អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​រារាំង​ក្រុម​អ្នក​យក​អំណោយ​ជួយ​ជនរងគ្រោះ​ទឹកជំនន់​

2018-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​យុវជន​ដែល​មាន​បំណង​ចង់​យក​អំណោយ​មនុស្សធម៌​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​រស់នៅ​ឃុំ​តាឡាត ​ស្រុក​សេសាន ​ខេត្ត​ស្ទឹងត្រែង ​នៅ​រសៀល​ថ្ងៃ​ទី​ ២៨ ​សីហា ​បាន​បង្ហោះ​វីដេអូឡាយ​តាម​បណ្តាញ​សង្គម​ហ្វេសបុក​រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា​ ​មាន​ចេតនា​រារាំង​ពួកគេ​មិន​ឲ្យ​ចួល​ឃុំ​ស្រែ​គរ​ថ្មី​ ​ដែល​ត្រូវ​ធ្វើដំណើរ​លើ​ខ្នង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុង​ស្រុក​សេសាន ​ខេត្ត​ស្ទឹងត្រែង​។

អ្នកសារព័ត៌មាន​ទូរទស្សន៍​ហ្វេសបុក ​លោក សុវណ្ណ ​រិទ្ធី បាន​បង្ហោះ​វីដេអូឡាយ​ផ្សាយ​ផ្ទាល់​រិះគន់​សមត្ថកិច្ច ដែល​ប្រចាំ​ការ​នៅ​ច្រកចូល​ឃុំ​ស្រែ​គរ​ថ្មី ដែល​ដាក់​បារ៉ាស​ចំនួន​ ២ ​រារាំង​ក្រុមការងារ​លោក​មិន​ឲ្យ​ដឹក​ជញ្ជូន​អំណោយ​មនុស្សធម៌​តាម​រថយន្ត​​ចូល​ភូមិសាស្ត្រ​ឃុំ​ស្រែ​គរ​ថ្មី យក​អំណោយ​ជូន​ពលរដ្ឋ​ទៅ​ឃុំ​តាឡាន ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់​បើ​ទោះ​បី​ជា​ពួក​គេ​បាន​ប្រាប់​ពី​ហេតុផល​យ៉ាង​ណា​ក្តី៖ «យើងអ្នកកាសែតផង លំបាកប៉ុណ្ណឹង ចុះជនរងគ្រោះហ្នឹង។ បើ​ថា​ដាក់​ប៉ុស្តិ៍​ត្រូត​ពិនិត្យ​មើល​ យើង​ឲ្យ​មើល​បាន​តើ។ ដី​ខ្មែរ​តើ​ជិះ​ទៅ​មិន​បាន ឯង​ជន​ជាតិ​អី​ហ្នឹង»

មក​ទល់​ពេល​នេះ​ ពលរដ្ឋ​រស់នៅ​ឃុំ​តាឡាត​ស្រុក​សេសាន ​ខេត្ត​ស្ទឹងត្រែង កំពុង​រង​គ្រោះ​ដោយ​ទឹក​ទំនប់​ទន្លេ​សេសាន​ឆ្នាំ​នេះ​ឡើង​ខ្លាំង​ ធ្វើ​ឲ្យ​​អ្នកភូមិ​ជាង ១ពាន់​គ្រួសារ​រស់​នៅ​ឃុំ​នេះ​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ចំនួន ៣លើក​មក​ហើយ ចាប់ពី​តាំង​ចុង​ខែកក្កដា​មក។ មាន​ពលរដ្ឋ​ជាង​ ១ រយ​​គ្រួសារ​ជម្លៀស​មកកាន់​ទី​ទួល​ខ្ពស់​ស្នាក់​អាស្រ័យ​កំពុង​ប្រឈម​វិបត្តិ​ខ្វះ​ខាត​ស្បៀង​អាហារ​បញ្ហា​សុខភាព និង​ទឹក​ស្អាត។

កម្មករ​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​ម្នាក់​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​២៨ សីហា ​មូលហេតុ​សំខាន់ ​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ចូល​ឃុំ​ស្រែ​គរ ​ដោយសារ​ពួក​គេ​ខ្លាច​ ក្រុម​យុវជន​ និង​អ្នក​កាសែត​ ​ប្រទះ​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​អាជ្ញាធរ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ផ្ទៃ​អាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ​ដែល​មាន​រោងចក្រ​អារ​ច្រៀក​ឈើ​ចំនួន​ ២កន្លែង ដែល​ប្រមូល​ឈើ​ពី​ខាង​ក្រៅ​បន្លំ​ចូល។ នេះ​ពុំ​មែន​ជា​លើក​ទី ១ ទេ ​ដែល​សមត្ថកិច្ច​ ​ជា​មន្ត្រី​អាវុធហត្ថ ​រារាំង​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចូល​ឃុំ​ស្រែ​គរ។ កន្លង​ទៅ​ធ្លាប់​រារាំង​អង្គការ​សង្គម​ស៊ីវិល ​ព្រះសង្ឃ និង​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចេញ​ចូល​ឃុំ​ស្រែ​គរ ​ដោយ​លើក​ហេតុផល​ថា ការពារ​សុវត្ថិភាព និង​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល