អាជ្ញាធរខេត្ត​ស្វាយរៀងហាម​ឃាត់​ប្រជា​ពលរដ្ឋ​​មិន​ឲ្យ​ជួប​ជុំ​គ្នា

ដោយ មាន ឫទ្ធិ
2018.12.10
នគរបាល​ស្រុក​រមាសហែក ស្វាយរៀង ៦២២ នគរបាល​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ចុះ​រារាំង សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា មិន​ឲ្យ​បង្រៀន​ពលរដ្ឋ​សហគមន៍​អំពី​របៀប​ចិញ្ចឹម​មាន់ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៨។
រូបភាព៖ សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC)

សហគមន៍សាមគ្គីចេកមាស អះអាង​ថា អាជ្ញាធរ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយរៀង ហាម​ឃាត់​ពួក​គាត់ ដែល​មាន​គ្នា​ជាង ៦០នាក់ មិន​ឲ្យ​ជួប​ប្រជុំ​គ្នា​នោះ​ទេ នៅ​ថ្ងៃ​ទី៩ ខែ​ធ្នូ ក្រោម​ហេតុផល​ថា មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។ ការ​ហាម​ឃាត់​នេះ ដោយសារ​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​សាមគ្គី​ចេក​មាស គ្រោង​ជួប​ពិភាក្សា​គ្នា អំពី​ករណី​មេភូមិ​របស់​ពួក​គាត់ ដើរ​ប្រមូល​ស្នាម​មេដៃ​អ្នក​ភូមិ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។

តំណាង​សហគមន៍​ចេកមាស ​លោក​ស្រី​ យស់ ​សោភ័ណ្ឌ ​ឲ្យ​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​រារាំង​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ជួប​ជុំ​គ្នា នៅ​ភូមិ​ធ្នង់ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង។

លោកស្រី​បញ្ជាក់​ថា មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​ប្រមាណ ៦០នាក់ នាំ​គ្នា​ប្រជុំ​នោះ ព្រោះ​កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ មេ​ភូមិ​ធ្នង់ បាន​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្ដិត​មេ​ដៃ ដោយ​មិន​បាន​បញ្ជាក់​អំពី​ហេតុ​ផល​ច្បាស់លាស់។ ប្រជាពលដ្ឋ​ចង់​ឲ្យ​មេ​ភូមិ​បញ្ជាក់​អំពី​ហេតុផល​លើ​ករណី ដែល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ផ្តិត​រួច ប៉ុន្តែ​ការ​ជួប​ប្រជុំ​គ្នា​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ប៉ុស្តិ៍​ឃុំ​ស្វាយធំ ​ដាក់​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ហាម​ឃាត់​តែ​ម្តង៖ «ពួក​ខ្ញុំ​ជំនុំ​ជា​មួយ​គ្នា​បាន​បន្តិច ពួក​គាត់ (ប៉ូលិស) បាន​មក​ដល់​កាន់​តែ​ច្រើន​ទៅៗ ហើយ​ពួក​ខ្ញុំ​ក៏​រំសាយ​ពេល​នោះ​ដែរ​ទៅ។ ពួក​ខ្ញុំ​បាន​និយាយ​ជាមួយ​ប៉ូលិស​រក​ហេតុ​រក​ផល​អី​ដែរ តែ​សំខាន់​ប៉ូលិស​គេ​មិន​ព្រម​តែ​ម្តង។ គេ​ថា បើ​ចង់​ប្រជុំ​ចង់​អី​ទាល់​តែ​ជូន​ដំណឹង​ទៅ​ឃុំ​សិន»

លោកស្រី យស់ សោភ័ណ្ឌ ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ ប្រជា​សហគមន៍​ចេកមាស​ប្រមាណ ១១៧គ្រួសារ កំពុង​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចាប់​តាំង​ពី​ឆ្នាំ២០០៩ មក បន្ទាប់​ពី​ក្រសួង បាន​យក​ដី​ស្រែ​របស់​ពួក​គាត់​ធ្វើ​ជា​អាង​ស្តុក​ទឹក ឬ​ទន្លេ​វ៉ៃ​គោ​ទី២ ដោយ​គ្មាន​ផ្តល់​សំណង់​សមរម្យ​នោះ​ទេ។ ពួក​គេ​បារមុ្ភ​ថា អាជ្ញាធរ​ដើរ​ប្រមូល​ស្នាម​មេ​ដៃ​ពី​ពលរដ្ឋ​នោះ យក​ទៅ​ប្រើ​ក្នុង​បំណង​មិន​ល្អ ឧទាហរណ៍​ដូច​ជា​ថា ពួក​គាត់​ព្រម​ផ្តិត​មេដៃ​ប្រគល់​ដី​ឲ្យ​រដ្ឋ ឬ​ក៏​ពួក​គាត់​ព្រម​ទទួល​យក​សំណង​តិចតួច​ជា​ដើម។ ប្រជា​ពលរដ្ឋ ទាមទារ​ឲ្យ​បញ្ជាក់​អំពី​ហេតុផល​នៃ​ការ​ប្រមូល​ស្នាម​មេដៃ​នោះ និង​ជួយ​ពន្លឿន​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គាត់។

អាស៊ីសេរី​បាន​ទាក់ទង​ មេ​ប៉ុស្តិ៍​ស្វាយ​ធំ​ លោក ​ឈិន ម៉ានិត ជា​ច្រើន​ដង ប៉ុន្តែ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក​រអាក់រអួល​មិន​អាច​ទាក់ទង​បាន។ ចំណែក​អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល មិន​ទទួល​ទូរស័ព្ទ​នោះ​ទេ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ​នៅ​ពេល​ អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​រារាំង​ពលរដ្ឋ​ដូច្នេះ គឺ​បង្ហាញ​ថា លិខិត​របស់​ក្រសួង​មហាផ្ទៃ​កន្លង​មក​ ហាក់​ដូច​ជា​គ្មាន​ឥទ្ធិពល​សោះ។ លោក​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម ដែល​មិន​អនុវត្ត​តាម​សេចក្តី​ណែនាំ​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​តែ​រារាំង​សកម្មភាព​ជួបជុំ​របស់​ប្រជា​ពលរដ្ឋ៖ «ប្រជា​ពលរដ្ឋ គាត់​ខំ​គោរព​ប្រតិបត្តិ​ទៅ​តាម​ច្បាប់ និង​សេចក្តី​ណែនាំ​ផ្សេងៗ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​ភូមិ-ឃុំ​អី គាត់​មិន​ចង់​ប្រតិបត្តិ​តាម​ទៅ​នឹង​អ្វី​ដែល​ជា​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ទេ។ អ៊ីចឹង​យើង​គិត​ថា បញ្ហា​នៅ​តែ​អាច​បន្ត​កើត​មាន​ដដែល ហើយ​នៅ​ពេល​មាន​បញ្ហា​កើត​មាន​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​រារាំង នោះ​មហាជន​ច្បាស់​ណាស់ ទាំង​ជាតិ និង​អន្តរជាតិ នឹង​រិះគន់​ទៅ​លើ​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ ឬ​ប្រព័ន្ធ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ»

អាស៊ីសេរី មិន​អាច​សុំការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ​ខៀវ​​ សុភ័គ​ នោះ​ទេ​ ដោយ​ លោក​ពុំ​ទទួល​ទូរស័ព្ទ។

កាល​ពីថ្ងៃទី២៧ ខែវិច្ឆិកា ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ណែនាំ​ឱ្យ​អភិបាល-ខេត្ត​ក្រុង បើក​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ពេញ​លេញ ចំពោះ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ព្រម​ទាំង​សហ​គមន៍​​នានា ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​តាម​​មូលដ្ឋាន ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ដូច​កាល​ពី​មុន​នោះ​ឡើយ។

កន្លងមក អាជ្ញាធរមូលដ្ឋាន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ តែងតែ​រារាំង​ប្រជាពលរដ្ឋ ឬ​អង្គការ​សមាគមន៍​ មិន​ឲ្យ​ចុះ​ធ្វើ​សកម្មភាព​នានា ​ដូចជា​ជួបជុំ​ជា​ប្រជា​ពលរដ្ឋ​នោះ​ទេ​ សូម្បី​តែ​សម្ព័ន្ធ​សហគមន៍​កសិករ កម្ពុជា ​ចុះ​បង្រៀន​ពលរដ្ឋ​ពី​របៀប​ចិញ្ចឹម​មាន់ ​ឬ​ធ្វើ​ដំណាំ​ក៏​ត្រូវ​ហាម​ឃាត់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។