អ្នក​គ្រប់គ្រង​មណ្ឌល​ព្រៃ​ស្ពឺ​ច្រាន​ចោល​ករណី​អំពើ​ហិង្សា​និង​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​មណ្ឌល

ដោយ ខែ សុណង
2016.09.13
មណ្ឌល​ព្រៃស្ពឺ ៨៥៥ ២០១៦ សាច់​ញាតិ​អ្នក​នៅ​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ហៅ​មណ្ឌល​ព្រៃស្ពឺ នៅ​ភូមិ​ស្រែជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ យក​ម្ហូប​អាហារ​មក​អោយ​អ្នក​ជាប់​ឃុំ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦
RFA/Uon Chhin
1

អ្នក​យក​ព័ត៌មាន​ឈរ​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។

2

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។

3

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។

4

ជនអនាថា​រស់​នៅ​មណ្ឌល​ព្រៃស្ពឺ ហើយ​មាន​បញ្ហា​សតិអារម្មណ៍។

5

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។

6

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍។

7

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ សំពះ​អង្វរ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​នាំ​ពួកគេ​ចេញ​មក​ខាង​ក្រៅ​វិញ។

8

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត។

9

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ពេល​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍។

10

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន។

អាជ្ញាធរ​បាន​ប្រមូល​អ្នក​គ្មាន​ទីពឹង ទាំង​មនុស្ស​ចាស់ និង​កុមារ​ដែល​គ្មាន​ទី​ជម្រក រស់នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​ជន​វិកល​ចរិត ជាដើម ឲ្យ​ទៅ​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា​មណ្ឌល​ព្រៃ​ស្ពឺ នៅ​ភូមិ​ស្រែជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ មជ្ឈមណ្ឌល​នេះ​កំពុង​រង​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល អង្គការ​សហប្រជាជាតិ រួម​ទាំង​នាយក​រដ្ឋមន្ត្រី ឲ្យ​បិទ​ប្រសិន​បើ​ពុំ​មាន​ការ​កែលំអ។ អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​នេះ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នូវ​ព័ត៌មាន ដែល​បាន​រាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​មាន​អំពើ​ទារុណកម្ម អំពើ​ហិង្សា និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​មណ្ឌល​នេះ។

មន្ត្រី​គ្រប់គ្រង​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ អះអាង​ថា បើ​សិន​បិទ​មជ្ឈមណ្ឌល​នេះ​ចោល រាជធានី​ភ្នំពេញ​នឹង​ក្លាយ​ទៅ​ជា​ទីក្រុង​សំរាម​មនុស្ស​ដែល​ពិបាក​ក្នុង​ការ​កែលំអ។

ប្រធាន​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ លោក បាន វុត្ថា ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា មជ្ឈមណ្ឌល​នេះ​កំពុង​មាន​ការ​កែប្រែ​ស្ថានភាព​ជាច្រើន ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ទិតៀន និង​ការ​រិះគន់​នា​ពេល​កន្លង​ទៅ។ លោក​ថា ចាប់​តាំង​ពី​មាន​ប្រតិកម្ម និង​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​កែលំអ​មណ្ឌល​នេះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​អភិបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ ដាក់​ផែនការ​កែលំអ​ស្ថានភាព​មួយ​ចំនួន​ដែល​ពុំ​អាច​បិទ​មជ្ឈមណ្ឌល​នេះ​បាន​ទេ«មួយ​រយៈ​ដោយសារ​ការ​ទិតៀន​វាយ​ប្រហារ​ទៅ​គេ​បិទ​មណ្ឌល​ចោល ដល់​បិទ​មណ្ឌល​ទៅ​ដូច​សំរាម​អ៊ីចឹង នៅ​ភ្នំពេញ​ដូច​សំរាម​អ៊ីចឹង សំរាម​មនុស្ស មនុស្ស​អនាធិបតេយ្យ មនុស្ស​អនាថា​ហ្នឹង ហើយ​មុខ​មាត់​រដ្ឋាភិបាល​សាលា​រាជធានី​ម៉េច​ទៅ? ហើយ​សួរ​ថា​យក​ទៅ​ដាក់​ឯណា​មនុស្ស​អស់​ហ្នឹង? ហើយ​អង្គការ​សិទ្ធិ​មនុស្ស​ទទួល​យក​ឬ​អត់ បើ​ទទួល​យក គេ​ប្រមូល​ឲ្យ​ទាំងអស់ តែ​បាន​តែ​និយាយ​អ៊ីចឹង​ទេ»

ជាមួយ​គ្នា​នេះ លោក បាន វុត្ថា បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​ថា​មាន​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​ជាប់​ឃុំ។ លោក​បាន​ចោទ​ថា អ្នក​ដែល​លើក​ឡើង​ពី​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​មណ្ឌល គឺ​ជា​មនុស្ស​វិកល​ចរិត បាត់បង់​ស្មារតី និង​និយាយ​បំផ្លើស ហើយ​អ្នក​នោះ​ក៏​ជា​អ្នក​ប៉ុនប៉ង​ចេញ​ពី​មណ្ឌល​នេះ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​ក៏​បដិសេធ​ជុំវិញ​ករណី​យក​ប្រាក់ ជា​ថ្នូរ​នឹង​ការ​ដោះលែង​មនុស្ស​ឲ្យ​ចេញ​ពី​មណ្ឌល​ដែរ។ លោក បាន វុត្ថា បញ្ជាក់​ថា មជ្ឈមណ្ឌល​នេះ​បាន​ការ​កែលំអ​ស្ថានភាព​មួយ​ចំនួន ដូចជា ជួសជុល​អគារ របង ផ្លូវ​ចូល​មណ្ឌល បង្កើត​ឲ្យ​មាន​បង្គន់​អនាម័យ បន្ទប់​ទឹក រៀបចំ​បុគ្គលិក និង​ប្រព័ន្ធ​ការងារ​គ្រប់គ្រង​មនុស្ស ការ​ស្នាក់នៅ និង​ការ​ហូប​ចុក។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ផ្ដល់​សេវា​ពេទ្យ​ប្រចាំ​ការ និង​ដឹក​ជញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ការ​គ្រប់គ្រង​ពុំ​ទាន់​មាន​ស្តង់ដារ បើ​ប្រៀបធៀប​ទៅ​ស្រុក​គេ​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា ការ​គ្រប់គ្រង​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន«រឿង​រង​អំពើ​ហិង្សា​គ្មាន​ទេ តែ​បើ​បុគ្គល​ហ្នឹង​វា​នេះ អាច​ជា​វិន័យ​នៅ​ក្នុង​ហ្នឹង​វាយ​គ្នា​ហ្នឹង រក​យក​មូលហេតុ​គ្រាន់​តែ​ជា​វិន័យ​ទេ តែ​មិន​ដល់​ធ្វើ​ទារុណកម្ម​ទេ វិន័យ​ឲ្យ​ទៅ​ធ្វើ​ពលកម្ម​នោះ​ចំណេញ​ជាង ដូច​ថា ស៊ី​មិន​គ្រប់គ្រាន់​អា​ពួក​រត់​ចេញ​ហ្នឹង ហើយ​បើ​មនុស្ស​ល្អ​វា​អត់​រត់​ទេ វា​នៅ​ជាមួយ​គេ​ជាមួយ​ឯង ហើយ​តែ​វា​រត់​ចេញ។ អ្នក​ដែល​នៅ​ហ្នឹង​តាំង​ពី​អើយ​មក អា​ជរា​ពិកា​នៅ​ដល់​ចាស់​ឲ្យ​គាត់​ទៅ​ណា នៅ​ចិញ្ចឹម​គាត់​នៅ​ហ្នឹង ប៉ុន្តែ​អ្នក​និយាយ​បង្ខូច​ពី​មណ្ឌល គឺ​សុទ្ធតែ​មនុស្ស​និយាយ​ទៅ​បាត​ផ្សារ បាត​សង្គម​ម៉ង ខ្វះ​អី​ណា​អរគុណ​មណ្ឌល​សុំ​នៅ​ហ្នឹង អត់​មាន​អី​ទេ»

១២-មករា-២០១២៖ អ្នក​ភូមិ​បុរី​កីឡា​ដែល​ជាប់​ឃុំ​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ នា​ខណ្ឌ​ដង្កោ។
១២-មករា-២០១២៖ អ្នក​ភូមិ​បុរី​កីឡា​ដែល​ជាប់​ឃុំ​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ នា​ខណ្ឌ​ដង្កោ។
RFA/Uon Chhin

ថ្វីត្បិតតែ​មាន​ការ​លើក​ឡើង​យ៉ាង​នេះ ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ ចាប់​ទៅ​ឃុំ​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ ហើយ​ទើប​រួច​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ បាន​បដិសេធ។ ក្នុង​វ័យ​ជាង ៣០​ឆ្នាំ ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​រស់នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង នា​រាជធានី​ភ្នំពេញ ថ្លែង​ថា លោកស្រី​ក៏ដូចជា​មនុស្សម្នា​ដទៃ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​នោះ​ដែរ គឺ​មិន​អាច​ទ្រាំទ្រ និង​ពិបាក​រស់នៅ​ក្នុង​មណ្ឌល​នេះ​ដែល​គ្រប់គ្រង​មនុស្ស​ដោយ​ការ​គាប​សង្កត់ ផ្ដល់​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ គ្មាន​ថ្នាំ​សង្កូវ​នៅ​ពេល​ឈឺថ្កាត់ រួម​ទាំង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពួក​គាត់​ជា​ញឹកញាប់។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​បាន​លួច​រត់​ដោយ​ប្រថុយប្រថាន«ផ្លោះ​របងផ្លោះ​អី បើ​សិន​រត់​ផុត​អត់​អី​ទេ តែ​បើ​រត់​មិន​ផុត គេ​ចាប់​បាន​វាយ។ មនុស្ស​ស្រី​ហ្នឹង​ជិះ​ម៉ូតូ​អា​ធំ​ទៅ​មក ដល់​វាយ​គ្នា​ដាក់​សន្លប់​ចង​នៅ​បង្គោល​ទង់​ជាតិ​ដែល​កន្លង​គេ​ដាក់ ពួក​យើង​ចាក់​សោ​ហ្នឹង​ណា ចង់​នៅ​ហ្នឹង​ឆក់ គេ​មាន​ដំបង​ឆក់ ឆក់​ត្រឺតៗ បើ​សិន​បាន​គេ​វាយ​សន្លប់ ងើប​ពី​សន្លប់​ហើយ​គេ​ឆក់​យើង»

ស្ត្រី​ដដែល​បន្ត​ទៀត​ថា គ្រាន់​តែ​ជាប់​ឃុំ​នៅ​ទីនោះ​ប្រមាណ​ជិត ២​សប្ដាហ៍ គាត់​ឃើញ​ក្នុង​ថ្ងៃ​តែ​មួយ​មាន​មនុស្ស​ស្លាប់ ៣​នាក់​ក៏​មាន«ខ្ញុំ​ឃើញ​បន្ទប់​លេខ​៦ នោះ​ស្លាប់ តែ​មិន​ដឹង​ថា​គេ​វាយ ឬ​មិន​វាយ​ទេ នុះ​មនុស្ស​ស្រី ពោះ​ធំ ៦​ខែ​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន ព្រលឹម​ឡើង​គេ​ដឹក​ចេញ​រយៈពេល​ប្រហែល​ជា​ម៉ោង​១ មនុស្ស​ប្រុស​នោះ​ប្រហែល​ជា​អាយុ ៣៧-៣៨​អី ប្រើ​គ្នា​ធ្វើ​ការ គ្នា​ស្រេក​ទឹក​គ្នា​ខ្យល់​គ្នា​ហូប​បាយ​អត់​គ្រប់គ្រាន់ គ្នា​ស្រេក​ទឹក​សុំ​ទឹក​ហូប ហើយ​គ្នា​ប្រកាច់​ដក​ចង្កា​មាន់ គេ​ហៅ​ជួយ​ផងៗ អ្នក​ចាក់​សោ​អូស​គ្នា​ចេញ​ពី​បន្ទប់ ដៃ​សង​ខាង​អូស​គ្នា​មក គេ​អ្នក​យាម​ហ្នឹង អូស​មក​ទម្លាក់​គ្នា​ទុក​ចោល​ទាល់​តែ​គ្នា​ងាប់​មុខ​បន្ទប់​ហ្នឹង ស្លៀក​តែ​កន្សែង​ពណ៌​ស​មួយ​ទេ»

ក្រៅ​អំពី​ការ​វាយ​ដំ និង​ផ្ដល់​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ ស្ត្រី​ដែល​ធ្លាប់​មាន​បទពិសោធន៍​ជាប់​ឃុំ​ក្នុង​មណ្ឌល​នេះ​ដដែល បញ្ជាក់​ថា គាត់​ជាប់​ឃុំ​នៅ​ទីនោះ​ដោយ​ពុំ​ដឹង​ថា​គាត់​មាន​ទោស​កំហុស​អ្វី​នោះ​ទេ។ ទង្វើ​នេះ​ប្រៀប​បាន​នឹង​ការ​ចាប់​ជំរិត​គាត់ ពីព្រោះ​គ្រួសារ​គាត់​បាន​បង់​លុយ​ជា​ថ្នូរ​ទៅ​នឹង​ការ​សុំ​ចេញ​ក្រៅ​ឃុំ។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បិទ​មជ្ឈមណ្ឌល​នេះ ហើយ​ដោះលែង​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ​នេះ​ចេញ«ខ្ញុំ​អង្គុយ​ទល់​មុខ​មេ​ហ្នឹង ខ្ញុំ​លើក​ដៃ​សំពះ​គេ​ទាំង ៣​នាក់​បង​ប្អូន ទាំង​ប្ដី​ហ្នឹង។ ខ្ញុំ​និយាយ​ថា លោក​គ្រូ​អើយ បំបិទ​កន្លែង​ហ្នឹង​ទៅ ខ្ញុំ​អត់​ចេះ​រស់នៅ​ទេ ខ្ញុំ​ឲ្យ ១០០​ដុល្លារ បើ ១០០​ដុល្លារ​នេះ​គឺ​ខ្ញុំ​សួរ​គេ​ថ្នាក់​លើ​សិន តើ​គេ​ស៊ីញេ​ឲ្យ ឬ​គេ​មិន​ស៊ីញេ​ឲ្យ។ បើ​ប្ដី​ខ្ញុំ​លើក​ដៃ​សំពះ​ទៀត ខ្ញុំ​ជូន ៥០​ដុល្លារ​ទៀត ខ្ញុំ​មាន​សមត្ថភាព​អស់​តែ​ប៉ុណ្ណឹង​ទេ ៦០​ម៉ឺន សុទ្ធតែ​ក្រដាស ២​ម៉ឺនៗ បាន​គេ​ហ៊ាន​ស៊ីញេ​ឲ្យ​ខ្ញុំ​ចេញ។ ខ្ញុំ​ចង​ការ​គេ​ពី​ព្រៃវែង ម៉ែ​ខ្ញុំ​ចងការ​គេ​មក​បាន​គេ​ឲ្យ​ខ្ញុំ​បាន​ហើយ​ទៅៗអ្នក​ដែល​គេ​ចេញ​មុន​ខ្ញុំ គេ​ថា​អស់ ៥០០​ដុល្លារ ៦០០​ដុល្លារ»

ស្ត្រី​មួយ​រូប​ទៀត​មាន​វ័យ​ជាង ៤០​ឆ្នាំ ដែល​អះអាង​ថា គាត់​ក៏​ធ្លាប់​ជាប់​ឃុំ​ក្នុង​មណ្ឌល​នេះ​កាល​ពី​អំឡុង ៧-៨​ឆ្នាំ​មុន។ គាត់​យល់​ថា​មាន​ការ​រំលោភ​បំពាន​បែប​នេះ​មែន ហើយ​ស្ថានភាព​កាន់​តែ​អាក្រក់​បើ​ធៀប​កាល​ពី​មុន«ពី​មុន​ពេល​ដែល​ខ្ញុំ​ចូល​ទៅ ឃើញ​គេ​វាយ​គេ​ទាត់​គេ​ធាក់ ត្រង់​នរណា​មាន​លុយ​ឲ្យ​វា បាន​វា​មិន​សូវ​វាយ បើ​យើង​អត់​មាន​លុយ​ហ្នឹង វា​ទ្រាំទ្រ​ឲ្យ​វា​នេះ​អ៊ីចឹង​ទៅ ដើម្បី​ថា​ចង់​ចេញ​មក វា​រំលោភ បើ​យើង​មិន​ឲ្យ​វា​វាយ​វា​ទាត់​វា​ធាក់​យើង រំលោភ​ហ្នឹង​ដូច​ថា ជួន​ទៅ​ក្នុង​ប៉ូលិស​ហ្នឹង​វា​ចាប់​យើង​យក​ទៅ ជួន​ទៅ​ក្នុង​កន្លែង​ព្រៃ​ស្ពឺ​ហ្នឹង​ទៅ ក្នុង​ហ្នឹង​គេ​មាន​បង​ធំ​បង​តូច​អ៊ីចឹង»

ជនអនាថា​​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ពេល​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។
ជនអនាថា​​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ពេល​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Sek Bandith


ជុំវិញ​ភាព​ស្មុគស្មាញ​នៃ​ការ​គ្រប់គ្រង​ក្នុង​មជ្ឈមណ្ឌល​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ ដូចជា អង្គការ​លីកាដូ (LICADHO) និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​គណបក្ស​ប្រឆាំង​ផង ក៏​បាន​ធ្វើ​របាយការណ៍ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ហូរហែ ទទូច​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល និង​ស្នើ​ឲ្យ​បិទ​មជ្ឈមណ្ឌល​នេះ ដោយ​ពួក​គេ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ការ​គ្រប់គ្រង​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ មាន​ការ​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់​ដោយ​ធ្វើ​ទារុណកម្ម ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា​ការ​រំលោភ​សេពសន្ថវៈ ការ​ទុក​មនុស្ស​មាន​ជំងឺ​ឲ្យ​ស្លាប់​ដោយ​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ជាដើម។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បាន​សង្កេត​ឃើញ​ថា មាន​ការ​កែលំអ​មួយ​ចំនួន​ដូចជា ចំណារ​ពី​អ្នក​ជាប់​ឃុំ​ដែល​បាន​សរសេរ​រៀបរាប់​ពី​ទុក្ខ​លំបាក​នៅ​នឹង​ជញ្ជាំង ត្រូវ​បាន​គេ​លុប​ចោល រួច​លាប​ថ្នាំ​ថ្មី បង្អួច​ដែល​ធ្លាប់​មាន​ឈើ​ខ្ទាស់​ខ្ទប់​ពី​លើ ក៏​ត្រូវ​ដោះ​ចេញ​វិញ ឯ​ស្រះ​ទឹក​ក៏​បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ ប៉ុន្តែ​អ្វី​ដែល​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​នោះ គឺ​បញ្ហា​សុខភាព បញ្ហា​ម្ហូប​អាហារ។ លោក​ថា បើ​កែលំអ ត្រូវ​កែលំអ​ទាំង​ការ​គ្រប់គ្រង ទាំង​របប​ហូប​ចុក សេវា​សុខភាព​ឲ្យ​ស្រប​នឹង​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ បើ​កាលណា​ពួក​គាត់​មិន​ស្ម័គ្រ​រស់នៅ​ទេ ហើយ​មាន​ការ​បង្ខាំង​ពួក​គាត់​ទុក នោះ​ស្មើ​នឹង​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់។ លោក​ថា កន្លង​មក​សូម្បី​តែ​មន្ត្រី​អង្គការ​ចូល​សួរ​សុខ​ទុក្ខ ក៏​ត្រូវ​ជូន​ដំណឹង​ជា​មុន​ដែរ«ប៉ុន្តែ​យើង​អត់​ចង់​ថា​ទាល់​តែ​មាន​លិខិត ទើប​បាន​ចូល ព្រោះ​យើង​បារម្ភ​នៅ​ពេល NGO ណា​ចូល​ទៅ​មាន​លិខិត​ដាក់ ហើយ​កំណត់​ថ្ងៃ​ទៅ គេ​រៀបចំ​ឲ្យ​ស្អាតបាត​ទៅ វា​អត់​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង​ទេ»

ដោយសារ​ការ​ទទូច​ឲ្យ​បិទ​មជ្ឈមណ្ឌល​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៦៧ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួប​លើក​ទី​១៥ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​បិទ​មណ្ឌល​ព្រៃ​ស្ពឺ បើ​សិន​ជា​គ្មាន​ការ​កែលំអ​ស្ថានភាព ដោយ​លោក​លើក​ឡើង​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​សេវា​ធានា​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល«បើ​សិន​ជា​ខ្វះ​សមត្ថភាព​គ្រប់គ្រង​តាំង​ពី​មណ្ឌល​ប៉ុណ្ណឹង តើ​យើង​មាន​លទ្ធភាព​ធ្វើ​អី​បន្ថែម​ទៀត? អ៊ីចឹង​សុំ​ឲ្យ​ប្រជុំ ព្រោះ​រឿង​នេះ​ប្រហែល ៤-៥​ឆ្នាំ​ហើយ រឿង​មិន​ចេះ​ឈប់​អា​មណ្ឌល​មួយ​ហ្នឹង។ ល្មម​ឈប់​ហើយ! បើ​ថា​បិទ បិទ​ចោល​តែ​ម្ដង​ទៅ មិន​ចាំបាច់​ធ្វើ​អី​ទៀត​ទេ ព្រោះ​វា​ហាក់​ដូចជា​យូរ​ពេក​ហើយ ត្រាំត្រែង​ពេក​ហើយ ខ្វះ​ការ​ពន្យល់ និង​ខ្វះ​ការ​រៀបចំ»

ភ្លាមៗ​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​នោះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត និង​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ រួម​ទាំង​មន្ត្រី​ក្រសួង​សុខាភិបាល ជាច្រើន​រូប បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​នៅ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ ដោយ​បាន​សម្រេច​ថា​មិន​មាន​ការ​បិទ​មជ្ឈមណ្ឌល​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រសួង​នឹង​បន្ត​អភិវឌ្ឍ​បន្ថែម​ទៀត ហើយ​ធ្វើ​ការ​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​ក្នុង​មួយ​ចំនួន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។

ប្រធាន​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ លោក បាន វុត្ថា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​អ្នក​រស់នៅ​ក្នុង​មណ្ឌល​នេះ​ជាង ៣០០​នាក់ ក្នុង​នោះ​មាន​កុមារ​ជិត ៣០​នាក់ ក្នុង​ចំណោម​នោះ​ជន​វិកល​ចរិត​មាន​ជិត ១០​នាក់ និង​អ្នក​បាត់បង់​ស្មារតី​ជាង ៦០%

១២-មករា-២០១២៖ មន្ត្រី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា យក​អំណោយ​ទៅ​ចែក​ដល់​អ្នក​បុរី​កីឡា ដែល​ត្រូវ​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ។
១២-មករា-២០១២៖ មន្ត្រី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា យក​អំណោយ​ទៅ​ចែក​ដល់​អ្នក​បុរី​កីឡា ដែល​ត្រូវ​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ។
RFA/Sek Bandith

ជុំវិញ​រឿង​នេះ​ដែរ មន្ត្រី​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា យូ.អិន អូ.អេច្ឆ.ស៊ី.អេច្ឆ.(UN OHCHR-Cambodia) អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ថ្លែង​ថា ស្ថាប័ន​នានា​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា បាន​ពិនិត្យ​មើល​មជ្ឈមណ្ឌល​នេះ​ជា​ប្រចាំ ហើយ​បាន​ជួប​មនុស្ស​មួយ​ចំនួន​នៅ​ទីនោះ ក៏​ឮ​ពី​ការ​រអ៊ូរទាំ​របស់​ពួក​គេ​ពី​ការ​ធ្វើ​បាប និង​ការ​ចាប់​បញ្ជូន​មនុស្ស​ទៅ​កាន់​ទីនោះ។ អ្នកស្រី​ព្រួយ​បារម្ភ​ពី​បញ្ហា​ទាំងអស់​នេះ ហើយ​អង្គការ​សហប្រជាជាតិ នឹង​បន្ត​ពិនិត្យ​មើល និង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​ពិភាក្សា​រឿង​នេះ​ជា​ប្រចាំ​ជាមួយ​អាជ្ញាធរ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ«កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន យើង​បាន​បើក​សន្និសីទ​ជាតិ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​អ្នក​គ្មាន​ទី​ជម្រក អ្នក​រស់នៅ​តាម​ផ្លូវ​ថ្នល់ និង​ពី​តម្រូវ​ការ​របស់​មនុស្ស​ដែល​គេ​បញ្ជូន​ទៅ​មណ្ឌល​ព្រៃ​ស្ពឺ។ អនុសាសន៍​របស់​យើង​សំខាន់​បំផុត​នោះ គឺ​ត្រូវ​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ​ចំពោះ​អ្នក​ដែល​រស់នៅ​ទីនោះ ត្រូវ​ធានា​ថា កន្លែង​រស់នៅ​របស់​ពួក​គេ​ល្អ ហើយ​ចំពោះ​អ្នក​ដែល​មាន​លទ្ធភាព​ធ្វើ​ការងារ​ដោយ​ខ្លួន​ឯង​បាន និង​ត្រូវ​តែ​ដោះលែង​វិញ មិន​ត្រូវ​ចាប់​បង្ខំ​គេ​ឲ្យ​បន្ត​រស់នៅ​ទីនោះ​ឡើយ។ ចំពោះ​កុមារ ត្រូវ​ផ្ដល់​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ ឯ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ត្រូវ​ផ្ដល់​សេវា​ថែទាំ​សុខភាព​ឲ្យ​ដិតដល់។ ជា​រួម ត្រូវ​ផ្ដល់​ឲ្យពួក​គេ​នូវ​តម្រូវ​ការ​ទាំងឡាយ​ដែល​ពួក​គេគ្មាន​នៅ​ពេល​រស់នៅ​តាម​ដង​ផ្លូវ មិន​មែន​ចាប់​ពួក​គេ​គ្រាន់​តែ​ជា​ការ​សម្អាត​ផ្លូវ​នោះ​ទេ»

មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា​មណ្ឌល​ព្រៃ​ស្ពឺ ស្ថិត​នៅ​ភូមិ​ស្រែជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មាន​ទីតាំង​នៅ​ក្នុង​ដី​មួយ​កន្លែង​ដែល​មាន​ទំហំ​ប្រហែល ៣​ហិកតារ មាន​របង​ឡោម​ជុំ​ជិត មាន​ស្រះ​ទឹក​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​នេះ និង​ព័ទ្ធ​ជុំវិញ​ដោយ​វាល​ស្រូវ​វាល​ស្រែ ហើយ​នៅ​ពេល​មាន​មនុស្ស​ចេញ​ចូល អ្នក​យាម​ត្រូវ​ចាក់​សោ​ទ្វារ​ជាប់​ជានិច្ច។

នៅ​ម៉ោង​ប្រមាណ​ជាង ១១​ថ្ងៃ​ត្រង់ អ្នក​រស់នៅ​ក្នុង​មណ្ឌល​នេះ​បាន​ដើរ​ចេញ​ក្រៅ​បន្ទប់​ជា​ហ្វូង ទំនង​ជា​សំដៅ​ទៅ​ទទួល​ទាន​អាហារ។ មិន​យូរ​ប៉ុន្មាន ពួក​គេ​បាន​វិល​មក​តាម​បន្ទប់​រៀងៗ​ខ្លួន​វិញ។

សំឡេង​ស្រែក​ច្រៀង​ជា​ក្រុម​បាន​បន្លឺ​ឡើង ខាង​ផ្នែក​ស្ត្រី​គេ​ច្រៀង​មួយ​ក្រុម ប្រុសៗ​គេ​ច្រៀង​មួយ​ក្រុម សុទ្ធតែ​បទ​ស្នេហា។ ស្រប​គ្នា​នោះ សំឡេង​កុមារ​តូច ទារក និង​សំឡេង​ជេរ​ប្រទេច​គ្នា​ដោយ​ពាក្យ​អសុរោះ ក៏​លាន់​ឮ​ដែរ។

មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មជ្ឈមណ្ឌល​នេះ មាន​រោងចក្រ​ដេរ​សម្លៀកបំពាក់​មួយ។ អ្នក​លក់​ដូរ​ម្នាក់​នៅ​ក្បែរ​នោះ បាន​ឲ្យ​ដឹង​ថា ញឹកញាប់​ណាស់​ដែល​គាត់​តែង​បាន​ឃើញ​អ្នក​ជាប់​ឃុំ​ផ្លោះ​របង​រត់​ទាំង​ថ្ងៃ ប្រុស​ក៏​មាន ស្រី​ក៏​មាន ទំនង​ពិបាក​រស់នៅ​ក្នុង​មណ្ឌល​នេះ។ អ្នក​យាម​មណ្ឌល​បាន​ដេញ​យ៉ាង​ប្រកៀក​ប្រកិត ប៉ុន្តែ​ពួក​គេ​បាន​រួច​ខ្លួន​ដោយ​សុំ​រថយន្ត​គេ​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ជិះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។