គ្រួសារ​លោក រ៉ាត់ រត្នមុនី តវ៉ា​ជា​ថ្មី​ទៀត​នៅមុខ​ស្ថានទូត​រុស្ស៊ី ខណៈ​មេធាវី​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល

ដោយ ហេង រស្មី
2019-02-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រួសារ​​លោក​ រ៉ាត់ រត្នមុនី និង​អ្នក​គាំទ្រ​​លោក​លើក​បដា​ស្វែងរក​អន្តរាគមន៍​ពី​​ស្ថានទូតរុស្សី​នៅ​រាជ​ធានី​ភ្នំពេញ ​នៅថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៨។
គ្រួសារ​​លោក​ រ៉ាត់ រត្នមុនី និង​អ្នក​គាំទ្រ​​លោក​លើក​បដា​ស្វែងរក​អន្តរាគមន៍​ពី​​ស្ថានទូតរុស្សី​នៅ​រាជ​ធានី​ភ្នំពេញ ​នៅថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៨។
រូបថត៖ អ្នកស្រី ឡុង គីមហ៊ាង

ក្រុម​គ្រួសារ និង​សកម្មជន​មួយ​ចំនួន ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត នៅមុខ​ស្ថានទូត​រុស្ស៊ី នៅ​ថ្ងៃ​ទី៦ កុម្ភៈ នេះ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រុស្ស៊ី​ជុំវិញ​ករណី​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី។ ការ​តវ៉ា​ជា​លើក​ទី៤ នេះ ធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី កាលពី​សប្ដាហ៍​មុន។

ក្រុម​អ្នក​តវ៉ា​បាន​ឈរ​នៅ​ម្ខាង​ផ្លូវ ទល់មុខ​ស្ថានទូត​រុស្ស៊ី ដើម្បី​លើក​បដា និង​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ (Moscow) ជួយ​អន្តរាគមន៍​ករណី​លោក រ៉ាត់ រត្នមុនី ក៏ប៉ុន្តែ ការ​តវ៉ា​លើក​នេះ ក៏​ដូច​លើក​មុនៗ​ដែរ គឺ​មិន​មាន​មន្ត្រី​ទូត​រុស្ស៊ី​ណា​ម្នាក់​ចេញ​មក​ជួប ឬ​សួរនាំ​ក្រុម​អ្នក​តវ៉ា​នោះ​ឡើយ​។ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង អះអាង​ថា អ្នកស្រី និង​សកម្មជន​ដទៃ​ទៀត មិន​បញ្ឈប់​ការ​តវ៉ា​ត្រឹម​នេះ​ឡើយ បើ​ទោះ​ជា​ស្ថានទូត​រុស្ស៊ី​មិន​ព្រម​ចេញ​មក​ជួប​អ្នកស្រី​ក្ដី។ អ្នកស្រី​អះអាង​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​មាន​ចំណែក​ទទួលខុសត្រូវ​រឿង​នេះ ដោយសារ​ស្វាមី​អ្នកស្រី​ជាប់ទោស​ព្រោះ​ជួយ​ធ្វើ​ការ​ឱ្យ​កាសែត RT ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​នឹង​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ជា​រៀងរាល់​សប្ដាហ៍ រហូត​ទាល់តែ​មានការ​ដោះលែង​លោក រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ៖ «រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​ធានា​ថា ការ​ចេញផ្សាយ​របស់​កាសែត​រុស្ស៊ី​ហ្នឹង​មិន​មាន​ការគាបសង្កត់ គំរាមកំហែង ហើយ​ការគាបសង្កត់ គំរាមកំហែង​នេះ គឺ​ការ​ចាប់ខ្លួន​ប្តី​ខ្ញុំ​ដាក់គុក​នេះឯង។ អ៊ីចឹង​ហើយ រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​ប្តី​ខ្ញុំ និង​ធានា​ថា ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ខ្លួន វិជ្ជាជីវៈ​របស់​ខ្លួន​ហ្នឹង មិន​រង​ការ​គំរាមកំហែង ឬ​រឹតត្បិត​ឡើយ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជួយ​ផលិតភាព​យន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​អះអាង​ថា ភាពយន្ត​ឯកសារ​នោះ​ជា​រឿង​ប្រឌិត ប៉ះពាល់​ដល់ កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​បាន​ចោទប្រកាន់​លោក រ៉ាត់ រត្នមុនី ថា បាន​ឱ្យ​លុយ​តួអង្គ​ដើម្បី​ឱ្យ​ពួកគេ​និយាយ​កុហក​សាច់រឿង​។

លោក​ត្រូវ​បាន​តុលាការ​របប​ក្រុងភ្នំពេញ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស អស់​រយៈពេល​ជិត ២ ខែ​មក​ហើយ ដោយ​ជាប់ចោទ​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង”។ បទល្មើស​នេះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​លោក​មានទោស។

តុលាការ​ក្រុង​ភ្នំពេញ និង​សាលាឧទ្ធរណ៍​បាន​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ក្រោម​ហេតុផល​ថា ដើម្បី​រំលត់​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​ការគាបសង្កត់​សាក្សី ឬ​ជនរងគ្រោះ បង្ការ​បទល្មើស​កុំ​ឱ្យ​កើតជា​ថ្មី និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី។

មេធាវី​ការពារ​ក្តី​ឱ្យ លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា សម្ដែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ទាំងពីរ​ថ្នាក់​នេះ ដោយ​លោក​អះអាង​ថា កូន​ក្តី​របស់​លោក​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​អាច​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន ក៏ប៉ុន្តែ​តុលាការ​នៅតែ​សម្រេច​ឃុំខ្លួន​រូប​គាត់។ លោក​ឱ្យ​ដឹងទៀត​ថា មេធាវី​បាន​ប្ដឹង​សាទុក្ខ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី ទៅ​តុលាការ​កំពូល​រួចហើយ នៅ​ថ្ងៃទី៦ កុម្ភៈ ហើយ​លោក​រំពឹង​ថា តុលាការ​កំពូល​នឹង​សម្រេច​រឿង​នេះ​ដោយ​យុត្តិធម៌​៖ «សូម​ឱ្យ​តុលាការ​កំពូល​ពិចារណា​អនុញ្ញាត​ឱ្យ​គាត់​បាន​នៅ​ក្រៅ ព្រោះ​ក្នុង​ក្រុម​គ្រួសារ​គាត់​កំពុងតែ​ត្រូវ​ការ​គាត់​ចាំបាច់​ណាស់ ហើយ​បើ​យើង​មើល​ស្ថានភាព​គាត់ គាត់​គ្មាន​ឥទ្ធិពល ឬ​អំណាច​ណាមួយ​រហូតដល់​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ​នោះ​ទេ»

គ្រួសារ​លោក រ៉ាត់ រត្នមុនី យល់​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ហាក់ដូចជា​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​នេះ​ឡើយ ដោយសារ​មក​ទល់​ពេល​នេះ​មិន​ឃើញ​អាជ្ញាធរ​កោះហៅ​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ជាពិសេស​ភាគី​សារព័ត៌មាន RT ឱ្យ​មក​ឆ្លើយ​បំភ្លឺ និង​បកស្រាយ​ពី​ដំណើររឿង​នៃ​ការផលិត​ភាពយន្ត​ឯកសារ “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” នោះ​នៅឡើយ​ទេ​។ អ្នកស្រី ឡុង គីម​ហ៊ាង ថ្លែង​ថា អាជ្ញាធរ​ហាក់​ព្យាយាម​ដាក់​បន្ទុក​ទៅលើ​ស្វាមី​អ្នកស្រី ដែល​ត្រឹមតែ​ជា​អ្នកបកប្រែ និង​សម្របសម្រួល​ការ​ចុះ​ថត​វីដេអូ​របស់​ក្រុមការងារ​សារព័ត៌មាន RT។ អ្នកស្រី​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ​ពិនិត្យមើល​ករណី​នេះ​ឡើងវិញ និង​ផ្ដល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី។ ជាពិសេស​អ្នកស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ជួញដូរ​ផ្លូវ​ភេទ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​ច្បាប់​ទៅលើ​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​លាតត្រដាង​ការពិត​ជុំវិញ​បញ្ហា​ដ៏​រសើប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល