អាដហុក​ទទូច​ដល់​ក្រសួង​មហាផ្ទៃ​ឲ្យ​ពន្លឿន​ដោះស្រាយ​រឿង​អាជ្ញាធរ​ខេត្ត​កំពង់ចាម​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​លោក កើត សារ៉ាយ

ដោយ ទីន ហ្សាការីយ៉ា
2024.09.20
អាដហុក​ទទូច​ដល់​ក្រសួង​មហាផ្ទៃ​ឲ្យ​ពន្លឿន​ដោះស្រាយ​រឿង​អាជ្ញាធរ​ខេត្ត​កំពង់ចាម​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​លោក កើត សារ៉ាយ លោក ចាន់ រស្មី (រូប​ទី៣ ខាង​ឆ្វេង) ស្នងការរង ខេត្តកំពង់ចាម បានមកស្នាក់ការអាដហុកខេត្ត​នេះ ស្នើសុំអាដហុក​ឱ្យ​ដោះស្លាកកើតសារ៉ាយចេញ នៅ​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២៤។
Provided photo

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ទទូច​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​ពន្លឿន​នីតិវិធី​ដោះស្រាយ​តាម​សំណើ​របស់​សមាគម ដែល​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​មាន​វិធាន​ការ​ចំពោះ​អាជ្ញាធរ​ក្រុង​កំពង់ចាម ​ខេត្ត​កំពង់ចាម ដែល​បាន​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ កាលពី​ខែ​កក្កដា​កន្លង​ទៅ។

អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៨ ខែ​កញ្ញា​ថា លោក​សោកស្ដាយ​ចំពោះ​ក្រសួង​មហាផ្ទៃ ដែល​អាក់​ខាន​ក្នុង​ការ​ឆ្លើយតប ចំពោះ​សំណើ​របស់​សមាគម។ លោក​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ផ្ដល់​សេវា​រដ្ឋបាល​សាធារណៈ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​​ជំនឿ​ដល់​ពលរដ្ឋ។

លោក យិន ម៉េងលី «យើង​ឃើញ​ថា នៅ​តាម​បណ្ដាល​ខេត្ត​រហូត​ដល់​ស្រុក ឃុំ មាន​ច្រក​ចេញ​ចូល​តែ​មួយ​គោល​បំណង​ក្នុង​ការ​ជួយ​សម្រួល​នូវ​បែប​បទ​រដ្ឋបាល​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង និង​ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយតប​នឹង​តម្រូវការ ប៉ុន្តែ​បែរ​ជា​លិខិត​របស់​សមាគម ដែល​ដាក់​ទៅ​ក្រសួង​ហ្នឹង​បែរជា​មាន​ភាព​យឺតយ៉ាវ​ជាង​មុន​ទៅទៀត កាន់​តែ​លំបាក​ជាង​មុន​ទៅ​ទៀត»

ការ​ទទូច​ជា​ថ្មី​ម្ដង​ទៀត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ នៅ​ពុំ​ទាន់​ឆ្លើយតប ឬ​មាន​វិធានការ​ណាមួយ លើ​រដ្ឋបាល​ក្រុង​កំពង់ចាម​ ដែល​បាន​រុះរើ​បដា​ទាមទារ​ឲ្យ​ដោះលែង​លោក កើត សារ៉ាយ នៅឡើយ​ទេ អស់​រយៈពេល​ជិត​២ខែ​មក​ហើយ។ សមាគម​អាដហុក បាន​ចាត់​ទុក​សកម្មភាព​របស់​រដ្ឋបាល​ក្រុង​កំពង់ចាម​នេះ ជា​ការ​រឹតត្បិត​សេរីភាព​របស់​អង្គការ​សមាគម

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៨ ខែ​កញ្ញា។

មន្ត្រី​នៃ​សមាគម​អាដហុក បាន​លើក​ឡើង​ថា ប្រសិន​បើ​ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​មាន​វិធានការ​សម​ស្រប​ណាមួយ​លើ​រដ្ឋបាល​ក្រុង​កំពង់ចាម ដែល​បាន​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ សមាគម​អាដហុក នឹង​បញ្ចូល​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​ទាំង​នេះ ទៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដើម្បី​ទុក​ឲ្យ​សាធារណៈ​ជន​ជាតិ និង​អន្តរជាតិ​ជា​អ្នក​វាយ​តម្លៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។