តុលាការ​លើក​ពេល​ជំនុំ​ជម្រះ​សំណុំរឿង​មន្ត្រី អាដហុក និង​មន្ត្រី គ.ជ.ប ទៅ​ខែ​កញ្ញា​ខាង​មុខ​

ដោយ វ៉ែន សុមេធ
2018-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។
ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។
Photo: RFA

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​សំណុំ​រឿង​មន្ត្រី​សមាគម អាដហុក និង​មន្ត្រី គ..ប ទៅ​ថ្ងៃទី ១៨ ខែ​កញ្ញា ខាង​មុខ​វិញ។ ការ​លើក​ពេល​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​ក្រុម​មេធាវី ដោយសារ​តួ​អង្គ​សំខាន់ៗ មួយ​ចំនួន​ក្នុង​សំណុំរឿង​អវត្តមាន​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី២៧ សីហា។

សវនាការ​លើ​អង្គ​សេចក្តី​នៃ​សំណុំ​រឿង​​​​មន្ត្រី អាដហុក ៤រូប និង​មន្ត្រី គ..ប មួយ​រូប មិន​អាច​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក​ឡើយ​ព្រោះ​មន្ត្រី អាដហុក ២រូប មិន​ទទួល​បាន​ដីកា​កោះ និង​អវត្តមាន​សាក្សី​ជា​ច្រើន​រូប។

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក សឺង សែនករុណា ថ្លែង​ថា លោក នី ចរិយា លោក យី សុខសាន្ត និង​លោក​ ណៃ វង់ដា បាន​ចូល​រួម​ក្នុង​សវនាការ ដោយ​ឡែក​លោក នី សុខា និង​អ្នកស្រី លឹម មុនី បាន​អវត្តមាន ព្រោះ​ពួក​គាត់​មិន​ទទួល​បាន​ដីកា​ពី​តុលាការ។ ចំណែក​សាក្សី​ចំនួន ៧រូប ដែល​ត្រូវ​មក​បំភ្លឺ​ក្នុង​សវនាការ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​មក​ចូលរួម ដោយ ៦នាក់​ទៀត អវត្តមាន។ ក្នុង​នោះ​ក៏​មាន​ទាំង​អ្នក​នាង ខុម ចាន់ដារ៉ាទី ហៅ​ស្រី​មុំ ដែល​ជា​តួ​អង្គ​ដ៏​សំខាន់​ក្នុង​សំណុំ​រឿង​នេះ​ផង​ដែរ។ លោក សឺង សែន​ករុណា មិន​ពេញ​​ចិត្ត​ឡើយ ចំពោះ​ភាព​ឆក​ល្វែង​នៃ​ការ​​អនុវត្ត​ការងារ​របស់​មន្ត្រី​តុលាការ ដែល​មិន​បាន​បញ្ជូន​ដីកា​ទៅ​ដល់​ដៃ​ជន​ត្រូវ​ចោទ ធ្វើ​ឱ្យ​សវនាការ​លើ​សំណុំ​រឿង​នេះ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​ទៀត ខណៈ​សហការី​របស់​លោក និង​លោក នី ចរិយា ផង បាន​ទន្ទឹង​រង់​ចាំ​យុត្តិធម៌​អស់​រយៈ​ពេល​ជាង ២ឆ្នាំ​ទៅ​ហើយ៖ «យើង​មាន​ការ​សោក​ស្ដាយ​ចំពោះ​រឿង​នេះ ដែល​ការ​ចាត់​ចែង​មិន​ទាន់​មាន​ដំណើរ​ការ​ល្អ ហើយ​យើង​សង្ឃឹម​ថា សវនាការ​ដែល​លើក​ពេល​នេះ នឹង​មាន​ភាគី​ពាក់​ព័ន្ធ​ទាំ​ង​អស់​ចូល​រួម​ទាំង​អស់​គ្នា​ ​ដេញ​ដោល​ឱ្យ​ដឹង​ពី​អង្គ​សេចក្ដី​ពី​ភាគី​ទាំងអស់ ​ដើម្បី​ឱ្យ​ដំណើរ​ការ​យុត្តិធម៌​បាន​មើល​ឃើញ​ទាំង​អស់​គ្នា កុំ​ឱ្យ​អវត្តមាន​អ្នក​ណា​ម្នាក់​ដែល​ជា​ផ្នែក​នៃ​ព័ត៌មាន​ដើម្បី​បំភ្លឺ​ក្នុង​សវនាការ​នោះ»

អាស៊ី​សេរី​មិន​អាច​រក​ប្រភព​​​​ទាក់ទង​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ និង​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​ទទួល​ខុស​ត្រូវ​រឿង​បញ្ជូន​ដីកា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ សីហា ហើយ​មន្ត្រី​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក លី សុផាណា ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

មន្ត្រី​សមាគម អាដហុក លោក យី សុខសាន្ត សរសេរ​នៅ​លើ ហ្វេសប៊ុក របស់​លោក​សម្ដែង​ការ​ខក​ចិត្ត ចំពោះ​ស្ថាប័ន​តុលាការ​ដែល​យក​សំណុំ​រឿង​របស់​ពួក​លោក​មក​លេង​សើច ដោយ​មិន​បាន​គិត​គូរ​អំពី​សិទ្ធិ​អ្នក​ជាប់​ឃុំ ដែល​ទទួល​រង​ការ​ឈឺ​ចាប់ ព្រោះ​តែ​ធ្វើ​ការងារ​សិទ្ធិមនុស្ស។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​​សមាគម អាដហុក ចំនួន ៤រូប រួម​មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និង​អ្នក​ស្រី លឹម មុនី ព្រម​ទាំង​អគ្គលេខាធិការ​រង គ..ប និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​សមាគម អាដហុក លោក នី ចរិយា ផង បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់​ដារ៉ាទី ហៅ ស្រីមុំ។ អ្នក​ទាំង ៥ ត្រូវ​បាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​​រយៈពេល​ជាង ១ឆ្នាំ មុន​នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ ២០១៧ កន្លង​ទៅ។ ក្រោយ​ចេញ​ពី​ពន្ធនាគារ សំណុំរឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​អស់​រយៈ​ពេល​ជាង ១ឆ្នាំ​ថែម​ទៀត មុន​នឹង​ត្រូវ​បាន​លើក​យក​មក​ជម្រះ​អង្គ​សេចក្ដី​នៅ​ថ្ងៃ​ទី២៧ សីហា ក៏​ប៉ុន្តែ​សវនាការ​នេះ​មិន​អាច​ដំណើរ​ការ​បាន​ដូច​ការ​គ្រោង​ទុក​ឡើយ ព្រោះ​អវត្តមាន​តួ​អង្គ​សំខាន់ៗ ក្នុង​សំណុំ​រឿង។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​នោះ បាន​ទន្ទឹង​រង់​ចាំ​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​របស់​ខ្លួន​ពី​ការ​ជំនុំ​ជម្រះ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ​ទៅ​ហើយ មិន​គួរ​ណា​តុលាការ​បំពេញ​ការងារ​ដោយ​ខ្វះ​ចន្លោះ​បែប​នេះ​ឡើយ។ លោក​ជំរុញ​ឱ្យ​តុលាការ​កែប្រែ​នូវ​ចំណុច​ខ្វះ​ខាត​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សវនាការ​នៅ​ថ្ងៃ​ទី១៨ កញ្ញា ខាង​មុខ ដំណើរ​ការ​ទៅ​ដោយ​រលូន៖ «សំណុំ​រឿង​របស់​គាត់​មិន​ទាន់​ត្រូវ​បាន​បញ្ចប់ នោះ​គាត់​មិន​មាន​សេរីភាព​ពេញ​លេញ​នៅ​ក្រៅ​ឃុំ ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​បំពេញ​ការងារ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ពេញលេញ។ ប្រសិន​បើ​ករណី​របស់​គាត់​ត្រូវ​បាន​ទម្លាក់​ចោលការ​ចោទ​ប្រកាន់ នោះ​គាត់​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បំពេញ​ការងារ​របស់​គាត់​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច»

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន ៥​រួម​មាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch អង្គការ​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ (SEAPA) អង្គការ​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស (APHR) និង​អង្គការ​មួយ​ចំនួន​ទៀត ចាត់​ទុក​សំណុំ​រឿង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥រូប​នេះ ថា​ជា​រឿង​ប្រឌិត និង​មាន​ចរិត​នយោបាយ។ អង្គការ​ទាំង​នេះ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ និង​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​​ឱ្យ​ពួក​គេ​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល