ពលរដ្ឋ សហគមន៍មានជម្លោះដីធ្លី និងអង្គការសង្គមស៊ីវិល គាំទ្រការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (អ.ស.ប) ឲ្យបន្តមានការិយាល័យនៅកម្ពុជា។ ការគាំទ្រនេះ បន្ទាប់ពីរដ្ឋាភិបាលព្រមានថា នឹងប្រើសិទ្ធិអធិបតេយ្យរបស់ខ្លួន បិទការិយាល័យ យូ.អិន (UN) នៅទីក្រុងភ្នំពេញ ដោយសាររដ្ឋាភិបាលចោទថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងរំលោភអធិបតេយ្យភាពកម្ពុជា។
ទោះបីជាយ៉ាងនេះក្ដី ក្រុមពលរដ្ឋ និងសហគមន៍មានជម្លោះដីធ្លីយល់ថា រដ្ឋាភិបាលមានបំណងលាក់បាំងភាពអាក្រក់របស់ខ្លួនជុំវិញការរំលោភសិទ្ធិមនុស្ស និងការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន។
ការព្រមានបិទការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) របស់រដ្ឋាភិបាល ត្រូវបានពលរដ្ឋ សហគមន៍មានជម្លោះដីធ្លី និងអង្គការសង្គមស៊ីវិល បង្ហាញជំហរជំទាស់ និងគាំទ្រឲ្យការិយាល័យនេះបន្តស្ថិតនៅក្នុងប្រទេសកម្ពុជា ដដែល។
អាជីវករលក់ដូរក្នុងទីក្រុងភ្នំពេញ និងមានស្រុកកំណើតនៅខេត្តតាកែវ លោកស្រី ស៊ឹម ធីតា យល់ថា កម្ពុជា ហាក់ដូចជាត្រូវស្ថិតក្នុងសម័យ ប៉ុល ពត ដែលមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរម្ដងទៀត បើសិនជាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដ៏ធំមួយនេះលែងមាននៅកម្ពុជា៖ « ខ្ញុំជឿថា បើអត់មានអង្គការហ្នឹងទេ ដូចយើងនៅកាលសម័យ ប៉ុល ពត អ៊ីចឹង គឺមានការជិះជាន់ ...»។
ពលរដ្ឋម្នាក់នេះអំពាវនាវឲ្យរដ្ឋាភិបាល មិនត្រូវបិទទីស្នាក់ការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នេះទេ ព្រោះអ្វីដែលការិយាល័យនេះបានធ្វើកន្លងទៅ ជួយកម្ពុជា ច្រើនជុំវិញការលើកកម្ពស់សិទ្ធិមនុស្ស និងជួយជំរុញឲ្យកម្ពុជា មានការរីកចម្រើនជាច្រើនវិស័យដែរ។
កាលពីថ្ងៃទី២២ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានផ្ញើលិខិតមួយទៅឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បញ្ជាក់ថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានជ្រៀតជ្រែក និងរំលោភអធិបតេយ្យភាពកម្ពុជា ម្ដងហើយម្ដងទៀត ដូច្នោះការិយាល័យនេះនឹងអាចបិទទ្វារលែងមាននៅកម្ពុជា បើសិនមិនព្រមទទួលយកអនុស្សរណៈយោគយល់ (MoU) ថ្មី។
អ្នកតំណាងសហគមន៍មានជម្លោះដីធ្លីបុរីកីឡា លោកស្រី សរ ស៊ន យល់ថា ដោយសារតែការិយាល័យសិទ្ធិមនុស្ស យូ.អិន ចេះតែនិយាយការពិតជុំវិញបញ្ហាសិទ្ធិមនុស្ស និងការចាប់មនុស្សឃុំខ្លួនក្នុងពន្ធនាគារដោយគ្មានកំហុស ហើយដែលជាចំណុចអាក្រក់របស់រដ្ឋាភិបាល។ ពួកគាត់បញ្ជាក់ថា រដ្ឋាភិបាលបង្វែររឿងនេះទៅជាការជ្រៀតជ្រែក និងរំលោភអធិបតេយ្យភាព ដើម្បីយកលេសបណ្ដេញការិយាល័យនេះលែងឲ្យឈរជើងនៅកម្ពុជា៖ « យូ . អិន គាត់និយាយតែការពិតអំពីរំលោភសិទ្ធិមនុស្ស ចាប់មនុស្សអត់មានកំហុសអ៊ីចឹង ដូច្នោះរដ្ឋាភិបាលត្រូវហ៊ានទទួលខុសត្រូវ ...»។
មិនខុសគ្នានេះ សកម្មជនដីធ្លីបឹងកក់ កញ្ញា សុង ស្រីលាភ អះអាងថា ពលរដ្ឋដែលត្រូវបណ្ដេញចេញពីផ្ទះសម្បែងយ៉ាងអយុត្តិធម៌ គឺដំបូងឡើយមិនស្គាល់ថាអ្វីជាសិទ្ធិបញ្ចេញមតិ សិទ្ធិប្រមូលផ្ដុំ និងភាពយុត្តិធម៌ឡើយ ប៉ុន្តែក្រោយមក ការិយាល័យសិទ្ធិមនុស្ស យូ.អិន បានពន្យល់ឲ្យពួកគាត់ដែលត្រូវបានគេជិះជាន់ ចេះប្រើប្រាស់សិទ្ធិទាំងនោះដើម្បីស្វែងរកពន្លឺយុត្តិធម៌មកវិញ៖ « អ្វីដែល យូ . អិន រាយការណ៍ និងចេញរបាយការណ៍កន្លងមក គឺរឿងពិតនៅកម្ពុជា ជាក់ស្ដែងមកលើពលរដ្ឋ។ អ៊ីចឹងខ្ញុំគិតថា គាត់អត់បានរំលោភអីមកលើរដ្ឋាភិបាល ...»។
ការពិចារណាបិទការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានកើតឡើងក្រោយពីអ្នកតំណាងការិយាល័យនេះ អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ទាមទារឲ្យរដ្ឋាភិបាលពន្យល់ផ្លូវច្បាប់ជុំវិញការរារាំងមិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញ តែត្រូវបានរដ្ឋាភិបាលចោទថាជ្រៀតជ្រែក និងរំលោភអធិបតេយ្យភាពកម្ពុជា។
តំណាងសហគមន៍មានជម្លោះដីធ្លីមកពីភ្នំបាត លោកស្រី គឹម សារ៉ាន់ បញ្ជាក់ថា ការពិតជុំវិញភាពអយុត្តិធម៌ដែលសហគមន៍របស់លោកស្រីចំនួន ១៤០គ្រួសាររស់នៅភ្នំបាត ជួបប្រទះសព្វថ្ងៃ នឹងលែងមានអ្នកហ៊ាននិយាយការពិតជុំវិញទុក្ខលំបាកទាំងនោះទៀតហើយ បើសិនជារដ្ឋាភិបាលមិនអនុញ្ញាតឲ្យការិយាល័យសិទ្ធិមនុស្សបន្តឈរជើងនៅកម្ពុជា៖ « ខ្ញុំ និងប្រជាជនភ្នំបាត ១៤០គ្រួសារ សំណូមពរទុក យូ . អិន បន្តទៀតនៅស្រុកខ្មែរ ...»។
ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ អះអាងប្រាប់អាស៊ីសេរី ថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស គឺមានភារកិច្ចឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ព្រោះកម្ពុជា គឺរដ្ឋមួយក្នុងចំណោមរដ្ឋជាច្រើន បានស៊ីញេទទួលយកកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្ស៖ « ទាក់ទងអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង តាមពិតគោលការណ៍អង្គការសហប្រជាជាតិ គេមិនជ្រៀតជ្រែកទេ។ លើកលែងតែការរំលោភសិទ្ធិមនុស្ស និងការប្រឆាំងមនុស្សជាតិធំៗ ដូចជាសង្គ្រាមសម្លាប់មនុស្សរង្គាលជាដើម »។
ចំណែកប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ថា ពិភពលោកនឹងយល់ថា រដ្ឋាភិបាលនឹងគ្មានឆន្ទៈគោរពសិទ្ធិមនុស្សឡើយ។ លោកបន្ថែមថា បច្ចុប្បន្ន កម្ពុជា មិនអាចខ្វះការិយាល័យសិទ្ធិមនុស្សនេះបានទេ ព្រោះការិយាល័យនេះបានជួយច្រើន ពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ហើយនិងបានជួយស្វែងរកជំនួយបរទេសមកជួយអភិវឌ្ឍវិស័យជាច្រើន ដូចជាវិស័យសុខាភិបាលជាដើម៖ « បើបិទ ខ្ញុំគិតខាតច្រើន ទីមួយទទួលរងការរិះគន់កាន់តែច្រើន និងទីពីរ បាត់បង់ជំនួយបរទេស »។
ទោះបីជាយ៉ាងណា ពលរដ្ឋ និងសហគមន៍មានជម្លោះដីធ្លី ប្ដេជ្ញាថា ពួកគាត់នឹងទាមទាររហូតដើម្បីឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ បន្តវត្តមាននៅកម្ពុជា បើសិនជារដ្ឋាភិបាលបិទការិយាល័យនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។