ពលករ​ខ្មែរ​ជាង​៥០​នាក់​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​និង​មិន​ប្រគល់​លិខិតឆ្លងដែន​ឲ្យ​ពួកគេ​វិញ

ដោយ សេក បណ្ឌិត
2018-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលករ​ត្រៀម​ឆ្លង​ដែនចូល​ទៅ​ថៃ​​នៅ​ច្រក​ព្រំដែន អូរ​បី​ជាន់ ជោគជ័យ និង​ច្រក​ណងចាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សកម្មភាព​ពលករ​ត្រៀម​ឆ្លង​ដែនចូល​ទៅ​ថៃ​​នៅ​ច្រក​ព្រំដែន អូរ​បី​ជាន់ ជោគជ័យ និង​ច្រក​ណងចាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រូបថត​ផ្ដល់​ដោយ​ប្រជា​ពលរដ្ឋ នៅ​ថ្ងៃ​ទី​២០ មេសា ឆ្នាំ២០១៨

ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ឲ្យ​ដឹង​ថា ថៅកែ​ថៃ​បាន​បញ្ឈប់​ពលករ​ខ្មែរ​ពី​ការងារ​ជាង ៥០​នាក់ និង​មិនបាន​ប្រគល់​លិខិតឆ្លងដែន​ឲ្យ​ពួកគេ​វិញ​នោះ​ទេ។ សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​សិទ្ធិ​ពលករ​លើកឡើង​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​ពលករ​ធ្ងន់ធ្ងរ។

ពលករ​ខ្មែរ​ភាគច្រើន​ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​បានសម្រេច​ទៅ​ប្រទេស​កម្ពុជា​វិញ​ទាំង​គ្មាន​លិខិតឆ្លងដែន​ក្នុង​ការ​ធ្វើដំណើរ។ ពួកគេ​មិន​ហ៊ាន​បន្ត​រស់នៅ​ប្រទេស​ថៃ​ទៀត​ទេ ដោយ​ខ្លាច​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន។ ការបញ្ឈប់​ពី​ការងារ​នេះ គឺ​ធ្វើ​ឡើង​ភ្លាមៗ មិនបាន​ជូនដំណឹង​ទៅ​ពលករ​ឲ្យ​ដឹង​មុន​ដើម្បី​មាន​ពេល​រក​ការងារ​ផ្សេង​ធ្វើ​នោះ​ទ​។

តំណាង​ពលករ​ខ្មែរ លោក រស់ ប៊ុនធឿន ប្រាប់​អាស៊ីសេរី​ថា ពលករ​ខ្មែរ​ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​នោះ​ភាគច្រើន​ជា​ពលករ​ទើប​មក​ធ្វើការ​ងារ​មាន​រយៈ ពីរ ទៅ​បី ខែ​និង​មិនទាន់​ពេញ​សិទ្ធិ​។

លោក​បន្ត​ថា មូលហេតុ​ដែល​ថៅកែ​ដកហូត​លិខិតឆ្លងដែន​ពី​ពលករ​ខ្មែរ​នោះ ព្រោះ​គេ​លើកឡើង​ថា ពលករ​ទាំងនោះ​ជំពាក់​ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែន​របស់​ថៅកែ​រោងចក្រ៖ «យើង​សុំ​លិខិតឆ្លងដែន​ក៏​គេ​មិន​ឲ្យ​យើង​ដែរ គេ​ថា​យើង​មក​ធ្វើការ​អត់​ទាន់​គ្រប់​លក្ខណៈ​ការងារ​ណាមួយ​គេ​អត់​ទាន់​កាត់​លុយ​ថ្លៃ​លិខិតឆ្លងដែន​ហ្នឹង​ដាច់»

លោក រស់ ប៊ុនធឿន បន្ត​ឲ្យ​ដឹង​ទៀត​ថា រោងចក្រ​ដែល​បញ្ឈប់​ពលករ​នោះ​ជា​រោងចក្រ​ដំឡើង​គ្រឿង​អេឡិចត្រូនិក ករណី​នេះ​កើតឡើង​តាំងពី​អំឡុង​ខែ​វិច្ឆិកា។

លោក​បន្ត​ថា ទោះ​ពលករ​ខ្មែរ​មិន​ពេញចិត្ត​ចំពោះ​ការ​បញ្ឈប់​នេះ ប៉ុន្តែ​ពួកគេ​មិន​ដឹង​ថា ត្រូវ​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ណា​នោះ​ទេ។ លោក​បន្ត​ថា រហូតមកដល់​ពេលនេះ នៅ​សល់​តែ​ពលករ​ជាង ១០​នាក់​ប៉ុណ្ណោះ​ដែល​បន្ត​រស់នៅ​ខុសច្បាប់​នៅ​ប្រទេស​ដើម្បី​ស្វែងរក​ការងារ​ថ្មី៖ «ពលករ​នៅសល់​ជាង ១០​នាក់​អី​ដែរ អត់​ទាន់​ទៅ​ពួកគេ មាន​ប្តី​មាន​ប្រពន្ធ​នៅ​ថៃ​អ៊ីចឹង​ហើយ​អ្នកណា​ទៅ​គេ​ជួល​ឡាន​គេ​ទៅ​ទាំង​យប់​អ៊ីចឹង»

អាស៊ីសេរី​មិន​ទាន់​អាច​មាន​មធ្យោបាយ​ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ជាច្រើន​ដង​តែ​គ្មាន​អ្នកទទួល។

តំណាង​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនរស្មី ដែល​តែង​ចេញមុខ​ទាមទារ​ការ​គោរព​សិទ្ធិ​ពលករ​រិះគន់​ថា រាល់ពេល​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជួប​ការ​រំលោភបំពាន​លើ​ពលករ​ខ្មែរ​លោក​មិនដែល​ឃើញ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​បាន​ម្តង​ណា​ឡើយ។ ទោះ​បែបនេះ​ក្តី​តំណាង​ពលករ​រូប​នេះ ស្នើ​ទៅ​ក្រុមហ៊ុន​ដែល​នាំ​ពលករ​មក​ធ្វើ​ការងារ​ប្រទេស​ថៃ​ត្រូវ​អន្តរាគមន៍​ជួយ​ដល់​ពលករ​ដែល​បញ្ហា​ការងារ​ដូចនេះ ព្រោះ​ពលករ​ខ្មែរ​បាន​ចំណាយ​លុយ​ច្រើន​ណាស់​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ៖ «ជួប​បញ្ហា​នេះ​រាប់ពាន់​លើក​ទៅ​ហើយ​ប៉ុន្តែ​រាល់​ការ​ស្នើសុំ​ពី​ពលករ​មិន​ដែល​មាន​លទ្ធផល»

មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា និយាយ​ថា នេះ​ការរំលោភ​សិទ្ធិ​ពលករ​ធ្ងន់ធ្ងរ​លើ​ពលករ ហើយ​ការបញ្ឈប់​ការងារ​នេះ​ទៀតសោត​មិនមែន​ជា​កំហុស​របស់​ពលករ​ថែម​ទៀត​ផង។ លោក​បន្ត​ថា អង្គការ​របស់​លោក​នឹង​តាមដាន​ករណី​ដោយ​ចិត្ត​ទុកដាក់​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ៖ «អត់​មាន​ការងារ​ធ្វើជា​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ដែល​បញ្ជូន​ពលករ​នេះ ជា​ការ​ទទួលខុសត្រូវ​ត្រូវ​ដោះស្រាយ​ឲ្យ​គាត់»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​យល់ថា ករណី​នេះ​ពលករ​ខ្មែរ អាច​ដាក់​ពាក្យ​ប្ដឹង​ដើម្បី​ទាមទារ​ប្រាក់​សំណង ឬ​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ​ដើម្បី​ជួយ​ដល់​ពលករ​ដែល​រង​ការ​រំលោភបំពាន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល