អ្នកស្រី រ៉ូណា ស្មីត អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា

ដោយ ហេង រស្មី
2019.05.09
រ៉ូណា ស្មីត កឹម សុខា ៦២០ អ្នកស្រី រ៉ូណា ស្មីត(ឆ្វេង)(Rhona Smith) អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​លោក កឹម សុខា (ស្ដាំ) ​ប្រធាន​បក្ស​សង្គ្រោះជាតិ ជួប​ពិភាក្សា នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​បដិសេធ​សំណើ​របស់ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ករណី​ចាប់​ឃុំ​ខ្លួន ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ឡើងវិញ​។ អ្នកស្រី រ៉ូណា ស្មីត ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​រសៀល​ថ្ងៃ​ទី​០៩ ឧសភា នៅ​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ​នៅ​កម្ពុជា​របស់​អ្នកស្រី​ថា អ្នកស្រី​សោកស្ដាយ​ដែល​អាជ្ញាធរ​កម្ពុជា ដែល​មិន​ឱ្យ​អ្នកស្រី​បាន​ជួប​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត អំពាវនាវ​សាជាថ្មី​ម្តង​ទៀត​ដល់​របប​ក្រុងភ្នំពេញ ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​។

អ្នកស្រី​ថ្លែង​ថា លោក កឹម សុខា នៅតែ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន ហើយ​សេរីភាព​ទាំងឡាយ​របស់​លោក​ក៏​ត្រូវ​បាន​រឹតត្បិត​ផង​ដែរ​។ អ្នកស្រី​ថ្លែង​ថា អ្នកស្រី​មានការ​ព្រួយបារម្ភ​អំពី​សិទ្ធិ​ទទួល​បាន​សុខភាព​ល្អ​របស់​លោក កឹម សុខា ព្រោះ​លោក​មិន​អាច​បន្លាស់​ទី​បាន​ដោយ​សេរី​នោះ​ឡើយ ហេតុនេះ​អ្នកស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ អនុញ្ញាត​ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្វែងរក​ការ​ព្យាបាល​ជំងឺ​តាម​ការ​ស្នើសុំ​។

ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​អ្នកស្រី រ៉ូណា ស្មីត អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​ថា អ្នកស្រី រ៉ូណា ស្មីត គឺជា​ដៃគូ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដូច្នេះ​អ្នកស្រី​មិន​គួរ​លើកឡើង​បែបនេះ​ឡើយ​។ លោក​ថា សំណុំរឿង​របស់​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ដូច្នេះ​ការ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺជា​ការ​ចាប់​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ប្រឆាំង​នឹង​ការសម្រេច​របស់​តុលាការ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​មិន​អាច​ធ្វើតាម​សំណើ​របស់​អ្នកស្រី​បាន​ឡើយ ព្រោះ​នេះ​គ្រាន់តែ​ជា​ការ​ចង់បាន​របស់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ៖ «សូម​ឱ្យ​លោកស្រី​រង់ចាំ​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ និង​ការវិនិច្ឆ័យ​របស់​តុលាការ​។ ការ​បង្ខំ​ឱ្យ​តុលាការ​បោះបង់​ចោលការ​ចោទប្រកាន់ អាហ្នឹង​គឺជា​រឿង​មួយ​ខុសច្បាប់​។ ហើយ​មិន​ដែល​មាន​ទេ ដែល​យក​អំណាច​គ្រាន់តែ​ជា​អ្នកធ្វើ​របាយការណ៍​ពិសេស​ជូន​អង្គការសហប្រជាជាតិ ប្រើប្រាស់​អំណាច​ហ្នឹង​មក​សម្លុត​ឱ្យ​តុលាការ​បោះបង់ចោល អាហ្នឹង​យើង​មិន​អាច​ទទួលយក​បានទេ។ សូម​អធ្យាស្រ័យ​!»

តាម​ការពិត ការ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា នេះ មិនមែន​ជា​ការ​ចង់​បាន​របស់​អ្នកស្រី រ៉ូណា ស្មីត តែ​ម្នាក់​នោះ​ឡើយ ពោល​គឺ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ បូក​រូម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ហើយ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ផង សុទ្ធតែ​ចង់​ឃើញ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​នេះ​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​នៃ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង​១៩ ខែ​មក​ហើយ ដែល​ជា​រយៈពេល​ឃុំខ្លួន​ហួស​ច្បាប់​កំណត់។

របប​ក្រុងភ្នំពេញ​នៅតែ​បកស្រាយ​ថា នេះ​មិនមែន​ជា​ការ​ធ្វើ​ផ្ទុយ​នឹង​ច្បាប់​នោះ​ឡើយ ព្រោះ​លោក កឹម សុខា បាន​រួច​ផុត​ពី​ការ​ឃុំខ្លួន​ហើយ គ្រាន់តែ​នៅ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ក្រុម​អ្នកច្បាប់ និង​អ្នកការពារ​សិទ្ធិមនុស្ស វាយតម្លៃ​ថា ការកំណត់​ព្រំដែន​ឱ្យ​លោក​ដើរហើរ និង​ហាមឃាត់​ការ​ជួប​មនុស្ស​ទូទៅ​បែបនេះ គឺជា​ការ​ជាប់ឃុំ​ក្នុង​ផ្ទះ ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់​កម្ពុជា​ឡើយ។

ស្រប​ពេល​ដែល​អ្នកស្រី រ៉ូណា ស្មីត កំពុង​តែ​មាន​វត្តមាន​នៅ​កម្ពុជា របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​ប្រឹង​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រឹង​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​កាន់តែ​ខ្លាំង។

កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​រារាំង និង​គំរាម​បង្ក្រាប ក្រុម​សហជីព និង​កម្មករ ដែល​ចង់​ហែ​ក្បួន​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​។ ចំណែក​ឯ តុលាការ​ក្រុង​ភ្នំពេញ​វិញ បាន​កាត់ទោស​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី កំបាំងមុខ​ឱ្យ​ជាប់ពន្ធនាគារ ៨​ឆ្នាំ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បញ្ជា​។ ក្រៅ​ពី​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពត ដោយ​ចោទ​ថា បាន​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​បក្ស​សង្គ្រោះជាតិ ខណៈ​មន្ត្រី​បក្ស​នេះ​ចំនួន​២៦ នាក់​ផ្សេងទៀត​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​តុលាការ​កោះហៅ​ទៅ​សាកសួរ ក្នុង​សំណុំរឿង​ដូចគ្នា​នេះ​ដែរ។

អ្នកស្រី រ៉ូណា ស្មីត ថ្លែង​ថា អ្នកស្រី​នៅតែ​មាន​ការ​បារម្ភ​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​បែបនេះ​។ អ្នកស្រី​អះអាង​ថា អ្នកស្រី​បាន​ដឹង​ហើយ អំពី​ចំណាត់ការ​របស់​អាជ្ញាធរ​ទៅលើ​សមាជិក និង​មន្ត្រី​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​រាប់​សិប​នាក់​នៅ​ថ្នាក់ក្រោម​ជាតិ រួម​ទាំង​ករណី​កោះហៅ​មន្ត្រី​បក្ស​នេះ​ជាង ២០​នាក់ នៅ​ខេត្ត​បាត់ដំបង​ផង​ដែរ​។ អ្នកស្រី​សង្កត់ធ្ងន់​ថា ចំណាត់ការ​បែបនេះ មិន​អាច​នាំ​ទៅ​រក​ការ​ពង្រឹង​សិទ្ធិ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​របប​លោក ហ៊ុន សែន បាន​អះអាង​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។