សហគមន៍​បុរីកីឡា​ប្ដេជ្ញា​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស

ដោយ ថា កិត្យា
2017.03.26
ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​៣៩ ២០១៧ ៨៥៥ ពលរដ្ឋ​នៃ​សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៩ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Phann Yasy
RFA/Phann Yasy

សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បុរីកីឡា ប្រកាស​ជំហរ​ថា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ដោយ​មិន​រួញរា​ឡើយ លុះត្រា​តែ​រដ្ឋាភិបាល​ដោះស្រាយ​តាម​សំណើ​ពួក​គាត់។ រីឯ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹងកក់​វិញ នឹង​ផ្អាក​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ជា​បណ្ដោះអាសន្ន។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដែល​កើត​ឡើង​ជិត​មួយ​ឆ្នាំ ក្រោយ​ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ..ប នោះ ត្រូវ​បាន​ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ប្រកាស​ថា​នឹង​នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ​តាម​សំណើ​របស់​ពួក​គេ។

តំណាង​អ្នក​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ថ្លែង​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មីនា គឺ​ពួក​គាត់​នឹង​ជួបជុំ​គ្នា ហើយ​បង្ហោះ​ប៉េងប៉ោង និង​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប អគ្គលេខាធិការ​រង គ..ប ១​រូប ដោះលែង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ព្រម​ទាំង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី«ទោះ​បី​មិន​បាន​លទ្ធផល ក៏​ពួក​ខ្ញុំ​នៅ​តែ​ធ្វើ​ដែរ ព្រោះ​អី​វា​ឃើញ​ថា វា​មាន​ភាព​អយុត្តិធម៌​សម្រាប់​សង្គម​ស៊ីវិល សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា អ៊ីចឹង​បាន​ពួក​មីង​នៅ​តែ​ទាមទារ»

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ផ្ដួចផ្ដើម​ដោយ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នេះ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នឹង​ចំណាត់ការ​របស់​តុលាការ។

រីឯ​តំណាង​អ្នក​បឹងកក់ លោកស្រី បូវ សោភា មាន​ប្រសាសន៍​ថា សហគមន៍​របស់​ពួក​គាត់​នឹង​ផ្អាក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈ ប៉ុន្តែ​ពួក​គាត់​នឹង​បន្ត​សកម្មភាព​តវ៉ា​អហិង្សា​នេះ​ឡើង​វិញ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រសិន​បើ​គ្មាន​ដំណឹង​នៃ​ការ​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ពួក​គាត់«ប្រសិន​បើ​ការ​ដក​ថយ​របស់​ពួក​ខ្ញុំ​ធ្វើ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី នោះ គឺ​ពួក​ខ្ញុំ​ជ្រើសរើស​ជម្រើស​បែប​នេះ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព តាម​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន»

ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​របស់​សហគមន៍​បុរីកីឡា​នេះ ក៏​ដើម្បី​ទាមទារ​សំណង​សមរម្យ​ផង​ដែរ។ ទាំង​អ្នក​បុរីកីឡា និង​អ្នក​បឹងកក់ អះអាង​ថា យុទ្ធនាការ​នេះ គឺ​មិន​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ដែល​ថា​ជា​សញ្ញា​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា យុទ្ធនាការ​នេះ​នៅ​តែ​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ពី​សមត្ថកិច្ច​ដែល​នៅ​តែ​ឃ្លាំ​មើល​ជា​ប្រចាំ។

មន្ត្រី​សង្គម​ស៊ីវិល​តែងតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​សហគមន៍​ដីធ្លី ដែល​តែងតែ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​មិន​ត្រូវ​ទុក​បណ្ដោយ​ឲ្យ​ការ​ទាមទារ​នេះ​កើត​ឡើង​ទៀត​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​រង​ការ​រិះគន់​ខ្លាំង​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។