ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​លុប​បទ​ចោទ​ប្រកាន់​លើ​ព្រះ​សង្ឃ​លួន​សុវ៉ាត

ដោយ អាន ស៊ីថាវ
2014.11.23
លួន សុវ៉ាត ៣០៥ កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Uon Chhin

សេចក្ដីថ្លែងការណ៍​រួមគ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ នា​ថ្ងៃ​ទី​២៣​វិច្ឆិកា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​តុលាការ លុបចោល​នូវ​បទចោទប្រកាន់​នានា លើ​សកម្មជន​ការពារ​ដីធ្លី និង​ការពារ​សិទ្ធិមនុស្ស គឺ​ព្រះសង្ឃ លួន សុវ៉ាត។ ប៉ុន្តែ​ការ​ស្នើ​សុំ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី រាជរដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ។

នៅមុន​ពេល​ពីរ​ថ្ងៃ ដែល​ព្រះតេជព្រះគុណ លួន សុវ៉ាត ត្រូវ​ឡើង​សវនាការ​នា​ថ្ងៃ​អង្គារ​ទី​២៥​វិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន​១៣ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ​ដើម្បី​ដាក់​សម្ពាធ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ពិសេស​តុលាការ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព ដែល​នាំ​ប៉ះពាល់ និង​រារាំង​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

សេចក្ដីថ្លែងការណ៍​រួម​នោះ បាន​សរសេរ​យ៉ាង​ច្បាស់​ថា រាល់​សកម្មភាព​ទាំងឡាយ​របស់​ព្រះសង្ឃ លួន សុវ៉ាត គឺ​ការពារ​ការរំលោភ​សិទ្ធិ​មនុស្ស ការពារ​អ្នក​ដែល​បាត់បង់​ដីធ្លី ហើយ​មិនមែន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ឡើយ។ កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ព្រះតេជព្រះគុណ​ទាំងអស់​នេះ បាន​ល្បីល្បាញ​រហូតដល់​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ និង​បាន​ផ្ដល់​ពានរង្វាន់​ជា​បន្តបន្ទាប់។

ស្រប​ពេល​ដែល​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ តែ​សកម្មភាព​របស់​ព្រះអង្គ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​រារាំង រហូត​ចោទប្រកាន់​ព្រះអង្គ​ថា ការ​បង្កើត​យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ ការ​គំរាមកំហែង​ធ្វើឃាត ការ​ចាប់​ដាច់​ពន្ធនាគារ និង​ការ​ចាប់​ផ្សឹក។

ប៉ុន្តែ​ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល ឃើញ​ថា​ការចោទប្រកាន់​នោះ មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ព្រះ​តេជគុណ លួន សុវ៉ាត ត្រូវ​ចូល​សា​វន​ការ​នៅ​ថ្ងៃ​ទី ២៥​វិច្ឆិកា នោះ​ទេ។ ទោះជា​យ៉ាងណាក៏ដោយ ព្រះ​តេជគុណ លួន សុវ៉ាត បាន​អះអាង​ថា ព្រះអង្គ​នៅតែ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ពេលវេលា​ដែល​បាន​កំណត់។ ការ​ចោទប្រកាន់​លើ​ព្រះអង្គ​មាន​ពី​ករណី​គឺ​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ និង​ក្បត់ជាតិ។ ព្រះអង្គ​បាន​លើក​ឡើង​ថា ព្រះអង្គ​គ្មាន​ទោស​អ្វី​ទាំងអស់ ប្រសិនបើ​តុលាការ​កម្ពុជា មាន​ភាព​យុត្តិធម៌ និង​ឯករាជ្យ ប៉ុន្តែ​ការចោទប្រកាន់​កន្លងមក ហាក់​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដែល​ធ្វើឡើង មានបំណង​គ្រាន់តែ​រារាំង​រាល់​សកម្មភាព​របស់​ព្រះអង្គ​តែប៉ុណ្ណោះ។ សំឡេង

បទចោទប្រកាន់​អំពី​បទ​ញុះញង់​ទៅ លើ​ព្រះ​តេជព្រះគុណ លួន សុវ៉ាត ត្រូវ​បាន​តុលាការ ផ្ដន្ទាទោស​ដោយ​កំបាំងមុខ កាលពី​សីហា​ឆ្នាំ​២០១២ ហើយ​ក្នុង​ករណី​នោះ ក៏​មាន​ជនជាប់ចោទ​ម្នាក់ទៀត ឈ្មោះ សួន​សេរីរដ្ឋា។ បច្ចុប្បន្ន​សំណុំរឿង​ចំនួន​ពី​បន្ថែម​ទៀត​នោះ គឺ​បទ​រួមគំនិត​ក្បត់ និង​រារាំង​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ ឲ្យ​ឆ្លើយ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី ២៣ វិច្ឆិកា ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​យល់​ឃើញ​ថា តុលាការ​មិន​អាច​កាត់ទោស​ព្រះសង្ឃ​បាន​ទេ។

ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​កោះហៅ​ព្រះសង្ឃ​ឡើង​សវនាការ លុះ​ត្រា​មានការ​អនុញ្ញាត​ពី គណៈ​សង្ឃ ឬ​ក្រសួង​ធម្មការ និង​សាសនា​ជាមុន​សិន។ សំឡេង

ទោះជា​យ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល ជាតិ​និង​អន្តរជាតិ​យល់​ឃើញ​ថា ការចោទប្រកាន់​លើ​ព្រះសង្ឃ លួន សុវ៉ាត ទាំងអស់​នេះ គឺជា​ការប៉ុនប៉ង​រារាំង​មិន​ឲ្យ​ព្រះអង្គ បញ្ចេញ​មតិ​តែប៉ុណ្ណោះ។

នាយក​ប្រតិបត្តិការ​អង្គការ (Human Rights Watch) លោក ប្រេដ អាដាម (Brad Adams) មាន​ប្រសាសន៍ថា ការ​ចាប់ខ្លួន និង​ការ​ផ្ដន្ទាទោស​លើ សកម្មជន​សិទ្ធិមនុស្ស បាន​បង្ហាញ​ថា តុលាការ​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​បង្ក្រាប​មក​លើ​អ្នក​ដែល​ធ្វើការ​ជំទាស់។ លោក​បញ្ជាក់​ទៀត​ថា ការ​ចេញ​ដីកា ទៅ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ ព្រះតេជព្រះគុណ លួន សុវ៉ាត នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​កាន់តែ​បាត់បង់​ជំនឿ​ទុកចិត្ត​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។