អាជ្ញាធរ​ថៃ​បាន​បញ្ជូន​​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ទៅ​កម្ពុជា​វិញ​ហើយ

ដោយ សុ ជីវី
2018-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន នៅ​ពេល​លោក និង​ភរិយា​ទៅ​យក​លិខិត​ឆ្លង​ដែន​នៅ​កន្លែង​ធ្វើ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់ (Netherland) ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ ២០១៨។
លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន នៅ​ពេល​លោក និង​ភរិយា​ទៅ​យក​លិខិត​ឆ្លង​ដែន​នៅ​កន្លែង​ធ្វើ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់ (Netherland) ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ ២០១៨។
រូបថត៖ អ្នកស្រី ឡុង គីមហ៊ាង

អាជ្ញាធរ​ថៃ បានបញ្ជូន​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ដែល​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ធ្នូ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​យប់​ថ្ងៃ​ទី១២ ខែ​ធ្នូ។

មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​ក្រុង​បាងកក​ លោក ស៊ូណៃ ផាស៊ុក (SunaI Phasuk) និង​ភរិយា​របស់​លោក រ៉ាត់ រត្នមុនី គឺ​លោកស្រី ឡុង គឹមហ៊ាង ថ្លែង​បញ្ជាក់​ដូច​គ្នា អំពី​ការ​បញ្ជូន​ខ្លួន​លោក រ៉ាត់ រត្នមុនី ទៅ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី១២ ធ្នូ។ លោកស្រី​មិន​ដឹង​ថា អាជ្ញាធរ​ថៃ បញ្ជូន​ប្តី​លោកស្រី​ទៅ​កម្ពុជា តាម​យន្តហោះ ឬ​តាម​ឡាន​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ លោកស្រី​ថា មិន​ទាន់​ដឹង​ពី​ទី​កន្លែង​របស់​ប្ដី​លោកស្រី​នៅ​ទី​ណា​ឡើយ​ទេ ក្នុង​ប្រទេស​កម្ពុជា ព្រោះ​អាជ្ញាធរ​កម្ពុជា​បិទ​បាំង​ព័ត៌មាន​នេះ «ឥលូវ​នេះ ខ្ញុំ​អត់​ដឹង​ថា ប្ដី​ខ្ញុំ​មក​ដល់​ទីណា​ហើយ​ទេ នៅ​កន្លែង​ណា​ទេ ដោយសារ​អាជ្ញាធរ​ខ្មែរ​អត់​ទាក់ទង​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ជា​គ្រួសារ​ត្រូវ​ធ្វើ​យ៉ាងម៉េច អី​យ៉ាង​ម៉េច គឺ​អត់​មាន​ទេ ដូចជា​បញ្ជូន​មក​ស្ងាត់ៗ​តែម្ដង។  ខ្ញុំ​គិត​ថា​វា​គឺ​ជា​គំរាមកំហែង និង​ជា​ការ​គុំកួន​របស់​រដ្ឋាភិបាល​មក​លើ​ប្ដី​របស់​ខ្ញុំ ដោយសារ​តែ​ពួកគេ​ខឹង​សម្បារ​ខ្លាំង​ចំពោះ​ការ​លាតត្រដាង ពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដែល​ពួកគេ​មិន​បាន​ធ្វើ​ការ​ដោះស្រាយ​រឿង​ទាំងអស់​នោះ​និង​ធ្វើ​ឲ្យ​ពួកគេ​រង​ភាព​អាម៉ាស់»

លោកស្រី​ស្នើសុំ​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ​តាម​ដាន​ករណី​ប្តី​លោកស្រី​ឲ្យ​បាន​ដិត​ដល់ និង​ស្នើសុំ​អាជ្ញាធរ និង​តុលាការ​ឲ្យ​ស៊ើបអង្កេត​ប្រមូល​ភស្តុតាង​ត្រឹម​ត្រូវ​ឡើង​វិញ មិន​មែន​ជា​នីតិវិធី​តាម​ចាប់​ចង​ប្ដី​លោកស្រី​នោះ​ទេ។ លោកស្រី​បន្ត​ថា ប្តី​លោកស្រី​មិន​បាន​ផលិត​វីដេអូ ដើម្បី​បង្ខូច​កិត្តិយ​ស្ត្រី​ខ្មែរ ឬ​ប្រទេស​ខ្មែរ​នោះ​ទេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​ប៉ូលីស​ថៃ​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី៧ ធ្នូ នៅ​ទីក្រុង​បាងកក ខណៈ​លោក​ និង​គ្រួសារ​កំពុង​ព្យាយាម​រត់​ភៀស​ខ្លួន​បន្ត​ទៅ​ប្រទេស​ហុល្លង់ (Netherland)។ ពេល​ចាប់​ខ្លួន ប៉ូលីស​ថៃ​បាន​ប្រាប់​ទៅ​ភរិយា​របស់​លោក​ថា ពួក​គេ​ទទួល​បាន​សំណើ​ពី​សមត្ថកិច្ច​កម្ពុជា ឱ្យ​ឃាត់​ខ្លួន​ និង​បញ្ជូន​លោក រ៉ាត់ រត្នមុនី ត្រឡប់​ទៅ​កម្ពុជា​វិញ។ អាជ្ញាធរ​កម្ពុជា ចោទ​លោក​ថា បាន​ប្រឌិត​ឯកសារ​ក្លែងក្លាយ ក្នុង​រឿង​ភាព​យន្ត​ឯកសារ ដែល​លោក​ផលិត​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ទៅ​ប្រទេស​កម្ពុជា។

សមត្ថកិច្ច​កម្ពុជា​ក៏​បាន​ចោទ​លោក​ថា បាន​ឱ្យ​លុយ​ទៅ​តួអង្គ​ម្តាយ​កូន​ ២នាក់ ចំនួន ២០០ដុល្លារ ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក​ក្នុង​ភាពយន្ត​ឯកសារ។ ទាំង​សមត្ថកិច្ច​ និង​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​សុទ្ធតែ​អះអាង​ដូច​គ្នា​ថា ករណី​នេះ​មិន​អាច​លើក​លែង​ឱ្យ​បាន​ឡើយ​ ព្រោះ​លោក រ៉ាត់ រត្នមុនី បាន​ប្រឌិត​រឿង​ប៉ះ​ពាល់​ដល់​កិត្តិ​យស និង​ផល​ប្រយោជន៍​របស់​ជាតិ។ ពួក​គេ​អះអាង​ថា ត្រូវ​តែ​នាំ​ខ្លួន​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ឱ្យ​មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​កម្ពុជា។

ភាពយន្ត​ឯកសារ មាន​ចំណង​ជើង​ថា “ម្តាយ​ខ្ញុំ លក់​ខ្ញុំ” ដែល​មាន​រយៈ​ពេល​ជាង ២៧នាទី​នោះ គឺ​បង្ហាញ​ពី​នារី​វ័យ​ក្មេង​មិន​ទាន់​គ្រប់​អាយុ ៣នាក់ ត្រូវ​បាន​លក់ឱ្យ​បម្រផ្លូវ​ភេទ ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក។ ភាពយន្ត​ឯកសារ​នេះ មាន​ចំនួន​ចូល​ទស្សនាជាង ១លាន ៤សែន​ដង លើ​បណ្តាញយូធូប (You Tube) និង​ជាង ៥សែន​ដង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ជា​វីដេអូ​សង្ខេប​ផ្តោត​លើ​គ្រួសារ​មួយ នៃ​អតីត​ពលរដ្ឋ​បឹង​កក់ ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល