អគ្គនាយកដ្ឋាន​ពន្ធនាគារ​បំភ្លឺ​រឿង​ចោទ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពន្ធនាគារ​ព្រៃ​ស

ដោយ ថា កិត្យា
2017.03.02
ព្រៃ​ស ៦២២ មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
RFA

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អតីត​អ្នក​ទោស​ម្នាក់​ឈ្មោះ គង់ រ៉ៃយ៉ា ដែល​បាន​ទម្លាយ​អំពី​ភាព​មិន​ប្រក្រតី​ជាច្រើន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដូចជា​ការ​ប្រើប្រាស់​គ្រឿង​ញៀន ល្បែង​ស៊ី​សង ការ​វាយ​ទាត់​ធាក់ និង​មាន​អំពើ​ពុក​រលួយ ជាដើម។

ក្នុង​លិខិត​បំភ្លឺ​ចុះ​ថ្ងៃ​ទី​២ ខែ​មីនា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ថា មតិ​លើក​ឡើង​អំពី​ស្ថានភាព​អាក្រក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស​របស់​អតីត​ទណ្ឌិត គង់ រ៉ៃយ៉ា ដែល​ជាប់​ទោស​ព្រោះ​រឿង​បង្ហោះ​សារ​បដិវត្តន៍​ពណ៌​លើ​ហ្វេសប៊ុក (Facebook) នោះ មាន​ភាព​លម្អៀង​ខាង​នយោបាយ ជា​ជាង​ការ​រិះគន់​ដើម្បី​កែលំអ។

ចំពោះ​ការ​រិះគន់​ថា ពន្ធនាគារ​នៅ​កម្ពុជា មិន​មាន​ស្តង់ដារ​នោះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឆ្លើយតប​ថា ការ​កំណត់​កម្មវិធី​អប់រំ​កែប្រែ ការ​គ្រប់គ្រង​វិន័យ របប​អ្នក​ទោស សន្តិសុខ សុវត្ថិភាព អនាម័យ និង​សុខភាព សុទ្ធតែ​យោង​ទៅ​លើ​បទដ្ឋាន​អប្បបរមា​អង្គការ​សហប្រជាជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា រហូត​ចងក្រង​ជា​ច្បាប់​ស្ដីពី​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១១។ ទន្ទឹម​គ្នា​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​កំពុង​ចាប់​យក​បទពិសោធន៍​ល្អៗ​មក​ពី​បរទេស ដើម្បី​មក​អនុវត្ត​នៅ​កម្ពុជា ឲ្យ​ស្រប​តាម​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ។

រីឯ​ការ​ចោទ​ថា មាន​ការ​ជក់​បារី ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​នោះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ទទួល​ស្គាល់​ថា វា​ជា​ការ​ប្រព្រឹត្ត​ល្មើស​នឹង​បទបញ្ជា​ផ្ទៃក្នុង​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត។ ដោយឡែក​ចំណុច​ដែល​យុវជន គង់ រ៉ៃយ៉ា លើក​ឡើង​ថា មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​រាប់​រយ​នាក់​នោះ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បដិសេធ​ដោយ​អះអាង​ថា ចំនួន​ជន​ជាប់​ឃុំ​ដែល​សន្មត​ថា​ពិត​ជា​បាន​លួច​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ក្នុង​ពន្ធនាគារ​មាន​តែ ២៦​នាក់​ក្នុង​ចំណោម​អ្នក​ទោស ៥.០៩២​នាក់ ឬ​ស្មើ​នឹង ០,%។ អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​អង្គភាព​ក្រោម​ចំណុះ កំពុង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ សំដៅ​ទប់ស្កាត់ និង​លុប​បំបាត់​បញ្ហា​ខាង​លើ​ឲ្យ​អស់​ពី​ក្នុង​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ។

ចំណែក​សំណើ​របស់​យុវជន គង់ រ៉ៃយ៉ា ដែល​សុំ​ឲ្យ​ដក​ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ (Radio Jamming System) ចេញ​ពី​ពន្ធនាគារ ព្រោះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទោស​នោះ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​អះអាង​ថា មិន​ទាន់​មាន​អ្នក​ជំនាញ​បច្ចេកទេស​ណា​មួយ​បកស្រាយ ឬ​ពន្យល់​ពី​ផល​ប៉ះពាល់​នេះ​នៅ​ឡើយ​ទេ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថា ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ជា​វិធានការ​ចាំបាច់​ក្នុង​ចំណោម​វិធានការ​គ្រប់គ្រង​សន្តិសុខ ដើម្បី​ទប់ស្កាត់​ការ​លួច​ប្រើ​ទូរស័ព្ទ​ចល័ត​ហាមឃាត់​ជា​យថាហេតុ ដែល​ឆ្លង​កាត់​ការ​វាយ​តម្លៃ​របស់​អ្នក​បច្ចេកទេស​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ចំពោះ​ការ​ចោទ​ថា ពន្ធនាគារ​មិន​មែន​ជា​កន្លែង​អប់រំ​មនុស្ស​ឲ្យ​កែប្រែ​ខ្លួន​នោះ លិខិត​ដដែល​ឆ្លើយ​បំភ្លឺ​បន្ថែម​ថា ឫសគល់​ចម្បង​នៃ​ភាព​មិន​រាងចាល​របស់​បុគ្គល​ម្នាក់ៗ​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ ដោយ​យោង​ទៅ​លើ​កត្តា​ជីវភាព កម្រិត​វប្បធម៌ ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ពី​សហគមន៍ និង​បណ្ដាញ​ទំនាក់ទំនង​ក្នុង​សង្គម។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ យុវជន គង់ រ៉ៃយ៉ា ក៏​បាន​ថ្លែង​រិះគន់​ខ្លាំងៗ​អំពី​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​ពន្ធនាគារ​ក្រោយ​រួច​ផុត​ពី​ការ​ឃុំឃាំង។ បញ្ហា​រញ៉េរញ៉ៃ ឬ​ភាព​អនាធិបតេយ្យ​ទាំងនោះ​មាន​ការ​វាយ​តប់​គ្នា​រវាង​អ្នក​ទោស ការ​ប្រើប្រាស់​គ្រឿង​ញៀន ជក់​បារី លេង​ល្បែង​ស៊ី​សង បញ្ហា​ពុក​រលួយ មិន​មាន​កម្មវិធី​ច្បាស់លាស់​ក្នុង​ការ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ទណ្ឌិត​ទាំងអស់ និង​បញ្ហា​លំបាក​មួយ​ចំនួន​ទៀត។ មិន​មែន​តែ​យុវជន គង់ រ៉ៃយ៉ា ទេ អតីត​អ្នក​ទោស​ដទៃ​ទៀត​ក៏​ធ្លាប់​រិះគន់​លើ​ស្ថានភាព​ពន្ធនាគារ​ព្រៃ​ស​ដែរ ហើយ​ពួក​គេ​តែងតែ​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ចិត្ត​ទុក​ដាក់​កែលំអ​ចំណុច​មិន​ល្អ និង​ចំណុច​ខ្វះខាត​នានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។