លោក ហ៊ុន សែន បញ្ជា​ឲ្យ​លុប​ចោល​ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ចំពោះ​ការ​ប្រើ​គោរមងារ

ដោយ ម៉ម មុនីរតន៍
2016.07.08
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ប្រមុខ​រដ្ឋាភិបាល​សម្រេច​ចេញ​បទ​បញ្ជា​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​មិន​ចាំបាច់​ហៅ​គោរម​ងារ "សម្ដេច" នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ក៏​បាន​ដែរ។ បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​ព្រមាន​ជា​លើក​ចុង​ក្រោយ​ដោយ​គំរាម​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​នៅ​តែ​គឃ្លើន​មិន​ព្រម​ហៅ​គោរមងារ "សម្ដេច" នេះ។

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អន្តរាគមន៍​រឿង​ហៅ​គោរមងារ​នេះ ដោយ​ចាត់​ទុក​ថា សារ​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី​​នេះ គឺ​ជួយ​សម្រួល​ការ​លើក​កម្ពស់ និង​ជំរុញ​ឲ្យ​មាន​លំហូរ​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា នាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ផ្នែក​ភាសាខ្មែរ លោក កៃ គឹមសុង យល់​ឃើញ​ថា ការ​សម្រេច​នៅ​ពេល​នេះ​របស់​លោក​នាយករដ្ឋមន្ត្រី គឺ​មាន​ន័យ​ថា ប្រមុខ​រដ្ឋាភិបាល​បាន​គិតគូរ​អំពី​អ្វី​ដែល​ជា​កង្វល់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​ធ្វើ​ឲ្យ​កាសែត​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន ដោយ​មាន​កំណត់​នៅ​ក្នុង​ច្បាប់៖  «និយាយ​រួម​ការ​សម្រេច​ចិត្ត​របស់​លោក​ហ្នឹង គួរ​ត្រូវ​គោរព​ដ៏​ខ្ពង់ខ្ពស់​ហើយ​សម្រាប់​បណ្ដាញ​ផ្សព្វផ្សាយ។ ជា​ការ​សម្រេច​ចិត្ត​ដ៏​សក្ដិសម​បំផុត​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ»

នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហោះ​សារ​នយោបាយ​ខ្លី​មួយ​នៅ​ក្នុង​ទំព័រ​ហ្វេសបុក (Facebook) របស់​លោក ដែល​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រឈម​មុខ​ឈាន​ទៅ​ដល់​ការ​បិទ​អាជ្ញាប័ណ្ណ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក ហ៊ុន សែន បាន​និយាយ​នៅ​ក្នុង​សារ​នោះ​ថា ចំពោះ​ការ​ប្រើប្រាស់​គោរមងារ​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល គឺ​គ្មាន​ការ​ចាំបាច់​តម្រូវ​ដែល​ត្រូវ​តែ​សរសេរ​ដាក់​អោយ​ចំ ”គោរមងារ” នោះ​ទេ ប្រសិន​បើ​អ្នក​សារព័ត៌មាន​មិន​ចង់​ប្រើ។ លោក ហ៊ុន សែន សង្កត់​ធ្ងន់​នៅ​ក្នុង​សារ​ដ៏​ខ្លី​របស់​លោក​ថា ​សូម​ការ​សរសេរ​នោះ​ត្រូវ​គោរព​ក្រមសីលធម៌ និង​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ចៀស​វាង​ចែកចាយ​ព័ត៌មាន​មិន​ពិត។

បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ គេ​សង្កេត​ឃើញ​ថា ធ្វើ​ឡើង ១​ថ្ងៃ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​ដាក់​កំហិត​ជា​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ដោយ​តម្រូវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ត្រូវ​ហៅ​គោរមងារ "សម្ដេច" នេះ។ ក្រសួង​ព័ត៌មាន​បាន​គំរាម​ថា ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គភាព​កាសែត​ណា​នៅ​តែ​ចចេស​រឹងរូស​មិន​ព្រម​ហៅ​ថា "សម្ដេច" ទេ នឹង​ត្រូវ​បិទ​ចោល​តែម្ដង។

ទាក់ទិន​គោរមងារ "សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ" របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​តែងតាំង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០០៧។ នេះ​ជា​គោរមងារ​លើក​ទី​២​ហើយ បន្ទាប់​ពី​គោរមងារ​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ទទួល​ត្រឹម "សម្ដេច" និង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ម្ដង​ដែរ កាល​ពី​ឆ្នាំ​១៩៩៣។

ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​សម្រេច​ចិត្ត​លុប​ចោល​បញ្ហា​ប្រឈម​មួយ​ចំនួន ក្នុង​នោះ​រួម​មាន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ដើម​ឆ្នាំ​នេះ លោក ហ៊ុន សែន សម្រេច​លុប​ការ​យក​លុយ​តាម​ផ្លូវ​ជាតិ​លេខ​៤។ ២​ថ្ងៃ​ក្រោយ ពោល​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា លោក​នាយករដ្ឋមន្ត្រី​សម្រេច​អនុញ្ញាត​ឲ្យ​ម្ចាស់​ឡាន និង​ម៉ូតូ​ដែល​ទិញ​ត​ពី​គេ​អាច​កាត់​ឈ្មោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បាន ដោយ​មិន​ចាំបាច់​បញ្ជាក់​ពី​ម្ចាស់​ដើម​ឡើយ។

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៥ វិញ លោក ហ៊ុន សែន សម្រេច​មិន​គិត​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ចំពោះ​ទោចក្រយានយន្ត រួមមាន ម៉ូតូ និង​រ៉ឺម៉ក​កង់​បី សម្រាប់​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។