អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​អំពើ​ហិង្សា​លើ​កម្មករ

ដោយ ខែ សុណង
2014.04.30
Share on WhatsApp
Share on WhatsApp
កម្មករ ប៉ូលិស ផ្លូវ​វ៉េងស្រេង ៦១០ បាតុករ​ដែល​ត្រូវ​កម្លាំង​ចម្រុះ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ម្ដុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Jeevita

អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ និង​ដោះស្រាយ​បញ្ហា​កម្មករ​ដោយ​សន្តិវិធី មិន​គាប​សង្កត់​តាម​ផ្លូវ​តុលាការ ទម្លាក់​ការ​ចោទ​ប្រកាន់ ដោះលែង​មនុស្ស ហើយ​បើក​ការ​ស៊ើបអង្កេត​រក​ជន​ប្រព្រឹត្ត​បាញ់​សម្លាប់​កម្មករ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ​និង​អន្តរជាតិ ស្រប​ពេល​ដែល​ពិភពលោក និង​ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា លើក​ទី​១២៨ ក្នុង​ឆ្នាំ​២០១៤ នេះ។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ថា រដ្ឋាភិបាល​កម្ពុជា បាន​ខកខាន​ក្នុង​ការ​គោរព​សិទ្ធិ​ការងារ ដោយសារ​កម្មករ​នៅ​តែ​រង​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ជា​ច្រើន។ លោក​ថា ការ​រំលោភ​សិទ្ធិ​ការងារ​មិន​ត្រូវ​បាន​ដោះស្រាយ​ជូន​កម្មករ និង​មិន​ទាន់​បាន​យក​ចិត្ត​ទុកដាក់​ដល់​ស្ថានភាព​រស់នៅ​របស់​កម្មករ​ឲ្យ​បាន​សមរម្យ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា នៅ​ដើម​ឆ្នាំ​២០១៤ គឺ​ជា​ឧទាហរណ៍​មួយ​ដែល​ស​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​ដែល​បាន​តវ៉ា​ដោយ​សន្តិវិធី។ សមាគម​នេះ​នៅ​តែ​បន្ត​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ជំរុញ​ឲ្យ​អោយ​មាន​ការ​គោរព​សិទ្ធិ​ការងារ ពិសេស​សិទ្ធិ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា៖ «ក្នុង​នោះ​យើង​មើល​តាំង​ពី​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ ក៏​ដូច​ជា លក្ខខណ្ឌ​នៃ​ការ​តវ៉ា​ផ្សេងៗ ដែល​កម្មករ​មាន​សិទ្ធិ​មួយ​ធានា​ដោយ​ច្បាប់​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើការ​រារាំង ឬ​ក៏​បង្ក្រាប​បំបិទ​សិទ្ធិ​សេរីភាព ក្នុង​ការ​តវ៉ា​ទាំង​អស់​នោះ កុំ​ឲ្យ​ធ្វើការ​តវ៉ា​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ យើង​ចង់​បង្ហាញ​ទៅ​សាធារណជន​ថា កម្ពុជា​ពុំ​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ​កម្ពុជា អនុសញ្ញា​អន្តរជាតិ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធានា​ទៅ​លើ​សិទ្ធិ​កម្មករ​ហ្នឹង»

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​សរសេរ​រំលឹក​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​បង្ក្រាប​ក្នុង​ពេល​ចេញ​តវ៉ា​របស់​កម្មករ​ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​ដោយ​ប្រើ​កម្លាំង​លើសលប់ កាល​ពី​ពេល​ថ្មីៗ​នេះ។ ករណី​តវ៉ា​ដោយ​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​ពេល​ពួកគេ​ព្យាយាម​ដើរ​មក​រក​អន្តរាគមន៍​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​កងកម្លាំង​រដ្ឋាភិបាល កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក រ័ត្ន ស្រាង និង​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ នៅ​ចំណុច​ស្ពាន​ស្ទឹងមានជ័យ ដោយ​ប្រើប្រាស់​កាំភ្លើង​គ្រាប់​ពិត រថយន្ត​ពន្លត់​អគ្គិភ័យ ខែល និង​ដំបង​ឆក់ វាយ​និង​បាញ់​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់ ឈ្មោះ ហេង សុខុម អាយុ ៤៩​ឆ្នាំ ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​រង​របួស កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ទន្ទឹម​នឹង​គ្នា​នេះ ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ​ប៉ូលិស​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ ៧​អង្គ និង​មនុស្ស​ចំនួន ៣១​នាក់​ផ្សេង​ទៀត បន្ទាប់​មក​ដោះលែង​វិញ នៅ​សល់​តែ​យុវជន ២​នាក់​កំពុង​ជាប់​ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា បទ​ជេរ​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​ពី​បទ​រារាំង​អ្នក​រាជការ​សាធារណៈ។

សេចក្ដី​ថ្លែងការណ៍​ដដែល​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ព្រឹត្តិការ​តវ៉ា​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ​របស់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង សួន​ឧស្សាហកម្ម​កាត់ដេរ និង​រោងចក្រ​យ៉ាកជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ថា កង​កម្លាំង​រដ្ឋាភិបាល កង​កម្លាំង​យោធា កង​ឆត្រយោង​លេខ​៩១១ ដឹកនាំ​ដោយ​លោក ចាប ភក្ដី បាន​បង្ក្រាប​ដោយ​ហិង្សា​ធ្ងន់ធ្ងរ​តាម​របៀប​ប្រតិបត្តិការ​សឹក។ ការ​បង្ក្រាប​ដោយ​វាយ​ធ្វើ​ទារុណកម្ម ចាប់​ខ្លួន និង​ប្រើ​អាវុធ​ស្វ័យ​ប្រវត្តិ​បាញ់​គ្រាប់​ពិត​ទៅ​លើ​អ្នក​តវ៉ា បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ៥​នាក់ និង​របួស​ជិត ៤០​នាក់ ហើយ​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់​ដាក់​ពន្ធនាគារ ជាប់​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។ ដោយ​ឡែក​សមត្ថកិច្ច​ដែល​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស រដ្ឋាភិបាល​បាន​ខកខាន​ក្នុង​ការ​ស៊ើបអង្កេត​រក​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ឡើយ។ ករណី​ធំៗ​ទាំង​ពីរ​នេះ សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​បរិយាយ​ថា មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​ប្រើ​អាវុធ​បាញ់​សម្លាប់​មនុស្ស និង​ធ្វើ​ទារុណកម្ម​លើ​បាតុកម្ម​អហិង្សា​យក​មក​ផ្ដន្ទាទោស​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​ខ្លួន​ជន​រងគ្រោះ​ទាំង​នោះ​ដាក់​ពន្ធនាគារ​ទៅ​វិញ។

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ចំពោះ​លើក​ឡើង​នេះ។ លោក​បាន​ហៅ​ការ​លើក​ឡើង​នេះ ថា​មាន​ទិសដៅ​ដើម្បី​ផល​ប្រយោជន៍​របស់​អង្គការ ដែល​ការ​លើក​ឡើង​ពុំ​មាន​ហេតុ​ផល។

លោក ផៃ ស៊ីផាន៖ «គាត់​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ថា ផល​មួយ​ចំហៀង ប៉ុន្តែ​ហេតុ​ដែល​កើត​ឡើង​គាត់​អត់​ដែល​និយាយ។ រហូត​មក​ដល់​ពេល​នេះ តើ​ប្រទេស​ណាមួយ​ដែល​ដោះស្រាយ​បាន ១០០​ភាគរយ? តាម​មើល​អត់​មាន​ទេ ក៏​ប៉ុន្តែ​ប្រទេស​នីមួយៗ ប្រជាជាតិ​នីមួយៗ ប្រឹងប្រែង​ធ្វើ​យ៉ាង​ដូច​ម៉េច​ដើម្បី​ធ្វើ​ឲ្យ​ការវិវឌ្ឍន៍​ហ្នឹង​កាន់​តែ​បន្ត​ទៅ ហើយ​មាន​ភាព​ប្រសើរៗ ភាព​ប្រសើរ​ឡើង​ពី​មួយ​ពេល​ទៅ​មួយ​ពេល ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នេះ​គឺ​ជា​ជោគជ័យ​របស់​ការ​ប្រឹងប្រែង​រដ្ឋាភិបាល ក៏​ដូច​ជា​កម្មករ​ហ្នឹង​ដែរ»

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ និង​ដោះស្រាយ​បញ្ហា​កម្មករ​ដោយ​សន្តិវិធី មិន​គាប​សង្កត់​តាម​ផ្លូវ​តុលាការ ទម្លាក់​ការ​ចោទ​ប្រកាន់​ដោះលែង​មនុស្ស ២៣​នាក់​អោយ​មាន​សេរីភាព ហើយ​បើក​ការ​ស៊ើបអង្កេត​រក​ជន​ប្រព្រឹត្ត​បាញ់​សម្លាប់​កម្មករ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។