សង្គម​ស៊ីវិល​គ្រោង​លើក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ប្រាប់​តំណាង​អ្នកស្រី រ៉ូណា ស្មីត

ដោយ យន់ សាមៀន
2018-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។
អ្នកស្រី​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។
រូប​ពី​​ទំព័រ​ហ្វេសប៊ុក​របស់​​ UNOHCHR

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​សិទ្ធិមនុស្ស​គ្រោង​នឹង​យក​បញ្ហា​រំលោភ​សិទ្ធិ និង​ការ​រំលោភបំពាន​លើ​ក្មេង​ស្រី​ប្រាប់​ទៅ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​​ចុងខែ​តុលា​នេះ។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​សិទ្ធិមនុស្ស​រំពឹង​ថា កង្វល់​របស់​ពួកគេ​នឹង​ត្រូវ​បាន​អ្នកស្រី រ៉ូណា ស្មីត យកចិត្ត​ទុក​ស្តាប់ និង​រក​វិធី​ដោះស្រាយ​ព្រោះ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កំពុង​ធ្លាក់​ចុះ។ ពួកគេ​ក៏​រំពឹង​ថា របប​ក្រុងភ្នំពេញ​នឹង​ទទួលយក​អនុសាសន៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ដោយសារតែ​របប​នេះ​កន្លងមក​តែងតែ​បដិសេធ​នូវ​របាយការណ៍​សិទ្ធិមនុស្ស។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ឲ្យ​អាស៊ីសេរី​ដឹង​ថា អ្វី​ដែល​អង្គការ​លីកាដូ​នឹង​ជម្រាប​ទៅ​អ្នកស្រី រ៉ូ​ណា ស្មិត នោះ គឺ​ការ​ចង់​ឲ្យ​របប​ក្រុងភ្នំពេញ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ៖ «យើង​អាច​និយាយ​អំពី​ការ​អភិវឌ្ឍ និង​ការ​គោរព​សិទ្ធិមនុស្ស​ធ្វើ​យ៉ាងណា​ឲ្យ​ដើរ​ទន្ទឹមគ្នា​បញ្ហា​សំខាន់​យើង​ចង់​លើក​ធ្វើយ៉ាង​ណា​ឲ្យ​សិទ្ធិមនុស្ស​វិល​ទៅ​រក​ភាព​ដើម​វិញ»

លោក អំ សំអាត យល់​ថា វត្តមាន​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​នឹង​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ពេលនេះ មាន​សារៈសំខាន់​ណាស់​ព្រោះ​របប​ក្រុងភ្នំពេញ​កំពុង​ទទួលរង​សម្ពាធ​សហគមន៍​អន្តរជាតិ​ឲ្យ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ។

ដោយឡែក នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព លើកឡើង​ថា ប្រសិនបើ​អ្នកស្រី​មានឱកាស​ជួប​អ្នកស្រី រ៉ូ​ណា ស្មីត​មែន​នោះ អ្នកស្រី​នឹង​លើកឡើង​ពី​កង្វល់​នៃ​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី ដែល​កំពុង​កើតឡើង​សព្វថ្ងៃ​ក្នុង​សង្គម​កម្ពុជា មិន​​ទាន់​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ៖ «យើង​ចង់​ឃើញ​ការ​​​​​​​​​​ដោះស្រាយ ឬ​ការ​ជជែក​ធ្វើ​យ៉ាងណា​ឲ្យ​បញ្ហា​ទាំង​អស់ហ្នឹង​ត្រូវ​បាន​បញ្ឈប់ ឬ​ថយ​ចុះ​ដោយសារ​យើង​ឃើញ​អំពើ​ហិង្សា​កើតឡើង​ប៉ុន្តែ​ដំណោះស្រាយ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ»

អ្នកស្រី រស់ សុភាព ស្នើ​ទៅ​របប​ក្រុងភ្នំពេញ​គួរតែ​ទទួលយក​ការ​លើកឡើង​ពី​កង្វល់​របស់​អ្នកស្រី រ៉ូណា ស្មីត ព្រោះ​អ្នកស្រី​សង្កេត​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​បដិសេធ​អនុវត្ត​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​កាល​ពី​ពេល​កន្លងមក៖ «មានការ​ព្រួយបារម្ភ​មែនទែន​ហើយ​ខ្ញុំ​និយាយ​នេះ​មិនមែន​មានន័យថា​ចង់​អោយ​រដ្ឋាភិបាល​អាក្រក់​ទេ ប៉ុន្តែ​ចង់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​តួនាទី​ក្នុង​ការ​សម្រេចចិត្ត និង​ការអនុវត្ត​ច្បាប់​ទៅលើ​សេចក្ដី​សុខ​របស់​ពលរដ្ឋ​ត្រូវ​ពិចារណា​លើ​បញ្ហា​ហ្នឹង»

អ្នកស្រី រ៉ូណា ស្មីត អញ្ជើញ​មក​កម្ពុជា ពី​ថ្ងៃ​ទី២៩ តុលា ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ខាងមុខនេះ។ អ្នកស្រី​គ្រោង​ជួប​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកការទូត​នៅ​កម្ពុជា។ មុន​ពេល​អ្នកស្រី​ចាកចេញ​ពី​កម្ពុជា​អ្នកស្រី​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ហើយ អ្នកស្រី​នឹង​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ទៅ​អង្គការ​សហប្រជាជាតិ​ខែ​កញ្ញា ឆ្នាំ​២០១៩​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល