បទសម្ភាសន៍​ស្ដីពី​វិបត្តិ​ជន​ភៀស​ខ្លួន និង​ការ​ចូលរួម​របស់​ពលរដ្ឋ​កម្ពុជា

ដោយ សាន សែល
2017.04.05
Share on WhatsApp
Share on WhatsApp
ប៉ោវឡូ លូប្រាណូ ២០១៧ ១៤៤០ អ្នក​គ្រប់គ្រង​ផ្នែក​មនុស្សធម៌​ប្រចាំ​តំបន់​នៃ​អង្គការ​អុកស្វាម (Oxfam) លោក ប៉ោវឡូ លូប្រាណូ (Paolo Lubrano) ពេល​សម្ពោធ​យុទ្ធនាការ ជួយ​គ្នា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។
RFA/San Sel

ស្ថានភាព​វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​ជុំវិញ​ពិភពលោក កំពុង​តែ​មាន​ភាព​ធ្ងន់ធ្ងរ ដោយ​ចំនួន​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក​កើន​ឡើង​ជាង ៦៥​លាន​នាក់។ ៦៥​លាន​នាក់ ដែល​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង​ដោយសារ​សង្គ្រាម ជម្លោះ អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ។

លោក សាន សែល នៃ​អាស៊ីសេរី បាន​ជួប​លោក ប៉ោវឡូ លូប្រាណូ (Paolo Lubrano) អ្នក​គ្រប់គ្រង​ផ្នែក​មនុស្សធម៌​ប្រចាំ​តំបន់​នៃ​អង្គការ​អុកស្វាម (Oxfam) កាល​ពី​ចុង​ខែ​មីនា នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជជែក​លម្អិត​ពី​បញ្ហា​ជន​ភៀស​ខ្លួន និង​លទ្ធភាព​នៃ​ការ​ចូលរួម​របស់​ប្រទេស​កម្ពុជា ដោះស្រាយ​បញ្ហា​នេះ។

លោក សាន សែល៖ ខណៈ​ពិភពលោក​កំពុង​ជួប​ប្រទះ​វិបត្តិ​ជន​ភៀស​ខ្លួន​ធ្ងន់ធ្ងរ ពិសេស​នៅ​តំបន់​អាស៊ាន រឿង​ជន​ភៀស​ខ្លួន​ជនជាតិ​រ៉ូហីងយ៉ា (Rohingya) នៅ​ប្រទេស​មីយ៉ាន់ម៉ា។ តើ​ហេតុ​អ្វី​ប្រជាពលរដ្ឋ​កម្ពុជា គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ?

លោក ប៉ោវឡូ លូប្រាណូ៖ ដំបូង​បង្អស់​វា​ជា​កាតព្វកិច្ច​ផ្លូវ​ច្បាប់។ ជន​ភៀស​ខ្លួន​ត្រូវ​បាន​ការពារ​ដោយ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន។ កាតព្វកិច្ច​របស់​រដ្ឋាភិបាល ត្រូវ​ផ្តល់​ការ​សិក្សា​អប់រំ ជម្រក​ស្នាក់នៅ ការ​ផ្តល់​ការងារ សេវា​ថែទាំ​សុខភាព។

ខ្ញុំ​គិត​ថា កម្ពុជា ជា​ចំណុច​ចាប់​ផ្ដើម ដោយសារ​តែ​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ពីរ​នៅ​តំបន់​អាស៊ាន ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន​ជាមួយ​ប្រទេស​ហ្វីលីពីន (Philippines)។ ហេតុផល​មួយ​ទៀត ប្រទេស​កម្ពុជា ធ្លាប់​ជួប​រឿងរ៉ាវ​ការ​អត់​ឃ្លាន រឿង​ឈឺ​ចាប់ រឿង​ដែល​មាន​អនុស្សាវរីយ៍​អវិជ្ជមាន។

កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រែ​ក្លាយ​រឿង​ឈឺ​ចាប់ និង​ការ​ទទួល​រងគ្រោះ ទៅ​ជា​មេរៀន​សម្រាប់​អ្នក​ផ្សេង​ទៀត។ យើង​ចាប់​ផ្ដើម​ពី​ប្រទេស​កម្ពុជា ដោយសារ​ប្រទេស​នេះ​មាន​រឿងរ៉ាវ​ដែល​អាច​រៀន​សូត្រ​តាម​បាន​សម្រាប់​អ្នក​ដទៃ​ទៀត។

លោក សាន សែល៖ ដោយសារ​ប្រទេស​កម្ពុជា លែង​មាន​បញ្ហា​ជន​ភៀស​ខ្លួន​ធ្ងន់ធ្ងរ ប្រជាពលរដ្ឋ​មួយ​ចំនួន​អាច​គិត​ថា បញ្ហា​រ៉ូហីងយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ជា​បញ្ហា​របស់​មីយ៉ាន់ម៉ា បញ្ហា​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ស៊ីរី (Syria) ជា​បញ្ហា​របស់​ស៊ីរី។ តើ​លោក​មាន​សារ​អ្វី​ខ្លះ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​យល់​យ៉ាង​ដូច្នេះ?

លោក ប៉ោវឡូ លូប្រាណូ៖ ខ្ញុំ​គិត​ថា វា​បញ្ហា​របស់​យើង​ទាំងអស់​គ្នា ពីព្រោះ​ថា​អ្វី​ដែល​កំពុង​កើត​ឡើង​ទៅ​លើ​ជនជាតិ​រ៉ូហីងយ៉ា ភៀស​ខ្លួន​ទៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) បង់ក្លាដេស (Bangladesh) និង​ប្រឈម​នឹង​ទុក្ខ​លំបាក​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ។ រឿងរ៉ាវ​ទាំងអស់​នេះ អាច​កើត​ឡើង​មក​លើ​យើង​រាល់​គ្នា។

តើ​ក្នុង​ចំណោម​យើង មាន​ប៉ុន្មាន​នាក់​នៅ​ដំណាក់កាល​ណា​មួយ​ត្រូវ​រត់​ចោល​ប្រទេស​កំណើត ក្រុម​គ្រួសារ ដោយសារ​តែ​អសន្តិសុខ​អាច​កើត​មាន​ឡើង​ម្តង​ទៀត? ប្រទេស​កម្ពុជា អាច​ជួយ​ជន​ភៀស​ខ្លួន​ទាំងនោះ ដូច​ការ​បង្ហាញ​នូវ​ភាព​កក់ក្តៅ​ចំពោះ​ពួក​គេ ដ្បិត​កម្ពុជា ក៏​ធ្លាប់​ត្រូវ​បាន​គេ​ផ្តល់​នូវ​ភាព​កក់ក្តៅ។

យើង​ត្រូវ​ផ្តល់​នូវ​អ្វី​ដែល​យើង​ធ្លាប់​ទទួល ប្រសិន​បើ​យើង​ចង់​រក្សា​តុល្យភាព​នៃ​ឆន្ទៈ និង​សកម្មភាព​ល្អ​ដែល​យើង​បាន​ទទួល​នៅ​ថ្ងៃ​ណា​មួយ។ ផ្តល់​នូវ​ក្តី​ស្រឡាញ់​ទាំងនេះ​ទៅ​ដល់​អ្នក​ដែល​ត្រូវការ​ផ្សេង​ទៀត។ នេះ​ជា​វិធី​តែ​មួយ​គត់​ក្នុង​ការ​តបស្នង​នូវ​អ្វី​ដែល​យើង​បាន​ទទួល។

នេះ​មិន​មែន​សំដៅ​តែ​ទៅ​លើ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​នោះ​ទេ គឺ​សម្រាប់​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។ វា​ជា​កាតព្វកិច្ច​ផ្នែក​ច្បាប់ តែ​ក៏​ជា​កាតព្វកិច្ច​ផ្នែក​ក្រម​សីលធម៌​ដែរ ក្នុង​ភាព​ជា​មនុស្ស។ មនុស្ស​ត្រូវការ​ពួត​ដៃ​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក សាន សែល៖ តើ​វិធី​ណា​ខ្លះ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា អាច​ចូលរួម​ការ​ជួយ​គ្នា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​នេះ​បាន?

លោក ប៉ោវឡូ លូប្រាណូ៖ មាន​វិធី​ជាច្រើន។ ជា​ដំបូង យើង​ត្រូវ​រួម​សំឡេង​គ្នា​ទទួល​ស្គាល់​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន។ ដូច្នេះ វា​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន។ សិទ្ធិ​នេះ ត្រូវ​មាន​ការ​គោរព​ប្រតិបត្តិ។

យើង​ត្រូវ​សិក្សា​ស្វែងយល់​រួម​គ្នា និង​ជំរុញ​រដ្ឋាភិបាល​របស់​យើង​ក្នុង​ការ​ស្វែងរក​វិធី​តាម​ផ្លូវ​ច្បាប់​សម្រាប់​ជន​ភៀស​ខ្លួន។ យើង​ត្រូវ​ជំរុញ​រដ្ឋាភិបាល ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ភៀស​ខ្លួន ស្មើ​ភាព​គ្នា​ក្នុង​នាម​ជា​មនុស្ស​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា​អប់រំ ការ​ថែទាំ​សុខភាព ការងារ និង​ការ​ការពារ ជម្រក​ស្នាក់នៅ។

ខ្ញុំ​គិត​ថា យើង​ត្រូវ​ផ្លាស់ប្ដូរ និង​ទាញ​រក​ហេតុផល​អំពី​រឿង​នេះ។ ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា​បាន​ដឹង​ឮ​ពី​គោល​នយោបាយ​ជន​ភៀស​ខ្លួន​របស់​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​អ្វី​ដែល​សហភាព​អឺរ៉ុប កំពុង​ឆ្លើយតប​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​នេះ វា​ជា​រឿងរ៉ាវ​ដ៏​គួរ​ព្រួយ​បារម្ភ។ វា​កើត​ឡើង​ដោយសារ​ការ​ភ័យ​ខ្លាច ការ​យល់​ច្រឡំ ការ​ទទួល​បាន​ព័ត៌មាន​ខុស។

ខ្ញុំ​គិត​ថា យើង​គួរ​លើក​ឡើង​ពី​សំឡេង​របស់​យើង និង​ទាញ​រក​ហេតុផល​ដើម្បី​បង្ហាញ​ថា ការ​ឆ្លើយតប​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន គឺ​មិន​ត្រឹមត្រូវ។ ព័ត៌មាន​ដែល​គេ​ទទួល​បាន គឺ​មិន​ត្រឹមត្រូវ។ ខ្ញុំ​គិត​ថា ក្នុង​ជន​ភៀស​ខ្លួន​ទាំងនោះ មាន​រឿងរ៉ាវ​ពី​ក្តី​សង្ឃឹម ការ​តស៊ូ និង​សាមគ្គីភាព។ ខ្ញុំ​យល់​ថា នេះ​ជា​រឿងរ៉ាវ​ដែល​យើង​គួរ​សិក្សា​ស្វែងយល់។

លោក សាន សែល៖ សំណួរ​មួយ​ទៀត​ទាក់ទង​នឹង​វិបត្តិ​រ៉ូហីងយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា នៅ​តំបន់​អាស៊ាន។ អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ថា ជនជាតិ​រ៉ូហីងយ៉ា កំពុង​ជួប​ប្រទះ​នឹង​អំពើ​ប្រល័យ​ពូជ​សាសន៍។ តើ​អាស៊ាន និង​ពិភពលោក គួរ​ចូលរួម​ដោះស្រាយ​យ៉ាង​ដូចម្តេច​ចំពោះ​វិបត្តិ​នេះ?

លោក ប៉ោវឡូ លូប្រាណូ៖ ឥឡូវ​នេះ​វា​ហាក់បីដូចជា​គ្មាន​នរណា​ម្នាក់​ដែល​ចង់​ដោះស្រាយ​វិបត្តិ​នេះ ដោយសារ​តែ​វា​មាន​រឿងរ៉ាវ​នយោបាយ​ជ្រាលជ្រៅ​ក្នុង​បញ្ហា​នេះ និង​បញ្ហា​មនុស្សធម៌។ តាម​ខ្ញុំ​យល់ យើង​គួរ​ចូលរួម​កម្លាំង​គ្នា​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ទៀត។ យើង​ឃើញ​ថា ជនជាតិ​រ៉ូហីងយ៉ា មួយ​ចំនួន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លើ​កោះ​ដាច់ស្រយាល​នៅ​ឈូង​សមុទ្រ​បឹងហ្គោលី ដែល​កន្លែង​គ្រោះថ្នាក់។ នេះ​មិន​មែន​ជា​ការ​ថែទាំ​មនុស្ស​នោះ​ទេ។ កោះ​នោះ​អាច​ជន់​លិច​បាន។ ជនជាតិ​រ៉ូហីងយ៉ា ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាកចេញ មិន​បាន​ទទួល​ការ​អប់រំ សេវា​សុខភាព។ នេះ​មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​ថា​វា​ផ្ទុយ​ទៅ​នឹង​សិទ្ធិ​មនុស្ស។

អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​ស្វែងរក​ជម្រើស​ដែល​អាច​ដោះស្រាយ​បាន ប៉ុន្តែ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាតិ​និយម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា សិន។ មាន​វិធី​ចំនួន​ពីរ។ ទី​មួយ​នៅ​ខាង​ក្នុង ហើយ​ទី​ពីរ​នៅ​ខាង​ក្រៅ។ អាស៊ាន​អាច​ជួយ​តាម​រយៈ​ការ​ដាក់​សម្ពាធ​នយោបាយ​ទៅ​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដោយ​ឲ្យ​មាន​ការ​ធ្វើ​សមាហរណកម្ម​ជនជាតិ​រ៉ូហីងយ៉ា មុន​ពេល​បង្ខំ​ពួក​គេ​ឲ្យ​ចាកចេញ។ ផ្តល់​ជំនួយ​មនុស្សធម៌។

ប្រសិន​បើ​ការ​ធ្វើ​សមាហរណកម្ម​មិន​អាច​ប្រើ​បាន​ភ្លាមៗ ដោយសារ​វា​ត្រូវ​ការ​ពេលវេលា ចឹង​មាន​តែ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។ អាស៊ាន​អាច​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជំនួយ​មនុស្សធម៌​ដល់​ទីតាំង​ដែល​ជនជាតិ​រ៉ូហីងយ៉ា​រស់នៅ។ ការ​ផ្តល់​ទឹក ការ​ផ្តល់​អាហារ ការ​អប់រំ ការ​ការពារ​ស្ត្រី​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មិន​អាច​ប្រកែក​បាន។

នេះ​ជា​អ្វី​ដែល​អាស៊ាន អាច​ធ្វើ​បាន ដោយ​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ឲ្យ​បើក​ទ្វារ​ទទួល​យក​ជំនួយ​មនុស្សធម៌ ហើយ​ព្យាយាម​បន្តិច​ម្តងៗ​ស្វែងរក​ឱកាស​ធ្វើ​សមាហរណកម្ម។ នៅ​ប្រទេស​ផ្សេង​ទៀត ប្រជាជន​រ៉ូហីងយ៉ា ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ។ យើង​ត្រូវ​ប្រើ​វិធី​ដោះស្រាយ​ដូច​គ្នា ដោយ​ការ​ធ្វើ​សមាហរណកម្ម ទោះ​បី​បាន​ទំហំ​តិចតួច​ក៏ដោយ រួម​បញ្ចូល​ទាំង​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ផង។

ស្រប​គ្នា​នេះ ពេល​បច្ចុប្បន្ន ពិភពលោក​កំពុង​លើក​ឡើង​ពី​បញ្ហា​នេះ​ដែរ ដូចជា​នៅ​ប្រទេស​មីយ៉ាន់ម៉ា នៅ​បង់ក្លាដេស នៅ​ម៉ាឡេស៊ី។ មាន​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​បញ្ចេញ​ជាច្រើន និយាយ​ពី​បញ្ហា​នេះ ហើយ​វា​កំពុង​កើន​ឡើង។ អាស៊ាន​ក៏​បាន​ចូលរួម​បាន​ដែរ។

យើង​ជា​អង្គការ​សង្គម​ស៊ីវិល ក៏​លើក​ពី​បញ្ហា​នេះ​ដែរ។ អង្គការ​អុកស្វាម (Oxfam) អង្គការ​សង្គ្រោះ​កុមារ (Save the children) អង្គការ​ផ្លែន​អន្តរជាតិ (Plan International) និង​អង្គការ​ដទៃ​ទៀត​ជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​នៅ​តំបន់​អាស៊ី។ តួនាទី​របស់​ពួក​យើង គឺ​លើក​ឡើង​ពី​បញ្ហា​នេះ ហើយ​ស្វែងរក​យន្តការ​នយោបាយ​សម្រាប់​បញ្ហា​នេះ។

លោក សាន សែល៖ បើ​តាម​ការ​តាមដាន​របស់​យើង តើ​ស្ថានភាព​ជន​ភៀស​ខ្លួន​នឹង​វិវឌ្ឍន៍​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ខាង​មុខ​ទៀត?

លោក ប៉ោវឡូ លូប្រាណូ៖ យន្តការ​ធ្វើ​សមាហរណកម្ម គឺ​ជា​វិធីសាស្ត្រ​ដែល​អាច​ទៅ​រួច។ នៅ​ឆ្នាំ​ខាង​មុខ បន្តិច​ម្តងៗ រដ្ឋាភិបាល​នានា​នឹង​រក​ឃើញ​នូវ​មធ្យោបាយ​ធ្វើ​សមាហរណកម្ម​ពី​ទំហំ​តូច ទៅ​ទំហំ​ធំ។ យើង​មិន​អាច​ធ្វើ​សមាហរណកម្ម​មនុស្ស​នៅ​ពេល​តែ​មួយ​ព្រម​គ្នា​ទេ តែ​ធ្វើ​វា​បន្តិច​ម្តងៗ។ ទី​ពីរ ភ្នាក់ងារ​ផ្តល់​ជំនួយ នឹង​រក​ឃើញ​វិធីសាស្ត្រ​ថ្មីៗ​ក្នុង​ការ​ទៅ​ដល់​កន្លែង​វិបត្តិ ដើម្បី​ធ្វើ​ការ​ជាមួយ​ជន​ភៀស​ខ្លួន។

វា​នឹង​ត្រូវ​ធ្វើ​តាម​រយៈ​មធ្យោបាយ​ពីរ​ផ្សេង​គ្នា។ ទី​មួយ យន្តការ​សិទ្ធិ​មនុស្ស និង​ទី​ពីរ យន្តការ​ជំនួយ​មនុស្សធម៌។ ទាំង​ពីរ​នេះ ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​សមស្រប​គ្នា។ ប៉ុន្តែ​មធ្យោបាយ​អាច​ទៅ​រួច គឺ​ការ​ធ្វើ​សមាហរណកម្ម​ពី​តូច​ទៅ​ធំ​បន្តិច​ម្តងៗ។ វា​កំពុង​កើត​ឡើង​នៅ​កន្លែង​មួយ​ចំនួន​ហើយ ហើយ​វា​នឹង​មាន​បន្ថែម​នៅ​ពេល​ខាង​មុខ។

លោក សាន សែល៖ អរគុណ​ច្រើន!

លោក ប៉ោវឡូ លូប្រាណូ៖ អរគុណ​លោក!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​កំពុង​សិក្សា​ពី​ការ​បញ្ចូល​គណបក្ស​ឆន្ទៈ​ខ្មែរ ទៅ​ក្រោម​ឆត្រ​គណបក្ស​ភ្លើង​ទៀន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។