តើ​កម្ពុជា​មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​អ្វី​ខ្លះ​ក្នុង​ឆ្នាំ​២០១៥?

ដោយ យាង សុជាមេត្តា
2015.12.31
ញ៉យ ចំរើន គង់ សភា ៦២០ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

រដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០១៥ នេះ រង​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ដែល​ក្នុង​នោះ​មាន​ករណី​ចាប់​ខ្លួន​សកម្មជន​ការពារ​ដីធ្លី និង​បរិស្ថាន ការ​ចាប់​ផ្សឹក​ព្រះសង្ឃ ជាពិសេស​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង។

តើ​កម្ពុជា មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​អ្វី​ខ្លះ?

ករណី​រំលោភ​សិទ្ធិ​មនុស្ស​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ខ្លាំង​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​២០១៥ គឺ​ជា​ព្រឹត្តិការណ៍​ចុង​ឆ្នាំ ការ​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដោយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុខ​មន្ទីរ​រដ្ឋសភា កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥។

ភ្លាមៗ​ក្រោយ​ការ​វាយ​ប្រហារ​នោះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ថ្កោលទោស និង​ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ចាត់​វិធានការ​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រតិកម្ម​ទាំង​នោះ មាន​ចេញ​ពី លោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី សមាជិក​សភា​អាស៊ាន សភា​សហភាព​អឺរ៉ុប និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជាដើម។ សមាជិក​សភា​អាស៊ាន សមាជិក​សភា​សហភាព​អឺរ៉ុប​មួយ​ចំនួន ថែម​ទាំង​គំរាម​បោះ​ឆ្នោត​មិន​ផ្តល់​ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​ផ្តល់​ឲ្យ​កម្ពុជា ជាង ៤០០​លាន​ដុល្លារ​ទៀត​ផង។

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​សាកសួរ។
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​សាកសួរ។
RFA/Brach Chev

ទោះ​ជា​បែប​នេះ​ក្តី រហូត​មក​ទល់​ពេល​នេះ ក្រៅ​ពី​ជន​ដៃ​ដល់ ៣​នាក់ ដែល​បាន​ចូល​ខ្លួន​សារភាព​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ផ្សេង​ទៀត​ឡើយ បើ​ទោះ​ជា​រូបភាព និង​វីដេអូ​នៃ​ការ​វាយ​ដំ​តំណាង​រាស្ត្រ ត្រូវ​បាន​គេ​បង្ហោះ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក៏ដោយ។

ករណី​សំខាន់​មួយ​ទៀត​ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​នោះ គឺ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដោយ​សមត្ថកិច្ច​រដ្ឋាភិបាល​ក្រោយ​ពី លោក ហុង សុខហួរ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី នូវ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា​រដ្ឋាភិបាល​កម្ពុជា-វៀតណាម ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​លុប​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម។ រដ្ឋាភិបាល​ចាត់​ទុក​សកម្មភាព​របស់ លោក ហុង សុខហួរ ថា​ជា​ចេតនា​បង្ក​ចលាចល និង​អសន្តិសុខ​សង្គម ដែល​ជា​ទង្វើ​ក្បត់​ជាតិ។

យ៉ាង​ណា លោក ហុង សុខហួរ បញ្ជាក់​ថា ឯកសារ​ដែល​លោក​បាន​បង្ហោះ​នោះ ជា​ឯកសារ​ដែល​លោក​ទទួល​បាន​តៗ​គ្នា​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក មិន​មែន​ជា​ឯកសារ​ដែល​លោក​កែខៃ​នោះ​ទេ។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​សង្គម​ស៊ីវិល​មើល​ឃើញ​ថា លោក ហុង សុខហួរ គ្មាន​ទោស​អ្វី​នោះ​ទេ បើ​គ្រាន់​តែ​ចែក​រំលែក​ឯកសារ​តៗ​គ្នា​នោះ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​រឿង​នយោបាយ និង​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​សម្ដែង​មតិ​របស់​បក្ស​ប្រឆាំង និង​ពលរដ្ឋ។

ពាក់ព័ន្ធ​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ដដែល ករណី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​ចាប់​អារម្មណ៍​ដែរ​នោះ គឺ​ការ​ដែល​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច លោក ឈាង វុន បាន​បណ្ដេញ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មិន​ឲ្យ​និយាយ​ជាមួយ​អ្នក​កាសែត​ក្នុង​បរិវេណ​រដ្ឋសភា និង​គំរាម​បោក​ម៉ាស៊ីន​ថត​របស់​អ្នក​កាសែត កាល​ពី​ខែ​កក្កដា។ សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​របស់ លោក ឈាង វុន ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក្នុង​ការ​បញ្ចេញ​មតិ និង​ជា​ការ​គំរាម​ទៅ​លើ​សេរីភាព​សារព័ត៌មាន។

សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋសភា​មិន​មែន​ជា​កម្មសិទ្ធិ​របស់​តំណាង​រាស្ត្រ ឬ​របស់​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​វា​ជា​សភា​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។ ដូច្នេះ សមាជិក​សភា​គ្រប់​រូប​ដែល​ជា​តំណាង​របស់​ពលរដ្ឋ មាន​សិទ្ធិ​សម្ដែង​មតិ និង​បំពេញ​ការងារ​របស់​ពួក​គេ​នៅ​ក្នុង​រដ្ឋសភា។ យ៉ាង​ណា គេ​មិន​ឃើញ​មាន​វិធានការ​ណា​មួយ​របស់​រដ្ឋសភា​មក​លើ លោក ឈាង វុន នោះ​ទេ បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ឲ្យ​រដ្ឋសភា មាន​វិធានការ​រដ្ឋបាល​លើ លោក ឈាង វុន ចំពោះ​បញ្ហា​នេះ​ក្តី។

លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្នុង​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្នុង​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

ក្រៅ​ពី​នោះ នៅ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ផ្សេង​ទៀត ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ មាន​ដូចជា ការ​ចាប់​យុវជន គង់ រ៉ៃយ៉ា រឿង​យុវជន​រូប​នោះ​បង្ហោះ​ពី​បដិវត្តន៍​ពណ៌​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ខែ​សីហា ការ​ចាប់​យុវជន និង​សកម្មជន​ការពារ​ដីធ្លី​តំបន់​បឹងកក់ សួរ​នាំ​រឿង​តវ៉ា​ប្រឆាំង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​កាល​ពី​ខែ​កក្កដា ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ គង់​នៅ​វត្ត​អង្គតាមិញ ក្នុង​ខែ​សីហា ការ​ចាប់​សកម្មជន​ការពារ​បរិស្ថាន​នៅ​ខេត្ត​កោះកុង ការ​ចាប់​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម បញ្ជូន​ត្រឡប់​ទៅ​វៀតណាម វិញ និង​ការ​ចាប់​បញ្ជូន​ខ្លួន​អតីត​ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នៅ​ខែ​កុម្ភៈ ដោយសារ​តែ​លោក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ជាដើម។

ទាក់ទង​នឹង​ការងារ​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា វិញ នៅ​ឆ្នាំ​២០១៥ អតីត​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​បំពេញ​ទស្សនកិច្ច​ចំនួន ២​លើក​មក​កម្ពុជា គឺ​ក្នុង​ខែ​មករា និង​ខែ​ឧសភា ឆ្នាំ​២០១៥។ ចំណែក អ្នកស្រី រ៉ូណា ស្មីត ដែល​ចូល​កាន់​តំណែង​បន្ត​ពី លោក ស៊ូប៊ែឌី បាន​បំពេញ​បេសកកម្ម​លើក​ទី​មួយ​មក​កម្ពុជា នៅ​ខែ​កញ្ញា ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​ណែនាំ​ខ្លួន និង​ស្វែងរក​ការ​ពិត​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របស់​អ្នកស្រី​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ ក្នុង​រយៈពេល​ពីរ​អាណត្តិ​ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ស៊ូប៊ែឌី បាន​រក​ឃើញ​មូលហេតុ​ធំ​ចំនួន​៤ ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ មូលហេតុ​ទាំង​៤ នោះ​មាន ការ​បោះ​ឆ្នោត​មិន​ប្រក្រតី រដ្ឋសភា​គ្មាន​ប្រសិទ្ធភាព តុលាការ​មិន​ឯករាជ្យ និង​ការ​រំលោភ​បំពាន​ដីធ្លី​របស់​ពលរដ្ឋ។

បើ​ទោះ​ជា​ក្នុង​ពេល​បច្ចុប្បន្ន គណបក្ស​នយោបាយ​ទាំង​ពីរ​កំពុង​ខិតខំ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​រួម​គ្នា​ក្តី ក៏ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​មាន​ភាព​ប្រក្រតី ឬ​យ៉ាង​ណា​នោះ ព្រោះ​ថា គណបក្ស​ប្រឆាំង​កំពុង​រង​សម្ពាធ​នយោបាយ​ជា​បន្តបន្ទាប់​ពី​សំណាក់​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​ប្រធាន​បក្ស លោក សម រង្ស៊ី ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន អនុប្រធាន​បក្ស លោក កឹម សុខា ក៏​ត្រូវ​បាន​សមាជិក​សភា​បក្ស​កាន់​អំណាច បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​អនុប្រធាន​ទី​១ រដ្ឋសភា​ទៀត ខណៈ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​រូប កំពុង​រង​ការ​ចោទ​ប្រកាន់ និង​ជាប់​ពន្ធនាគារ។

ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។
ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

លើស​ពី​នេះ ការ​ប្រើ​ហិង្សា​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក៏​ជា​ការ​គំរាម​មួយ​ទៀត​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង មាន​ការ​ព្រួយ​បារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​ក្នុង​ការ​បំពេញ​តួនាទី​ជា​តំណាង​រាស្ត្រ​របស់​ខ្លួន។ បន្ថែម​ពី​លើ​នេះ ការ​ប្រកាស​របស់ លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​ក្នុង​ការ​បង្កើត​ច្បាប់​ឲ្យ​ប្រធាន​គណបក្ស​ទាំងអស់ ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ក៏​នឹង​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ការ​ដឹក​នាំ​បក្ស​ប្រឆាំង​បន្ត​ទៀត ដោយ​ហេតុ​ថា ក្រៅ​តែ​ពី​មាន​សញ្ជាតិ​ខ្មែរ លោក សម រង្ស៊ី ក៏​មាន​សញ្ជាតិ​បារាំង ផង​ដែរ។

បើ​និយាយ​ពី​ប្រសិទ្ធភាព​របស់​រដ្ឋសភា​វិញ នរណា​ក៏​មើល​ឃើញ​ដែរ​ថា សមាជិក​សភា​ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច មិន​ទាន់​បាន​បំពេញ​តួនាទី​ក្នុង​ការ​ពិនិត្យ​មើល​សកម្មភាព​របស់​រដ្ឋាភិបាល​ពេញលេញ​នៅ​ឡើយ តែ​ពេល​ខ្លះ​បែរ​ជា​ជួយ​ការពារ និង​ប្រថាប់​ត្រា​ឲ្យ​រដ្ឋាភិបាល​ទៅ​វិញ។ គេ​កម្រ​ឃើញ​ណាស់​ថា រដ្ឋសភា​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ណា​មួយ មក​សួរ​នាំ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដូចជា ការ​វាយ​បង្ក្រាប​បាតុករ​គាំទ្រ​បក្ស​ប្រឆាំង ការ​បាញ់​សម្លាប់​ពលរដ្ឋ ឬ​កម្មករ ជាដើម។

លើស​ពី​នេះ នៅ​ពេល​មាន​សេចក្តី​ព្រាង​ច្បាប់​ទាំងឡាយ​ណា​ដែល​ពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់​ថា មាន​ភាព​ចន្លោះ​ប្រហោង ឬ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស សមាជិក​សភា​បក្ស​កាន់​អំណាច តែង​អនុម័ត​ច្បាប់​ទាំង​នោះ​ទៅ​ដោយ​រលូន ដោយ​ពុំ​ខ្វល់​ពី​ការ​បារម្ភ​របស់​ពលរដ្ឋ​ឡើយ មាន​ជាអាទិ៍ ច្បាប់​ទាំង​បី​ពាក់ព័ន្ធ​ប្រព័ន្ធ​យុត្តិធម៌ និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ជាដើម។

ចំពោះ​ប្រព័ន្ធ​តុលាការ​វិញ នៅ​តែ​ត្រូវ​គេ​មើល​ឃើញ​ថា ត្រូវ​បាន​អ្នក​នយោបាយ​បក្ស​កាន់​អំណាច ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ធ្វើ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់​បក្ស​ប្រឆាំង និង​រក្សា​អំណាច​របស់​លោក។ គ្រប់​ពេល​ឲ្យ​តែ​មាន​បញ្ជា​ពី លោក ហ៊ុន សែន តុលាការ​តែង​ចាត់​ការ​ដោយ​គ្មាន​បង្អង់​ឡើយ។ តុលាការ ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រើប្រាស់​ដើម្បី​គាប​សង្កត់​លើ​ពលរដ្ឋ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​ជា​ហូរហែ​កន្លង​មក។

បើ​និយាយ​ពី​ការ​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​វិញ បញ្ហា​នេះ​នៅ​តែ​កើត​មាន​ឡើង​ព្រោងព្រាត​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ដដែល។ មូលហេតុ​ភាគ​ច្រើន​កើត​មក​ពី​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​លំនៅឋាន ដី​ស្រែ​ចម្ការ​បង្កបង្កើន​ផល ហើយ​នៅ​ពេល​ដែល​មាន​ការ​ងើប​តវ៉ា ពួក​គេ​តែង​ត្រូវ​បាន​ក្រុមហ៊ុន និង​អាជ្ញាធរ​បង្ក្រាប ហើយ​ពេល​ខ្លះ​ប្ដឹង​ទៅ​តុលាការ កាត់​ទោស​ដាក់​គុក​ទៀត​ផង។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​កាត់​ថា ហ្វីដ (FIDH) និង​អង្គការ ហ្គូប៊ល ឌីលិជេនស៍ (Global Diligence) រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​ដល់​ពេល​បច្ចុប្បន្ន មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៨​សែន ៣​ម៉ឺន​នាក់​ហើយ​ដែល​រង​ផល​ប៉ះពាល់ ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី​នៅ​កម្ពុជា។

កម្ពុជា គឺ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា និង​កតិកាសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​សំខាន់ៗ​ជាច្រើន ដូចជា សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​អនុសញ្ញា​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន ឬ​ទណ្ឌកម្ម​ឃោរឃៅ អមនុស្សធម៌ ឬ​បន្ថោក​បន្ទាប ជាដើម។

យ៉ាង​ណា​ក៏ដោយ កន្លង​មក កម្ពុជា ពុំ​សូវ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ ហើយ​ថែម​ទាំង​ត្រូវ​បាន​សហគមន៍​អន្តរជាតិ ផ្តល់​អនុសាសន៍​ជាច្រើន​បន្ថែម​ទៀត​ក្នុង​រឿង​គោរព​សិទ្ធិ​មនុស្ស​នេះ។

សរុប​សេចក្តី​មក បើ​ទោះ​ជា​មាន​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន​រយ​នាក់​ក្តី និង​បើ​ទោះ​ជា​មាន​អនុសាសន៍​ល្អៗ​រាប់​មិន​អស់ ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្តី ប៉ុន្តែ​បើ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ​នោះ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នឹង​មិន​អាច​លុប​បំបាត់​ពី​ប្រទេស​កម្ពុជា បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។