន​រូប​នេះ​ថា​ ​នៅពេល​ដែល​លោក​ ​សៅ ​សុខា ​ត្រូវបាន​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ​កាលពី​ឆ្នាំ២០០៦ ​កន្លងទៅ​ ​អង្គការ​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភព​លោក​ ​ហៅ​​កាត់​​ថា​ FIFA ​បាន​បដិសេធ​ ​មិន​ទទួលស្គាល់​ការតែងតាំង​នេះ​ ​ដោយសារតែ​ការតែងតាំង​លោក​ ​សៅ ​សុខា ​នេះ​ ​ធ្វើឡើង​ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា​ ​ដែល​ពុំ​មាន​លក្ខណៈ​ស្រប​ច្បាប់​។​

លោក​ ​ប្រ៊ែដ ​អាដាមស៍​ ​ចង់​ជួប​ផ្ទាល់​មួយ​ជាមួយ​តារា​បាល់ទាត់​ជប៉ុន​រូប​នេះ​ ​ដើម្បី​ពិភាក្សា​បន្ថែម​ជុំវិញ​ករណី​នេះ​។ ​គិត​ត្រឹម​យប់​ថ្ងៃ​ទី១៧ ​ធ្នូ ​អាស៊ី​សេរី ​នៅ​មិន​ទាន់​អាច​ទាក់ទង​លោក​ ​សៅ ​សុខា ​និង​តារា​បាល់ទាត់​ជប៉ុន​លោក​ កី​ស៊ូកិ ​ហុង​ដា ​ដើម្បី​សុំ​​ប្រតិកម្ម​​ជុំវិញ​ការចោទប្រកាន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ ​និង​ការឆ្លើយតប​ទៅ​នឹង​លិខិត​របស់​លោក​ ​ប្រ៊ែដ ​អាដាមស៍ ​នេះ​បាន​នៅឡើយ​ទេ​។

តារា​បាល់ទាត់​ជប៉ុន​លោក​ កី​ស៊ូកិ ​ហុង​ដា ​ធ្លាប់​ធ្វើជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​ជប៉ុន​ពី​ឆ្នាំ២០០៨ ​ដល់​ឆ្នាំ ២០១៨។ ​លោក​​ក៏​បាន​លេង​ឲ្យ​ក្រុម​បាល់ទាត់​អាជីព​របស់​ប្រទេស​ហូឡង់​ រុស្ស៊ី ​អ៊ីតាលី​ ​និង​អូស្ត្រាលី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល