អាជ្ញាធរ​​ខណ្ឌចំការមន​រារាំង​ក្រុម​ស្ដ្រី​ដែល​ទៅ​សុំ​អន្តរាគមន៍​ពី​UN ឱ្យ​មាន​ការ​ដោះលែង​គ្រួសារ​ពួកគាត់

ដោយ អាស៊ីសេរី
2021.06.04
អាជ្ញាធរ​​ខណ្ឌចំការមន​រារាំង​ក្រុម​ស្ដ្រី​ដែល​ទៅ​សុំ​អន្តរាគមន៍​ពី​UN ឱ្យ​មាន​ការ​ដោះលែង​គ្រួសារ​ពួកគាត់ (រូប​ស្ដាំ) សកម្មភាពអាជ្ញាធរ​ខណ្ឌ​ចំការមន​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រមិន​ឱ្យ​​ប្រមូល​ផ្ដុំគ្នា​​នៅ​មុខ​ការិយាល័យឧត្តម​ស្នងការ​​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៤ ខែ​មិថុនា​ ឆ្នាំ​២០២១។
Photo Provided

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​តាម​រារាំង​​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ មិន​ឱ្យ​ជួប​ជុំ​លើក​បដា​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​របស់​ពួក​គាត់​ រហូត​ដល់​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា។ ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទាំងនោះ ថ្កោល​ទោស​ទង្វើ​រំលោភ​បំពាន​របស់​អាជ្ញាធរ ខណៈ​មន្ត្រី​សិទ្ធិមនុស្ស​ទទូច​​ឱ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​ពលរដ្ឋ​ដែល​ធានា​ដោយ​​ច្បាប់​ជាតិ និង​អន្តរជាតិ។

ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ទាម​ទារ​រក​យុត្តិធម៌​ឱ្យ​សមាជិក​គ្រួសារ​កំពុង​ជាប់​ឃុំ​នោះ ហាក់​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​អាជ្ញាធរ​​រាជធានី​ភ្នំពេញ ដែល​ត្រូវ​តែ​តាម​បំបែក​ឱ្យ​ខាង​តែ​បាន។

អាជ្ញាធរ​ខណ្ឌ​ចំការមន រួម​ទាំង​​ប៉ូលិស និង​ក្រុម​សន្តិសុខ​ជាង ១០នាក់ បាន​ទៅ​រារាំង​សកម្មភាព​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ រហូត​ដល់​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៤ មិថុនា។ ក្រុម​សន្តិសុខ​ខោអាវ​ខ្មៅ​បាន​នាំ​គ្នា​ចាប់​ទាញ និង​កញ្ឆក់​យក​បដា ​និង​រូប​ថត​របស់​អ្នក​ជាប់​ឃុំ ពី​ក្រុម​ស្ត្រី​ទាំងនោះ ក្រោម​ការ​ឈរ​​បញ្ជា​ផ្ទាល់​ពី​មេ​របស់​ពួក​គេ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បាន​ស្រែក​ដាក់​ក្រុម​អាជ្ញាធរ​វិញ​ថា ជា​មនុស្ស​មិន​ចេះ​ច្បាប់ ចេះ​តែ​ជិះជាន់​ពលរដ្ឋ​ស្លូត​ត្រង់​តាម​អំពើ​ចិត្ត។

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កាក់ កុម្ភារ គឺ​លោក​ស្រី ព្រុំ ចាន់ថា ថ្លែង​ថា លោក​ស្រី​ហួស​ចិត្ត​ដែល​អាជ្ញាធរ​របប​បច្ចុប្បន្ន​ថ្លើម​ធំ ដល់​ថ្នាក់​ហ៊ាន​ទៅ​បង្ក្រាប​ពលរដ្ឋ​ដល់​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា«ទោះ​បី​មុខ UN ក៏​គាត់​ហ៊ាន​បំពាន​ពួក​ខ្ញុំ​ដែរ គិត​មើល​ថា តើ​ថ្លើម​ធំ​ប៉ុនណា។ អា​ហ្នឹង​ហើយ​ឆ្លុះបញ្ចាំង​ថា របប​ក្រោម​ដំបូល​សន្តិភាព​ រស់​នៅ​ក្នុង​របប​ភ្នំពេញ​មួយ​ហ្នឹង គឺ​វា​រង​អំពើ​អយុត្តិធម៌​សម្រាប់​ក្រុម​​គ្រួសារ​អ្នក​នយោបាយ ក្រុម​គ្រួសារ​អ្នក​ចេះ​ដឹង​នៅ​ក្នុង​សង្គម»

ការ​ជួប​ជុំ​គ្នា​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជាង១០ នាក់ នៅមុខ​​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​នេះ គឺ​ដើម្បី​ដាក់​ញត្តិ​ស្នើសុំ​ឱ្យ​ស្ថាប័ន​នេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​គ្រួសារ​ពួក​គាត់​វិញ។

ពួក​គាត់​បាន​រៀប​រាប់​នៅ​ក្នុង​ញត្តិ​នោះ​ថា ពួក​គាត់​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​សុខភាព​ប្តី ប្រពន្ធ ឪពុក ម្ដាយ និង​បងប្អូន​ញាតិ​មិត្ត ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ពីព្រោះ​ពួក​គាត់​បាន​ដាច់​ការ​ទាក់ទង​គ្នា​ជាង៣ ខែ​មក​ហើយ ខណៈ​ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ​នៅ​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត។ ក្រុម​ស្ត្រី​អះអាង​ទៀត​ថា ពន្ធនាគារ​ចង្អៀត​ណែន​ខ្លាំង ខ្វះ​អនាម័យ និង​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុ​ង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ពួក​គាត់​អំពាវនាវ​ដល់​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ពួក​គាត់​សន្យា​ថា នឹង​គោរព​រាល់​ការ​កោះហៅ​របស់​តុលាការ។

ទាក់ទង​នឹង​ការ​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ ​​អ្នក​នាំ​ពាក្យ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក សាន សុខសីហា បកស្រាយ​ថា វិធានការ​របស់​អាជ្ញាធរ​លើ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជា​ហូរហែ​មក​នោះ គឺ​ដោយសារ​ពួកគាត់​ធ្វើ​សកម្មភាព​ដោយ​មិន​បាន​សុំ​ការ​ច្បាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​នៅ​ពេល​សួរដេញដោល​ថា តើ​ច្បាប់​ណា ដែល​ហាម​ពលរដ្ឋ​មិន​ឱ្យ​ជួប​ជុំ​សម្ដែង​មតិ ឬ​ដាក់​ញត្តិ​នោះ មន្ត្រី​ប៉ូលិស​រូប​នេះ​ឆ្លើយ​ថា លោក​មិន​បកស្រាយ​ចំណុច​នេះ​ទេ«គាត់​ធ្វើ​ហ្នឹង​ដោយ​ឯកឯង មិន​មាន​ការ​ស្នើសុំ មិន​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ អ៊ីចឹង​ប្រទេស​មួយ​មាន​ច្បាប់ អាជ្ញាធរ​គឺ​មាន​កាតព្វកិច្ច។ ក្នុង​នាម​ជា​សមត្ថកិច្ច​នគរបាល​ក៏​យើង​ត្រូវ​តែ​រក្សា​ការពារ​​សណ្ដាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដទៃ ជូន​ដល់​រាជធានី​ភ្នំពេញ​ទាំងមូល​ដែរ។ មិន​មែន​ក្នុង​ចំណោម​​ពួក​គាត់ ៤-៥នាក់ គាត់​មក​បង្ក​បញ្ហា​ផ្សេងៗ​ ធ្វើ​ឱ្យ​មាន​បញ្ហា​ផ្សេងៗ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ»

ផ្ទុយ​ពី​ការ​បក​ស្រាយ​នេះ ​​ប្រពន្ធ​សកម្មជន​សង្គ្រោះ​ជាតិ​លោក ឈួ ផេង គឺ​លោកស្រី ដុស គីមទៀង ថ្លែង​ថា ក្រុម​ស្ត្រី​មិន​បាន​​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ឡើយ ហើយ​ពួក​គាត់​​គោរព​តាម​វិធានការ​បង្ការ​ជំងឺ​កូវីដ-១៩។ លោក​ស្រី​ថា គឺ​អាជ្ញាធរ​ទៅ​វិញ​ទេ ដែល​មក​បំពាន​លើ​ក្រុម​ស្ត្រី​ទាំង​កម្រោល«ពួក​ខ្ញុំ​មកនេះ ដោយ​មិន​បង្ក​ភាព​ចលាចល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ទេ អ៊ីចឹង​កុំ​ឱ្យ​ពួក​គាត់​បំពាន​លើ​ខ្ញុំ ហើយ​ចោទ​ថា ខ្ញុំ​ហ្នឹង​មក​បំពាន​ច្បាប់»

ចំណែក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​លើក​ឡើង​ថា សកម្មភាព​​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​ធានា​យ៉ាង​ពេញលេញ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា ទង្វើ​របស់​អាជ្ញាធរ​ក្នុង​ការ​តាម​បំបិទ​សិទ្ធិពលរដ្ឋ​ដល់​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​បែប​​នេះ ជា​រឿង​មិន​គួរ​កើត​មាន​ទាល់តែសោះ​។ លោក​ថា ករណី​បែបនេះ​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ច្បាស់​អំពី​ការ​ធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ហើយ​អ្វី​ដែល​រដ្ឋាភិបាល​តែង​បកស្រាយ​ថា កម្ពុជា​លើកស្ទួយ​សិទ្ធិមនុស្ស​នោះ នឹង​ក្លាយ​​ជា​រឿង​គ្មាន​ន័យ«វា​ជា​ការ​បញ្ជាក់​ ជា​តឹកតាង ជា​ភស្តុតាង​បញ្ជាក់​ឱ្យ​ច្បាស់​ថា វា​ជា​ការ​រឹតត្បិត​យ៉ាង​គឃ្លើន ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ​​​។ អ៊ីចឹង​គួរ​តែ​មាន​ការ​ពិនិត្យ​មើល​លើ​សកម្មភាព​ហ្នឹង​ទាំង​អស់​វិញ​។ គួរ​តែ​ជួយ​សម្រប​សម្រួល​ឱ្យ​ពួក​គាត់​បញ្ចេញមតិ​ និង​ការ​ទាម​ទារ​ទាំងអស់​ហ្នឹង​វិញ នោះ​វា​​ជា​រូប​ភាព​ល្អ​ប្រសើរ»

ទោះ​ជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ក្ដី ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នៅ​តែ​អាច​ដាក់​ញត្តិ​តាម​ការ​គ្រោងទុក។ ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អនុញ្ញាត​ឱ្យ​តំណាង​ស្ត្រី ៣នាក់ ​ចូល​ទៅ​ដាក់​ញត្តិ។

តំណាង​ម្នាក់​ក្នុង​ចំណោម ៣នាក់ ដែលបាន​ចូល​ដាក់​ញត្តិ គឺ​លោក​ស្រី ព្រុំ ចាន់ថា ថ្លែង​​ថា មន្ត្រី​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​សន្យា​ថា គេ​នឹង​តាម​ដាន​ ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ករណី​នេះ។

កាល​ពី​សប្ដាហ៍​មុន ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ក៏​បាន​យក​ញត្តិ​ដែល​មាន​ខ្លឹម​សារ​ប្រហាក់​ប្រហែល​គ្នា​នេះ​ ដាក់​ជូន​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ដែរ។ ពួក​គាត់​គ្រោង​ដាក់​ញត្តិ​ដែល​មាន​ខ្លឹមសារ​ដូច​គ្នា​នេះ​ទៅ​ស្ថានទូត​សហភាព​អឺរ៉ុប​មួយ​ទៀត​នៅ​សប្ដាហ៍​ក្រោយ។ ក្រុម​ស្ត្រី​ថ្ងៃសុក្រ​អះអាង​ថា ពួក​គាត់​មិន​ខ្លាច​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នោះ​ទេ ពីព្រោះ​សកម្មភាព​របស់​ពួក​គាត់​ស្របតាម​ច្បាប់ ហើយ​ម្យ៉ាង​ទៀត​ពួកគាត់​រង​ភាព​អយុត្តិធម៌​ឆ្អែត​ឆ្អន់​ណាស់​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។