អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ និងវិបត្តិសិទ្ធិមនុស្ស ដោយសារពលរដ្ឋក្នុងតំបន់បិទខ្ទប់កំពុងប្រឈមនឹងការដាច់ស្បៀង។ អង្គការលើកលែងទោសអន្តរជាតិថា អង្គការនេះ បានទទួលសេចក្តីរាយការណ៍នានាគួរឱ្យភ្ញាក់ផ្អើលដែលថា សូម្បីតែអង្គការសង្គមស៊ីវិលផ្នែកមនុស្សធម៌ ត្រូវបានអាជ្ញាធររដ្ឋាភិបាលរារាំងមិនឱ្យចែកស្បៀងអាហារ និងផ្តល់ជំនួយចាំបាច់ផ្សេងទៀតដល់ពលរដ្ឋនៅក្នុងតំបន់ក្រហម បើទោះបីជាពួកគេត្រូវការជំនួយជាបន្ទាន់យ៉ាងណាក្តី។
បើតាមអង្គការអន្តរជាតិមួយនេះ នៅភ្នំពេញមានពលរដ្ឋប្រមាណជាង ៨ម៉ឺន ៧ពាន់គ្រួសារ (៨៧.៣៤៩គ្រួសារ) ស្មើនឹងជិត ៣សែននាក់ (២៩៣.៧៩១នាក់) កំពុងស្ថិតក្នុងតំបន់បិទខ្ទប់។ រីឯ នៅខេត្តព្រះសីហនុឯណោះវិញ មានពលរដ្ឋជិត ៥ពាន់គ្រួសារ (៤.៨៨៦គ្រួសារ) ស្មើនឹងប្រមាណ ២ម៉ឺន៣ពាន់នាក់ (២៣.៨៥៤នាក់)។
នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការលើកលែងទោសអន្តរជាតិ អ្នកស្រី យ៉ាមីនី មីស្រា (Yamini Mishra) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយនៅថ្ងៃទី៣០ មេសា ថា ការចាត់ចែងខុសយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលក្នុងតំបន់បិទខ្ទប់ កំពុងបង្កើតនូវទុក្ខវេទនា និងការរំលោភសិទ្ធិមនុស្សនៅទូទាំងប្រទេស។ អ្នកស្រីបន្តថា ឥឡូវនេះ ពលរដ្ឋក្នុង «តំបន់ក្រហម» និងនៅតាមកន្លែងដទៃទៀតនៅកម្ពុជាកំពុងតែដាច់បាយ ដោយសារតែគោលនយោបាយមិនសមហេតុផលរបស់រដ្ឋាភិបាល។ អ្នកស្រីជំរុញឱ្យអាជ្ញាធរកម្ពុជាចាំបាច់ត្រូវកែប្រែរបៀបរបបចាត់ចែងការបិទខ្ទប់នេះ ដោយធ្វើការជាមួយអង្គការសង្គមស៊ីវិល និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដើម្បីជួយសម្រួលលទ្ធភាពផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។ អ្នកស្រីថា ពលរដ្ឋគ្រប់រូបក្នុងតំបន់បិទខ្ទប់ ត្រូវតែទទួលបាននូវស្បៀងអាហារហូបចុក ទឹក សេវាថែទាំសុខភាព និងតម្រូវការចាំបាច់នានាដទៃទៀត។
អ្នកស្រីគូសបញ្ជាក់ទៀតថា ពលរដ្ឋកម្ពុជារាប់លាននាក់ បានរងគ្រោះរួចស្រាប់ទៅហើយដោយសារភាពលំបាកលំបិនផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ អស់រយៈពេលពេញមួយឆ្នាំដោយសារជំងឺរាតត្បាតសាកលកូវីដ១៩។ អ្នកស្រីសង្កត់ធ្ងន់ថា សម្រាប់មនុស្សភាគច្រើន ការបិទខ្ទប់ដែលរដ្ឋាភិបាលគ្រប់គ្រងមិនបានត្រឹមត្រូវបែបនេះ បាននាំឱ្យពលរដ្ឋធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌។
ទន្ទឹមនឹងនេះ នាយិកាអង្គការលើកលែងទោសអន្តរជាតិនេះ ក៏អំពាវនាវដល់ស្ថាប័នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនកាន់តែសកម្ម ដើម្បីចែកចាយជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។