មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា នឹង​មាន​ការ​តវ៉ា​ពី​ក្រុម​បុគ្គលិក​ណាហ្គា បើ​មេ​សហជីព​ពួកគេ​មិន​បាន​ចូល​ធ្វើ​ការ​វិញ

ដោយ សុ ជីវី
2019.10.05
លោក មឿន តុលា ៦២២ លោក មឿន តុលា ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា អំពី​រឿង​លុយ​បុណ្យ​សព​បណ្ឌិត កែម ឡី។
មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL)

ប្រធាន​សហជីព​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ រំពឹង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អាច​នឹង​ជួប​ប្រជុំ​ដោះស្រាយ​ទំនាស់​រវាង​សហជីព និង​ភាគី​ក្រុមហ៊ុន​នេះ ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឱ្យ​រូប​នាង​បាន​ចូល​ធ្វើ​ការ​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​មើល​ឃើញ​ថា សមាជិក​សហជីព ដែល​មាន​ចំនួន​ច្រើនជាង​ពាក់កណ្ដាល​នៃ​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​នេះ​កំពុង​មិន​ពេញ​ចិត្តនឹង​ការសម្រេច​ព្យួរ​ការងារ​ប្រធាន​សហជីព​រូប​នេះ​ឡើយ។ មន្ត្រី​រូប​នេះ​បារម្ភ​ថា អាច​នឹង​មាន​ការ​តវ៉ា​កើតឡើង ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​ណា ដែល​អាច​យក​តំណាង​របស់​ពួកគេ​ចូល​ធ្វើ​ការ​វិញ​នោះ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ជំរុញ​ដល់​ភាគី​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ងាក​មក​ដោះស្រាយ​វិវាទ​នេះ​ដោយ​យុត្តិធម៌ ដែល​ធានា​ថា ក្រុម​បុគ្គលិក​អាច​ទទួល​យក​បាន។ លោក​ថា កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព ដែល​មាន​ភាពជា​តំណាង ដោយសារតែ​សមាជិក​សហជីព​នេះ​ច្រើនជាង​ពាក់កណ្ដាល​នៃ​ចំនួន​បុគ្គលិក​សរុប គឺ​អាច​នឹង​មាន​ឥទ្ធិពល​ក្នុង​ការ​តវ៉ា​រួម​ណាមួយ នៅ​ពេល​ដែល​ពុំ​មាន​ដំណោះស្រាយ​ត្រឹមត្រូវ​ទាន់​ពេល​វេលា៖ «​ខ្ញុំ​នៅតែ​ទទូច​ឱ្យ​ខាង​ក្រុមហ៊ុន​ងាក​មក​ចរចា​ជាមួយ​ខាង​សហជីព ហើយ​បញ្ចប់​ការ​ព្យួរ​កិច្ចសន្យា​ការងារ​របស់​កញ្ញា ស៊ីថរ ទី​១ ទី​២ រឿង​សហជីព​នេះ​ការ​សាមគ្គី​គ្នា​សំខាន់​ណាស់ ខ្ញុំ​មើល​ឃើញ​ថា មាន​សក្ដានុពល​មែនទែន គឺ​មាន​ដល់​ទៅ​ជាង ៤.០០០​នាក់ បាន​ន័យ​ថា លើក​ពី​៥០​ភាគរយ​បូក​មួយ ហើយ​ម្យ៉ាងទៀត​ក្រុមហ៊ុន ណាហ្គា វើលដ៍ នេះ មាន​ម្ចាស់​ភាគហ៊ុន​នៅ​ទីក្រុង​ហុងកុង និង​មាន​ទំនាក់ទំនង​ទៅដល់​សហគមន៍​អឺរ៉ុប​ដែរ។ ដើម្បី​ឱ្យ​ការ​ដោះស្រាយ​ហ្នឹង​ប្រកបដោយ​សន្តិវិធី ខ្ញុំ​គិត​ថា​ភាគី​ទាំង​២ ពិសេស​ហ្នឹង​ក្រុមហ៊ុន​បញ្ចប់​ការ​ព្យួរ​ហ្នឹង​ទៅ ហើយ​ងាក​មក​រក​ចរចា​ជាមួយ​សហជីព»

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខក​ខាក​មិនបាន​ជួប​ប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​រវាង​តំណាង​សហជីព និង​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា តាម​ការ​គ្រោង​ទុក​នោះ​ទេ។ ក្រសួង​ការងារ បាន​សម្រេច​លើក​ពេល​ដោះស្រាយ​វិវាទ​ការងារ​នេះ ទៅ​ថ្ងៃ​ទី៧ ខែ​តុលា វិញ តាម​សំណើ​របស់​ក្រុមហ៊ុន ដែល​ថា មិនទាន់​រៀបចំខ្លួន​រួចរាល់​ក្នុង​ការ​ចូល​ផ្សះផ្សា​រឿង​នេះ​នៅឡើយ។

វិវាទ​ការងារ​នេះ​កើតឡើង បន្ទាប់ពី​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ព្យួរ​ការងារ​ប្រធាន​សហជីព ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃ​ទី​២០ កញ្ញា បន្ទាប់ពី​ក្រុមហ៊ុន​ដឹង​ថា ប្រធាន​សហជីព​រូប​នេះ គ្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ​លក្ខ​ខណ្ឌ​ការងារ និង​ការដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក កំពុង​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ និយាយ​ថា ការ​ពន្យារ​ពេល​ដោះស្រាយ​ម្ដង​ហើយ​ម្ដងទៀត​នេះ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​រឿង​ក្រុមហ៊ុន​ចង់​ទាញ​ករណី​នេះ​ទៅជា​វិវាទ​បុគ្គល ហើយ​ក្រុមហ៊ុន​មាន​លេស​ស្នើសុំ​ក្រសួង​ការងារ​ឯកភាព​បញ្ឈប់​កញ្ញា​បាន ឬ​អាច​រុញ​ករណី​នេះ​ទៅ​បន្ត​ដោះស្រាយ​នៅ​តុលាការ​វិញ។

តែ​ទោះជា​យ៉ាងណា​កញ្ញា មើល​ឃើញ​ថា តាម​នីតិវិធី​ក្រសួង​មិន​អាច​ពន្យារ​រឿង​នេះ​តទៅទៀត​ទេ៖ «បើ​យើង​មើល​នៅ​ក្នុង​ច្បាប់​នីតិវិធី​ដោះស្រាយ​គឺ​លែង​លើក​ពេល​បាន​ទៀតហើយ​ព្រោះ​ចាប់ពី​ពេល ដែល​ក្រសួង​ទទួល​ពាក្យបណ្ដឹង គឺ​ត្រូវ​ចាត់ការ​ឱ្យ​បាន​ក្នុង​រយៈពេល​១៥​ថ្ងៃ។ សហជីព​យើង​បាន​ដាក់​បណ្ដឹង​ទៅ​ក្រសួង​កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា អ៊ីចឹង​ថ្ងៃ ទី​៧ ខែ​កញ្ញា ហ្នឹង​អស់​ពេល​ហើយ មិន​អាច​ពន្យារ​ពេល​ទៀត​ទេ ទី​២​ទាក់ទង​នឹង​ហេតុផល​ក៏​ក្រុមហ៊ុន​អត់​មាន​ហេតុផល​អី ក្នុង​ការ​ពន្យារ​ទៀត​ដែរ។ ហើយ​លទ្ធផល​យ៉ាងណា បន្ទាប់ពី​ការ​ផ្សះផ្សា​ហ្នឹង​គឺ​យើង​រំពឹង​ថា នឹង​មាន​លទ្ធផល​ដែល​បុគ្គលិក និង​ក្រុមហ៊ុន​អាច​ទទួល​យក​បាន​ទាំង​សង្ខាង ប៉ុន្តែ​បើសិនជា​លទ្ធផល​មិន​ដូច​អ្វី​ដែល​យើង​អាច​ទទួល​យក​បានទេ យើង​នឹង​បន្ត​នីតិវិធី​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល»

ទោះ​យ៉ាងណា​ក្តី​តំណាង​កម្មករ​រូប​នេះ ស្នើសុំ​ឱ្យ​ក្រសួង​ការងារ​ជួយ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌។

កាលពី​ថ្ងៃ​ទី​២ ខែ​តុលា បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម មួយ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​តំណាង​របស់​ពួកគេ​ចូល​ធ្វើ​ការ​វិញ ដោយ​ឥត​លក្ខខណ្ឌ និង​ឱ្យ​ក្រុមហ៊ុន​ពិចារណា​ឡើង​វិញ ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បុគ្គលិក​តាម​ការ​ស្នើ​សុំ។ ពួកគេ​លើកឡើង​ថា ប្រសិនបើ​ក្រុមហ៊ុន​មិន​យល់ព្រម​ទេ គឺ​នឹង​រក្សា​ជំហរ​បន្ត​ទាមទារ​ដោយ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។