អ្នក​កាសែត​គាំទ្រ​ អ.ស.ប​ អនុម័ត​​អនុសញ្ញា​​អន្តរជាតិ ​ដើម្បី​​ការពារ​​អ្នក​កាសែត និង​​បញ្ចប់​​និទ្ទណ្ឌភាព

ដោយ ម៉ៅ សុធានី
2019-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​កាសែត​ក្រោយ​ជំនួប​​រវាងតំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (ស្ដាំ) នា​វិមាន​ព្រឹទ្ធ​សភា កាល​ពី​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១៤។
សន្និសីទ​កាសែត​ក្រោយ​ជំនួប​​រវាងតំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (ស្ដាំ) នា​វិមាន​ព្រឹទ្ធ​សភា កាល​ពី​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១៤។
Photo: RFA

អ្នក​កាសែត​កម្ពុជា​មួយ​ចំនួន ចូលរួម​គាំទ្រ​ឲ្យ​អង្គការ​សហប្រជាជាតិ​អនុម័ត​អនុសញ្ញា​ស្តីពី​ការ ការពារ​សុវត្ថិភាព​អ្នកសារព័ត៌មាន និង​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន ខណៈ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ទទួល​រង​ការ​គំរាមកំហែង និង​ការ​សម្លាប់​ជា​ច្រើន​ករណី​ផង​ដែរ។ ការ​ចូលរួម​គាំទ្រ​នេះ បន្ទាប់​ពី​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​សកល​លោក កាល​ពី​ពេល​ថ្មីៗ នេះ បាន​ជួប​ប្រជុំ និង​ស្នើសុំ​រួម​គ្នា​ឲ្យ​អង្គការ​សហប្រជាជាតិ អនុម័ត​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​អ្នក សារព័ត៌មាន។

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​ យល់ថា ​ប្រសិន​បើ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​សុវត្ថិ​ភាព​អ្នក សារព័ត៌មាន ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​អនុម័ត​ជា​ផ្លូវការ​នោះ គឺ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំ​ពេញ មាន​កាតព្វកិច្ច​ផ្ដល់​ការ​ការពារ​អ្នក​សារព័ត៌មាន​កម្ពុជា និង​ចាត់​វិធានការ​វែក​មុខ​ចាប់​ឃាតក និង​អ្នក​ពាក់ព័ន្ធ​ដែល​បាន​ធ្វើ​ឃាត​អ្នកសារព័ត៌មាន​ជាង ១០នាក់ កាល​ពី​ពេល​កន្លង​ទៅ យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី លើក​ឡើង​ថា លោក​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​យន្តការ​ជាក់លាក់ ដើម្បី​ការពារ​ដល់​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន ដែល​កំពុង​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ​ហើយ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល៖ «ក្នុង​ប្រទេស​កម្ពុជា ទោះ​បី​ជា​អ្នក​សារព័ត៌មាន ដែល​ធ្វើ​ការ​ក្នុង​ស្ថាប័ន​ធំៗ មិន​សូវ​មាន​ការ​វាយ​ប្រហារ​មែន ប៉ុន្តែ​អ្នក​សារព័ត៌មាន ដែល​ធ្វើ​ការងារ​តាម​ឃ្លាំមើល​បទ​ល្មើស​ផ្សេងៗ នៅ​តែ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ មួយ​វិញ​ទៀត អ្វី​ដែល​ជា​ចំណុច​សំខាន់​នោះ ខ្ញុំ​ក៏​ចង់​ឃើញ​ថា មាន​ការ​បញ្ចប់​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ តាម​រយៈ​ការ​ផ្ដល់​យុត្តិធម៌ និង​ការ​ស៊ើបអង្កេត​ទៅ​លើ​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​កន្លង​មក​ប្រមាណ​ជាង ១០រូប ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ មក»

កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា​ កន្លង​ទៅ អ្នក​សារព័ត៌មាន​អន្តរជាតិ និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ ពិភពលោក បាន​ចូលរួម​ជាមួយ​សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ អំពាវនាវ​រួម​គ្នា​ក្នុង​កិច្ចប្រជុំ​លើក​ទី៤០ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ឲ្យ​អង្គការ​សហប្រជាជាតិ ចាត់​វិធានការ​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន តាម​រយៈ​ការ​អនុម័ត​សេចក្ដី​ព្រាង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សុវត្ថិភាព និង​ការ​ការពារ​អ្នក​សារព័ត៌មាន។

សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ​ លើក​ឡើង​ថា មូលហេតុ​ដែល​ស្នើសុំ​ឲ្យ​បង្កើត​អនុសញ្ញា​ស្ដីពី​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​នេះ ​ដោយ​សារ​ថា​ អ្នក​សារព័ត៌មាន​នៅ​តែ​ប្រឈម​ការ​គំរាម​ប្រចាំ​ថ្ងៃ ហើយ​និទ្ទណ្ឌភាព​នៅ​តែ​បន្ត ដែល​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង។ ក្នុង​រយៈ​ពេល ៦ឆ្នាំ​ចុង ក្រោយ​នេះ អ្នក​កាសែត​ជាង ៦០០នាក់​ត្រូវ​បាន​សម្លាប់។ ករណី​ឃាតកម្ម​លើ​អ្នក​កាសែត ៩ករណី ក្នុង​ចំណោម ១០ ករណី​នៅ​តែ​មិន​បាន​ផ្ដន្ទាទោស​ជន​ល្មើស​នៅ​ឡើយ​ទេ។ ក្រៅ​ពី​នេះ​អ្នក​កាសែត រាប់​រយ​នាក់​ត្រូវ​បាន​ជាប់​គុក ហើយ​អ្នក​កាសែត​ជា​ច្រើន​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​វាយ​ប្រហារ វាយ​ដំ ឃុំឃាំង រង​ការ​រំខាន និង​គំរាមកំហែង​ជា​រៀងរាល់​ថ្ងៃ។

ចំណែក​នៅ​កម្ពុជា​វិញ ចាប់ពី​ឆ្នាំ១៩៩៤ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន អ្នក​កាសែត​ចំនួន ១៣នាក់​ហើយ ត្រូវ​បាន​ឃាតក​សម្លាប់។ អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ជនរងគ្រោះ​ចំនួន ១២នាក់ ក្នុង​ចំណោម ១៣នាក់​នោះ ត្រូវ​បាន​ធ្វើឃាត​អំឡុង​ពេល​ពួកគេ​ធ្វើ​សកម្មភាព​រាយការណ៍​ព័ត៌មាន​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា។ ក្នុង​នោះ​មាន ៥នាក់​ធ្វើ​ការ​ឱ្យ​កាសែត​រិះគន់​គណបក្ស​កាន់​អំណាច និង ៧នាក់​ផ្សេង​ទៀត ធ្វើ​ការ​ស៊ើបអង្កេត និង​រាយការណ៍​ពី​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​របប​លោក ហ៊ុន សែន និង​ស្ថាប័ន​យោធា។

អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ទៀត​ថា ក្នុង​សំណុំរឿង​ឃាតកម្ម​ទាំង ១៣ករណី​នោះ មាន ១១ករណី គឺ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​ទាំង​នោះ​ទេ ហើយ​មាន ៧ករណី ដែល​គ្មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ឬ​កោះហៅ​មក​សួរចម្លើយ​នោះ​ឡើយ។

អ្នករាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA ) លោក ស៊ុន ណារិន បញ្ចេញ​មតិ​ថា លោក គាំទ្រ​ចំពោះ​សំណើ​ចង់​ឲ្យ​មាន​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន ព្រោះ វា​នឹង​រួម​ចំណែក​ធានា​សេរីភាព​សារព័ត៌មាន​ឡើង​វិញ។ ទោះ​យ៉ាង​ណា​ក្តី លោក​បារម្ភ និង​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា នឹង​ទទួល​ស្គាល់​អនុសញ្ញា​អន្តរជាតិ​នេះ ហើយ​មាន​ឆន្ទៈ​ធានា​សេរីភាព​អ្នក​សារព័ត៌មាន​កម្រិត​ណា ខណៈ​បច្ចុប្បន្ន​នេះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កំពុង​រង​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ដដែល ក្រោយ​ពី​រដ្ឋាភិបាល​បង្ក្រាប និង​លុប​បំបាត់​សំឡេង​សារព័ត៌មាន​ឯករាជ្យ៖ «ចុង​ក្រោយ​នេះ ទោះ​បី​ជា​មិន​មាន​បញ្ហា​ប្រឈម​ជា​លក្ខណៈ​ឃាតកម្ម ឬ​ឧក្រិដ្ឋ​ក្តី ប៉ុន្តែ​មាន​ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន​អ្នក​កាសែត ការ​រឹត​បន្តឹង​ទៅ​លើ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​មិន​អាច​ឲ្យ​គាត់​ហ៊ាន​សរសេរ​អ្វី​ដែល​គិត​ថា មាន​តម្លៃ​សម្រាប់​អ្នក​អាន​ទេ។ អ៊ីចឹង ការងារ​របស់​ពួក​គាត់ គឺ​សរសេរ​បែប​លើក​តម្កើង​រដ្ឋាភិបាល។ ដូច្នេះ ខ្ញុំ​គិត​ថា វា​ជា​រឿង​មិន​ល្អ​ទេ ព្រោះ​អ្នក​សារព័ត៌មាន ដើរ​តួនាទី​សំខាន់​ណាស់​ធ្វើ​ម៉េច​កុំ​ឲ្យ​សង្គម​មាន​អំពើ​ពុករលួយ និង​ធ្វើ​ឲ្យ​មន្ត្រី ដែល​មាន​តំណែង​នោះ​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ»

ទោះបីជា​អ្នក​កាសែត​អន្តរជាតិ តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក រួម​ទាំង​អ្នក​កាសែត កម្ពុជា​មួយ​ចំនួន​ផង ជំរុញ​ឲ្យ​មាន​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ក្តី ប៉ុន្តែ​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូណា លើក​ឡើង​ថា អនុសញ្ញា​នេះ​មិន​សូវ​ផ្ដល់​ប្រ យោជន៍​ដល់​អ្នក​កាសែត​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា រឿង​ការពារ​សុវត្ថិភាព​អ្នក​កាសែត​នេះ គឺ​មាន​តែ​អ្នក​កាសែត​ខ្មែរ​គ្នា​ឯង ចេះ​ជួយ​ការពារ​គ្នា​ឯង ហើយ​បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ស្នើសុំ​ភាគី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ការពារ៖ «អ្នក​ណា​ក៏​ដោយ យើង​មិន​ចង់​ឲ្យ​មាន​និទ្ទណ្ឌភាព​ទេ។ ប៉ុន្តែ​គ្រាន់​តែ​ថា នៅ​ក្នុង​ស្រុក​នេះ មាន​ការវិវឌ្ឍន៍​ទៅ​រក​ភាព​វិជ្ជមាន​ដោយសារ​តែ​វា​អត់​មាន​ការ​កាប់​សម្លាប់ ឬ​ការ​ចាប់ចង​អី​ទៀត​ទេ។ ឥឡូវ​នេះ យើង​មាន​ភាព​ធូរ​ស្រាល​នៅ​ក្នុង​ការ​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​របស់​យើង។ យើង​ខិតខំ​ទារ​សិទ្ធិ​របស់​យើង បំពេញ​វិជ្ជាជីវៈ​របស់​យើង ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ការពារ​គ្នា​យើង ហើយ​សូម​ឲ្យ​អ្នក​ពាក់ព័ន្ធ​គោរព​សិទ្ធិ​យើង ។ យើង​បន្ត​កិច្ចការ​នេះ​ទៅ​មុខ​ទៀត​ហើយ»

អាស៊ី​សេរី បាន​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ្រ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ​អ៊ុក គឹមសេង និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប៉ុន្តែ​លោក​ទាំង​បី​មិន​ទទួល ទូរស័ព្ទ​នោះ​ទេ។ កន្លង​មក​មន្ត្រី​របប​ក្រុង​ភ្នំពេញ តែងតែ​ការពារ​ខ្លួន​ថា កម្ពុជា​មិន​មាន​និទ្ទណ្ឌភាព ឡើយ ព្រោះ​អាជ្ញាធរ​នៅ​តែ​បន្ត​ស៊ើបអង្កេត​សំណុំ​រឿង​ឃាតកម្ម​លើ​អ្នក​កាសែត ហើយ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​បើកទូលាយ​ជាដើម។

លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ រូបថត៖ ហ្វេសប៊ុក លោក ណុប វី
នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ រូបថត៖ ហ្វេសប៊ុក លោក ណុប វី

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន លោក ណុប វី កត់សម្គាល់​ថា ថ្វិ​ដ្បិតតែ​រយៈពេល​ជាង​ពីរ​ឆ្នាំ​ចុងក្រោយ នេះ មិន​មាន​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​មែន ក៏ប៉ុន្តែ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នកសារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ មានការ​កើន​ឡើង។ ដោយ​ឡែក​ចំពោះ​ការ​ខកខាន​មិនបាន​នាំ​ខ្លួន​ជន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​អ្នកសារព័ត៌មាន​យក​មក​ផ្ដន្ទាទោស​នា​ពេល​កន្លង​មក គឺជា​អំពើ​និទ្ទណ្ឌភាព។ លោក​បន្ត​ថា អាជ្ញាធរ​មិន​អាច​លើក​ហេតុផល​ថា សំណុំ​រឿង​នេះ​នៅតែ​បន្ត ហើយ​មិនបាន​បង្ហាញ​ពី​សកម្មភាព ឬ​លទ្ធផល​ការងារ​របស់​ខ្លួន​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​ទាំងនេះ​បាន​ឡើយ៖ «សំខាន់​ថា​តើ​រដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​សារព័ត៌មាន​ដែរ ឬ​ទេ ព្រោះ​យើង​ឃើញ​ថា រាល់​អ្នក​សារព័ត៌មាន ដែល​ទទួល​រង​ការ​បាញ់ សម្លាប់ ឬ​ក៏​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​កន្លង​មក​នេះ ភាគ​ច្រើន​គាត់​បាន​សរសេរ​អត្ថបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល ឬ​ក៏​មន្ត្រី​ខិលខូច​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​ដើម។ អីចឹង​ចំណុច​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ជឿជាក់​នៅ​ក្នុង​ការ​អះអាង និង​ការ​ប្ដេជ្ញា​ចិត្ត​ម្ដង ហើយ​ម្ដង​ទៀត​ថា នៅ​តែ​មាន​ការ​បន្ត​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​នេះ ប៉ុន្តែ​ការ​បន្ត​នោះ វា​ចេះ​តែ​ផុត​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ហើយ​យុត្តិធម៌​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជន​រងគ្រោះ​ពិត​ប្រាកដ»

របប​ក្រុងភ្នំពេញ​បាន​បើក​យុទ្ធនាការ​វាយកម្ទេច​សារព័ត៌មាន​ឯករាជ្យ ចាប់​តាំង​ពី​ក្រោយ​ការ​បោះ ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០១៧ រហូត​មក ហើយ​លេស​ដែល​របប​នេះ​យក​មក​ប្រើ​ជា​អាវុធ​នោះ គឺ​ការ​ជំពាក់​ពន្ធ និង​ការ​មិន​អនុវត្ត​តាម​កិច្ចសន្យា​ជាមួយ​ក្រសួង​ព័ត៌មាន។ ជា​លទ្ធផល កាសែត ​ឌឹ ខេមបូឌា ដេលី និង​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​នៅ​ភ្នំពេញ ត្រូវ​បង្ខំចិត្ត​បិទទ្វារ​លែង​ដំណើរការ ខណៈ​ស្ថានីយ​វិទ្យុ​ប្រមាណ ២៥ស្ថាប័ន ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ក៏​ត្រូវ​បាន​ផ្អាក​លែង​ឱ្យ​ផ្សាយ។ របប​នេះ​ក៏បាន​យាយី និង​ធ្វើ​ទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន​ឯករាជ្យ​ជា​ច្រើន​នាក់​ទៀត តាម​រយៈ​ការ​ប្ដឹង​ទៅ​តុលាការ និង​ចាប់​ឃុំខ្លួន​ដោយ​ចោទ​ពី​បទ​ធ្វើ​ចារកម្ម​ជា​ដើម ក្នុង​នោះ មាន​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន។ តុលាការ​របប​ក្រុង​ភ្នំពេញ ​ត្រៀម​ជំនុំជម្រះ​សំណុំរឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​នៅ​ពេល​ខាង​មុខ​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​កម្ពុជា បារម្ភ​ថា តុលាការ អាច​នឹង​ចោទ​ប្រកាន់​ពួក​គេ​ទាំង​បំពាន ហើយ​ចាប់​ខ្លួន ពួក​គេ​ឡើង​វិញ ក្រោយ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​មួយ​រយៈ។

លោក ណុប វី និង​អ្នក​សារព័ត៌មាន​កម្ពុជា​មួយ​ចំនួន ចូលរួម​ស្នើសុំ​ឲ្យ​អង្គការ​សហប្រជាជាតិ អនុម័ត​សេចក្ដី​ព្រាង​អនុសញ្ញា​ស្ដីពី​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ឲ្យ​បាន​ឆាប់ ហើយ​ស្នើសុំ​អង្គការ​សហប្រជាជាតិ ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ រួម​មាន កម្ពុជា​ជា​ដើម ទទួល​ស្គាល់ ឬ​ផ្តល់​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិ​មួយ​នេះ ដើម្បី​ធានា​ថា អំពើ​និទ្ទណ្ឌភាព​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​អ្នក​កាសែត ត្រូវ​បាន​បិទ​បញ្ចប់ ហើយ​សុវត្ថិភាព​របស់​អ្នក​កាសែត ក៏​ត្រូវ​បានការ​ពារ​ជា​កំហិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល