សហគមន៍​ដីធ្លី​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទោះ​បី​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស

ដោយ រាជ វិញ្ញូ
2017.06.30
យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ២០១៧ ៨៥៥ ពលរដ្ឋ​នៅ​តំបន់​បឹងកក់ កាន់​បដា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្នុង​សហគមន៍​បឹងកក់ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា អះអាង​ថា ពួកគេ​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដដែល ថ្វីត្បិត​តុលាការ​សម្រេច​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ឱ្យ​មាន​សេរីភាព​ជា​បណ្ដោះអាសន្ន​ក្ដី។ ការ​បន្ត​ធ្វើ​យុទ្ធនាការ​នេះ ដោយសារ​ពួកគេ​ចង់​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ដីធ្លី​ម្នាក់​ទៀត គឺ​អ្នកស្រី ទេព វន្នី។

បើ​ទោះ​បី​ជា​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ដំបូង បាន​កើត​ឡើង បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប យ៉ាង​ណា​ក្ដី ក៏​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា ដែល​សកម្មភាព​ធ្វើ​យុទ្ធនាការ​នេះ នៅ​តែ​អះអាង​ថា ពួកគេ​មិន​ទាន់​សម្រេច​ចិត្ត​បញ្ឈប់​យុទ្ធនាការ​នេះ​ឡើយ ដរាបណា​សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី ពុំ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ទេ​នោះ។

តំណាង​សហគមន៍​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី បូវ សោភា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា អ្នកស្រី​ហាក់​មិន​ទាន់​សប្បាយ​ចិត្ត​ទាំងស្រុង​ចំពោះ​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប​នៅ​ឡើយ​ទេ។ អ្នកស្រី​បញ្ជាក់​ថា ការ​ដោះលែង​នោះ ធ្វើ​ឡើង​តាម​អារម្មណ៍​របស់​អ្នកដឹកនាំ​ប៉ុណ្ណោះ ហើយ​តុលាការ​វិញ ហាក់​ដូច​ជា​កំពុង​លេងល្បែង​ក្មេង និង​មិន​មាន​វិជ្ជាជីវៈ​ជា​ស្តង់ដារ​តុលាការ​ដែល​មាន​យុត្តិធម៌​ទាល់តែសោះ៖ «ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ខាង​មុខ​ហ្នឹង ធ្វើ​យ៉ាង​ម៉េច​ទេ»

អ្នកស្រី បូវ សោភា បន្ថែម​ថា អ្នកស្រី និង​អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ គឺ​នៅ​ចំ​ពេល​ដែល​ពួក​អ្នកស្រី​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ក្នុង​សប្ដាហ៍​ទី​១៥ ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស។ អ្នកស្រី​បញ្ជាក់​ថា ប្រសិនបើ​ចង់​បញ្ឈប់​យុទ្ធនាការ​នេះ​វិញ គឺ​ទាល់​តែ​មាន​ការ​ដោះលែង អ្នកស្រី ទេព វន្នី ពី​ពន្ធនាគារ​ជា​មុន​សិន ព្រោះ​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌។

មិន​ខុស​គ្នា​នេះ តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន ក៏​បាន​ថ្លែង​ថា ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​លោកស្រី នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ ដរាបណា​អ្នកស្រី ទេព វន្នី ដែល​ជា​អ្នក​ធ្លាប់​ចេញ​តស៊ូ​មតិ​ដូច​គ្នា​ជុំវិញ​រឿង​ដីធ្លី​មិន​ត្រូវ​បាន​ដោះលែង។

​ដោយ​ឡែក​ចំពោះ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ត្រូវ​បាន​អ្នកស្រី ស ស៊ន យល់​ឃើញ​ថា មិន​ទាន់​មាន​យុត្តិធម៌​ទាំង​ស្រុង​នោះ​ទេ ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​ពួកគាត់​ទាំង​អយុត្តិធម៌​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ បាន​ធ្វើ​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នេះ បាត់​បង់​កិត្តិយស​ខាត​ពេល​វេលា និង​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ដូច្នោះ​គួរ​តែ​មាន​ការ​សុំទោស​ពួកគាត់​ជា​សាធារណៈ​បន្ថែម​ទៀត៖ «គឺ​រដ្ឋាភិបាល​ហ្នឹង​ហៅ​នាង ចាន់តារាទី មក​ប្រឈម​មុខ​នឹង​តុលាការ និង​សុំទោស​ពួកគាត់​ជា​សាធារណៈ»

​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ​៤​រូប រួម​មាន​លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​យ៉ាង​ភ្ញាក់​ផ្អើល​បំផុត កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា បន្ទាប់​ពី​ឃុំឃាំង​ពួកគេ​អស់​រយៈពេល​ជាង ១​ឆ្នាំ ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​បទ​សង្ស័យ​សូកប៉ាន់​សាក្សី នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​អះអាង​ខ្លួន​ឯង​ថា ជា​អតីត​ស្រី​កំណាន់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ជុំវិញ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​បន្ត​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី នៅ​ពេល​នេះ ត្រូវ​បាន​ប្រធាន​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស និង​ជា​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចេញ​ផ្សាយ​នៅ​ថ្ងៃ​៣០ ខែ​មិថុនា ថា នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ការពារ​សិទ្ធិ​ដីធ្លី អ្នកស្រី ទេព វន្នី ព្រម​ទាំង​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង គឺ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។ លោក​បន្ត​ថា អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​ឡាយ ដូចជា​មន្ត្រី​សមាគម​អាដហុក នេះ​ជាដើម នៅ​តែ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ជា​រៀងរាល់​ថ្ងៃ ហើយ​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​ទោសពៃរ៍។

ប្រធាន​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​រួប​នេះ លើក​ឡើង​ទៀត​ថា ត្រូវ​តែ​ធ្វើការ​រួម​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​រក​ថ្ងៃ​មួយ​ដែល​តំបន់​អាស៊ាន រួម​គ្នា​តែមួយ​ដើម្បី​បញ្ឈប់​ការ​ដាក់​ទោស​ពន្ធនាគារ​មក​លើ​អ្នក​ក្រោកឈរ​ឡើង ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ និង​សិទ្ធិ​សហគមន៍​របស់​ពួកគេ។

ទោះ​ជា​យ៉ាង​ណា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នាំ​គ្នា​ស្លៀកពាក់​ពណ៌​ខ្មៅ នៅ​រៀងរាល់​សប្ដាហ៍​នៃ​ថ្ងៃ​ច័ន្ទ ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មក​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល ព្រមាន​កម្ទេច​ជា​ញឹកញាប់ បន្ទាប់​ពី​ចោទ​ប្រកាន់​យុទ្ធនាការ​នេះ​ថា ជា​រូបរាង​មួយ​ឈាន​ទៅ​រក​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​សព្វថ្ងៃ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​គោរព​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ និង​ជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស និង​ត្រូវ​ញែក​ឱ្យ​ដាច់​ពី​គ្នា​ចំពោះ​សិទ្ធិ​សេរីភាព ប្រមូលផ្ដុំ ជួបជុំ និង​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី៖ «ទី​មួយ យើង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដែល​គោរព​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ និង​ជាតិ ជាពិសេស​ត្រូវ​ចែក​ឱ្យ​ដាច់​ពី​សិទ្ធិ​សេរីភាព​ប្រមូល​ផ្ដុំ ជួបជុំ និង​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី»

​ក្រៅ​ពី​នេះ លោក អំ សំអាត និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បឹងកក់ និង​បុរីកីឡា​ដែរ គឺ​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប ទាំង ៥​នាក់ ដើម្បី​ពួកគេ​អាច​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​ឱ្យ​បាន​ពេញលេញ​ដូច​ធម្មតា​វិញ ក្នុង​វិស័យ​ការពារ​សិទ្ធិមនុស្ស​ទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។