ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ឈប់​ផ្សាយ​បន្ត​ពី​អាស៊ីសេរី​និង​វីអូអេ

ដោយ សាន សែល
2017.08.23
ក្រសួង​ព័ត៌មាន ៦២២ ក្រសួង​ព័ត៌មាន។
Photo: RFA

ស្ថានីយ​វិទ្យុ​អេហ្វ.អឹម (FM) មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្សព្វផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក វីអូអេ (VOA) និង​អាស៊ីសេរី (RFA) និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​ផ្អាក​ការ​ផ្សាយ។ អ្នក​ឯកទេស​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​ប្រឆាំង យល់​ថា សកម្មភាព​នេះ​ធ្វើ​ឲ្យ​លំហ​សេរីភាព​សារព័ត៌មាន​រួម​តូច និង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨។

បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​កោះ​ហៅ​ទៅ​ពិភាក្សា​នៅ​ពេល​ព្រឹក វិទ្យុ​ស្ត្រី អេហ្វ.អឹម ១០២ (FM 102) សម្រេច​ឈប់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ទាំង​ពីរ ចាប់​ពី​យប់​ថ្ងៃ​ទី​២៣ សីហា តទៅ។

នាយិកា​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ដែល​គ្រប់គ្រង​ស្ថានីយ​វិទ្យុ ១០២ អ្នកស្រី ជា ស៊ុនដាណែត ឲ្យ​ដឹង​ថា ក្រសួង​ព័ត៌មាន បាន​ចោទ​ស្ថានីយ​អ្នកស្រី​ថា​បាន​បំពាន​កិច្ចព្រមព្រៀង ដែល​អនុញ្ញាត​ឲ្យ​ប៉ុស្តិ៍ ១០២ ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ពី​វិទ្យុ​បរទេស​ទាំង​ពីរ​កន្លះៗ​ម៉ោង។

វិទ្យុ ១០២ ផ្សាយ​គ្រប​ដណ្តប់ ៧៥​ភាគរយ​នៃ​ប្រជាជន​កម្ពុជា សរុប​ប្រមាណ ១៥​លាន​នាក់។ ១០២ ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ទាំង​ពីរ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ វីអូអេ ចំនួន ១​ម៉ោង​កន្លះ និង​អាស៊ីសេរី ចំនួន ២​ម៉ោង។

អ្នកស្រី ដាណែត ទទួល​ស្គាល់​ថា ស្ថានីយ អេហ្វេ.អឹម ១០២ ពិត​ជា​បាន​បំពាន​នឹង​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៦ ក៏ប៉ុន្តែ​អ្នកស្រី​ឆ្ងល់​ថា ហេតុ​អ្វី​ក្រសួង​ទើប​ចាត់​វិធានការ​នៅ​ពេល​នេះ«គេ​ចោទ​ថា​យើង​រំលោភ​បំពាន។ ចឹង​គេ​អនុគ្រោះ​ថា​មាន​តែ​បិទ​អាស៊ីសេរី និង​វីអូអេ​ទៅ។ តែ​បើ​មិន​បិទ​ទេ គឺ​ខ្លួន​យើង​ដែល​ជា​អ្នក​ខុស​ហ្នឹង ត្រូវ​បិទradio (វិទ្យុ) ទាំងមូល»

ដោយឡែក​ស្ថានីយ​វិទ្យុ​មហា​នគរ ៩៣,៥ ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ វីអូអេ និង​អាស៊ីសេរី និង​កម្មវិធី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​ក្រសួង​ព័ត៌មាន បញ្ឈប់​ការ​ផ្សាយ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៣ សីហា ដោយ​ផ្សាយ​កម្មវិធី​ពី​ប្រភព​ខាង​ក្រៅ មិន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង។

អ្នក​គ្រប់គ្រង​ការ​ផ្សាយ​ស្ថានីយ​នេះ អ្នកនាង យី ឆវ័ន្ត ដែល​ត្រូវ​ក្រសួង​កោះ​ហៅ​ទៅ​សាកសួរ យល់​ថា ហេតុផល​នេះ​មិន​សូវ​សម​ហេតុផល ដោយ​លើក​ឡើង​ថា ចំណាត់ការ​នេះ​ត្រូវ​អនុវត្ត​ដោយ​មិន​យុត្តិធម៌។ នាង​បន្ត​ថា ក្រសួង​គួរ​ផ្តល់​ឱកាស​សម្របសម្រួល​ជា​មុន មុន​នឹង​សម្រេច​បញ្ឈប់«ពេល​ក្រសួង​ហៅ​ទៅ ខ្ញុំ​គិត​ថា​ក្រសួង​ហៅ​ទៅ​ណែនាំ​ថា​កម្មវិធី​វិទ្យុ​មួយ​ចំនួន ឧទាហរណ៍​អាស៊ីសេរី និង​វីអូអេ ចឹង​ចុះ មាន​បញ្ហា ឬ​ក៏​មិន​ឲ្យ​មាន​ការ​ផ្សាយ អា​ហ្នឹង​ខាង​យើង​នឹង​សម្របសម្រួល​ទៅ​តាម​ហ្នឹង ប៉ុន្តែ​អា​នេះ​វា​លើស​ពី​អ្វី​ដែល​យើង​គិត»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​ជួល​ម៉ោង​ផ្សាយ​វិទ្យុ​មហា​នគរ​ចំនួន ២​ម៉ោង​រៀង​រាល់​ថ្ងៃ។ លោក​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​ម្ចាស់​ស្ថានីយ​ស្ដីពី​ការ​ឈប់​ផ្សាយ«ខ្ញុំ​គិត​ថា​វា​ជា​រឿង​នយោបាយ។ វា​គ្មាន​វាចា​នឹង​ថ្លែង។ ខ្ញុំ​យល់​ថា​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ នេះ នឹង​មិន​សេរី និង​យុត្តិធម៌​ទេ។ នេះ​និយាយ​ដោយ​ខ្លី​តែ​ម្តង។ យើង​អាច​សន្និដ្ឋាន​បាន​ជា​ស្រេច​ទៅ​ហើយ។ ចឹង​ការ​បិទ​នេះ វា​នឹង​ប៉ះពាល់​ដល់​ដំណើរ​នៃ​ការ​បោះឆ្នោត គឺ​យើង​បាន​ផ្សព្វផ្សាយ​នូវ​កម្មវិធី​នយោបាយ​ឃោសនា​នៅ​លើ​ប៉ុស្តិ៍​មហា​នគរ។ វា​ប៉ះពាល់​ធ្ងន់​ណាស់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ខ្លាំង​ណាស់»

ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ដែល វីអូអេ និង​អាស៊ីសេរី ជួល​ម៉ោង​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន ឲ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​បទបញ្ជា​ពី​ក្រសួង​ព័ត៌មាន ឲ្យ​ឈប់​លក់​ម៉ោង​ផ្សាយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ម៉ម សូណង់ដូ ប្រាប់​ថា វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក​នឹង​បន្ត​ចាក់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​សំឡេង​វិទ្យុ​បរទេស​ទាំង​ពីរ​ដដែល ដរាប​ណា​មិន​ទាន់​មាន​បញ្ជា​ពី​ក្រសួង​ព័ត៌មាន«គោលការណ៍​យ៉ាង​ម៉េច? ពូ​អត់​ដឹង​ដែរ។ ដូច​អូន​ដឹង​ហើយ យើង​នៅ​ក្រោម​អ្នក​ដឹកនាំ​មួយ យើង​មិន​អាច​ថា​ទេ​បាន ប៉ុន្តែ​យើង​អាច​ស្វែងយល់​បាន​ថា ពី​មូលហេតុ​អី? បើ​សិន​ជា​ចិត្ត​ចង់​ឲ្យ​បិទ តែ​យើង​មិន​បិទ ប្រាកដ​ជា​គេ​បិទ radio (វិទ្យុ) យើង​ហើយ។ ដូច្នេះ​យើង​ត្រូវ​ស្តាប់​ហើយ​គេ»

ចំណែក​វិទ្យុ​សារិកា ដែល​ផ្សាយ​កម្មវិធី​ព័ត៌មាន​វិទ្យុ វីអូឌី (VOD) របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក៏​ត្រូវ​គេ​ផ្អាក​ការ​ផ្សាយ​ទាំងមូល​ដែរ។

នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ថ្លែង​ថា គេ​លែង​ឲ្យ​ផ្សាយ ដោយសារ​បញ្ហា​បច្ចេកទេស និង​រដ្ឋបាល តែ​មិន​បាន​បញ្ជាក់​លម្អិត។ លោក​យល់​ថា យន្តការ​របស់​ក្រសួង​ព័ត៌មាន គឺ​ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​មក​ដល់​នៅ​ឆ្នាំ​ក្រោយ«ខ្ញុំ​យល់​ថា​វា​ជា​ចំណាត់ការ​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​ទៅ​លើ​សេរីភាព​សារព័ត៌មាន។ គាត់​ដាក់​លើ​គោលដៅ​សារព័ត៌មាន​ឯករាជ្យ។ អ្នក​ខាតបង់ គឺ​ប្រជាពលរដ្ឋ»

ចំណាត់ការ​លើ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ទាំងនេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ច្រាន​ចោល​ការ​រិះគន់​នេះ ហើយ​ពន្យល់​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​ចូល​ស្ទឹង​តាម​បត់«បណ្ដាញ​ព័ត៌មាន​ទាំងអស់​បើ​មិន​គោរព​តាម​ការ​សន្យា​ជាមួយ​នឹង​ក្រសួង​ព័ត៌មាន គាត់​នឹង​ជួប​រឿង​ដូចៗ​គ្នា​ហ្នឹង»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​រឿយៗ​បាន​ចោទ​វិទ្យុ វីអូអេ និង​អាស៊ីសេរី ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​គណបក្ស​ប្រឆាំង និង​ប្រឆាំង​រដ្ឋាភិបាល។

បើ​តាម​គោលការណ៍​បេសកកម្ម​របស់​ស្ថាប័ន​ទាំង​ពីរ វីអូអេ និង​អាស៊ីសេរី ត្រូវ​ផ្តល់​ព័ត៌មាន​ប្រកប​ដោយ​ស្តង់ដារ​សារព័ត៌មាន​វិជ្ជាជីវៈ ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​មិន​លម្អៀង។

វិទ្យុ​ទាំង​ពីរ​ផ្សាយ​ខ្លឹមសារ​វិភាគ​ជ្រាលជ្រៅ បង្ហាញ​ពី​នយោបាយ សង្គម និង​សេដ្ឋកិច្ច ដែល​មន្ត្រី​រដ្ឋាភិបាល​មិន​សូវ​ពេញ​ចិត្ត។

ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ណែនាំ​ឲ្យ​ក្រសួង​ព័ត៌មាន ពិនិត្យ​មើល​ពី​ការ​ចុះ​បញ្ជិកា​ដែល​ទំនង​ពាក់ព័ន្ធ​នឹង​គេចវេះ​មិន​បង់​ពន្ធ។

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​អះអាង​ថា​ផ្សាយ​ដំណឹង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​មិន​លម្អៀង កំពុង​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​បិទ​ទ្វារ បើ​មិន​បង់​ពន្ធ​ដែល​រដ្ឋាភិបាល​បញ្ជាក់​ថា មាន​ចំនួន​ជាង ៦​លាន​ដុល្លារ ខណៈ​កាសែត​នេះ​ឲ្យ​ដឹង​ថា ខ្លួន​តែង​អនុវត្ត​តាម​ច្បាប់​ពន្ធដារ​កម្ពុជា យ៉ាង​ខ្ជាប់ខ្ជួន​បំផុត។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល ហ្វ្រីឌឹម ហៅស៍ (Freedom House) ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ បាន​ដាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា ថា «មិន​សេរី» ដោយ​បាន​ជាប់​លេខ ១៥២ លើ ១៩៩​ប្រទេស​ទូទាំង​ពិភពលោក។ អង្គការ​នេះ​បាន​ព្រមាន​ថា កម្ពុជា នឹង​អាច​ជួប​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​កាន់​តែ​អាក្រក់ ខណៈ​ការ​បោះឆ្នោត​ជាតិ​កាន់​តែ​ខិតចូល​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។