កម្មករ​ខ្មែរ​ក្រោម​មួយ​ក្រុម​ ត្រូវ​បាន​រោងចក្រ​ផលិត​​គ្រឿង​សង្ហារិម​នៅ​ខេត្ត​ដុង​ណាយ

ដោយ វ៉ែន សុមេធ
2020.07.09
kkk_map_305 ផែនទី​នៃ​ទឹក​ដី​កម្ពុជា​ក្រោម។
KI media

កម្មករ​ខ្មែរ​ក្រុម​មួយ​ក្រុម​​ធ្វើ​ការ​នៅ​រោង​ចក្រ​ផលិត​សង្ហារិម​មួយ នៅ​សួន​ឧស្សាហកម្ម​ក្នុង​ខេត្ត​វាល​ប្រើស​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ដូនណៃ (Dong Nai) ត្រូវ​បាន​រោង​ចក្រ​បណ្ដេញ​ចេញ​ពី​ការ​ងារ​បន្ទាប់​ពី​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា ពួក​គេ​​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ និង​ធ្វើ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ។

អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​ក្រោម​ហៅ​ថា ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ និង​រើស​អើង​ជាតិ​សាសន៍។ និង​ទាមទារ​ឱ្យ​វៀតណាម​កែ​ប្រែ​ឥរិយាបថ​នេះ  ។

កម្មករ​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ យឿង ខាយ ក្នុង​ចំណោម​កម្មករ​រាប់​សិប​នាក់​ទៀត​ដែល​ត្រូវ​បាន​រោង​ចក្រ​ផលិត​សង្ហារិម​ ឈ្មោះ សាលីម ភូនីទ័រ (Sanlim Funiture) ប្រាប់​​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៦ កក្កដា​ថា លោក​ត្រូវ​បាន​ដេញ​ចេញ​ពី​ការងារ​តាំង​ពី​ដើម​ខែ​កុម្ភៈ​រហូត​មក​ដល់​ពេល​នេះ។

លោក យឿង ខាយ រៀប​រាប់​បន្ត​ថា កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០២០ នគរបាល​ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា សុក ត្រាំង (Soc Trang) សហការ​ជា​មួយ​នគរ​បាល​ខេត្ត​វាល​ប្រើស​ដែល​វៀត​ណាម​ដាក់​ឈ្មោះ​ថ្មី​ថា ដូន ណៃ (Dong Nai) កោះ​ហៅ​លោក​ទៅ​សម្លុត ​គំរាម​កំហែង​​ថា​ លោក​ឃុបឃិត​នឹង​ខ្មែរ​ក្រោម​នៅ​ក្រៅ​ស្រុក​ចង់​ផ្ដួល​រំលំ​ រដ្ឋាភិបាល​វៀតណាម។

លោក យឿង ខាយ ខំ​រៀប​រាប់​បន្ត​ថា ទី​បំផុត​នគរបាល​វៀតណាម​ចោទ​ប្រកាន់​លោក​ថា ធ្វើ​ឲ្យ​វឹក​វរ​​ក្នុង​សង្គម​ ព្រោះ​លោក​បាន​បង្ហោះ​សារ​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ហើយ​និង​ទាក់​ ទង​ជាមួយ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ស្រុក។

លោក យឿង ខាយ បាន​បញ្ជាក់​ថា លោក​បាន​បង្ហោះ​វីដេអូ ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​​កម្ពុជាក្រោម និង​មាន​ទំនាក់​ទំនង​ ជា​មួយ​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ ជា​ធម្មតា​ប៉ុណ្ណោះ​ មិន​មែន​ធ្វើ​រឿង​នយោបាយ ​ដូច​វៀតណាម​ចោទ​ប្រកាន់​នោះ​ទេ៖ «ដូច​ថា​កូន​បង្ហោះ​ព័ត៌មាន​ ប្រវត្តិសាស្ត្រ​ ប្រវត្តិ​អី និយាយ​រឿង​ទឹក​ដី​កម្ពុជា​ក្រោម​អីចឹង ដល់​ហើយ​នគរ​បាល​ខេត្ត​ខាង​សន្តិសុខ​ជាតិ​ គេ​ចោទ​អ៊ីចឹង ចោទ​ថា​ ទោស​មាន​ នយោបាយ​ ខាង​នយោបាយ​ ធ្វើ​ឲ្យ​ប្រទេសជាតិ ​រំជើប​រំជួល​ អី​ហ្នឹង»

ចំណែក​កម្មករ​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ​ចៅ ជា ធ្វើ​ជាង​សំណង់​នៅ​ខេត្ត ប៊ិញ យឿង (Binh Duong) ​អះអាង​ថា មិន​មែនមាន​តែ​រោង​ចក្រ​សង្ហារិម​នៅ​ខេត្ត វាល​ប្រើ ឬ ដូន ណៃ (Dong Nai) ហ្នឹង​មួយ​ទេ រោង​ចក្រ​នៅ​កន្លែង​ដទៃ​ទៀត​ក៏​គេ​រើស​អើង​ខ្មែរ​ក្រោម​អ៊ីចឹង​ដែរ៖ «ក្រុម​ហ៊ុន​ខ្លះ ឃើញ​ខ្មែរ​យើង​ចូល​ទៅ​សុំ​ធ្វើ​ការ​ងារ​ អត់​ទទួល​ទេ​ ពេល​មើល​អា​លិខិត​សុំ​ចូល​ធ្វើ​ការ​ហ្នឹង​ គ្រាន់​តែ​ឃើញ​ថា​ខ្មែរ​គេ​មិន​ទទួល​ហើយ​ តិច​នឹង​មាន​ខ្មែរ​យើង​ធ្វើ​ហោង​​ បាន​ធ្វើ​ប្រធាន​ក្រុម​ហ្នឹង​ មេការ​ ឬ​ក៏​ធ្វើ​ធំ​អី​ បាន​លុយ​ច្រើន​ តិច​ណាស់។ ពេល​​ខ្លះ​​ខ្មែរ​ក្រោម​ ទៅ​ធ្វើ​ការ​បាន​ ដោយ​សារ​តែ​កន្លែង​ស្គាល់ឬ​កន្លែង​ណា​ ដែល​ខ្មែរ​ធ្លាប់​ចូល​ធ្វើ​បាន​ទេតែ​ក្រុម​ហ៊ុន​ដែល​ល្បី​ៗខ្មែរ​មិន​ងាយ​បាន​ចូល​ទេ»

អគ្គ​លេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​លោក សឺន ជុំជួន បាន​លើក​ឡើង​ថា​ ទង្វើ​នេះ​ គឺ​ជា​ទង្វើ​រើសអើង​ជន​ជាតិ​ដើម និង​រំលោភ​សិទ្ធិ​មនុស្ស។

លោក សឺន ជុំ ជួន​បន្ថែម​ថា វៀតណាម​ជា​ប្រទេស​ហត្ថលេខី​ទទួល​ស្គាល់​សិទ្ធិមនុស្ស​ជា​សកល​ ហើយ​ពិសេស​បាន​ទទួល​ស្គាល់​សិទ្ធិ​ជន​ជាតិ​ដើម​ទៀត​ផង។ លោក​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល​វៀតណាម ឈប់​ប្រកាន់​រើសអើង​ជនជាតិ​ដើម​ខ្មែរ​ក្រោម ដែល​ជា​ម្ចាស់​ទឹក​ដី​ខ្មែរ​ក្រោម៖ «សុំ​សំណូម​ពរ​ដល់​រដ្ឋាភិបាល​វៀតណាម​ណា គួរ​ស្វែង​រក​ដំ​ណោះ​ស្រាយ​នូវ​អ្វី​ ដែល​ជា​ការ​ អន្តរា​គមន៍​របស់​យុវជន​ ឬ​ក៏​ពិចារណា​នូវ​អ្វី​ ដែល​ជា​ការ​ស្នើ ឬ​ក៏​ការ​អន្តរាគមន៍​ របស់​អង្គ​ការ​សមាគម​ខ្មែរ​ក្រោម​ ដែល​យើង​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​ អាជ្ញាធរ​គួរពិនិត្យ ពិចារណា​នៅ​លើ​ចំណុច​ល្អ​នេះ ​បើ​មិន​ដូច្នោះ​ទេ ​ កា​រតស៊ូ​របស់​ខ្មែរ​ក្រោម​នៅ​តែ​មាន​ការ​កើត​ឡើង​ សម្រាប់​វៀតណាម​ជានិច្ច​ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់ខ្ញុំ​ ជូន​ទៅ​ដល់​រដ្ឋាភិបាល​វៀតណាម»

យោង​តាម​ប្រភព​សារ​ព័ត៌មាន​ព្រៃនគរ​ផ្សាយ​ថា ចាប់​ទាំង​ពី​ឆ្នាំ២០១៧ រហូត​មក​ដល់​ពេល​នេះ សួន​ឧស្សាហកម្ម ក្នុង​ខេត្ដ ដុង ណាយ បាន​ដេញ​កម្មករ​ខ្មែរ​ក្រោម​ ជាង ២០០​នាក់​មក​ហើយ ក្រោម​ហេតុ​ផល​នយោបាយ និង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។