មន្ត្រី​ឧត្ដមស្នងការ​នៃ​អ.ស.ប​ទទួលបន្ទុក​សិទ្ធិមនុស្ស​ចុះ​អង្កេត​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ខែ សុណង
2020.02.16
UN Human Rights ស្លាកសញ្ញា​សម្គាល់​​រថយន្ត​​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (UN Human Rights)។
រូប៖ ពលរដ្ឋ

មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​រំពឹង​ថា អាជ្ញាធរ​ខេត្ត​នេះ​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​គោរព​សិទ្ធិមនុស្ស អហិង្សា​និង​ប្រុងប្រយ័ត្ន​ជាង​មុន​។ ក្តី​សង្ឃឹម​នេះ ក្រោយ​មន្ត្រី​ឧត្តមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចុះទៅ​អង្កេត​ករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ដឹង​ថា មន្ត្រី​ឧត្តមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចំនួន ៥​រូប បាន​ចុះ​ជួប​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​និង​មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​នេះ​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ករណី​ជម្លោះដីធ្លី និង​វិធានការ​របស់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​ក្នុង​តំបន់​នីមួយៗ​ក្នុង​ខេត្ត​ព្រះសីហនុ។

ប្រធាន​សហគមន៍​សេអ៊ី​៥ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត ដែល​បាន​ជួប​មន្ត្រី​ឧត្តម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ឱ្យ​អាស៊ីសេរី​ដឹង​ថា មន្ត្រី​ទាំងនោះ​ចង់​ដឹង​ថា ករណី​អាជ្ញាធរ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ក្នុង​ខេត្ត​នេះ ការ​ផ្តល់​ដីធ្លី ឬ​សំណង​ដល់​ពលរដ្ឋ​ដែរ​ទេ​? លោក​បន្ត​ថា ក្នុង​ពេល​មន្ត្រី​យូអ៊ិន​សាកសួរ​លោក និង​សាកសួរ​ពលរដ្ឋ​ផ្សេងទៀត​ក៏​មាន​ការ​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែរ៖ «ខាង​យូនអ៊ិន​គេ​សួរ​ថា តើ​ដេញ​ប្រជាពលរដ្ឋ​មាន​សំណង​អី​ឱ្យ​ប្រជាពលរដ្ឋ​ឬក៏​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​អី រក​ទីតាំង​ណាមួយ​សម្រាប់​ពលរដ្ឋ​ដែល​ក្រីក្រ គេ​សួរ​ព័ត៌មាន​ទាំងអស់​ហ្នឹង»

ពលរដ្ឋ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​ឧត្ដមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​មក​សាក​សួរ​ព័ត៌មាន​ពី​លោក​កាល​ពីដើម​ខែ​កុម្ភៈ​។ លោក ស៊ុន សុផាត យល់​ថា នៅ​មន្ត្រី​យូអ៊ិន​ស្វែងយល់​ពី​ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត នឹង​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយមាន​ការ​គោរព​សិទ្ធិមនុស្ស​ជាង​មុន​។

ដូចគ្នា​នេះ​ដែរ អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី ឱ្យ​ដឹង​ដែរ​ថា មន្ត្រី​ឧត្ដមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​បាន​ទៅ​សួរនាំ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ​ខេត្ត ។ អ្នកស្រី​បន្ត​ថា មន្ត្រី​យូអ៊ិន​ក៏បាន​ស្នើ​ជួប​ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​​ករណី​ជម្លោះដីធ្លី​ដែរ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ក្នុង​ខេត្ត​មិន​អនុញ្ញាត​ឱ្យ​ចូល​ជួប​នោះ​ទេ៖ «ខាង​ពន្ធនាគារ​អត់​ឱ្យ​ចូល​ទេ ថ្ងៃ​ហ្នឹង​ខ្ញុំ​បាន​ទៅជា​មួយ​ពួកគាត់​(​មន្ត្រី​យូអ៊ិន) គេ​ថា​ដោយសារ​មាន​បញ្ហា​កូរ៉ូណា»

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង និង​មន្ត្រី​ឧត្តមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចុះទៅ​អង្កេត​ករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​នៅឡើយ​ទេ​។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្វាគមន៍​គ្រប់​ភាគី​ទាំងអស់​ដែល​ចុះ​មក​សង្កេត​នៅ​ក្នុង​ខេត្ត​នេះ។ មន្ត្រី​អ្នកនាំពាក្យ​ដដែល​ថ្លែង​ការពារ​ចំណាត់ការ​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ខេត្ត​នេះ ថា​គឺ​អនុវត្ត​តាម​ច្បាប់​ត្រឹមត្រូវ៖ «ការ​អនុវត្ត​ការងារ​គឺ​យើង​ធ្វើតាម​ច្បាប់​ទាំងអស់ អត់​មានការ​រំលោភ​សិទ្ធិ អត់​មានការ​គំរាមកំហែង តែ​ក្នុង​ករណី​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ចូល​មក​ចាប់ដី​កម្មសិទ្ធិឯកជន ឬក៏​ដី​សាធារណៈ​របស់​រដ្ឋ​គឺ​រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​ច្បាប់​ដូចគ្នា​អ៊ីចឹង»

ប៉ុន្តែ មន្ត្រី​សមាគម​អាដហុក អ្នកស្រី ជៀប សុធា​រី លើកឡើង​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ប្រើ​វិធានការ​ក្តៅ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ​ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​ចូល​រស់នៅ​លើ​ដី​រដ្ឋ​និង​ការ​មានការ​ចាប់ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ​ថែមទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។