ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់វិធានការ​អង្គការ​មិន​មែន​រដ្ឋាភិបាល

ដោយ ហេង សកល
2017-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គការ​សមាគម​លើក​បដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
អង្គការ​សមាគម​លើក​បដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo: RFA

ក្រសួង​មហាផ្ទៃ បាន​ក្រើន​រំលឹក​ដល់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឱ្យ​គោរព​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឱ្យ​ដឹង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​មិន​ទាន់​បាន​បំពេញ​លក្ខខណ្ឌ​ស្រប​តាម​មាត្រា​១០ និង​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​មក​ក្រសួង​មហាផ្ទៃ និង​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នូវ​របាយការណ៍​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​មួយ​ច្បាប់​មិន​ឱ្យ​ហួស​ពី​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​ឡើយ។

​សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ប្រសិនបើ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ណា​ដែល​ហ៊ាន​បំពាន​នឹង​បទបញ្ជ​នេះ ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ ក្រសួង​មហាផ្ទៃ មិន​បាន​បញ្ចេញ​ឈ្មោះ​អង្គការ​ណា​ខ្លះ​ដែល​ខ្វះ​ឯកសារ ហើយ​មាន​ចំនួន​អង្គការ សមាគម ចំនួន​ប៉ុន្មាន​ដែល​មិន​ផ្ញើ​ឯកសារ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិតប្រាកដ​ឡើយ។

​មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​កំពុង​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ ហើយ​អង្គការ​សង្គម​ស៊ីវិល​បាន​តស៊ូ​រមតិ​កន្លង​មក​ដែរ៖ «»។

​ច្បាប់​ស្ដីពី​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ជា​ច្បាប់​មួយ​ដែល​អង្គការ​សង្គម​ស៊ីវិល និង​អតីត​អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ចាត់​ទុក​ថា ជា​ច្បាប់​ដ៏​ចម្រូងចម្រាស់ និង​រឹតត្បិត​សិទ្ធិសេរីភាព​អង្គការ​មិន​មែន​រដ្ឋាភិបាល មិន​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ប្រជាធិបតេយ្យ ដែល​បង្កើត​ឲ្យ​មាន​ច្បាប់​បែប​នេះ។

​លោក កន សាវាង្ស ថា ក្រសួង​មហាផ្ទៃ គួរ​ពិចារណា​បន្ធូរបន្ថយ​ដើម្បី​កុំឱ្យ​មាន​ការ​ផ្តល់​របាយការណ៍​ទាំង​នោះ​មក​ក្រសួង​មហាផ្ទៃ ឬ​ក៏​ឱ្យ​មាន​ការ​ផ្ដល់​របាយការណ៍​ត្រឹម​ថ្នាក់ឃុំ ស្រុក ព្រោះ​អង្គការ​សង្គម​ស៊ីវិល​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ពិបាក​នឹង​ទទួល​បាន​ព័ត៌មាន ឬ​ពិបាក​ក្នុង​ការ​ទាក់ទង​នឹង​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ថា  អង្គការ​សង្គម​ស៊ីវិល​ធំៗ​នៅ​រាជធានី​ភ្នំពេញ មាន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​រៀងៗ​ខ្លួន​ជា​រៀងរាល់​ឆ្នាំ​រួច​ហើយ ហេតុ​នេះ​មិន​មែន​ជា​បញ្ហា​ដើម្បី​ផ្ដល់​ឱ្យ​ក្រសួង​មហាផ្ទៃ​ឡើយ។

​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៦៤៨ ប៉ុណ្ណោះ ដែល​បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​តាម​ការ​កំណត់​ដោយ​ច្បាប់ ហើយ​មាន​អង្គការ​មួយ​ចំនួន​ធំ​ទៀត​នៅតែ​មិន​បំពេញ​កាតព្វកិច្ច​តាម​បទប្បញ្ញតិ្ត​ច្បាប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល