សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ទាមទារឲ្យដោះលែងសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ ដោយឥតលក្ខខណ្ឌ
2019.01.22
សមាជិកសភាអាស៊ាន ដើម្បីសិទិ្ធមនុស្ស (APHR) ទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។
ការទាមទារនេះ បន្ទាប់ពីតុលាការរបបក្រុងភ្នំពេញ ឃុំខ្លួនលោក គង់ ម៉ាស់ ក្រោមបទចោទថា ញុះញង់និងបទប្រមាថ ក្រោយពីលោកបានសរសេរសារសម្ដែងមតិរិះគន់របបលោក ហ៊ុន សែន និងសរសេរសារចុងក្រោយថា សហគមន៍អឺរ៉ុបនឹងយកពន្ធលើអង្ករខ្មែរនៅតាមបណ្ដាញសង្គម។ រីឯអ្នកនាំពាក្យរបបក្រុងភ្នំពេញថា កម្ពុជា កំពុងអនុវត្តច្បាប់របស់ខ្លួន។ ដូច្នេះ សមាជិកសភាអាស៊ាន គ្មានសិទ្ធិលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជានោះទេ។
ក្រុមតំណាងរាស្ត្រផ្នែកសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន លើកឡើងថា របបក្រុងភ្នំពេញ ត្រូវតែទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងសកម្មជនបក្សប្រឆាំងលោក គង់ ម៉ាស់ ឲ្យមានសេរីភាព ឡើងវិញជាបន្ទាន់ និងឥតលក្ខខណ្ឌ ព្រោះសកម្មភាពលោក គង់ ម៉ាស់ ពុំបានប្រព្រឹត្តខុសផ្ទុយពីច្បាប់កម្ពុជា និងច្បាប់អន្តរជាតិនោះទេ។
ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២២ មករាថា ការឃុំខ្លួនលោក គង់ ម៉ាស់ គឺជាសកម្មភាពមួយទៀត នៃការបង្ក្រាបអ្នកនយោបាយបក្សប្រឆាំង ដោយរបបលោក ហ៊ុន សែន។ លោកបន្តថា វាគឺជារឿងដែលគួរឲ្យខឹង និងស្អប់ខ្ពើមបំផុត ដែលដឹងថា មនុស្សម្នាក់អាចប្រឈមមុខជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយគ្មានកំហុសអ្វីសោះដោយគ្រាន់តែបង្ហោះសារនៅលើបណ្ដាញសង្គមដោយសន្តិវិធី។ លោក ឆាលស៍ សានទីអេហ្គោ សង្កត់ធ្ងន់ថា លោក គង់ ម៉ាស់ ត្រូវតែទទួលបានសិទ្ធិសេរីភាពពេញលេញឡើងវិញជាបន្ទាន់។
កាលពីសប្តាហ៍មុន លោក គង់ ម៉ាស់ ជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម និង ជាសមាជិកក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង ដែលរបបក្រុងភ្នំពេញរំលាយចោលនោះ ត្រូវបានចាប់ខ្លួន ក្នុងទីក្រុងភ្នំពេញ និងចោទប្រកាន់ពីបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីសរសេរសារបង្ហោះលើបណ្ដាញសង្គម ដូចជា យុទ្ធនាការម្រាមដៃស្អាតកាលពីមុនពេលបោះឆ្នោត ការបង្ហោះ រូបភាពជួបជុំសកម្មជនតាមមូលដ្ឋាន និងសាររិះគន់បែបស្ថាបនាអំពីភាពអសកម្មមួយចំនួនរបស់របបលោក ហ៊ុន សែន រួមមានបញ្ហាព្រំដែន និងករណីចុងក្រោយតម្លៃកសិផលចុះថោក ក្រោយពីសហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជាជាដើម។ លោកអាចប្រឈមជាប់ពន្ធនាគារ រហូតដល់ ២ ឆ្នាំ និង អាចពិន័យជាប្រាក់ជាង៤លានរៀល។
សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស សង្កេតឃើញថា បទចោទទាំងពីរនេះ តែងត្រូវបានតុលាការរបបក្រុងភ្នំពេញ ប្រើប្រាស់ជាញឹកញាប់ ដើម្បីប្រឆាំង នឹងសកម្មជនប្រឆាំងរបបលោក ហ៊ុន សែន។ លោក ឆាលស៍ សានទីអេហ្គោ យល់ថា ការចាប់ខ្លួននេះបង្ហាញយ៉ាងច្បាស់ថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាធ្ងន់ធ្ងរ ហើយថា ពិភពលោក ក៏មិនឆោតល្ងង់លង់ជឿចំពោះការផ្ដល់ "សម្បទានណាមួយ" ដោយរបបលោក ហ៊ុន សែន ចាប់តាំងពីការបោះឆ្នោតមកនោះដែរ។ លោកបន្ថែមថា អាជ្ញាធរកម្ពុជា គួរតែធ្វើឲ្យល្អ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ អំពីបញ្ហាសិទ្ធិមនុស្សដែលលើកឡើងដោយសហភាពអឺរ៉ុបជាមុនសិន ជាជាងការព្យាយាមគេចវេសការជជែកពិភាក្សាលើបញ្ហានេះ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី២២ ខែមករា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ រីឯអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សមាជិកសភាអាស៊ាន ដើម្បី សិទ្ធិមនុស្សនេះ គ្មានអំណាចបង្គាប់បញ្ជានិងលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយក៏មិនឲ្យតម្លៃលើសំដីមកលើស្ថាប័ននេះដែរ៖ «សភាអាស៊ានហ្នឹង ធ្វើតែកិច្ចការសិទ្ធិមនុស្សក្នុងប្រទេសគាត់ទៅបានហើយ។ នៅក្នុងអាស៊ាន មិនទាន់មានឯករាជភាពជាមួយគ្នានៅឡើយទេ ។ម្នាក់ៗ គោរពគ្នាទៅវិញទៅមក។ គាត់គួរតែប្រើប្រាស់ពេលវេលានៃការប្រឹងប្រែងរបស់គាត់ធ្វើឲ្យស្រុកគាត់ល្អ ក្នុងនាមជាសមាជិកអាស៊ាន ហើយនិងគោរពគោលការណ៍របស់អាស៊ាន»។
មេធាវីការពារក្ដីឲ្យលោក គង់ ម៉ាស់ គឺលោក សំ សុគង់ មានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រី រដ្ឋាភិបាល គឺជារឿងផ្សេង ប៉ុន្តែលោកសាទរចំពោះ សេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ព្រោះលោក គង់ ម៉ាស់ គឺជាសកម្មជននយោបាយ ដូច្នេះលោកមានសិទ្ធិសេរីភាព បញ្ចេញមតិរឿងនយោបាយ និងសង្គម៖ «ជាធម្មតាកាលណាគាត់ គឺជាសកម្មជនរបស់គណបក្ស គឺគាត់ត្រូវតែជួបប្រជាពលរដ្ឋ ក៏ដូចជា បញ្ចេញមតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។ អ៊ីចឹងការចោទប្រកាន់ដោយគ្រាន់តែបញ្ចេញមតិ និងចូលរួមក្នុងជីវភាព នយោបាយ គួរតែមានការលើកលែងការចោទប្រកាន់ហើយឲ្យគាត់មានសេរីភាពពេញលេញផងដែរ»។
លោកមេធាវី សំ សុគង់ ឲ្យដឹងដែរថា លោក នឹងដាក់ពាក្យស្នើសុំទៅតុលាការឲ្យដោះលែងកូនក្តីរបស់ លោកបាននៅក្រៅឃុំបណ្ដោះអាសន្ននៅក្នុងសប្ដាហ៍នេះ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការចាប់ឃុំខ្លួនសកម្ម ជនបក្សប្រឆាំងនេះ គឺបានរំលោភរដ្ឋធម្មនុញ្ញ និងរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិរួចទៅហើយ។ ដូច្នេះ ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ាននេះ គឺពួកគេបានមើលឃើញថា ស្ថានភាពនយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងតែមានស្ថានភាពធ្ងន់ធ្ងរ។ លោកបន្តថា ការជំរុញរបស់សហគមន៍អន្តរជាតិ ឲ្យមេដឹកនាំកម្ពុជាគោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងអនុវត្តច្បាប់ដោយយុត្តិធម៌ និងស្មើភាពគ្នាឡើងវិញនេះ មិនមែនជាការលូកលាន់ កិច្ចការផ្ទៃក្នុងកម្ពុជាទេ។ ផ្ទុយទៅវិញ គឺជាការជួយជ្រោមជ្រែងកម្ពុជាឲ្យដើរលើផ្លូវត្រូវប៉ុណ្ណោះ ព្រោះកម្ពុជាខ្លួនឯង បានប្ដេជ្ញាចិត្តគោរពតាមសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «អន្តរជាតិអាចមានចំណាត់ការដាក់ប្រទេសរបស់យើងថា ប្រទេសមួយ ដែលគេកត់សម្គាល់ថា ពិបាកកិច្ចសហការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ លើសពីនេះយើងនឹងអាចត្រូវគេចាត់វិធានការ និងដាក់គំនាបផ្សេងៗ ដែលធ្វើឲ្យកម្ពុជាពិបាកហើយ និងធ្វើឲ្យប៉ះពាល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិដែរ នៅពេលមានកិច្ចប្រជុំ និងការផ្សព្វផ្សាយព័ត៌មានថា កម្ពុជា គឺជាប្រទេសមួយ ដែលមិនសហការ និងទទួលយកអនុសាសន៍ពីអន្តរជាតិ ហើយមានការធ្វើបាប និងរឹតត្បិតលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយជាដើម»។
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានកត់សម្គាល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បន្ទាប់ពីគណបក្ស សង្គ្រោះជាតិ ត្រូវបានរំលាយចោល ដោយចេតនារបស់គណបក្សកាន់អំណាចតាមរយៈការប្រើប្រាស់តុលាការកំពូល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបន្ទាប់មកលោក ហ៊ុន សែន និងគណបក្សរបស់គាត់បានរៀបចំការបោះឆ្នោត ដែលគ្មានគូប្រកួត ទោះយ៉ាងណាក្តី ការឈ្នះការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅខែកក្កដា ឆ្នាំ២០១៨ នោះ មិនត្រូវបានសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសលោកសេរី មិនទទួលស្គាល់ និងចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។
រហូតមកដល់ពេលនេះ លោក គង់ ម៉ាស់ ត្រូវបានចាប់ឃុំខ្លួនមួយសប្ដាហ៍ហើយ។ លោក គង់ ម៉ាស់ ធ្លាប់ភៀសខ្លួនចេញពីកម្ពុជាម្ដង ក្រោយពីការរំលាយគណបក្ស សង្គ្រោះជាតិ ដោយសារតែអាជ្ញាធររបប លោក ហ៊ុន សែន តាមធ្វើទុក្ខបុកម្នេញរូបលោក ដើម្បីឲ្យចុះចូលជាមួយគណបក្សកាន់អំណាចប៉ុន្តែលោកមិនព្រមតាម។ លោក គង់ ម៉ាស់ ធ្លាប់អះអាងថា មូលហេតុដែលលោកវិលត្រឡប់ទៅកម្ពុជាវិញ ព្រោះលោក មិនបានធ្វើខុសច្បាប់ ហើយលោកចង់តស៊ូដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។