អាដហុក​ខេត្ត​ព្រះសីហនុ​អប់រំ​តំណាង​ពលរដ្ឋ​តាម​សហគមន៍​ឲ្យ​ចេះ​ពី​របៀប​តស៊ូ​មតិ​តាម​ច្បាប់

ដោយ ដែន អយុធ្យា
2016-09-24
Share
ជៀប សុធារី ២០១៦ ៨៥៥ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បង្ហាញ​ឯកសារ​ផ្សេងៗ​ដល់​តំណាង​សហគមន៍​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

មន្ត្រី​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ ផ្តល់​ការ​អប់រំ​ដល់​តំណាង​សហគមន៍​រង​ផល​ប៉ះពាល់​ពី​ករណី​រំលោភ​ដីធ្លី និង​ធនធាន​ធម្មជាតិ ឲ្យ​ចេះ​ពី​របៀប​ដាក់​ពាក្យ​បណ្ដឹង និង​តស៊ូ​មតិ​ឲ្យ​ស្រប​តាម​ផ្លូវ​ច្បាប់ ហើយ​មាន​សន្តិភាព ជៀស​ឲ្យ​ផុត​ពី​ការ​ប្រើ​អំពើ​ហិង្សា​នានា។ ការ​អប់រំ​នេះ ក៏​មាន​មន្ត្រី​នគរបាល​ស្លៀក​ពាក់​ស៊ីវិល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ រង់ចាំ​ឃ្លាំ​មើល​ដល់​ការិយាល័យ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​នេះ​ផង។

ជំនួប​ផ្តល់​ការ​អប់រំ​នេះ មាន​ឈ្មោះ​ថា «ប្រជុំ​បណ្ដាញ​សហគមន៍​ថ្នាក់​ខេត្ត» រៀបចំ​ដោយ​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ និង​មាន​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់​មក​ពី ១១​សហគមន៍ ដែល​មាន​ផល​ប៉ះពាល់​លើ​ករណី​ដីធ្លី និង​កង្វល់​នៃ​ការ​បាត់បង់​ធនធាន​ជលផល​សមុទ្រ នា​ទីស្នាក់ការ​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​កញ្ញា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​បាន​ផ្ដួចផ្ដើម​កម្មវិធី​នេះ ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធី​ប្រជុំ​បណ្ដាញ​សហគមន៍​ថ្នាក់​ខេត្ត​នេះ​ឡើង គឺ​មាន​គោល​បំណង​ឲ្យ​តំណាង​សហគមន៍​រងគ្រោះ​នីមួយៗ ចែក​រំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ជាង​នេះ​ទៀត ក៏​ចង់​អប់រំ​អំពី​នីតិវិធី ឬ​របៀប​តស៊ូ​មតិ​ជូន​ដល់​តំណាង​សហគមន៍​រងគ្រោះ ឲ្យ​ចំ​បញ្ហា​ដែល​សហគមន៍​ចង់​បាន ដោយ​ត្រូវ​អនុវត្ត​ឲ្យ​ស្រប​តាម​ច្បាប់ និង​ជៀស​ឲ្យ​ផុត​ពី​អំពើ​ហិង្សា៖ «ការ​ជួបជុំ​នេះ គឺ​ដើម្បី​ចង់​ឲ្យ​តំណាង​សហគមន៍​រងគ្រោះ​នៅ​តាម​មូលដ្ឋាន​នានា បាន​ស្គាល់​គ្នា និង​ចែក​រំលែក​នូវ​បទពិសោធន៍​នៃ​ការ​តស៊ូមតិ​ដែលទទួល​ជោគជ័យ ឬ​ទទួល​បាន​លទ្ធផល ឲ្យ​បាន​ដល់​សហគមន៍​នីមួយៗ ក្នុង​នោះ​ក៏​ដើម្បី​ចង់​ប្រាប់​អំពី​ការ​វិវឌ្ឍន៍​ទៅ​នៃ​ស្ថានការណ៍​នានា ឬ​ការ​ដោះស្រាយ​ទំនាស់​ផ្សេងៗ​របស់​អាជ្ញាធរ​នៅ​តាម​សហគមន៍​នានា ឲ្យ​ពួក​គាត់​នៅ​តាម​សហគមន៍​រងគ្រោះ​ដីធ្លី​មួយ​ចំនួន​បាន​ដឹង​ឮ​ឲ្យ​បាន​គ្រប់ៗ​គ្នា»

តំណាង​ប្រជាពលរដ្ឋ​មក​ពី ១១​សហគមន៍​នា​ខេត្ត​ព្រះសីហនុ ប្រមាណ ២០​នាក់ បាន​ចូលរួម​ស្តាប់ និង​លើក​ឡើង​ពី​កង្វល់​ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ព្រម​ទាំង​បាន​ចែក​រំលែក​នូវ​បទពិសោធន៍​នៃ​ការ​តស៊ូ​មតិ​នៅ​តាម​សហគមន៍​នីមួយៗ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​តុលាការ ជាដើម។

តំណាង​សហគមន៍​ខ្លះ​បាន​បង្ហាញ​ពី​កង្វល់​ពី​ការ​បាត់បង់​ធនធាន​ជលផល​សមុទ្រ មាន​ត្រី ក្តាម បង្គា និង​គ្រែង​ឈាម ជាដើម ដោយ​ចោទ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​បង្កើត​ឲ្យ​មាន​បទល្មើស​នៅ​លើ​លំហ​សមុទ្រ​កើត​មាន​អនាធិបតេយ្យ គ្មាន​ការ​ទប់ស្កាត់​រហូត​មក​ដល់​ពេល​នេះ ក្នុង​នោះ​ក៏​មាន​តំណាង​សហគមន៍​ខ្លះ​ទៀត បាន​លើក​ឡើង​ពី​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ឈ្មួញ​មាន​ទ្រព្យ មន្ត្រី​មាន​អំណាច និង​ពី​សំណាក់​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​ពួក​គេ ហើយ​ពួក​គេ​តែង​ចាញ់​ក្តី​ចាប់​ពី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រហូត​ដល់​សាលា​កំពូល ជាដើម។

ទោះ​បី​កិច្ច​ប្រជុំ​នេះ​មាន​មន្ត្រី​នគរបាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ស្លៀក​ពាក់​ស៊ីវិល​អង្គុយ​ឃ្លាំ​មើល​សកម្មភាព​នៃ​ការ​ប្រឹក្សា​យោបល់​នៅ​ការិយាល័យ​សមាគម​អាដហុក ប្រចាំ​ខេត្ត​នេះ​បែប​ណា​ក្តី ក៏​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​រងគ្រោះ​ទាំងនោះ​មិន​មាន​ការ​ភ័យ​ខ្លាច ឬ​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​បាន​លើក​បញ្ហា​ចំៗ​អំពី​កង្វល់​នៅ​តាម​សហគមន៍​រៀងៗ​ខ្លួន ព្រម​ទាំង​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា ចាប់​ពី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រហូត​ដល់​តុលាការ​កំពូល ដោយ​អះអាង​ថា ជម្រះ​ក្តី​មិន​យុត្តិធម៌ ជាដើម។ តំណាង​សហគមន៍​បាន​ចាត់​ទុក​វេទិកា​ប្រជុំ​បណ្ដាញ​សហគមន៍​ថ្នាក់​ខេត្ត រៀបចំ​ដោយ​សមាគម​អាដហុក ថា​មាន​សារសំខាន់​ដល់​ពួក​គេ ឲ្យ​ចេះ​ពី​របៀប​តស៊ូ​មតិ​លើ​បញ្ហា ឬ​កង្វល់​អ្វី​មួយ​ឲ្យ​ស្រប​ច្បាប់ និង​មាន​សន្តិភាព។

មន្ត្រី​នគរបាល​ស្លៀក​ពាក់​ស៊ីវិល​ម្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ទៅ​ឃ្លាំ​មើល​ការ​ជួប​ជុំ​របស់​តំណាង​ពលរដ្ឋ​ទាំង ១១​សហគមន៍ ដល់​ការិយាល័យ​សមាគម​អាដហុក កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​កញ្ញា ឲ្យ​ដឹង​ថា វត្តមាន​ខ្លួន គឺ​បាន​អនុវត្ត​ទៅ​តាម​បទបញ្ជា​ថ្នាក់​លើ ដោយ​ចង់​ដឹង​អំពី​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​នេះ​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល