"សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​កំពុងដើរ​ថយ​ក្រោយ"

ដោយ មាន ឫទ្ធិ
2018-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (Committee to Project Journalists, CPJ) ដែល​មាន​មូលដ្ឋាន​នៅ​បុរី​ញូវយ៉ក (New York) សហរដ្ឋអាមេរិក លើក​ឡើង​ថា សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី កំពុង​តែ​ដើរ​ថយ​ក្រោយ និង​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​មាន​ករណី​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​កាសែត និង​បិទ​អង្គភាព​សារព័ត៌មាន កើត​មាន​ឡើង​ជា​បន្តបន្ទាប់ រាប់​ចាប់​តាំង​ពី​នៅ​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា ឬ​ភូមា វៀតណាម រហូត​ដល់​ប្រទេស​ហ្វីលីពីន។

មន្ត្រី​សម្របសម្រួល​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី នៃ​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (CPJ) លោក ស្ទីវិន បាត្លឺ (Steven Butler) ថ្លែង​ប្រាប់​បណ្ដាញ​ទូរទស្សន៍​ខ្សែកាប​អាមេរិក ស៊ី.អិន.អិន (CNN) នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​កំពុង​តែ​ដើរ​ថយ​ក្រោយ​គួរ​ឲ្យ​កត់សម្គាល់។ លោក​កត់សម្គាល់​ថា ការណ៍​នេះ​គឺ​ជា​និន្នាការ​ដ៏​គួរ​ឲ្យ​តក់​ស្លុត​សម្រាប់​វិស័យ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំង​នោះ។

លោក Steven Butler៖ «បាទ! ប្រាកដ​ណាស់! ប្រសិនបើ​យើង​មើល​នៅ​ទូទាំង​តំបន់​នេះ ខ្ញុំ​គិត​ថា សេរីភាព​សារព័ត៌មាន​កំពុង​តែ​ដើរ​ថយ​ក្រោយ ស្ទើរ​តែ​នៅ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​តំបន់​អាស៊ី​នេះ។ ឧទាហរណ៍​ជាក់ស្ដែង ដូចជា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន អាជ្ញាធរ​កំពុង​តែ​ប៉ុនប៉ង​បិទ​អង្គភាព​ព័ត៌មាន​ដ៏​សំខាន់​មួយ ខណៈ​ដែល​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា អ្នក​កាសែត​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ចាប់ និង​ឃុំ​ខ្លួន។ មែន​ទែន​ទៅ នេះ​គឺ​ជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​តក់ស្លុត​ណាស់»

ប្រទេស​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​ទី​១៣២ ក្នុង​ចំណោម ១៨០ ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៧ របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន។ អង្គការ​នេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ បច្ចុប្បន្ន អតីត​អ្នករាយការណ៍​ព័ត៌មាន​របស់​អាស៊ីសេរី ចំនួន​ពីរ​រូប គឺ​លោក អួន ឈិន និង​លោក យាង សុធារិន្ទ (យាង សុជាមេត្តា) កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោយ​ពី​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​លួច​បញ្ជូន​ព័ត៌មាន​សម្ងាត់​ទៅ​ក្រៅ​ប្រទេស ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១៥​ឆ្នាំ។ លោក អួន ឈិន និង​លោក យាង សុធារិន្ទ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​អាស៊ីសេរី បាន​សម្រេច​បិទ​ការ​ផ្សាយ ឬ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្រុង​ភ្នំពេញ ដោយសារ​ទទួល​រង​សម្ពាធ​នយោបាយ និង​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល ក្រោម​ហេតុផល​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋ។ យ៉ាង​ហោច​ណាស់ ស្ថានីយ​វិទ្យុ និង​ប៉ុស្តិ៍​ផ្សាយ​ក្នុង​ស្រុក​ចំនួន​៣២ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ផ្សាយ​ព័ត៌មាន​បន្ត​ពី​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ត្រូវ​បាន​រដ្ឋាភិបាល​បិទ​មិន​ឲ្យ​ផ្សាយ កាល​ពី​ជាង ៣​ខែ​មុន​នេះ។ កាល​ពី​ពេល​កន្លង​ទៅ ក្រសួង​ព័ត៌មាន បាន​សម្រេច​លុប​ឈ្មោះ​កាសែត​ដែល​ហួស​សុពលភាព និង​កាសែត​មិន​ដែល​ចេញផ្សាយ​ចំនួន ៣៣០​អង្គភាព។

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៧។ Source: https://rsf.org/en/ranking/2017
សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៧។ Source: https://rsf.org/en/ranking/2017 Photo: RFA

​ថ្លែង​នៅ​ក្នុង​ជំនួប​លើក​ទី​ពីរ​ជាមួយ​អ្នក​សារព័ត៌មាន និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​ជាង ៣.៤០០​នាក់ កាល​ពី​ថ្ងៃ​២១ មករា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​កម្ចាត់​រាល់​ទម្រង់​សា​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​លោក​ចោទ​ថា ធ្វើ​ការ​ខុស​វិជ្ជាជីវៈ​របស់​ខ្លួន និង​សារព័ត៌មាន​ទាំង​ឡាយ​ដែល​មិន​បាន​ចុះ​បញ្ជី និង​បង់​ពន្ធ​ជូន​រដ្ឋ​អោយ​បាន​ត្រឹមត្រូវ។

​លោក ហ៊ុន សែន៖ «ប្រភេទ​សារព័ត៌មាន​ទី​មួយ​គឺ​មិន​ត្រូវ​អោយ​មាន​ត​ទៅ​ទៀត​ទេ គឺ​ជា​ប្រភេទ​ព័ត៌មាន​ដែល​ដើរ​តួ​បែប​ប្រភេទ​ម៉ាហ្វីយ៉ា ដែល​ដើរ​តួ​បែប​ជំរិត​ទារ​ប្រាក់ មាន​លុយ​អោយ​បាន​ផ្សាយ អត់​លុយ​អោយ​អត់​ផ្សាយ។ ប្រភេទ​សារព័ត៌មាន​ទី​ពីរ​គឺ​ជា​សារព័ត៌មាន​អត់​ច្បាប់ មិន​គោរព​ច្បាប់ មិន​ចុះ​បញ្ជី​តាម​ច្បាប់ និង​រត់​គេចវេះ លួច​បន្លំ​អត់​បង់​ពន្ធ។ ក្រោយ​បែក​រឿង គេ​ដើរ​តួ​សម្ដែង​ជា​អ្នក​រងគ្រោះ​ខាង​នយោបាយ​តាម​របៀប​ថ្មី​ដើម្បី​ទទួល​បាន​ការ​កោត​សរសើរ​ពី​ប្រទេស​របស់​ខ្លួន»

​វិធានការណ៍​ម៉ឺងម៉ាត់​របស់​លោក ហ៊ុន សែន ទៅ​លើ​បញ្ហា​ចុះ​បញ្ជី​សា​ព័ត៌មាន និង​ការ​បង់​ពន្ធ​រដ្ឋ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា គ្រាន់តែ​ជា​លេស​មួយ​ក្នុង​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា តែប៉ុណ្ណោះ។

​សម្រាប់​ឆ្នាំ​២០១៨ នេះ អង្គការ Freedom House បាន​ដាក់​ចំណាត់ថ្នាក់​ស្ថានភាព​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា ថា កំពុង​តែមាន «និន្នាការ​ធ្លាក់​ចុះ» ដោយសារ​តែ​ករណី​បង្ក្រាប​ឥត​ស្រាកស្រាន្ត​មក​លើ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ជាដើម។  អង្គការ​នេះ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស «មិន​មាន​សេរីភាព» ឬ «មិន​សេរី» ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត រួម​មាន​ប្រទេស​ចិន រុស្សី និង​ប្រទេស​កូរ៉េ​ខាង​ជើង។

ដោយ​ឡែក របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា បរិយាកាស​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ដុនដាប​យ៉ាង​អាក្រក់​បំផុត​ក្នុង​ឆ្នាំ​២០១៧។ របាយការណ៍​គូស​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​បន្ត​បដិសេធ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ពួកគេ​អនុវត្ត​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​បង្ក្រាប​ការ​តវ៉ា​នានា និង​ការ​ដាក់​ចេញ​នូវ​ការ​ហាម​ប្រាម​ជា​បន្តបន្ទាប់ មិន​ឲ្យ​មាន​ការ​ប្រមូលផ្តុំ និង​ហែ​ក្បួន​ឡើយ។

​លោក ស្ទីវិន បាត្លឺ មិន​មាន​សុទិដ្ឋិនិយម​ទាល់​តែ​សោះ​ឡើយ​ដែល​ថា វិស័យ​សារព័ត៌មាន​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ទាំង​នេះ អាច​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​នៅ​ពេល​អនាគត​នោះ។ លោក​លើក​ឡើង​ពី​មូលហេតុ​ថា មានការ​រួមបញ្ចូល​គ្នា​នូវ​កត្តា​ជា​ច្រើន​យ៉ាង ដែល​បាន​ចូលរួម​រុញ​ច្រាន និង​បណ្ដាល​ឲ្យ​មាន​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នៃ​វិស័យ​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​យ៉ាង​ដូច្នេះ ក្នុង​នោះ​រួម​មាន​ការ​ធ្លាក់​ចុះ​នៃ​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​តំបន់ ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន នៅ​ក្នុង​តំបន់​នេះ។

​លោក Steven Butler៖ «បាទ! ពិត​ជា​ពិបាក​នឹង​មើល​ឲ្យ​ឃើញ​ណាស់​ថា រឿង​អ្វី​ដែល​ត្រូវ​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នោះ។ ខ្ញុំ​ពិត​ជា​មិន​ចង់​និយាយ​យ៉ាង​ដូច្នេះ​ទេ។ ប៉ុន្តែ កម្លាំង​ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន... កំពុង​តែ​រីក​រាលដាល​ខ្លាំង​ឡើងៗ ចៀស​ជាង​ថមថយ​ចុះ»

លោក ស្ទីវិន បាត្លឺ បន្ត​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​ថមថយ​នូវ​ឥទ្ធិពល​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ។ លោក ស្ទីវិន បាត្លឺ បញ្ជាក់​បន្ថែម​ថា ប្រទេស​ដែល​មាន​ឥទ្ធិពល​មួយ​ទៀត​គឺ​ប្រទេស​ចិន ដែល​មាន​ការ​គ្រប់គ្រង​បាន​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់​ខ្លួន។ បច្ចុប្បន្ន ប្រទេស​នេះ​កំពុង​តែ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី ទាំង​មូល។ លោក​ថា ប្រទេស​តូចតាច​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី កំពុង​តែ​យក​តម្រាប់​តាម​អ្វី​ដែល​ប្រទេស​ចិន ធ្លាប់​បាន​អនុវត្ត ហើយ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក ដក​ខ្លួន​ចេញ​ពី​ប្រទេស​ទាំង​នេះ ប្រទេស​ទាំង​នេះ អាច​នឹង​ងាក​ទៅ​រក​ប្រទេស​ចិន ដើម្បី​ស្វែង​រក​ការ​គាំទ្រ​នានា​ចំពោះ​ចំណាត់​ការ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល