សហគមន៍ដីធ្លីតំបន់បឹងកក់ ប្រមាណ ៥០នាក់ នៅរសៀលថ្ងៃទី២៣ ខែមករា នាំគ្នាយករូបថតរបស់តំណាងរបស់ពួកគេ គឺអ្នកស្រី ទេព វន្នី បិទតាមផ្ទះពលរដ្ឋ ដើម្បីអំពាវនាវឲ្យតុលាការផ្តល់យុត្តិធម៌ដល់តំណាងរបស់ពួកគេ។
ការធ្វើយុទ្ធនាការ គឺនៅមុនពេលដែលតុលាការកំពូល គ្រោងប្រកាសសាលដីការបស់អ្នកស្រី ទេព វន្នី នៅថ្ងៃទី២៥ ខែមករា។ គិតមកទល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ គឺ ១៦០ថ្ងៃគត់ហើយដែលអ្នកស្រី ទេព វន្នី បានជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣ កន្លងទៅ។
តំណាងសហគមន៍ដីធ្លីតំបន់បឹងកក់ លោកស្រី បូវ សោភា ថ្លែងថា ការយករូបរបស់តំណាងរបស់ពួកគេបិទនៅតាមផ្ទះនេះ គឺដើម្បីរំឭកគុណដល់អ្នកស្រី ទេព វន្នី ដែលបានជួយដល់ពួកគេក្នុងការទាមទាររហូតទទួលបានប្លង់កម្មសិទ្ធិដីធ្លី៖ «យុទ្ធនាការថ្ងៃនេះ គឺយើងចង់បញ្ជាក់ថា យើងមិនដែលបំភ្លេចអ្នកស្រី ទេព វន្នី ឬគុណបំណាច់របស់គាត់ទេ ព្រោះពួកគាត់គឺជាស្ត្រីម្នាក់ដែលដឹកនាំប្រជាពលរដ្ឋនៅសហគមន៍បឹងកក់ រហូតទាល់តែមានដំណោះស្រាយ មានប្លង់កម្មសិទ្ធិយើងនៅគ្រប់គ្នា។ ចឹង ! យើងបិទរូបតាមផ្ទះនេះ យើងចង់បញ្ជាក់ថា ពួកយើងនៅតែត្រូវការគាត់។ ពួកយើងនៅតែគាំទ្រគាត់ ហើយពួកយើងនៅតែត្រូវការឲ្យគាត់មានសេរីភាព»។
លោកស្រី បូវ សោភា ឲ្យដឹងថា រូបរបស់អ្នកស្រី ទេព វន្នី ប្រមាណ ៥០សន្លឹក ត្រូវបានបិទនៅតាមជញ្ជាំងផ្ទះរបស់ពលរដ្ឋ។ លោកស្រីបន្ថែមថា ដោយសារតែនៅមានពលរដ្ឋផ្សេងទៀតសោកស្ដាយ ព្រោះមិនទាន់បានបិទរូបរបស់អ្នកស្រី ទេព វន្នី ដូច្នេះលោកស្រីអះអាងនឹងស្វះស្វែងរកថវិកាបន្ថែមបោះពុម្ពរូបរបស់អ្នកស្រី ទេព វន្នី នៅលើផ្ទាំងធំៗតែម្តង ប្រសិនបើមានលទ្ធភាព។
ក្រៅពីអំពាវនាវឲ្យតុលាការកំពូល ដោះលែងអ្នកស្រី ទេព វន្នី ក្រុមពលរដ្ឋតំបន់បឹងកក់ ក៏អំពាវនាវដល់តុលាការ ឲ្យផ្តល់យុត្តិធម៌ដល់អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ព្រមទាំងមន្ត្រីសមាគមអាដហុក (ADHOC) ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។