ប្រជាពលរដ្ឋមួយចំនួនដែលមានដើមកំណើតនៅកម្ពុជាក្រោម ព្រួយបារម្ភខ្លាចក្រែងពួកគេមិនអាចចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅឆ្នាំ២០១៨ ខាងមុខបានទេ។ ការព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរក្រោមខ្លះនៅខេត្តសៀមរាប ដែលធ្លាប់មានអត្តសញ្ញាណប័ណ្ណពីមុនមកហើយក្ដី ក៏នៅពេលដែលអត្តសញ្ញាណប័ណ្ណចាស់ផុតកំណត់ត្រូវយកទៅប្ដូរថ្មី គឺប៉ូលិសផ្នែកអត្តសញ្ញាណប័ណ្ណមិនបានធ្វើឲ្យពួកគេទៀតទេ។
តើបញ្ហានេះបណ្ដាលមកពីមូលហេតុអ្វី?
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចំនួនពីរមកពីទីក្រុងភ្នំពេញ កំពុងស៊ើបអង្កេតនៅខេត្តសៀមរាប ដើម្បីស្រង់ស្ថិតិពលរដ្ឋខ្មែរក្រោមនៅខេត្តនេះឲ្យបានច្បាស់ ថាតើមានចំនួនប៉ុន្មាននាក់ពិតប្រាកដដែលមានអត្តសញ្ញាណប័ណ្ណពីមុនប៉ុន្តែនៅពេលដែលអត្តសញ្ញាណប័ណ្ណហួសសុពលភាព បែរជាសមត្ថកិច្ចមិនព្រមធ្វើថ្មីឲ្យទៀតនោះ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលទាំងពីរនោះ គឺសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងអង្គការការពារសិទ្ធិជនជាតិភាគតិច។
ការចុះស៊ើបអង្កេត បានចាប់ផ្ដើមឡើងបន្ទាប់ពីពលរដ្ឋខ្មែរក្រោមខ្លះរស់នៅខេត្តសៀមរាប ចោទប្រកាន់មន្ត្រីនគរបាល ថាមិនបានធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនពួកគេ។
បុរសខ្មែរក្រោមម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតដែលកំពុងរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប គឺលោក អម សារ៉ែម។ លោកមានប្រសាសន៍ថា លោកមានកំណើតនៅស្រុកស្ពានទទឹង ខេត្តព្រះត្រពាំង ប៉ុន្តែលោកបាននាំប្រពន្ធមករស់នៅស្រុកខ្មែរឯខេត្តបាត់ដំបង តាំងពីឆ្នាំ១៩៨២ ដោយមានស្រែចម្ការ ផ្ទះសម្បែង ព្រមទាំងសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រឹមត្រូវ។ រស់នៅខេត្តបាត់ដំបង ជាច្រើនឆ្នាំ លោកក៏បានដូរទីលំនៅមកខេត្តសៀមរាប ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ប៉ុន្តែថ្មីៗនេះ អត្តសញ្ញាណប័ណ្ណរបស់គាត់បានហួសសុពលភាព ហើយគាត់ក៏ទៅឲ្យប៉ូលិសខេត្តសៀមរាប ធ្វើថ្មី ស្រាប់តែប៉ូលិសមិនព្រមធ្វើឲ្យគ្រួសាររបស់គាត់ទេ។
លោក អម សារ៉ែម បញ្ជាក់ថា រូបគាត់បានទៅសុំប៉ូលិសជាច្រើនដង ក៏ប៉ុន្តែប៉ូលិសមិនត្រឹមតែមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យគាត់ និងប្រពន្ធប៉ុណ្ណោះទេ គឺកូនរបស់គាត់ចំនួន ៤នាក់ ដែលកើតនៅស្រុកខ្មែរក៏មិនធ្វើឲ្យដែរ៖ « ខ្ញុំសោកស្ដាយមែនទែន ទឹកដីយើងគ្រាន់តែបាត់បង់ជាង ៦០ឆ្នាំប៉ុណ្ណោះ យើងបំភ្លេចចោល។ ក្នុងនាមខ្ញុំខ្មែរកម្ពុជាក្រោម ម្នាក់ដែលរស់នៅទឹកដីព្រះរាជាណាចក្រកម្ពុជា ជាង ៣០ឆ្នាំ ធ្វើអត្តសញ្ញាណប័ណ្ណជាតិឯងមិនបាន »។
ដោយសារតែបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណខ្មែរមិនបាននេះ ខ្មែរក្រោមជាច្រើននាក់ដែលកំពុងរស់នៅខេត្តសៀមរាប ព្រួយបារម្ភខ្លាចក្រែងពួកគេមិនទទួលបានសិទ្ធិទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅឆ្នាំ២០១៨ ខាងមុខ។
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកអត្តសញ្ញាណប័ណ្ណ លោក ភឹង ចិន្តារិទ្ធិ បានឆ្លើយតបនឹងការចោទប្រកាន់របស់ពលរដ្ឋកម្ពុជាក្រោម ថាមូលហេតុដែលសមត្ថកិច្ចពង្រឹងការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែរក្រោមខ្លះនោះ គឺចង់ឲ្យពួកគេបង្ហាញឯកសារឲ្យច្បាស់លាស់ ថាតើមានអ្វីដែលសម្គាល់ថាពិតជាខ្មែរកម្ពុជាក្រោម? លោក ភឹង ចិន្តារិទ្ធិ បញ្ជាក់ថា សមត្ថកិច្ចរដ្ឋាភិបាលមិនដែលបដិសេធមិនទទួលស្គាល់ពលរដ្ឋកម្ពុជាក្រោមទេ ពីព្រោះដូនតារបស់កម្ពុជាក្រោម បើទោះបីជាបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ទៅហើយ ក៏មិនបានលាសញ្ជាតិខ្មែរទេ។ ប៉ុន្តែពេលនេះ បើទោះបីជាខ្មែរក្រោមខ្លះមានអត្តសញ្ញាណប័ណ្ណខ្មែរហើយក៏ដោយ ក៏ត្រូវតែពិនិត្យឡើងវិញ៖ « ទោះជាអ្នកមានហើយក៏ដោយ ក៏ត្រូវផ្ទៀងផ្ទាត់ឡើងវិញ ព្រោះអត្តសញ្ញាណប័ណ្ណពីមុនវាមិនកំណត់ថាអ្នកដែលមានសញ្ជាតិខ្មែរ ត្រូវតែធ្វើអត្តសញ្ញាណប័ណ្ណនោះទេ ប៉ុន្តែអត្តសញ្ញាណប័ណ្ណឥឡូវនេះ បានជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ »។
ទោះជាយ៉ាងណា ក្រុមឥស្សរជនខ្មែរក្រោម និងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរិះគន់ប៉ូលិសខេត្តសៀមរាប ដែលមិនព្រមធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរក្រោមនោះ។
ប្រធានកម្មវិធីសិទ្ធិមនុស្ស និងដីធ្លីរបស់សមាគមខ្មែរកម្ពុជាក្រោម និងអភិវឌ្ឍន៍ លោក សឺន ជុំសុធន អះអាងថា បញ្ហាដែលប៉ូលិសខេត្តសៀមរាប មិនធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរក្រោមដែលធ្លាប់មានអត្តសញ្ញាណប័ណ្ណម្ដងមកហើយ ព្រមទាំងមានសៀវភៅគ្រួសារ និងសំបុត្រកំណើតច្បាស់លាស់ទៀតនោះ គឺជាការរំលោកសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ មន្ត្រីសមាគមខ្មែរក្រោមដដែលអះអាងថា រយៈពេល ២-៣ថ្ងៃមកនេះ លោកបានរកឃើញពលរដ្ឋខ្មែរក្រោមជាង ២០នាក់ហើយដែលសមត្ថកិច្ចខេត្តសៀមរាប មិនព្រមធ្វើអត្តសញ្ញាណប័ណ្ណឲ្យពួកគេ៖ « សមាគមខ្មែរក្រោមយើងខ្ញុំនឹងនៅបន្តស៊ើបអង្កេតទៅទៀត ទៅលើខ្មែរក្រោមដែលអាជ្ញាធរមិនធ្វើ និងមិនទទួលស្គាល់គាត់ថាជាខ្មែរនោះ »។
មន្ត្រីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ឲ្យដឹងថា មិនមែនមានតែខេត្តសៀមរាប ប៉ុណ្ណោះទេដែលអាជ្ញាធរមិនព្រមធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរក្រោមនោះ គឺនៅខេត្តមួយចំនួនទៀត ដូចជាខេត្តតាកែវ កំពង់ឆ្នាំង ស្វាយរៀង ក្រចេះ កោះកុង និងខេត្តកណ្ដាល ក៏កំពុងមានបញ្ហាដូចគ្នានេះដែរ។
ឥស្សរជនកម្ពុជាក្រោម និងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍ បានហៅសកម្មភាពរបស់ប៉ូលិសដែលមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋខ្មែរក្រោមនោះថា រំលោភទៅលើរដ្ឋធម្មនុញ្ញរបស់ប្រទេស ដែលចែងថាមិនមានអ្នកណាម្នាក់អាចដកហូតសញ្ជាតិពីពលរដ្ឋបានឡើយ។ លោក សឺន ស៊ូបែរ្តិ៍ បញ្ជាក់ថា កាលពីឆ្នាំ១៩៩២ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ធ្លាប់បានប្រកាសថា ពលរដ្ឋកម្ពុជាក្រោម គឺជាពលរដ្ឋខ្មែរ៖ « បើគាត់ឲ្យសញ្ជាតិទៅគេហើយ គឺត្រូវឲ្យតទៅទៀត បើមិនឲ្យគេទេ គឺរំលោភសិទ្ធិរបស់គេហើយ »។
លោក សឺន ស៊ូបែរ្តិ៍ ប្រកាសថា ប្រសិនបើពលរដ្ឋកម្ពុជាក្រោមណាដែលកំពុងរស់នៅស្រុកខ្មែរ ហើយអាជ្ញាធរមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យ គឺសូមធ្វើពាក្យបណ្ដឹង ហើយកាន់មកឲ្យរូបលោក គឺលោកអាចនឹងជួយយកទៅទូលថ្វាយដល់ព្រះមហាក្សត្រ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជាច្រើនឆ្នាំមុន គឺឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ក៏ធ្លាប់សរសេរលិខិតសួរទៅរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ហើយក្រសួងការបរទេស ក៏ឆ្លើយទទួលស្គាល់ថា ពលរដ្ឋកម្ពុជាក្រោម គឺជាពលរដ្ឋខ្មែរដែរ។ លោក អំ សំអាត យល់ថា ប្រសិនបើពលរដ្ឋកម្ពុជាក្រោមរស់នៅស្រុកខ្មែរយូរមកហើយ បែរជាអាជ្ញាធរមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យទៀតនោះ គឺជាការរំលោភសិទ្ធិមនុស្សផង និងរើសអើងផង ក៏ប៉ុន្តែទោះយ៉ាងណា រហូតមកដល់ពេលនេះ អង្គការសិទ្ធិមនុស្សនៅមិនទាន់ដឹងតួលេខច្បាស់លាស់ថា តើមានខ្មែរក្រោមប៉ុន្មាននាក់ពិតប្រាកដនៅទូទាំងប្រទេស ដែលសមត្ថកិច្ចមិនព្រមធ្វើអត្តសញ្ញាណប័ណ្ណឲ្យនោះទេ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។