កូនស្រី​អ្នក​ថត​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​អង្វរ​អោយ​មាន​អន្តរាគមន៍​ដោះ​លេង​ឪពុក​របស់​ខ្លួន

ថន ថារ៉ូ
2018.09.06
Jame-Ricketson ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។
រូបថតគេ​ផ្ដល់​ឲ្យ

កូនស្រី​របស់​​អ្នក​ថត​ភាពយន្ត​ជនជាតិ​អូស្ត្រាលី ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក្នុង​ក្រុង​ភ្នំពេញ គឺ​អ្នកស្រី រ៉ួហ្សាន់ណេ ហូលមិស (Roxanne Holmes) បាន​អង្វរ​ស្នើសុំ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​និង​អ្នកគាំទ្រ​ផ្សេងទៀត​អោយ​ជួយ​ធ្វើ​អន្តរាគមន៍ ដោះលែង​ឪពុក​របស់​នាង គឺ​លោក ជែម រីកឃិតសិន (James Ricketson) ព្រោះ​សុខភាព​ឪពុក​របស់​នាង​កាន់តែ​ទ្រុឌទ្រោម ហើយ​អាច​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ។

ក្នុង​ញត្តិ​របស់​អ្នកស្រី រ៉ួហ្សាន់ណេ ហូលមិស ដែល​បាន​ផ្សព្វផ្សាយ លើ​បណ្ដាញ អ៊ីនធឺណិត បាន​ទទួល​អ្នកចុះហត្ថលេខា​គាំទ្រ​ជិត ១០​ម៉ឺន​នាក់ ដោយ​ពួកគេ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើ​អន្តរាគមន៍​ដោះលែង​លោក ជែម រីកឃិតសិន ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

អ្នកស្រី​បាន​ប្រាប់​សារព័ត៌មាន​បរទេស​ថា ឪពុក​របស់អ្នកស្រី​ជា​មនុស្ស ដែល​មាន​ទឹកចិត្ត​ល្អ តែ​ផ្ទុយទៅវិញ​បែរ​ជា​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ ទាំង​គាត់​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ទាល់តែសោះ។

អ្នកស្រី​បាន​សុំ​ស្នើ​អោយ​អ្នកគាំទ្រ​ឪពុក​របស់​ខ្លួន ទូរស័ព្ទ​ទៅកាន់​សមាជិកសភា និង​មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​ករណី​សំណុំរឿង​ឪពុក របស់​នាង ដែល​កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ដ៏​តូច​មួយ​ដែល​មាន​អ្នកទោស​ផ្សេងទៀត​ចំនួន​១៤០​នាក់។

រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​ប្រទេស​អូស្ត្រាលី អ្នកស្រី ម៉ារ៉ាយ ភែន ( Marise Payne) បាន​អោយ​ដឹង​ថា ដំណើរ​ក្តី​របស់​លោក ជែម រីកឃិតសិន កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​ក្តី​ផ្លូវច្បាប់​របស់​ប្រទេស​កម្ពុជា​នៅ​ឡើយ ហើយ​រដ្ឋាភិបាល អូស្ត្រាលី នឹង​ពិចារណា​ជ្រើសរើស​យក​វិធានការណ៍​សមស្រប​មួយ ទាក់ទង​នឹង​ករណី​នេះ ក្រោយ​ផុត​រយះ​ពេល​ប្ដឹង​ឧទ្ធរណ៍ ដែល​មាន​រយៈពេល​៣០​ថ្ងៃ។

បើទោះបីជា​គ្មាន​ភស្តុតាង​យ៉ាង​ណា​ក្តី តុលាការ​ក្រុង​ភ្នំពេញ​នៃ​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣១ សីហា កន្លង​ទៅ​នេះ បាន​កាត់ទោស​ដាក់​ពន្ធនាគារ លោក ជែម រីកឃិតសិន ចំនួន​៦​ឆ្នាំ ពី​បទ​ធ្វើ​ចារកម្ម។ លោក​ត្រូវ​បាន​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់​ខ្លួន​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ពេល​លោក​បង្ហោះ​កូន​យន្តហោះ​ដ្រូន (Drone) ថត​សកម្មភាព​ការ​ជួបជុំ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ក្នុង​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។