ពលរដ្ឋ​ខ្មែរ​ដែល​នៅ​អាមេរិក​ក្នុង​នាម​អ្នក​ភៀសខ្លួន​ប្រឈម​ការ​បញ្ជូន​ចេញ​ទៅ​ប្រទេស​កំណើត​វិញ

ដោយ ថន ថារ៉ូ
2019-03-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អតីតជន​ភៀសខ្លួន​ខ្មែរ​មួយ​ក្រុម​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋ​កាលីហ្វនីញ៉ា (California) សហរដ្ឋអាមេរិក បាន​ទទួល​ដីកា​កោះហៅ​ពី​អាជ្ញាធរ​អាមេរិក ដើម្បី​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​គយ និង​អន្តោ​ប្រវេសន៍​អាមេរិក (ICE) នៅ​សប្តាហ៍​នេះ។ ពួកគេ​អាច​ត្រូវ​គេ​ឃុំខ្លួន និង​បញ្ជូន​ចេញពី​ប្រទេស​អាមេរិក​តែម្ដង ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​កំណត់​មុខសញ្ញា​ជន​អន្តោប្រវេសន៍​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump)

សារព័ត៌មាន (San Francisco Chronicle) ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ថា អាជ្ញាធរ​អាមេរិក​បាន​កោះហៅ​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​ប្រាំបី​នាក់ (៨​នាក់​) ដើម្បី​មក​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​អន្តោ​ប្រវេសន៍​របស់​អាមេរិក​នៅ​ក្នុង​តំបន់​នោះ កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​អ្នក​ផ្សេងទៀត​ត្រូវ​គេ​រំពឹង​ថា ត្រូវ​បាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​អាមេរិក​នៅ​ក្នុង​ខែ​នេះ នៅ​ទូទាំង​សហរដ្ឋអាមេរិក។

ជន​អន្តោ​ប្រវេសន៍​ខ្មែរ​ទាំង​នេះ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ពួកគេ​បាន​មក​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយមាន​អារម្មណ៍​ភ័យខ្លាច និង​ការ​បាក់​ស្បាត​ដោយសារ​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពេល​មក​ដល់​អាមេរិក​ដំបូង ពួកគេ​បាន​មក​រស់នៅ​ក្នុង​តំបន់​ក្រីក្រ គ្មាន​ឱកាស​ច្រើន ហើយ​ក៏បាន​ក្លាយ​ជា​ក្មេង​កោងកាង ក្នុងនាម​ជា​ជន​អន្តោប្រវេសន៍។ ពួកគេ​បាន​ប្រើប្រាស់​គ្រឿងញៀន ចូលរួម​ក្នុង​ក្រុម​បងធំ​បង​តូច និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាច្រើន​ប្រភេទ​នៅ​ពេល​នោះ។

នេះ​ជា​យុទ្ធនាការ​ថ្មី​មួយទៀត​នៃ​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ចេញ​ពី​ទឹកដី​អាមេរិក នៅ​ពេល​ដែល​អាជ្ញាធរ​អាមេរិក កំពុង​បង្ក្រាប​ដល់​អតីតជន​ភៀសខ្លួន​ខ្មែរ​ដែល​បាន​មក​រស់នៅ​សហរដ្ឋអាមេរិក​ជា​យូរ​មក​ហើយ និង​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រាប់​ឆ្នាំ ឬ​រាប់​ទសវត្ស​មក​ហើយ ដែល​ភាគច្រើន​នៃ​បទឧក្រិដ្ឋ​ទាំងនោះ ត្រូវ​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ពេល​ពួកគេ​នៅ​ក្មេង​នៅឡើយ។ បទឧក្រិដ្ឋ​ទាំងនេះ បាន​ភ្ជាប់​ពួកគេ​សម្រាប់​ការ​បញ្ជូន​ចេញពី​ទឹកដី​អាមេរិក។

រហូតមកដល់​ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​ខែ្មរ​ប្រមាណ​ជិត​ពី​ពាន់​នាក់ (.៨៥៥នាក់) ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក មានឈ្មោះ​លើ​បញ្ជី​ចុងក្រោយ​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​ប្រទេស​អាមេរិក ដែល​ក្នុង​នោះ​ចំនួន ១.៣៦២​នាក់ ត្រូវ​បាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​ក្នុង​ពេល​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល