អាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង បានបន្តប្រើអំពើហិង្សាវាយដុំនិងគំរាម សម្លាប់សកម្មជនខ្មែរកម្ពុជាក្រោមបីនាក់ ដែលហ៊ានងើបឡើងតវ៉ាទាមទារសិទ្ធិស្វ័យសម្រេច។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្កោលទោសអាជ្ញាធរវៀតណាមដែលប្រើប្រាស់អំពើហិង្សាតាមទំនើងចិត្តនិងព្រៃផ្សៃប្រឆាំងនឹងខ្មែរកម្ពុជាក្រោមដែលជាជនជាតិដើម។
សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានស្នើឲ្យវៀតណាមបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពគាបសង្កត់ប្រឆាំងសកម្មជននិងយុវជនខ្មែរកម្ពុជាក្រោម និងគោរពសិទ្ធិសេរីភាពនៃការសំដែងមតិ និងការប្រមូលផ្តុំដោយសន្តិវិធី។ សហព័ន្ធក៏ស្នើឲ្យរដ្ឋាភិបាលវៀតណាម ស៊ើបអង្កេតករណីអាជ្ញាធរខេត្តឃ្លាំងប្រើប្រាស់ហិង្សាវាយដុំ និងគំរាមសម្លាប់លើសកម្មជនខ្មែរក្រោមដើម្បីនាំខ្លួនជនសង្ស័យទៅផ្ដន្ទាទោស។
ប្រតិកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ធ្វើឡើងក្រោយពេលដែលប៉ូលិសវៀតណាមនៅខេត្តឃ្លាំង បានឃាត់ខ្លួនសកម្មជនខ្មែរក្រោមលោក ឡឹម វង្ស និង លោក តោ ហ្វាងចឿង ក្នុងពេលដាច់ដោយឡែកពីគ្នា កាលពីសប្ដាហ៍មុន ទៅកន្លែងសំងាត់ដើម្បីឃុំខ្លួននិងធ្វើទារុណកម្ម។ លោក ឡឹម វង្ស ត្រូវប៉ូលិសវៀតណាមដាល់ចំពោះ និងកញ្ចឹងកជាច្រើនដង បណ្ដាលឲ្យលោករងរបួស។ សហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា អាជ្ញាធរវៀតណាមប្រើប្រាស់ហិង្សានេះ ដោយសារតែ លោក ឡឹម វង្ស ចែកចាយឯកសារសេចក្ដីប្រកាសជាសកលស្ដីពីជនជាតិដើម ទង់ជាតិខ្មែរកម្ពុជាក្រោម និងពាក់អាវយឺតមានទង់ជាតិកម្ពុជាក្រោមទៅដើម្បីឲ្យខ្មែរក្រោមស្វែងយល់ពីអត្តសញ្ញាណនិងវប្បធម៌របស់ពួកគេ។
ដោយឡែកលោក តោ ហ្វាងចឿង ដែលមានបំណងចង់ទៅសួរសុខទុក្ខ លោក ឡឹម វង្ស ក្រោយអាជ្ញាធរវៀតណាមធ្វើទារុណកម្មនោះ ក៏ត្រូវប៉ូលិសវៀតណាមឃាត់ និងនាំខ្លួនទៅកន្លែងសំងាត់ធ្វើទារុណកម្ម។ លោក តោ ហ្វាងចឿង ត្រូវប៉ូលិសវៀតណាមដាល់ដោយដៃចំថ្ងាសឡើងប៉ោង និងកញ្ចឹងកអស់រយៈពេលជាច្រើនម៉ោង ទើបដោះលែង។ វៀតណាមប្រើប្រាស់ហិង្សាវាយដំរូបលោក តោ ហ្វាងចឿង ពីព្រោះលោកជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមឆ្នើមម្នាក់ ដែលហ៊ានតវ៉ា ទាមទារ សិទ្ធិជនជាតិដើមអស់ជាច្រើនឆ្នាំមកហើយ។ លោក តោ ហ្វាងចឿង ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ មិថុនាថា អាជ្ញាធរ វៀតណាម ក្រៅពីវាយដំរូបលោក ពួកគេក៏គំរាមនឹងសម្លាប់លោក ប្រសិនបើលោកហ៊ានបន្តសកម្មភាពទាមទារសិទ្ធិជនជាតិដើមឲ្យខ្មែរក្រោម។
ទោះបីលោក តោ ហ្វាងចឿង ត្រូវវៀតណាមប្រើប្រាស់ហិង្សា និងគំរាមសម្លាប់ក្ដីលោកប្ដេជ្ញាថា លោកនឹងបន្តសកម្មជនទាមទារសិទ្ធិជនជាតិដើមឲ្យខ្មែរក្រោម។
លោក តោ ហ្វាងចឿង៖ «វៀតណាមធ្វើទារុណកម្មលើរូបប្អូនយ៉ាងណាក៏ដោយ ក៏សកម្មភាពរបស់ប្អូននៅតែបន្តដំណើរឈានទៅមុខទៀត។ មិនថា រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ ប្អូនមិនរាងចាលទេ ប្អូននៅតែបន្តដំណើរទៅមុខដើម្បីជូនបងប្អូនខ្មែរកម្ពុជាក្រោមដប់លាននាក់ មានសិទ្ធសេរីភាព»។
ចំណែក សកម្មជនខ្មែរក្រោមម្នាក់ទៀតថា ឈ្មោះ យ័ញ ម៉ិញក្វាង ក៏ត្រូវវៀតណាម គំរាមសម្លាប់ក្រោយពេលលោកបានដាក់ទង់ជាតិខ្មែរកម្ពុជាក្រោម នៅមុខផ្ទះ និងរក្សាទុកទង់ជាតិផ្សេងទៀតក្នុងផ្ទះរបស់លោក។ អាជ្ញាធរប្រមាណ៣០នាក់បានឡោមព័ទ្ធផ្ទះរបស់លោក និងបង្ខំឲ្យលោកប្រគល់ទង់ជាតិខ្មែរក្រោមឲ្យអាជ្ញាធរវៀតណាម។ កាលពីខែមីនា កន្លងទៅ លោក យ័ញ ម៉ិញក្វាង ក៏ធ្លាប់ត្រូវអាជ្ញាធរវៀតណាមចាប់ទៅវាយឲ្យរងរបួសដោយសារតែលោកពាក់អាវយឺតក្នុងខួប អបអរសាទរថ្ងៃសិទ្ធិនារី ៨ មីនាដោយមានរូបសញ្ញាផែនទី និងទង់ជាតិខ្មែរកម្ពុជាក្រោម។ លោក យ័ញ ម៉ិញក្វាង អះអាងថា ពលរដ្ឋខ្មែរកម្ពុជាក្រោមបានយល់ច្បាស់ពីអត្តសញ្ញាណរបស់ពួកគេដូច្នោះខ្មែរក្រោមប្រើប្រាស់ទង់ជាតិដើម្បីឲ្យកូនចៅជំនាន់ក្រោយដឹងពីប្រវត្តិខ្មែរកម្ពុជាក្រោម។
លោក យ័ញ ម៉ិញក្វាង៖ «ឥឡូវខ្ញុំគ្មានលុយកាក់ទេ ប៉ុន្តែបើមានលុយកាក់ខ្ញុំនឹងចងមកវិញ ខ្ញុំមិនខ្លាចទេ។ ទង់ជាតិហ្នឹងទង់ជាតិដើមគ្មានខុសត្រូវអ្វី នឹងនគរបាលទេ ខ្ញុំបាននិយាយជាមួយវាហើយថា បើខ្ញុំមិនដាក់ម្ដេចគេដឹងថា ខ្ញុំជាជនជាតិដើម។ បងប្អូនខ្មែរគេដាក់ច្រើនណាស់»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអាជ្ញាធរវៀតណាមដើម្បីបកស្រាយជុំវិញការចោទប្រកាន់របស់សកម្មជនខ្មែរកម្ពុជាក្រោមបាននៅឡើយទេ កាលពីថ្ងៃទី២៦ មិថុនា ប៉ុន្តែតំណាងស្ថានទូតវៀតណាមនៅអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សតែងតែ អះអាងថា អាជ្ញាធរវៀតណាមមិនរើសអើងនឹងខ្មែរក្រោម និងមិនបានប្រើប្រាស់អំពើហិង្សា និងគាបសង្កត់ខ្មែរក្រោមឡើយ។
ពាក់ព័ន្ធនឹងរឿងនេះប្រធាននាយកដ្ឋានសហព័ន្ធខ្មែរកម្ពុជាក្រោមព្រះភិក្ខុ សឿង យ៉ឹងរតនា ស្នើឲ្យសហគមន៍ខ្មែរអន្តរជាតិ អង្គការសិទ្ធិមនុស្សចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងវៀតណាមដែលបន្តរំលោភសិទ្ធិមនុស្ស និងដាក់គំនាបឲ្យវៀតណាមប្ដេជ្ញាចិត្តគោរពសិទ្ធិមនុស្ស ខណៈប្រទេសនេះកំពុងមានតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់រយៈពេលបីឆ្នាំ។
ព្រះភិក្ខុ សឿង យ៉ឹងរតនា៖ «អាជ្ញាធរវៀតណាមនៅតែមានមហិច្ឆតាសងសឹកនឹងពលរដ្ឋកម្ពុជាក្រោម នៅទឹកដីកម្ពុជាក្រោម។ គ្រាន់តែខ្មែរក្រោមពីខេត្តមួយទៅខេត្តមួយទាក់ទងគ្នា ប្រាស្រ័យគ្នាប៉ុន្តែត្រូវបានអាជ្ញាធរវៀតណាម កោះហៅសួរចម្លើយ និងធ្វើទារុណកម្ម ប្រើអំពើហិង្សាទៅលើពលរដ្ឋខ្មែរក្រោម។ បាទនេះ ជាការរំលោភសិទ្ធិមនុស្សនៅលើទឹកដីកម្ពុជាក្រោម»។
កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមអស់រយៈពេល៧៤ឆ្នាំមកហើយ។ បច្ចុប្បន្នខ្មែរក្រោមរស់នៅលើទឹកដីកំណើត និងនៅជុំវិញពិភពលោកកំពុងធ្វើយុទ្ធនាការទាមទារឲ្យវៀតណាមទទួលខ្មែរក្រោមជាជនជាតិដើម ដើម្បីមានសិទ្ធិស្វ័យសម្រេច។ យុទ្ធនាការ និងការងើបឡើងទាមទារសិទ្ធិមនុស្សរបស់ខ្មែរក្រោមនេះបណ្តាលឲ្យវៀតណាមចាប់ផ្ដើមរឹតបន្តឹង និងគាបសង្កត់ពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោម រួមមានការគំរាមកំហែង ធ្វើទារុណកម្មនិងចាប់ដាក់ពន្ធនាគារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
