នាយក​រដ្ឋមន្ត្រី​ប្រកាស​គាំទ្រ​ប៉ូលិស​អាំងទែប៉ូល​តាម​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត

ដោយ ខែ សុណង
2015.08.03
ឈូក បណ្ឌិត ៣០៥ អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Ouk Savborey

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣ ខែ​សីហា បាន​សើរើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត កំពុង​នៅ​ក្រៅ​ឃុំ ដែល​តុលាការ​ផ្ដន្ទាទោស​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០១២។ សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ករណី​នេះ សាទរ​ចំពោះ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​ប៉ូលិស​អាំងទែប៉ូល (Interpol) តាម​ស្វែងរក​ចាប់​ខ្លួន លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​បាញ់​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស ឲ្យ​មក​ទទួល​ទោស​តាម​ច្បាប់។

នេះ​ជា​លើក​ទី​១ ហើយ ដែល​លោក​បាន​ប្រកាស​ឲ្យ​មាន​ការ​ចាប់​ខ្លួន លោក ឈូក បណ្ឌិត បែប​នេះ។ នេះ​ជា​ការ​ប្រកាស​ដ៏​កម្រ​មួយ​ក្នុង​រយៈពេល ២​ឆ្នាំ ក្រោយ​ពី​តុលាការ​ផ្ដន្ទាទោស​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល លោក ឈូក បណ្ឌិត កំពុង​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។

ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន តាខ្មៅ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សាធារណជន​ថា លោក​មិន​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ចាប់​ខ្លួន លោក ឈូក បណ្ឌិត ដូច​ករណី​អតីត​ពិធីការនី​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) កញ្ញា សាសា និង​ករណី​ឧកញ៉ា ថោង សារ៉ាត់ ជាដើម៖ «បញ្ជា​តាម​ចាប់​ខ្លួន​ចេះ​តែ​តាម​ចាប់​ខ្លួន អា​ហ្នឹង​វា​រឿង​ព្រហ្មទណ្ឌ លោក​មិន​តាម​ចាប់​ប៉ូលិស​ខុស។ រឿង ឈូក បណ្ឌិត មិន​តាម​ចាប់​ខ្លួន​ខុស ទើប​តែ​ឥឡូវ​ប៉ូលិស​អាំងទែប៉ូល ចេញ​តាម​ចាប់»

ក្រោយ​ពី​បាន​បាញ់​រះ​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​ស្បែក​ជើង​កៅវ៉េ ក្នុង​ក្រុង​បាវិត ចំនួន ៣​នាក់​រង​បួស ក្នុង​ពេល​កម្មករ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាត់​ទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​សរុប ៣៨​លាន​រៀល​ដល់​ជន​រងគ្រោះ ក្នុង​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ ក៏ប៉ុន្តែ ជន​រងគ្រោះ​មិន​សុខ​ចិត្ត ក៏​ប្ដឹង​ទាស់​សាលក្រម​នេះ។ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ តុលាការ​កំពូល​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង និង​សាល​ដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក ឈូក បណ្ឌិត ឋិត​នៅ​ក្រៅ​ឃុំ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា សាទរ​ចំណាត់​ការ​នេះ បើ​សិន​ជា​រដ្ឋាភិបាល​ចង់​ចាប់ ឬ​ជំរុញ​ឲ្យ​មាន​ការ​ចាប់​ខ្លួន លោក ឈូក បណ្ឌិត៖ «រឿង ឈូក បណ្ឌិត នេះ វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​កម្មការិនី​ទាំង ៣ ផង អយុត្តិធម៌​សម្រាប់​មន្ត្រី​ប៉ូលិស លោក ស ចន្ថា នេះ​ផង»

(ពី​ស្ដាំ) កម្មការិនី នុត សាខន កម្មការិនី ប៊ុត ចិន្តា និង​កម្មការិនី កែវ នា មក​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត បាញ់​កម្មករ នា​តុលាការ​កំពូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
(ពី​ស្ដាំ) កម្មការិនី នុត សាខន កម្មការិនី ប៊ុត ចិន្តា និង​កម្មការិនី កែវ នា មក​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត បាញ់​កម្មករ នា​តុលាការ​កំពូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Ouk Savborey

 

កាល​ពី​ចុង​ខែ​កក្កដា កម្មការិនី​រោងចក្រ​ស្បែក​ជើង​កៅវ៉េ ខេត្ត​ស្វាយរៀង បាន​មក​ដាក់​ញត្តិ​ទាមទារ​រក​យុត្តិធម៌ នៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ជំរុញ​ទៅ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចេញ​បទបញ្ជា​អន្តរាគមន៍​តាម​ចាប់​ខ្លួន លោក ឈូក បណ្ឌិត ដែល​បាន​ប្រើ​កាំភ្លើង​បាញ់​រះ​លើ​ពួក​គាត់​នោះ មក​ផ្ដន្ទាទោស​តាម​ច្បាប់។

កម្មការិនី​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា កម្មការិនី នុត សាខន និយាយ​នៅ​មុខ​សភា​ទាំង​ខ្សឹកខ្សួល​ថា មុខ​របួស​ពួក​គាត់​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ៖ «មុខ​របួស​ពួក​ខ្ញុំ​រាល់​ថ្ងៃ​នៅ សូម្បី​តែ​ធ្វើ​រាល់​ថ្ងៃ​មិន​ដែល​ពេញ​ម៉ោង​ផង ធ្វើ​ការ​ពេល​ណា​ឈឺ​ឈប់។ ពួក​ខ្ញុំ​ឈឺ​ចាប់​ណាស់។ ពួក​ខ្ញុំ ៣​ឆ្នាំ​ហើយ មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទៀត»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។