សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​កម្ពុជា​ប្រើ​យន្តការ​អន្តរជាតិ​ករណី​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

ដោយ តាំង សារ៉ាដា
2014.12.24
អំ សំអាត ៦២០ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

ក្រុម​ជន​ដៃ​ដល់​ថៃ ដែល​តែង​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ រហូត​មក​ទល់​ពេល​នេះ នៅ​តែ​រួច​ខ្លួន​ឋិត​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។ បើ​ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​បាងកក ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បញ្ចប់​អំពើ​ឃោរឃៅ​នេះ​យ៉ាង​ណា​ក៏ដោយ ក៏​ឧក្រិដ្ឋកម្ម​នេះ​នៅ​តែ​កើត​ឡើង​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​យន្តការ​អន្តរជាតិ​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ឃោរឃៅ និង​អមនុស្សធម៌​របស់​ភាគី​ថៃ នេះ។

មន្ត្រី​ការទូត​ជាន់​ខ្ពស់​កម្ពុជា អះអាង​ថា អាជ្ញាធរ​ថៃ សន្យា​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ករណី​ទាហាន​ថៃ ដែល​បាន​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់​កាល​ពី​ដើម​ខែ​ធ្នូ នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ឯកអគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ ក្នុង​ប្រទេស​ថៃ លោក នេត សេរី បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ថៃ ស៊ើប​អង្កេត​ជុំវិញ​ករណី​ឃាតកម្ម​មួយ​នេះ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ក្រសួង​ការ​បរទេស​ខ្មែរ បាន​ផ្ញើ​លិខិត​តវ៉ា​ការទូត​មួយ​ច្បាប់​ទៅ​កាន់​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ពី​ជំហរ​ប្រឆាំង​ដាច់​ខាត​នូវ​អំពើ​ឃោរឃៅ និង​អមនុស្សធម៌​របស់​ក្រុម​ទាហាន​ថៃ ដែល​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ និង​ទាមទារ​ឲ្យ​នាំ​ខ្លួន​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ ស្ត្រី​ខ្មែរ​រងគ្រោះ​រូប​នោះ​មាន​ឈ្មោះ ផន ចែម អាយុ ៥៥​ឆ្នាំ ត្រូវ​ទាហាន​ថៃ នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ បាញ់​ស្លាប់ នៅ​ពេល​ដែល​គាត់​ដើរ​ជីក​មើម​ដំឡូង​ព្រៃ និង​រើស​ផ្សិត​យក​មក​ឲ្យ​គ្រួសារ​ហូប ព្រម​ទាំង​លក់​ដូរ​ខ្លះ​ដើម្បី​បាន​ប្រាក់​ទិញ​អង្ករ​ជាដើម ដោយ​មិន​ដឹង​ថា​ខ្លួន​បាន​ឆ្លង​ខ្សែ​បន្ទាត់​ព្រំដែន។ បួន​ថ្ងៃ​ក្រោយ​ការ​បាញ់​សម្លាប់​នេះ ទាហាន​ការពារ​ព្រំដែន​ថៃ ខេត្ត​សុរិន្ទ បាន​បញ្ជូន​សាកសព​ស្ត្រី​ខ្មែរ​រងគ្រោះ​រូប​នោះ​មក​ឲ្យ​ក្រុម​គ្រួសារ​វិញ នៅ​ក្នុង​សង្កាត់​អូស្មាច់ ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ បញ្ឈប់​សកម្មភាព​ព្រៃផ្សៃ​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ ហើយ​គោរព​កិច្ច​ព្រមព្រៀង​នៃ​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​បញ្ឈប់​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «យើង​បាន​ស្នើ​ឲ្យ​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​យក​ជន​ដៃ​ដល់​ទៅ​ផ្ដន្ទាទោស។ ហើយ​អគ្គ​កុងស៊ុល​យើង​ធ្វើ​ការងារ​ហ្នឹង ដែល​បាន​សាកសួរ​ទៅ​អាជ្ញាធរ​ថៃ នៅ​តំបន់​ដែល​ខ្មែរ​យើង​រងគ្រោះ​ហ្នឹង គឺ​ថា​អាជ្ញាធរ​គេ គេ​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ស្វែងរក​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​បាទ។ ហើយ​យើង​ស្នើ​ម្តង​ហើយ​ម្តង​ទៀត​ថា ឲ្យ​បញ្ឈប់​នូវ​អំពើ​ឃោរឃៅ​ហ្នឹង ហើយ​ឲ្យ​គោរព​ទៅ​តាម​ការ​ព្រមព្រៀង​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ។ ទន្ទឹម​ហ្នឹង ក៏​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង ធ្វើ​យ៉ាង​ណា​កុំ​ចូល​ទៅ​រក​អនុផល​ព្រៃ​ឈើ​ក្នុង​ទឹក​ដី​របស់​គេ​ដោយ​ខុស​ច្បាប់​ឲ្យ​សោះ​បាទ»

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា រូប​នេះ​អះអាង​ថា ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ ត្រូវ​បាន​ក្រុម​ទាហាន​ការពារ​ព្រំដែន​ថៃ បាញ់​សម្លាប់។ ប៉ុន្តែ​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) កន្លង​មក​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ដើម​ឆ្នាំ​២០១៤ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១២៣​នាក់​ហើយ​ត្រូវ​បាន​ក្រុម​យោធា​ថៃ បាញ់​ប្រហារ។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ចំណាត់​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​ថៃ ក្នុង​ការ​វែក​មុខ​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​ទទួល​ការ​ឆ្លើយ​តប​របស់​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា អំពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​ថៃ បន្តបន្ទាប់​នោះ​ឡើយ។

ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចារ (Prayut Chan-O-Cha) អះអាង​ថា ព័ត៌មាន​អំពី​ការ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ជីក​ដំឡូង និង​ដក​ផ្សិត​នោះ គឺ​ជា​រឿង​មិន​ពិត។ កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ បាន​ដក​ស្រង់​សម្ដី លោក ប្រាយុទ្ធ ចាន់អូចារ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​ថា ក្រុម​យោធា​មិន​ដែល​បាញ់​ប្រហារ​ទៅ​លើ​ជន​គ្មាន​អាវុធ​នោះ​ទេ។ លោក​បន្ត​ថា ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ​កន្លង​មក គឺ​ដោយសារ​ការ​ប្រយុទ្ធ​តប​ត​គ្នា​រវាង​ទាហាន​ថៃ និង​អ្នក​លួច​ឆ្លង​ដែន​ទៅ​ចូល​កាប់​ឈើ​ប៉ុណ្ណោះ។ លោក ប្រាយុទ្ធ ក៏​បាន​ច្រាន​ចោល​ចំពោះ​គម្រោង​ការ​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​ជុំវិញ​បញ្ហា​នេះ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា អាជ្ញាធរ​ខេត្ត​សុរិន្ទ របស់​ថៃ ទទួល​ស្គាល់​អំពី​ការ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​នោះ ហើយ​សន្យា​ថា​នឹង​ចាត់​វិធានការ​ស៊ើប​អង្កេត​លើ​ករណី​នេះ៖ «អាជ្ញាធរ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ក៏​គេ​ទទួល​ស្គាល់​ថា​មាន​ការ​បាញ់​សម្លាប់​អ៊ីចឹង​មែន ហើយ​គេ​បាន​សន្យា​ជាមួយ​អគ្គ​កុងស៊ុល​យើង​ទៅ​ទៀត​ថា គេ​នឹង​ជួយ​រក​មុខ​ជន​ដៃ​ដល់។ ដូច្នេះ​អា​រឿង​ថា​អ្នក​បាញ់​នោះ​ជា​ទាហាន ឬ​ជា​ស្អី​នោះ យើង​នៅ​មិន​ទាន់​ដឹង​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ស្រាវជ្រាវ​បន្ថែម ព្រោះ​ក្នុង​ហ្នឹង​វា​អាច​មាន​ក្រុម​ច្រើន វា​អាច​ក្រុម​មេ​ព្រៃ​ថៃ វា​អាច​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​គេ​ផ្សេងៗ​ជាច្រើន​ផ្នែក​ទៀត។ ដូច្នេះ​ហើយ អា​រឿង​គាត់​និយាយ​តែ​រឿង​ទាហាន​មួយ​មុខ ក៏​យើង​មិន​យល់​ថា​គាត់​និយាយ​ត្រូវ ឬ​ខុស​ទេ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សុរិន្ទ គេ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់​មែន»

បើ​ទោះ​ជា​មាន​ការ​បាញ់​សម្លាប់​ពលរដ្ឋ​កម្ពុជា ដ៏​ច្រើន​យ៉ាង​នេះ​ក៏ដោយ ក៏​ភាគី​កម្ពុជា បាន​ត្រឹម​តែ​ប្ដឹង​ភាគី​ថៃ តាម​រយៈ​កំណត់​ទូត​របស់​ខ្លួន​ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចារ កាល​ពី​សប្ដាហ៍​មុន ក៏​មិន​បាន​លើក​យក​បញ្ហា​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នោះ​ទៅ​ពិភាក្សា​រក​ដំណោះស្រាយ​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បញ្ជាក់​ថា ក្រៅ​ពី​ការ​ចាត់​វិធានការ​ប្ដឹង​ភាគី​ថៃ តាម​រយៈ​កំណត់​ទូត កម្ពុជា នៅ​មិន​ទាន់​មាន​ស្វែង​ផ្លូវ​ដើម្បី​ប្ដឹង​ភាគី​ថៃ តាម​រយៈ​យន្តការ​អន្តរជាតិ ដូចជា​ការ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយស៊ីស៊ី (ICC) នោះ​ឡើយ៖ «កន្លង​មក​យើង​អត់​ដែល​បាន​ធ្វើ​ទៅ​ស្ថាប័ន​ណា​ក្រៅ​ពី​ផ្នែក​កំណត់​ទូត​តវ៉ា​រវាង​ប្រទេស និង​ប្រទេស​ហ្នឹង​ឯង​បាទ»

ប៉ុន្តែ ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា កំណត់​ទូត​របស់​កម្ពុជា គ្មាន​ប្រយោជន៍ ហើយ​ក៏​គ្មាន​អំណាច​អាច​ឲ្យ​ភាគី​ថៃ គោរព​តាម​នោះ​ដែរ។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ដល់​ពេល​ហើយ​ដែល​កម្ពុជា ត្រូវ​ប្ដឹង​អំពី​ករណី​ឧក្រិដ្ឋកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​ពលរដ្ឋ​ខ្មែរ ទៅ​ស្ថាប័ន​អាស៊ាន អង្គការ​សហប្រជាជាតិ និង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៖ «ជា​អាទិភាព​ទី​មួយ គឺ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហ្នឹង​ហើយ ដែល​រដ្ឋ​ជា​ភាគី ហើយ​យើង​មាន​សិទ្ធិ​ប្ដឹង ពីព្រោះ​នេះ​វា​ជា​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​មួយ​យ៉ាង​ឃោរឃៅ​ជា​បន្តបន្ទាប់។ អ៊ីចឹង​យន្តការ​នេះ​វា​អាច​ជួយ​ទប់ស្កាត់ ហើយ​អាច​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ដែរ ពីព្រោះ​ថៃ ខ្លួន​ឯង​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត មិន​បាន​បញ្ឈប់​ទៅ​លើ​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ទេ។ អ៊ីចឹង​យើង​មាន​តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។ ហើយ​ទី​ពីរ ដើម្បី​កុំ​ឲ្យ​ថៃ រំលោភ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស គឺ​ការ​ប្រហារ​ជីវិត​ជា​បន្តបន្ទាប់​ដូច្នេះ គឺ​យើង​មាន​យន្តការ​អាស៊ាន គឺ​មាន​ធម្មនុញ្ញ​សិទ្ធិ​មនុស្ស​អាស៊ាន ធម្មនុញ្ញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​ទប់ស្កាត់​ផង​ដែរ។ ហើយ​បើ​យើង​នៅ​តែ​បន្ត​កំណត់​ទូត វា​ជា​រឿង​មួយ​អត់​ប្រយោជន៍»

លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា មិន​ប្រើ​យន្តការ​អន្តរជាតិ​ក្នុង​ការ​បង្ខំ​ឲ្យ​ភាគី​ស្វែងរក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ខ្មែរ​ក៏ដោយ តែ​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​នឹង​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ និង​អង្គការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។