សហគមន៍​ដីធ្លី​នឹង​មិន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទេ​នៅ​ថ្ងៃ​ទី​២៦​ធ្នូ

ដោយ ឡេង ម៉ាលី
2016-12-25
Share
យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ២០១៦ ៨៥៥ សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

ស្ត្រី​តំណាង​សហគមន៍​ដីធ្លី​បឹងកក់ និង​បុរីកីឡា នឹង​មិន​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ទេ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ដែល​ជា​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​ធ្នូ។ ស្ត្រី​ទាំងនេះ​និយាយ​ថា យុទ្ធនាការ​នេះ​នឹង​អាច​ចាប់​ផ្ដើម​ធ្វើ​ឡើង​វិញ​នៅ​ដើម​ខែ​មករា ឆ្នាំ​ក្រោយ។

តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​បឹងកក់ រាជធានី​ភ្នំពេញ លោកស្រី បូវ សោភា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ថា សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​បឹងកក់ និង​សហគមន៍​បុរីកីឡា នឹង​បន្ត​ផ្អាក​ការ​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» មួយ​សប្ដាហ៍​ទៀត​សម្រាប់​ថ្ងៃ​ច័ន្ទ ទី​២៦ ធ្នូ៖ «កម្មវិធី​ហ្នឹង​ចាប់​ផ្ដើម​ពី​ខែ​មួយ​ទៅ​វិញ​ទៀត បើ​គេ​មិន​លែង។ តែ​ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​លែង បើ​សិន​ជា​គេ​ហៅ​ទៅ​តុលាការ​ឲ្យ​មាន​ការ​កាត់​ទោស​ត្រឹម​ថ្ងៃ​២ ថ្ងៃ​៣ អី សឹម​យើង​ធ្វើ»

ទន្ទឹម​គ្នា​នេះ តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន បញ្ជាក់​បន្ថែម​ថា ការ​ផ្អាក​នេះ គឺ​ជា​ការ​ដក​ឃ្លា​មួយ​រយៈ ដើម្បី​រង់ចាំ​មើល​លទ្ធផល​នៃ​ពាក្យ​លេច​ឮ​ថា តើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី គ..ប ដែល​កំពុង​ជាប់​មន្ទីរ​ឃុំឃាំង​នោះ នឹង​ត្រូវ​ដោះលែង​នៅ​ដំណាច់​ខែ​ធ្នូ នេះ៖ «យើង​ផ្អាក​ចាំ​មើល​ខាង​រដ្ឋាភិបាល ហើយ​និង​ខាង​តុលាការ​ហ្នឹង គាត់​ដោះស្រាយ​ដោះលែង​អ្នក​សង្គម​ស៊ីវិល និង​អ្នកស្រី ទេព វន្នី ហ្នឹង​ឬ​ក៏​អត់? ចាំ​មើល​តែ​សប្ដាហ៍​ហ្នឹង​ទៀត​ទេ ឲ្យ​ដាច់​ខែ​ហ្នឹង ចូល​ខែ​១ ថ្ងៃ​ច័ន្ទ បន្ត​ទៀត ធ្វើ​សកម្មភាព​ធំ។ យើង​ប្រមូល​គ្នា​គ្រប់​សហគមន៍​ដាក់​ញត្តិ​ដាក់​អី»

ដោយឡែក​តែ​តំណាង​ក្រុម​អតីត​អ្នក​បឹងកក់ គឺ​កញ្ញា អ៊ឹម ស្រីទូច ថ្លែង​ថា ក្រុម​របស់​កញ្ញា នឹង​នៅ​នាំ​គ្នា​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ធ្នូ ហើយ​នឹង​លើក​គ្នា​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែរ៖ «ទី​មួយ យើង​ត្រូវ​រួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ហ្នឹង ដែល​អត់​ទាន់​មាន​ការ​ដោះលែង​អង្គការ​សង្គម​ស៊ីវិល មន្ត្រី គ..ប និង​សកម្មជន​ដីធ្លី។ ទី​ពីរ ខ្ញុំ​ទៅ​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ពួក​ខ្ញុំ​អ្នក​បឹងកក់​ហ្នឹង ដោយសារ​ក្រសួង​ដែនដី​ហ្នឹង​បាន​ជំរុញ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ជួប​ក្រុង តែ​ពេល​ពួក​ខ្ញុំ​ទៅ​ជួប​ក្រុង​ហ្នឹង ក្រុង​អត់​បាន​មក​ជួប​ពួក​ខ្ញុំ​ទេ មាន​តែ​ប្រើ​ហិង្សា​រុញ​ច្រាន​ពួក​ខ្ញុំ​ឲ្យ​របួស​គ្រប់​គ្នា»

យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ឬ​ហៅ​ថា Black Monday ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​ដោយ​ក្រុម​ពលរដ្ឋ​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី ដូចជា​នៅ​តំបន់​បឹងកក់ និង​អ្នក​បុរីកីឡា ជាដើម។ យុទ្ធនាការ​នេះ គឺ​តែង​ភ្ជាប់​ទៅ​នឹង​គោល​បំណង​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប មន្ត្រី គ..ប ដែល​ជា​អតីត​មន្ត្រី​អង្គការ​អាដហុក ១​រូប និង​អ្នកស្រី ទេព វន្នី ជា​សកម្មជន​ដីធ្លី​នៅ​បឹងកក់។

ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ និង​អ្នក​បុរីកីឡា បាន​ប្រកាស​ផ្អាក​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ចាប់​តាំង​ពី​ថ្ងៃ​ទី​ច័ន្ទ ទី​១៩ សប្ដាហ៍​មុន។ នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ធ្នូ គឺ​ជា​សប្ដាហ៍​ទី​២ ដែល​ស្ត្រី​ទាំងនេះ​រក្សា​ជំហរ​ផ្អាក​យុទ្ធនាការ​រហូត​ដល់​ដំណាច់​ខែ​ធ្នូ។ គម្រោង​ដើរ​ដាក់​ញត្តិ​តាម​ស្ថាប័ន​សំខាន់ៗ​នានា​នៅ​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មករា នឹង​អាច​ជា​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ដំបូង​របស់​ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី សម្រាប់​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល