អង្គការ​សហប្រជាជាតិ​ប្រតិកម្ម​នឹង​តុលាការ​កម្ពុជា​ផ្ដន្ទាទោស​លោក នី ចរិយា

ដោយ ខែ សុណង
2016-09-23
Share
នី ចរិយា ២០១៦ ៨៥៥ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា (ស្ដាំ) ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ប្រតិកម្ម​ចំពោះ​ការ​សម្រេច​ផ្ដន្ទាទោស​លើ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ដោយ​ចោទ​ថា តុលាការ​ពុំ​បាន​បង្ហាញ​​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ការ​ចោទ​ប្រកាន់​លោក នី ចរិយា នោះ​ឡើយ បញ្ហា​នេះ អង្គការ​សហប្រជាជាតិ​យល់​ថា ជា​និន្នាការ​មួយ​គួរ​ឲ្យ​បារម្ភ​ពាក់ព័ន្ធ​និង​ការ​ប្រើ​ច្បាប់​ប្រឆាំង​សំឡេង​ឯករាជ្យ។

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ស្នើ​ឲ្យ​កម្ពុជា​ធ្វើ​កំណែទម្រង់​ក្រមព្រហ្មទណ្ឌ។

មន្ត្រី​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា យូ​អេន អូអេច្ចស៊ីអេច្ចអ (UN OHCHR-Cambodia) អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) បាន​ឆ្លើយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​អ៊ឺម៉ែល​ថា ដោយសារ​តែ​សេរីភាព​សម្ដែង​មតិ​រាប់​បញ្ចូល​ទាំង​សិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ​លើ​ការ​សម្រេច​របស់​តុលាការ​នោះ មូលដ្ឋាន​នៃ​ការ​ផ្ដន្ទាទោស​លើ លោក នី ចរិយា ដោយ​ហេតុ​តែ​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ ហើយ​ដែល​រហូត​ដល់​តុលាការ​គិត​ថា​ជា​ករណី​បរិហារ​កេរ្តិ៍ បរិហារ​បង្កាច់​កេរ្តិ៍ និង​ប្រើប្រាស់​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​តុលាការ​ខេត្ត​សៀមរាប នោះ គឺ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស។

អ្នកស្រី​បន្ត​ទៀត​ថា ការ​កាត់​ទោស​ដោយ​គ្មាន​ភស្តុតាង ឬ​មិន​មាន​ហេតុផល​ផ្លូវ​ច្បាប់​ច្បាស់លាស់​គឺ​ជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​បាត់​តម្លៃ។ ករណី​នេះ រឹត​តែ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​តុលាការ​អាក្រក់​ថែម​ទៀត ហើយ​ក៏​បង្ហាញ​ដែរ​ថា ហេតុ​អី​បាន​ជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជា​បន្ទាន់​នោះ។

កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ឃី ឆៃ បាន​សម្រេច​ផ្ដន្ទាទោស​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប និង​ជាអតីត​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដាក់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​លុយ​ចំនួន ៦​លាន​រៀល។

ឆ្លើយតប​ទៅ​នឹង​ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ថ្លែង​ថា លោក នី ចរិយា អាច​ប្ដឹង​បន្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ។ ការ​សន្និដ្ឋាន​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ហាក់​មិន​យល់​អំពី​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា៖ «គិត​ថា​អង្គការ​សហប្រជាជាតិ​គឺ​ជា​ចំណេះដឹង​ជ្រៅជ្រះ​ផ្នែក​ច្បាប់​គួរ​តែ​យល់​ពី​ប្រព័ន្ធ​ច្បាប់​ប្រទេស​មួយៗ​ឲ្យ​បាន​ច្បាស់​មុន​ហ្នឹង​ធ្វើការ​ផ្ដល់​យោបល់​ឬ​មួយ​ធ្វើការ​សន្និដ្ឋាន​អ្វី​មួយ។ ពាក់ព័ន្ធ​និង​អំណាច​តុលាការ​អង្គការ​សហប្រជាជាតិ​ក៏​គួរ​ដឹង​ដែរ​ថា អំណាច​តុលាការ​កម្ពុជា​យ៉ាង​ម៉េច។ ការ​សម្រេច​សេចក្ដី​របស់​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ គឺ​ជា​ការ​សម្រេច​សេចក្ដី​ដោយ​ឆន្ទានុសិទ្ធិ​ដែល​គ្មាន​ស្ថាប័ន​ណា​ដែល​អាច​ចោទ​ប្រកាន់​ថា​អញ្ចេះ​អញ្ចុះ​បាន​ទេ»

តុលាការ​សម្រេច​ចោទ​ប្រកាន់​លោក នី ចរិយា ដោយ​យោង​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ ក្រោម​បទ​ចោទ​បរិហារ​កេរ្តិ៍ បរិហារ​បង្កាច់​កេរ្តិ៍ និង​ពី​បទ​ប្រើប្រាស់​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​តុលាការ​ខេត្ត​សៀមរាប។ ករណី​នេះ គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ៣០​គ្រួសារ​នៅ​ឃុំ​ជប់រំដេង ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​សហគមន៍​តាខ្មៅ។

ដើម​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​ជា​ព្រះរាជអាជ្ញា​រង លោក សុខ កែវបណ្ឌិត និង​ចៅក្រម​ជំនុំ​ជម្រះ​ខេត្ត​សៀមរាប ម្នាក់​ទៀត លោក គិ រិទ្ធី។ មន្ត្រី​តុលាការ​ទាំង​ពីរ​រូប​នេះ សម្រេច​ចោទ​ប្រកាន់​លោក នី ចរិយា ពី​បទ​បរិហារ​កេរ្តិ៍ បន្ទាប់​ពី​រក​ឃើញ​ថា លោក នី ចរិយា ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា និង​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​ការិយាល័យ​សមាគម​អាដហុក​ខេត្ត​សៀមរាប និង​នៅ​ភ្នំពេញ ដោយ​ចោទ​ថា មន្ត្រី​តុលាការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ភស្តុតាង​តាម​បណ្ដាញ​សារព័ត៌មាន គឺ​ជា​មូលដ្ឋាន​ដែល​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ចោទ​ប្រកាន់​ថា លោក នី ចរិយា បរិហារ​កេរ្តិ៍​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​អយ្យការ និង​តុលាការ ជុំវិញ​សំណុំ​រឿង​ដីធ្លី​នេះ។ នៅ​ក្នុង​បន្ទប់​សវនាការ លោក នី ចរិយា បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា សន្និសីទ​កាសែត​ទាំង​ពីរ​លើក​នោះ គឺ​លោក​ពុំ​បាន​និយាយ​ពី​តុលាការ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឡើយ។ ប៉ុន្តែ​លោក​បាន​លើក​ពី​ការ​អនុវត្ត​ខុស​នីតិវិធី​របស់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ទៅ​វិញ​ទេ។

ថ្វី​ត្បិត​តែ​មាន​ការ​ផ្ដន្ទាទោស​បែប​នេះ លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) មាន​ប្រសាសន៍​ថា សាលក្រម​ដែល​បាន​សម្រេច​នេះ​គឺ​ជា​ជួង ឬ​ជា​សញ្ញា​មួយ​ដែល​បាន​គំរាមកំហែង​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ឡាយ​ដែល​តែងតែ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​និង​រិះគន់​ទៅ​លើ​ភាព​អយុត្តិធម៌​ទាំង​ឡាយ​ដើម្បី​ជួយ​ជន​រងគ្រោះ ឬ​ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌។ ប៉ុន្តែ​ពុំ​មាន​អ្វី​គួរ​ឲ្យ​ខ្លាច​នោះ​ទេ លោក​នៅ​តែ​បន្ត​ការងារ​នេះ៖ នេះ​ជា​តួនាទី​ជា​ភារកិច្ច​របស់​យើង​បើ​សិន​ជា​ការ​អនុវត្តន៍​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​មិន​ត្រឹមត្រូវ​តាម​ច្បាប់​យើង​ត្រូវ​តែ​រិះគន់​បន្ត​ទៀត​ដើម្បី​ធ្វើការ​ស្ថាបនា​និង​កែ​តម្រង់​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​និង​ជា​ទី​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​យើង។ មិន​ខ្លាច​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ទាក់ទង​បញ្ហា​នេះ​ក៏​ដោយ​ពីព្រោះ​បើ​សិន​ជា​យើង​មិន​ធ្វើការ​រិះគន់​ទៅ​លើ​អ្វី​ដែល​គេ​ធ្វើ​ខុស​គឺ​យើង​ចូលរួម​បន្ត​ឲ្យ​ប្រព័ន្ធ​នេះ​ដើរ​ផ្លូវ​ខុស​ទៀត​ហើយ។

ជុំវិញ​រឿង​ក្ដី​លើ​លោក នី ចរិយា នេះ​ដែរ សមាគម​អាដហុក​បាន​រក​ឃើញ​ថា ទាំង​ចៅក្រម​លោក គិ រិទ្ធី និង​តំណាង​អយ្យការ​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពលរដ្ឋ​បំពាន​ច្បាប់ ព្រោះ​តែ​តុលាការ​ពុំ​បាន​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ចាប់​ខ្លួន​ពលរដ្ឋ ២​នាក់​ដាក់​ពន្ធនាគារ។

ចំពោះ​ការ​ផ្ដន្ទាទោស​លោក នី ចរិយា​នេះ គ.ជ.ប អាច​នឹង​រើស​មនុស្ស​ជំនួស​លោក នី ចរិយា លុះ​ណា​តែ​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចូល​ជា​ស្ថាពរ។

អ្នក​នាំ​ពាក្យ​គ​ជ​ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប នៅ​រក្សា​តួនាទី​របស់​លោក នី ចរិយា ជា​អគ្គលេខាធិការ​រង​ដដែល និង​ផ្ដល់​ប្រាក់​បៀវត្សរ៍​ជា​ធម្មតា​បើ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ​នៅ​ឡើយ​នោះ។ ចំណែក​ការ​អវត្តមាន​លោក នី ចរិយា នៅ​ប៉ុន្មាន​ខែ​នេះ​ លោក ហង្ស ពុទ្ធា ថាគឺ​មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​ការងារ​គ.​ជ.​ប នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល