អាជ្ញាធរ​ពិនិត្យ​បណ្ដឹង​ឧទ្ធរណ៍​របស់​ម៉ុងតាញ៉ា​៤៩​នាក់​ដែល​មិន​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន

ដោយ យាង សុជាមេត្តា
2017.07.28
ម៉ុងតាញ៉ា-វៀតណាម ២០១៦ ៨៥៥ ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA

អាជ្ញាធរ​ខ្មែរ​កំពុង​ពិនិត្យ​បណ្ដឹង​ឧទ្ធរណ៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ចំនួន ៤៩​នាក់ ដែល​បាន​សម្ភាស​ធ្លាក់​កាល​ពី​ខែ​មិថុនា។ នៅ​ពេល​ពិនិត្យ​ចប់​សព្វគ្រប់ ប្រសិនបើ​រក​ឃើញ​ថា ជនជាតិ​ម៉ុងតាញ៉ា ទាំង​នេះ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​នោះ​ទេ ពួកគេ​អាច​ប្រឈម​នឹង​ការ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

ជោគវាសនា​របស់​ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ទាំង ៤៩​នាក់​នេះ នឹង​ត្រូវ​ដឹង​ច្បាស់​ក្នុង​រយៈពេល ៤៥​ថ្ងៃ​ក្រោយ​ពី​ពេល​ពួកគេ​បាន​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​ខ្មែរ​ដែល​មិន​បាន​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​ពួកគេ។

ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ក្រោយពី​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​នេះ​បាន​សម្ភាស​ធ្លាក់​នៅ​ក្នុង​វគ្គ​ទី​១ កាល​ពី​កណ្ដាល​ខែ​មិថុនា ពួកគេ​បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ជា​បន្តបន្ទាប់។ បណ្ដឹង​ឧទ្ធរណ៍​នេះ គឺ​ជា​ដំណាក់កាល​ចុង​ក្រោយ​បង្អស់​ដើម្បី​ឲ្យ​អាជ្ញាធរ​ពិនិត្យ​សម្រេច​ពី​ឋានៈ​ជា​ជនភៀសខ្លួន​របស់​ពួកគេ។ លោក​ថា ក្នុង​ចំណោម​បណ្ដឹង​ឧទ្ធរណ៍​របស់​ជនជាតិ​ម៉ុងតាញ៉ា ទាំង ៤៩​នាក់​នេះ អាជ្ញាធរ​ពិនិត្យ​បាន​ប្រហែល ៤០​ភាគរយ​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​អ្នក​ធ្លាក់ ឬ​ជាប់​ក្នុង​ចំណោម​អ្នក​ពិនិត្យ​រួច​នេះ​នៅ​ឡើយ។

​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​អម​ដំណើរ​ដោយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ បន្ទាប់​ពី​ពួកគេ​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀសខ្លួន។ លោក តាន់ សុវិជ្ជា បញ្ជាក់​ថា មុន​នឹង​បញ្ជូន​ទៅ​វិញ​នេះ ខាង​ភាគី​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​វៀតណាម រួច​ហើយ ដើម្បី​ធានា​ថា សុវត្ថិភាព​របស់​ជន​ជាតិ​ម៉ុងតាញ៉ា ទាំង​អស់​នេះ នឹង​ត្រូវ​ធានា​ដើម្បី​រួចផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នានា ហើយ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​តាម​ដាន​ពី​ការ​រស់​នៅ​របស់​ពួកគេ។

ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក មាន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម យ៉ាង​ហោច​ណាស់​ក៏ ៣​ពាន់​នាក់​ដែរ​បាន​រត់​កាត់​ព្រៃ​ឆ្លងដែន​ចូល​កម្ពុជា តាម​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន។ រលក​នៃ​ការ​រត់​គេច​ខ្លួន​ចុង​ក្រោយ គឺ​នៅ​ចុង​ឆ្នាំ​២០១៤។ ជនជាតិ​ម៉ុងតាញ៉ា អះអាង​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ជាដើម។

​បច្ចុប្បន្ន​មាន​ជនជាតិ​ម៉ុងតាញ៉ា ៥២​នាក់ កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ។ ក្នុង​ចំណោម ៥២​នាក់​នេះ មាន ៣​នាក់​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​រួច​ហើយ ខណៈ​ដែល ៤៩​នាក់​ផ្សេង​ទៀត​កំពុង​បន្ត​ប្ដឹង​ឧទ្ធរណ៍​នៅ​ពេល​នេះ។

បើ​រាប់ទាំង​អ្នក​ជាប់​លើក​មុន​និង​លើក​ក្រោយ គឺ​មាន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់​ហើយ ដែល​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ក្នុង​នោះ ១៣​នាក់​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ បញ្ជូន​ទៅ​ស្នាក់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដើម្បី​បន្ត​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣។ លោក តាន់ សុវិជ្ជា បង្ហើប​ថា អ្នក​ជាប់​ក្រោយ ៣​នាក់ ក៏​ប្រហែលជា​អាច​បញ្ជូន​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដូច​អ្នក​មុន​ដែរ។

កន្លង​ទៅ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​សម្ដែង​ការ​បារម្ភ​ពី​ជោគវាសនា​របស់​ជនជាតិ​ម៉ុងតាញ៉ា ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា។ អង្គការ​ទាំង​នេះ​តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ស្រប​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​នៃ​អនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ហើយ​ចង់​ឃើញ​ការ​កំណត់​ឋានៈ​នៃ​ជនភៀសខ្លួន​របស់​ជន​ជាតិ​ម៉ុងតាញ៉ា ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ជា​ជាង​ផ្អែក​ទៅ​លើ​ហេតុផល​នយោបាយ។

​ការ​ស្នើ​សុំ​របស់​សង្គម​ស៊ីវិល​នេះ ក៏​ដោយសារ​ជនជាតិ​ម៉ុងតាញ៉ា មាន​ការ​បារម្ភ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពេល​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ ខណៈ​ដែល​ជនជាតិ​ម៉ុងតាញ៉ា មួយ​ចំនួន​ទៀត បាន​រត់​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​គេច​ផុត​ពី​ការ​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។