ជនជាតិដើមភាគតិចម៉ុងតាញ៉ាពីរក្រុមស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយនៅកម្ពុជា
2014.11.23
ជនជាតិដើមភាគតិចចារ៉ាយពីរក្រុមរស់នៅប្រទេសវៀតណាម រត់មកសំងំលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម និងស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយក្នុងប្រទេសកម្ពុជា។ ជនភៀសខ្លួនទាំងនោះអះអាងថាពួកគេរងការកៀបសង្កត់បិទសេរីភាពផ្នែកជំនឿសាសនាពីរដ្ឋាភិបាលវៀតណាម។
អ្នកភូមិជនជាតិដើមភាគតិចរស់នៅខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាមឲ្យដឹងថា មានជនភៀសខ្លួនពីភាគកណ្ដាលប្រទេសវៀតណាម១៣នាក់ កំពុងត្រូវការជំនួយផ្នែកសិទ្ធិមនុស្សខណៈពួកគេកំពុងលាក់ខ្លួនក្នុងព្រៃ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែវិច្ឆិកាថា គេបានប្រទះឃើញជនជាតិដើមចារ៉ាយ ពីប្រទេសវៀតណាមពីរក្រុម ក្នុងនោះក្រុមទី១មានគ្នា៨នាក់បានរត់ចេញពីប្រទេសវៀតណាមកាលពីបីសប្ដាហ៍មកហើយ និងមួយក្រុមទៀតមានគ្នាបីនាក់បានរត់ចេញពីភូមិកំណើត ចូលមកលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញ របស់អាជ្ញាធរវៀតណាមលើបញ្ហាជំនឿសាសនា។ ប្រជាពលរដ្ឋដដែលឲ្យដឹងថា បច្ចុប្បន្ន ជនភៀសខ្លួនទាំងពីរក្រុមនេះកំពុងប្រឈម ទៅនិងជំងឺ និងខ្វះខាតស្បៀងអាហារជាពិសេសការតាមចាប់ខ្លួនពួកគេពីសំណាក់អាជ្ញាធរវៀតណាម៖ «ខាងអាជ្ញាធរគេៗចុះសួររកប៉ូលិសខាងវៀតណាម ទូរស័ព្ទមកខាងអាជ្ញាធរខ្មែរឲ្យជួយរក។ គាត់នៅក្នុងព្រៃគាត់ពិបាកណាស់ហូបអាហារផង គ្រុនចាញ់ផងមូលខាំ ជួយអន្តរាគមន៍ផង»។
នេះគឺជាសេចក្ដីរាយការណ៍ថ្មីទាក់ទិនចលនាភៀសខ្លួន របស់ក្រុមជនជាតិដើមភាគតិចវៀតណាមដែលគេនិយមហៅថាក្រុមម៉ុងតាញ៉ា (Montagnards) ដែលបានភៀសខ្លួនមកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅខេត្តរតនគិរី។
ទាក់ទិនករណីនេះដែរ ស្នងការរងប៉ូលិសខេត្តរតនគិរី លោក ជា ប៊ុនធឿន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរបានទទួលព័ត៌មាននេះដែរ ប៉ុន្តែមិនមានព័ត៌មានពីកន្លែងលាក់ខ្លួនពួកគេនៅឡើយ។ លោកបន្តថាប្រសិនពួកគេចូលខ្លួនមករកអាជ្ញាធរពួកគេ នឹងត្រូវពិនិត្យលក្ខណវិនិច្ឆ័យថាជាជនភៀសខ្លួនផ្នែកនយោបាយ ឬជាជនភៀសខ្លួនផ្នែកសេដ្ឋកិច្ច៖ «យើងពិនិត្យលក្ខណៈគាត់ចូលមកហ្នឹងក្នុងលក្ខណៈយ៉ាងម៉េច។ បើសិនគាត់មកក្នុងលក្ខណៈសុំជ្រកកោន យើងរាយការណ៍ជូនទៅថ្នាក់លើសិន សុំយោបល់ថ្នាក់លើសិន»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុកខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា អង្គការលោកក៏ទទួលព័ត៌មានសុំជួយសង្គ្រោះជនភៀសខ្លួនពីក្នុងព្រៃ និងគាំពារសុវត្ថិភាពពួកគេ ខ្លាចក្រែងអាជ្ញាធរចាប់បង្ខំបញ្ជូនពួកគេទៅឲ្យអាជ្ញាធរវៀតណាមវិញ។ លោកអំពាវនាវសុំឲ្យស្ថាប័នជាតិអន្តរជាតិពាក់ព័ន្ធជនភៀសខ្លួន ជាពិសេសឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ធ្វើយ៉ាងណាអនុវត្តកិច្ចព្រមព្រៀងស្ដីពីសិទ្ធិជនភៀសខ្លួន និងប្រទេសកម្ពុជាដែលម្ចាស់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះ៖ «គាត់មិនហ៊ានបង្ហាញខ្លួនឲ្យធ្វើអន្តរាគមន៍ផ្ទាល់ទេ គឺគាត់រង់ចាំការអន្តរាគមន៍ពីថ្នាក់ជាតិអន្តរជាតិ ចុះមកគាត់នឹងបង្ហាញខ្លួនព្រោះគាត់ខ្លាចអាជ្ញាធរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតវៀតណាម សុំបញ្ជាក់ពីបញ្ហានេះបានទេ នៅថ្ងៃទី២៣ ខែវិច្ឆិកា។
កាលពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧ ឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ការិយាល័យនៅប្រទេសកម្ពុជា និងអាជ្ញាធរប្រទេសកម្ពុជាបានសង្គ្រោះជនភៀសខ្លួនវៀតណាម ជាង២ពាន់នាក់ពីក្នុងព្រៃខេត្តរតនគិរី។ ជនភៀសខ្លួនមួយចំនួនធំត្រូវបានវិនិច្ឆ័យជាជនភៀសខ្លួនផ្នែកនយោបាយនិងត្រូវបញ្ជូនទៅរស់នៅប្រទេសទីបី។ ចំណែកជនភៀសខ្លួនមួយចំនួនតូចមិនបាន បំពេញលក្ខខណ្ឌត្រឹមត្រូវជាជនភៀសខ្លួនផ្នែកនយោបាយ ត្រូវបញ្ជូនទៅឲ្យរដ្ឋាភិបាលវៀតណាមនិងមួយចំនួនតូចទៀតត្រូវបានអាជ្ញាធរខេត្តរតនគិរីចាប់បញ្ជូនដោយបង្ខំទៅឲ្យអាជ្ញាធរវៀតណាមក្នុងហេតុផលពួកគេជាអន្តោប្រវេសន៍ខុសច្បាប់៕