ឥទ្ធិពល​​​នៃ​ការ​សរសេរ​ដើម្បី​សិទ្ធិ​មក​​​លើ​​មេ​ដឹក​នាំ​​ខ្មែរ​​និង​​ពិភពលោក

ដោយ វោហារ ជាតិ
2014.05.08
បឹងកក់ កុមារ​អន្តរជាតិ ៦១០ ក្រុម​កុមារ​មក​ពី​សហគមន៍​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ យក​ថ្ងៃ​អបអរ​ទិវា​កុមារ​អន្តរជាតិ អំពាវនាវ​អោយ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ស្នើ​អោយ​ដោះលែង​សកម្មជន​ដីធ្លី​លោកស្រី យ៉ោម បុប្ផា នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Sochivy

អង្គការលើកលែងទោស​អន្តរជាតិ (Amnesty International) ចេញ​របាយការណ៍​មួយ​នៅថ្ងៃទី៧ ឧសភា ឲ្យ​ដឹង​ថា គម្រោង​យុទ្ធនាការ​សកល​​ឈ្មោះ​ថា "ការសរសេរដើម្បីសិទ្ធិ" (Write For Rights)ប្រចាំ​ឆ្នាំ​២០១៣ បាន​បំបែក​ឯកត្តកម្ម​យ៉ាង​ធំធេង​នៅ​ឆ្នាំ​២០១៣ ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ដាក់​សម្ពាធ​លើ​អាជ្ញាធរ​នានា​លើ​សកលលោក ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ ​សំ​ខាន់ៗ ៣​នាក់ ក្នុង​នោះ​មាន​កម្ពុជា​ផង។

"ការសរសេរដើម្បីសិទ្ធិ" ដែល​ភាសា​អង់គ្លេស​ថា Write For Rights​ ឬ Letter Writing Marathon ជា​ឈ្មោះ​គម្រោង​យុទ្ធនាការ​សកល​មួយ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ដើម្បី​ជួយ​ការពារ​សិទ្ធិ​បុគ្គល​ណា ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន ​នៅ​ប្រទេស​នានា​លើ​សកលលោក។

ក្នុង​ចំណោម​អ្នកទោស​​មនសិការ​សំខាន់ៗ ​៣​នាក់ ដែល​អាជ្ញាធ​បាន​ដោះលែង​នោះ មាន​អ្នកទោសខ្មែរ​ម្នាក់​ដែរ គឺ​សកម្មជន​ការពារ​សិទ្ធិ​លំនៅឋាន សហគមន៍​បឹង​កក់ អ្នក​ស្រី យ៉ោម បុប្ផា ដែល​រដ្ឋាភិបាល​ចាប់​ដាក់​គុក ដោយសារ​បាន​តវ៉ា​ការពារ​ផ្ទះសម្បែង​នៅ​បឹង​កក់ ពីការរឹប​អូស​​និង​បណ្ដេញចេញ។

ក្រៅពីនេះ ​មានអ្នកទោស​បុរស​ជនជាតិ រុស្ស៊ី ​ដែល​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំងរដ្ឋាភិបាលរូស្សី គឺ​លោក ប្លាឌីមៀរ អាកីម៉េនកូវ (Vladimir Akimenkov) និង ប្លុគើ (Blogger) ជនជាតិ​ទុយណេស៊ី ​ឈ្មោះ ចាប៊ើ ម៉េជ្រី (Jabeur Mejri)។

យុទ្ធនាការ​នៃការសរសេរដើម្បីសិទ្ធិ ឆ្នាំ​២០១៣ នេះ មិន​ត្រឹម​តែ​បាន​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ដោះលែងអ្នក​ទោស​សំខាន់ ៣​នាក់ នោះ​ទេ តែ​បាន​​ជំរុញ​ឲ្យ​អាជ្ញាធរ​​ដោះលែង​អ្នកទោស ១២​នាក់ នៅ​ប្រទេស​ផ្សេងៗ​ទៀត។

ចំពោះការ​ដោះលែង​អ្នកទោស​ចំនួន ១២​នាក់​នោះ គឺ​ធ្វើឡើង​បន្ទាប់​ពីមាន​មនុស្ស​ប្រហែល ២​លាន ៣​សែន​នាក់ លើ​សកលលោក បាន​ធ្វើ​សកម្មភាព​ទាមទារ​ឲ្យដោះលែងពួកគេ ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ ក្នុង​ឱកាស​ទិវា​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ តាមរយៈយុទ្ធនាការ​នៃការសរសេរដើម្បីសិទ្ធិ​នេះ។

អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ​ចាប់​ដាក់គុក​​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១២ ពី​បទ​ចោរកម្ម។

ដោយឡែក ចំពោះ​​ការ​ដោះ​លែង​​អ្នកស្រី យ៉ោម បុប្ផា វិញ អង្គការ​លើកលែង​ទោស​អន្តរជាតិ រំលេច​ថា ​ក្នុង​យុទ្ធនាការ​នៃការសរសេរ​ដើម្បីសិទ្ធិ​នេះ មាន​ប្រជាពលរដ្ឋ និង​អង្គការ​នានា​ មក​ពី​ប្រទេស​ចំនួន ​៥៤ បាន​ធ្វើសកម្មភាព​ជាង ២​ម៉ឺន ៥​សែន ករណី ទាមទារ​ឲ្យ​ដោះលែង​អ្នក​ស្រី។ ក្នុង​នោះ មាន​លិខិត​​ទាមទារ​ឲ្យ​ដោះលែង​ប្រហែល​ជាង ២​សែន ៥ម៉ឺន​ច្បាប់ បាន​ផ្ញើទៅ​អាជ្ញាធរ​កម្ពុជា និង​លិខិត​លើក​ទឹកចិត្ត​ចំនួន​ជាង ៦​ពាន់​ច្បាប់ បាន​ផ្ញើ​ជូន​អ្នក​ស្រី យ៉ោម បុប្ផា។

ទោះយ៉ាងណា អង្គការលើកលែងទោសអន្តរជាតិ បញ្ជាក់​ថា ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ក៏​ដោយ​សារ​មាន​ការ​ទាមទារ​របស់​​អង្គការសិទ្ធិមនុស្ស​ក្នុង​ស្រុក និង​ប្រជាពលរដ្ឋ​ខ្មែរមួយចំនួនដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។